ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 11/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 11/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT

អាមេរិក​បញ្ជូន​​យន្តហោះ​​ទំលាក់​គ្រាប់បែក​​ទៅក្បែរ​​ឆ្នេរ​​កូរ៉េខាងជើង​​

អាមេរិក​បញ្ជូន​​យន្តហោះ​​ទំលាក់​គ្រាប់បែក​​ទៅក្បែរ​​ឆ្នេរ​​កូរ៉េខាងជើង​​
 
យន្តហោះ​ទំលាក់គ្រាប់បែក​អាមេរិក B-1B REUTERS/Kim Hong-Ji

ថ្ងៃសៅរ៍​ម្សិលមិញ យន្តហោះ​ប្រដេញ និង​យ​ន្តហោះ​ទំលាក់គ្រាប់បែក​​​​អាមេរិក​បានហោះ​​​ក្បែរ​ឆ្នេរ​កូរ៉េខាងជើង ជា​សារ​សញ្ញា​ប្រាប់​របប​ដឺកនាំក្រុងព្យុងយ៉ាង​​ថា ​ប្រធានាធិបតី​អាមេរិក​មាន​ជម្រើសយោធា​ច្រើន​ ដើម្បី​ប្រឈម​នឹង​ការគំរាមកំហែង​របស់​ក្រុង ព្យុងយ៉ាង។ ក្រោយ​មាន​ការ​ហោះហើរ​យន្តហោះ​អាមេរិក​នៅក្បែរឆ្នេរ​កូរ៉េខាងជើង ​ប្រមុខការបរទេស​កូរ៉េខាងជើង​​បាន​បរិហារ​លោកដូណាល់ ត្រាំ ថា​​គំរាម​សុខសន្តិភាព និង​ចោទ​​លោក​ត្រាំ ថា​ជា​ស្តេច​ភូតកុហក។

សង្គ្រាម​ពាក្យសំដី​រវាង​កូរ៉េខាងជើង​និង​អាមេរិក​​ធ្វើអោយ​គេកាន់តែបារម្ភ​ថា ក្រុង​ព្យុងយ៉ាង​​អាច​​​សាកល្បង​នុយក្លេអ៊ែរ​ជាថ្មី​ទៀត ពិសេស​ម្សិលមិញនេះ ពេល​កូរ៉េខាងជើង​រង​​ការរញ្ជួយដី​កម្រិត​៣,៥រ៉ិចទ័រ ក្នុង​តំបន់​ដែល​ក្រុងព្យុងយ៉ាង​បាន​សាកល្បង​នុយក្លេអ៊ែរ​ ​កាលពីថ្ងៃ​៣កញ្ញា​​។ ​​

យន្តហោះ​យោធា​អាមេរិក​ទៅក្បែរ​ឆ្នេរ​កូរ៉េខាងជើង ជា​សារ​ព្រមាន​លោក​គឹម ជុងអ៊ុន

រឿងអាមេរិក​និង​កូរ៉េខាងជើង​​ផ្គើន​សំដី​គ្នា ​មិនងាយ​បញ្ចប់​ទេ។ ​ពេលនេះ រឹតតែ​ហួសថ្លែង​ទៅទៀត ដែលអាមេរិក​បញ្ជូន​យន្តហោះ​យោធាទៅក្បែរ​ឆ្នេរ​កូរ៉េខាងជើង។ ដូច​ដែល​​ប្រមុខការបរទេស​រុស្ស៊ី​បាន​លើកឡើង​ លោកដូណាល់ ត្រាំ និង​លោក​គឺម ជុងអ៊ុន មិនខុសពី​ក្មេង​មតេយ្យ​សាលា​​​ទេ ​គឺ​​សុទ្ធតែជើង​​ខ្លាំងរៀងខ្លួន មិនចុះចាញ់​គ្នាទេ។ យន្តហោះដែល​អាមេរិក​បញ្ជូន​អោយ​ទៅ​​ក្បែរឆ្នេរ​កូរ៉េខាងជើង​ថ្ងៃសៅរ៍​ម្សិលមិញ​នេះ មាន​​​​យន្តហោះ​ទំលាក់​គ្រាប់បែក ប្រភេទ​B-1B ១គ្រឿង​ និង​យន្តហោះ​ប្រដេញ​ F-15 ១គ្រឿង។ យន្តហោះទាំង២ហោះនៅ​ភាគខាងជើង​​តំបន់ដែល​លែងមាន​សកម្មភាព​យោធា ហោះក្បែរ​​​កូរ៉េខាងជើង​បំផុត​ហើយ គិតក្នុង​សតវត្ស​ទី​២១យើងនេះ។ អាមេរិក​អះអាង​ថា ការហោះហើរ​នេះគឺដើម្បី​ផ្ញើសារ​ច្បាស់លាស់​មួយ​ទៅកូរ៉េខាងជើង ថា​ប្រធានាធិបតី​អាមេរិក​មានជម្រើសយោធា​ច្រើន ក្នុង​ការ​​​ប្រឈមនឹង​ការគំរាមកំហែង។ អាមេរិក​បន្ថែមថា ត្រៀមខ្លួន​បញ្ចេញ​សមត្ថភាព​យោធា​ ដើម្បី​ការពារ​ទឹកដី​សហរដ្ឋ​អាមេរិក និង​ប្រទេសជា​មិត្ត​នឹង​អាមេរិក។

សូមបញ្ជាក់ថា ដើម​សប្តាហ៍​នេះ ​លោកដូណាល់ ត្រាំ បានគំរាម​កំទេច​ប្រទេស​កូរ៉េខាងជើងទាំងស្រុង​​ ប្រសិន​បើ​កូរ៉េខាងជើង​ហ៊ាន​វាយប្រហារ​អាមេរិក និង​សម្ព័ន្ធមិត្ត។ ​ការហោះហើរ​យន្តហោះ​យោធា​ម្សិលមិញនេះ ជា​ការគូស​បញ្ជាក់​ពាក្យពេចន៍គំរាម​​របស់​លោកដូណាល់ ត្រាំ ​នេះឯង។ ក្រោយ​មាន​ការហោះហើរ​យន្តហោះ​​អាមេរិក លោក​រី យ៉ុងហូ ជា​ប្រមុខ​ការទូត​កូរ៉េខាងជើង​ បាន​ថ្លែងនៅ​អង្គការ​សហប្រជាជាតិ ចាត់ទុក​លោក​ត្រាំ ថា​ជា​ស្តេច​ភូតកុហក​បោកប្រាស ហើយ​ថា លោកត្រាំ គំរាម​សន្តិភាព និង​រឹតតែ​ធ្វើអោយ​កូរ៉េខាងជើង​មិនអាច​ចៀស​ប្រើកាំជ្រួច​ទៅលើ​ដែនដី​អាមេរិ​ក​បានទៅទៀត។

មើលស្ថានការណ៍តានតឹង​ពេលនេះ គឹ​វាកើតឡើង​ដោយសារ​ការផ្គើន​គ្នារវាង​អាមេរិក​និង​ក្រុងព្យុងយ៉ាង​សប្តាហ៍នេះឯង។ ជា​ជាង​នៅស្ងៀម​មិនបន្ថែមភាពតានតឹង ថ្ងៃអង្គារ​កន្លងទៅ​ លោកដូណាល់ ​ត្រាំ ​បែរជា​គំរាម​កំទេច​កូរ៉េខាងជើង​ទាំងមូលទៅវិញ រឿងអី​ដែលធ្វើអោយ​លោកគឺម ជុងអ៊ុន មិន​បញ្ចេញប្រតិកម្ម​ទៅកើត។ លោកគឺម ជុងអ៊ុន​លើកឡើង​​ថា លោកត្រាំ ជេរ​លោក​និង​ប្រទេស​លោក​ក្រោមក្រសែភ្នែក​ពិភពលោក។ លោក​គឺម ចាត់ទុក​​ការគំរាម​របស់​លោកត្រាំ ថា ជា​ការប្រកាស​​សង្គ្រាម​ក្នុង​ប្រវត្តិសាស្ត្រ។ ​លោកគឺមបន្ថែម​ថា​ នឹង​ប្រើភ្លើង​ដើម្បី​ដាក់ក្មេងទំនើងអាមេរិក​​អោយ​នៅក្រោម​វិន័យ។ ដោយឡែក ​ទោះជា​លោកត្រាំ ជេរ​លោក​គឺ​ម ជុងអ៊ុន ថា​ឆ្កួតឡប់ ហ៊ាន​សម្លាប់​ប្រជាជន​ខ្លួន​ ទោះជា​គឹម ជុងអ៊ុន ជេរបកទៅវិញ​ ក៏​ក្រុមជំនាញ​មើលឃើញ​ថា ភាព​ឆេវឆាវ​របស់​លោកត្រាំ ​​​ធ្វើអោយ​កូរ៉េខាងជើង​កាន់តែ​​រឹងមាំ និង​​ល្បីល្បាញ​ទៅវិញ​ទេ។ ​ជាក់ស្តែង ម្សិលមិញ ប្រជាជន​​​​កូរ៉េខាងជើង​ជាង​មួយម៉ឺននាក់​បាននាំគ្នា​ធ្វើបាតុកម្ម​បរិហារ​លោកដូណាល់ ត្រាំ​ ដែល​គំរាមកំទេច​​ទឹកដី​ខ្លួន។ ការគំរាម​យោធា​របស់​លោកត្រាំ ​មានតែ​ធ្វើអោយ​ប្រជាជន​កូរ៉េខាងជើង​គាំទ្រ​មេដឺកនាំ​គឺម ជុងអ៊ុន ​​ច្រើន​ជាងមុន​ទៅវិញទេ។ ​

លោកស្រី​គ្លីនតុន ​ជា​គូប្រជែងកៅអី​ប្រធានាធិបតី​ជាមួយ​លោកត្រាំក្នុង​ការបោះឆ្នោត​ឆ្នាំមុននេះ​ ក៏​លើកឡើងដែរថា ​លោកត្រាំ​ មានចរឹតមិន​សមជា​ប្រធានាធិបតី​សោះ ហើយថា លោកត្រាំ ជាគ្រោះថ្នាក់ទៀតផង។ ​

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​​​សំដែង​ការបារម្ភស្ថានការណ៍​តានតឹង ​នៅចំពោះមុខ​ប្រមុខ​ការបរទេស​កូរ៉េខាងជើង។ ​គេមិនដឺងថា តើ​សហគមន៍​អន្តរជាតិ​ត្រូវ​​ដោះស្រាយបញ្ហា​កូរ៉េខាងជើង​​​យ៉ាងម៉េចទៅទៀតទេ​។ ​​បញ្ហានេះ មើលទៅ វា​ដូច​ជាជម្លោះ​រវាង​លោកដូណាល់ ត្រាំ ​និង​លោក​គឺម ជុងអ៊ុន ច្រើនជាង​។ ​​អាមេរិក​ជា​មហាអំណាច​បែរជាបង្ហាញ​អត្ត​ចរឹតដូចកូនក្មេងទៅទៀត។ ​និយាយពី​ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ​លើ​ក្រុងព្យុងយ៉ាងវិញ​ គឺមាន​ក្រែល​មកហើយ​ដែរ តែ​ក៏​​​​មិនទាន់​​​ផ្តល់​ផលវិបាក​អ្វីជាដុំកំភួន​​នៅឡើយ។ ចិននិង​រុស្ស៊ី​បានត្រឹមតែ​អំពាវនាវ​អោយ​អាមេរិក​និង​កូរ៉េខាងជើង​អត់ធ្មត់ ​ តែ​អំពាវនាវ​​ដដែល​ជាដដែល ក៏​គ្មាន​ភាគី​ណា​ស្តាប់តាមដែរ។ ពិសេស​ម្សិលមិញ អ៊ីរ៉ង់​ប្រកាស​ថា បាញ់​មីស៊ីល​បាលិស្ទិក​បានជោគជ័យ ធ្វើអោយ​​លោកដូណាល់ ត្រាំ ឆ្លៀត​ភ្ជាប់​​​អ៊ីរ៉ង់ជាមួយ​កូរ៉េខាងជើង​​​ទៀត ដោយ​ចោទ​ថា អ៊ីរ៉ង់​ឃុបខិតជាមួយ​កូរ៉េខាងជើង ថា​អ៊ីរ៉ង់​​បាញ់​មីស៊ីល​ដែល​អាច​ហោះដល់​ដែនដី​អ៊ីស្រាអែល។ ​​ ​

ក្រុមជំនាញ៖ ការ​រញ្ជួយដី​កម្រិត​៣,៥ រ៉ិចទ័រ នៅ​កូរ៉េខាងជើង ថ្ងៃសៅរ៍​ម្សិលមិញ មិនមែន​​ជាការសាកល្បង​នុយក្លេអ៊ែរ​ទេ

បើយោងតាម​ក្រុមស្រាវជ្រាវ​​អាមេរិក ​ការរញ្ជួយដី​នៅ​កូរ៉េខាងជើង​ម្សិលមិញ មិន​ធ្ងន់ទេ ហើយ​បាន​កើតឡើង​នៅ​ចំងាយ​ជាង​២០គីឡូម៉ែត្រ​ពី​ទីតាំង​ដែល​កូរ៉េខាងជើង​បាន​សាកល្បង​នុយក្លេអ៊ែរ​លើកទី៦ កាលពី​ថ្ងៃ​៣កញ្ញា​។ ​​ក្រុមជំនាញ​លើកឡើងថា វា​មិនមែន​ជាការសាកល្បងនុយក្លេអ៊ែរជាថ្មី​ទេ ប៉ុន្តែ​វា​អាច​ជា​ផលវិបាក​បន្សល់​ទុក​ដោយ​​ការសាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន របស់​ក្រុងព្យុងយ៉ាង កាលពី​ដើមខែ​នេះឯង។ កាលពី​ថ្ងៃ​៣កញ្ញា ​ការសាកល្បង​នុយក្លេអ៊ែរ​លើកទី៦នេះ​ បាន​បង្ក​ជាគ្រោះរញ្ជួយដី កម្រិត​៦,៣រ៉ិចទ័រ។ ឃើញថា​ ​ការ​សាកល្បង​នុយក្លេអ៊ែរ​មួយដើមខែ​នេះ វា​​​​​បង្កជា​ការរញ្ជួយដី។ ដូច្នេះ ​​ការ​​រញ្ជួយដី​ ជាផលវិបាក​នៃ​ការសាកល្បងនុយក្លេអ៊ែរ​​​ដើមខែ​នេះ​​ ​​​នៅតែ​អាច​មាន​ទៀត​ ក្នុង​​​តំបន់​ដែល​​រងគ្រោះ តំបន់​ដែល​មាន​ដីបែកក្រហែង​​​ម្តងហើយនេះ​។ ​ ​​​​

ម្សិលមិញ ​ពេល​មានការរញ្ជួយដី​​ ​នៅ​កូរ៉េខាងជើង ដំបូង ​ខាង​កូរ៉េខាងត្បូង​គិតថា វា​អាច​ជា​ការផ្ទុះ​ដែរ។ ប៉ុន្តែ ក្រោយ​មក កូរ៉េខាងត្បូង​លើកឡើង​​វិញ​ថា វា​ជាគ្រោះ​រញ្ជួយដីបែប​​ធម្មជាតិ​ប៉ុណ្ណោះ៕ ​


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ចិន-កូរ៉េខាងជើង

    ចិន​កាត់បន្ថយ​ការ​នាំចេញ​ប្រេង​ទៅ​កូរ៉េខាងជើង

    ស្វែងយល់បន្ថែម

  • គីម ជុងអ៊ុន ​គំរាម​លោក ដូណាល់ ត្រាំ ​ចំៗ ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​H

    ស្វែងយល់បន្ថែម

  • កូរ៉េខាងជើង-អាមេរិក

    កូរ៉េខាងជើង​ប្រដូច​ការ​គំរាម​របស់​លោក​ដូណាល់ ត្រាំ​ទៅ​នឹង « ឆ្កែចេះ​តែ​ព្រុស មនុស្ស​ចេះ​តែ​ដើរ »

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    តើ​នាយករដ្ឋមន្រ្តី​ជប៉ុន​កំពុង​កេងចំណេញ​ពីការគំរាមកំហែង​របស់​កូរ៉េខាងជើង?

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ