អាមេរិកបញ្ជូនយន្តហោះទំលាក់គ្រាប់បែកទៅក្បែរឆ្នេរកូរ៉េខាងជើង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:០៨
ថ្ងៃសៅរ៍ម្សិលមិញ យន្តហោះប្រដេញ និងយន្តហោះទំលាក់គ្រាប់បែកអាមេរិកបានហោះក្បែរឆ្នេរកូរ៉េខាងជើង ជាសារសញ្ញាប្រាប់របបដឺកនាំក្រុងព្យុងយ៉ាងថា ប្រធានាធិបតីអាមេរិកមានជម្រើសយោធាច្រើន ដើម្បីប្រឈមនឹងការគំរាមកំហែងរបស់ក្រុង ព្យុងយ៉ាង។ ក្រោយមានការហោះហើរយន្តហោះអាមេរិកនៅក្បែរឆ្នេរកូរ៉េខាងជើង ប្រមុខការបរទេសកូរ៉េខាងជើងបានបរិហារលោកដូណាល់ ត្រាំ ថាគំរាមសុខសន្តិភាព និងចោទលោកត្រាំ ថាជាស្តេចភូតកុហក។
សង្គ្រាមពាក្យសំដីរវាងកូរ៉េខាងជើងនិងអាមេរិកធ្វើអោយគេកាន់តែបារម្ភថា ក្រុងព្យុងយ៉ាងអាចសាកល្បងនុយក្លេអ៊ែរជាថ្មីទៀត ពិសេសម្សិលមិញនេះ ពេលកូរ៉េខាងជើងរងការរញ្ជួយដីកម្រិត៣,៥រ៉ិចទ័រ ក្នុងតំបន់ដែលក្រុងព្យុងយ៉ាងបានសាកល្បងនុយក្លេអ៊ែរ កាលពីថ្ងៃ៣កញ្ញា។
យន្តហោះយោធាអាមេរិកទៅក្បែរឆ្នេរកូរ៉េខាងជើង ជាសារព្រមានលោកគឹម ជុងអ៊ុន
រឿងអាមេរិកនិងកូរ៉េខាងជើងផ្គើនសំដីគ្នា មិនងាយបញ្ចប់ទេ។ ពេលនេះ រឹតតែហួសថ្លែងទៅទៀត ដែលអាមេរិកបញ្ជូនយន្តហោះយោធាទៅក្បែរឆ្នេរកូរ៉េខាងជើង។ ដូចដែលប្រមុខការបរទេសរុស្ស៊ីបានលើកឡើង លោកដូណាល់ ត្រាំ និងលោកគឺម ជុងអ៊ុន មិនខុសពីក្មេងមតេយ្យសាលាទេ គឺសុទ្ធតែជើងខ្លាំងរៀងខ្លួន មិនចុះចាញ់គ្នាទេ។ យន្តហោះដែលអាមេរិកបញ្ជូនអោយទៅក្បែរឆ្នេរកូរ៉េខាងជើងថ្ងៃសៅរ៍ម្សិលមិញនេះ មានយន្តហោះទំលាក់គ្រាប់បែក ប្រភេទB-1B ១គ្រឿង និងយន្តហោះប្រដេញ F-15 ១គ្រឿង។ យន្តហោះទាំង២ហោះនៅភាគខាងជើងតំបន់ដែលលែងមានសកម្មភាពយោធា ហោះក្បែរកូរ៉េខាងជើងបំផុតហើយ គិតក្នុងសតវត្សទី២១យើងនេះ។ អាមេរិកអះអាងថា ការហោះហើរនេះគឺដើម្បីផ្ញើសារច្បាស់លាស់មួយទៅកូរ៉េខាងជើង ថាប្រធានាធិបតីអាមេរិកមានជម្រើសយោធាច្រើន ក្នុងការប្រឈមនឹងការគំរាមកំហែង។ អាមេរិកបន្ថែមថា ត្រៀមខ្លួនបញ្ចេញសមត្ថភាពយោធា ដើម្បីការពារទឹកដីសហរដ្ឋអាមេរិក និងប្រទេសជាមិត្តនឹងអាមេរិក។
សូមបញ្ជាក់ថា ដើមសប្តាហ៍នេះ លោកដូណាល់ ត្រាំ បានគំរាមកំទេចប្រទេសកូរ៉េខាងជើងទាំងស្រុង ប្រសិនបើកូរ៉េខាងជើងហ៊ានវាយប្រហារអាមេរិក និងសម្ព័ន្ធមិត្ត។ ការហោះហើរយន្តហោះយោធាម្សិលមិញនេះ ជាការគូសបញ្ជាក់ពាក្យពេចន៍គំរាមរបស់លោកដូណាល់ ត្រាំ នេះឯង។ ក្រោយមានការហោះហើរយន្តហោះអាមេរិក លោករី យ៉ុងហូ ជាប្រមុខការទូតកូរ៉េខាងជើង បានថ្លែងនៅអង្គការសហប្រជាជាតិ ចាត់ទុកលោកត្រាំ ថាជាស្តេចភូតកុហកបោកប្រាស ហើយថា លោកត្រាំ គំរាមសន្តិភាព និងរឹតតែធ្វើអោយកូរ៉េខាងជើងមិនអាចចៀសប្រើកាំជ្រួចទៅលើដែនដីអាមេរិកបានទៅទៀត។
មើលស្ថានការណ៍តានតឹងពេលនេះ គឹវាកើតឡើងដោយសារការផ្គើនគ្នារវាងអាមេរិកនិងក្រុងព្យុងយ៉ាងសប្តាហ៍នេះឯង។ ជាជាងនៅស្ងៀមមិនបន្ថែមភាពតានតឹង ថ្ងៃអង្គារកន្លងទៅ លោកដូណាល់ ត្រាំ បែរជាគំរាមកំទេចកូរ៉េខាងជើងទាំងមូលទៅវិញ រឿងអីដែលធ្វើអោយលោកគឺម ជុងអ៊ុន មិនបញ្ចេញប្រតិកម្មទៅកើត។ លោកគឺម ជុងអ៊ុនលើកឡើងថា លោកត្រាំ ជេរលោកនិងប្រទេសលោកក្រោមក្រសែភ្នែកពិភពលោក។ លោកគឺម ចាត់ទុកការគំរាមរបស់លោកត្រាំ ថា ជាការប្រកាសសង្គ្រាមក្នុងប្រវត្តិសាស្ត្រ។ លោកគឺមបន្ថែមថា នឹងប្រើភ្លើងដើម្បីដាក់ក្មេងទំនើងអាមេរិកអោយនៅក្រោមវិន័យ។ ដោយឡែក ទោះជាលោកត្រាំ ជេរលោកគឺម ជុងអ៊ុន ថាឆ្កួតឡប់ ហ៊ានសម្លាប់ប្រជាជនខ្លួន ទោះជាគឹម ជុងអ៊ុន ជេរបកទៅវិញ ក៏ក្រុមជំនាញមើលឃើញថា ភាពឆេវឆាវរបស់លោកត្រាំ ធ្វើអោយកូរ៉េខាងជើងកាន់តែរឹងមាំ និងល្បីល្បាញទៅវិញទេ។ ជាក់ស្តែង ម្សិលមិញ ប្រជាជនកូរ៉េខាងជើងជាងមួយម៉ឺននាក់បាននាំគ្នាធ្វើបាតុកម្មបរិហារលោកដូណាល់ ត្រាំ ដែលគំរាមកំទេចទឹកដីខ្លួន។ ការគំរាមយោធារបស់លោកត្រាំ មានតែធ្វើអោយប្រជាជនកូរ៉េខាងជើងគាំទ្រមេដឺកនាំគឺម ជុងអ៊ុន ច្រើនជាងមុនទៅវិញទេ។
លោកស្រីគ្លីនតុន ជាគូប្រជែងកៅអីប្រធានាធិបតីជាមួយលោកត្រាំក្នុងការបោះឆ្នោតឆ្នាំមុននេះ ក៏លើកឡើងដែរថា លោកត្រាំ មានចរឹតមិនសមជាប្រធានាធិបតីសោះ ហើយថា លោកត្រាំ ជាគ្រោះថ្នាក់ទៀតផង។
អគ្គលេខាធិការអង្គការសហប្រជាជាតិបានសំដែងការបារម្ភស្ថានការណ៍តានតឹង នៅចំពោះមុខប្រមុខការបរទេសកូរ៉េខាងជើង។ គេមិនដឺងថា តើសហគមន៍អន្តរជាតិត្រូវដោះស្រាយបញ្ហាកូរ៉េខាងជើងយ៉ាងម៉េចទៅទៀតទេ។ បញ្ហានេះ មើលទៅ វាដូចជាជម្លោះរវាងលោកដូណាល់ ត្រាំ និងលោកគឺម ជុងអ៊ុន ច្រើនជាង។ អាមេរិកជាមហាអំណាចបែរជាបង្ហាញអត្តចរឹតដូចកូនក្មេងទៅទៀត។ និយាយពីទណ្ឌកម្មអង្គការសហប្រជាជាតិលើក្រុងព្យុងយ៉ាងវិញ គឺមានក្រែលមកហើយដែរ តែក៏មិនទាន់ផ្តល់ផលវិបាកអ្វីជាដុំកំភួននៅឡើយ។ ចិននិងរុស្ស៊ីបានត្រឹមតែអំពាវនាវអោយអាមេរិកនិងកូរ៉េខាងជើងអត់ធ្មត់ តែអំពាវនាវដដែលជាដដែល ក៏គ្មានភាគីណាស្តាប់តាមដែរ។ ពិសេសម្សិលមិញ អ៊ីរ៉ង់ប្រកាសថា បាញ់មីស៊ីលបាលិស្ទិកបានជោគជ័យ ធ្វើអោយលោកដូណាល់ ត្រាំ ឆ្លៀតភ្ជាប់អ៊ីរ៉ង់ជាមួយកូរ៉េខាងជើងទៀត ដោយចោទថា អ៊ីរ៉ង់ឃុបខិតជាមួយកូរ៉េខាងជើង ថាអ៊ីរ៉ង់បាញ់មីស៊ីលដែលអាចហោះដល់ដែនដីអ៊ីស្រាអែល។
ក្រុមជំនាញ៖ ការរញ្ជួយដីកម្រិត៣,៥ រ៉ិចទ័រ នៅកូរ៉េខាងជើង ថ្ងៃសៅរ៍ម្សិលមិញ មិនមែនជាការសាកល្បងនុយក្លេអ៊ែរទេ
បើយោងតាមក្រុមស្រាវជ្រាវអាមេរិក ការរញ្ជួយដីនៅកូរ៉េខាងជើងម្សិលមិញ មិនធ្ងន់ទេ ហើយបានកើតឡើងនៅចំងាយជាង២០គីឡូម៉ែត្រពីទីតាំងដែលកូរ៉េខាងជើងបានសាកល្បងនុយក្លេអ៊ែរលើកទី៦ កាលពីថ្ងៃ៣កញ្ញា។ ក្រុមជំនាញលើកឡើងថា វាមិនមែនជាការសាកល្បងនុយក្លេអ៊ែរជាថ្មីទេ ប៉ុន្តែវាអាចជាផលវិបាកបន្សល់ទុកដោយការសាកល្បងគ្រាប់បែកអ៊ីដ្រូសែន របស់ក្រុងព្យុងយ៉ាង កាលពីដើមខែនេះឯង។ កាលពីថ្ងៃ៣កញ្ញា ការសាកល្បងនុយក្លេអ៊ែរលើកទី៦នេះ បានបង្កជាគ្រោះរញ្ជួយដី កម្រិត៦,៣រ៉ិចទ័រ។ ឃើញថា ការសាកល្បងនុយក្លេអ៊ែរមួយដើមខែនេះ វាបង្កជាការរញ្ជួយដី។ ដូច្នេះ ការរញ្ជួយដី ជាផលវិបាកនៃការសាកល្បងនុយក្លេអ៊ែរដើមខែនេះ នៅតែអាចមានទៀត ក្នុងតំបន់ដែលរងគ្រោះ តំបន់ដែលមានដីបែកក្រហែងម្តងហើយនេះ។
ម្សិលមិញ ពេលមានការរញ្ជួយដី នៅកូរ៉េខាងជើង ដំបូង ខាងកូរ៉េខាងត្បូងគិតថា វាអាចជាការផ្ទុះដែរ។ ប៉ុន្តែ ក្រោយមក កូរ៉េខាងត្បូងលើកឡើងវិញថា វាជាគ្រោះរញ្ជួយដីបែបធម្មជាតិប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ