នៅភូមារណ្តៅខ្មោចរួមមួយដែលមានសាកសពជាអ្នកកាន់សាសនាហិណ្ឌូត្រូវបានរកឃើញ
នៅភូមា កងទ័ពទើបបានជូនដំណឹងកាលពីថ្ងៃអាទិត្យ ថា”បានរកឃើញរណ្តៅកប់ខ្មោចរួមមួយដែលមានសាកសពជាអ្នកកាន់សាសនាហិណ្ឌូចំនួន២៨នាក់និងដែលត្រូវបានពួកភេរវនិយមរ៉ូហ៊ីងយ៉ា “ជាអ្នកកាប់សម្លាប់នៅក្នុងភាគពាយ័ព្យនៃប្រទេស។ គឺជាតំបន់មួយដែលត្រូវរងគ្រោះដោយអំពើហិង្សាចាប់តាំងពីជាច្រើនសប្តាហ៍កន្លងមកហើយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៦
គឺជារណ្តៅកប់ខ្មោចរួមលើកទីមួយដែលកងទ័ពភូមា បានជូនដំណឹង ចាប់តាំងពីមានការផ្ទុះអំពើហិង្សាជាលើកតំបូងនៅថ្ងៃទី២៥សីហា នៅពេលដែលក្រុមបះបោររ៉ូហ៊ីងយ៉ា បានធ្វើការវាយប្រហារលើកងកម្លាំងសន្តិសុខភូមា។
ចាប់ពីពេលនោះមក កងទ័ពភូមា ត្រូវបានគេចោទប្រកាន់ រួមទាំងអ.សជផង. ថា”កងទ័ពភូមា បានធ្វើប្រតិបត្តិការដើម្បី ជម្រះសហគមន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលជាអ្នកកាន់សាសនាមូស្លីម ពីប្រទេសដោយ បានដុតបំផ្លាញ ទីភូមិនិងផ្ទះសម្បែងរបស់ពួកគេ ក៏ព្រមទាំងធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្ត។ កត្តានេះហើយដែលបានជម្រុញឲ្យប្រជាជនភាគតិចរ៉ូហ៊ីងយ៉ា ប្រមាណជា៤សែន៣ម៉ឺននាក់ នាំគ្នារត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស។
នៅក្នុងការរកឃើញរណ្តៅខ្មោចរួមនេះ ប្រមុខកងទ័ពភូមា បានធ្វើការចោទប្រកាន់តាមទំព័រ Facebook របស់ខ្លួន ថា គឺ“ពួកភេរវជនរ៉ូហ៊ីងយ៉ាកាន់សាសនាមូស្លីម ជាអ្នកកាប់សម្លាប់អ្នកកាន់សាសនាហិណ្ឌូ។
រណ្តៅកប់ខ្មោចរួម ដែលមានសាកសពអ្នកកាន់សាសនាហ៊ិណ្ឌូទាំងភេទប្រុសនិងស្រីនោះ ត្រូវបានគេរកឃើញនៅជិតភូមិមួយនៅ ក្នុងតំបន់ Maungdaw ក្នុងរដ្ឋរ៉ាឃីន ដែលជាទីលានប្រយុទ្ធដ៏ហិង្សារវាងកងទ័ពភូមានិងពួកបះបោររ៉ូហ៊ីងយ៉ា។
គួររំលឹកថា នៅភូមា សហគមន៍អ្នកកាន់ពុទ្ធសាសនា មានគ្នាភាគច្រើនលើសលុបនិងក៏មានគំនិតស្អប់ខ្ពើមជាទីបំផុតដែរ ពួកអ្នកកាន់សាសនាមូស្លីមដែលជាជនជាតិភាគតិចនៅក្នុងប្រទេស។
មួយវិញទៀត កាលពីថ្ងៃសុក្រមុន ប្រជានជនកាន់សាសនាហិណ្ឌូ ដែលបានជួបប្រាស្រ័យជាមួយទីភ្នាក់ងារសាព័ត៌មានបារាំង AFP បានអះអាងបញ្ជាក់ផងដែរ ពីការកាប់សម្លាប់យ៉ាងរង្កាលនេះ។ ចំណែកប្រធានសហគមន៍អ្នកកាន់សាសនាហិណ្ឌូនៅក្នុងតំបន់ បានថ្លែងប្រាប់ដល់ទីភ្នាក់ងារសាព័ត៌មានបារាំង AFP ដែរថា”ការកាប់រម្លាប់រង្គាល”នេះ បានកើតឡើងតាំងតែពីថ្ងៃទី២៥សីហាមុនម្ល៉េះ នៅពេលដែលពួកបះបោររ៉ូហ៊ីងយ៉ា ជាច្រើនរយនាក់ បានធ្វើការវាយប្រហារនៅក្នុងភូមិ។
គួរបញ្ជាក់ដែរថា ប្រជាជននៃសហគមន៍អ្នកកាន់សាសនាហិណ្ឌូនិងអ្នកកាន់ពុទ្ធសាសនាដែលមានគ្នាជាច្រើនពាន់នាក់ បាននំាគ្នាភៀសខ្លួនដែរ ពី អំពើហិង្សា រវាងពួកឧទ្ទាមមូស្លីមនិងកងទ័ពភូមា ដោយបានរត់ទៅជ្រកកោននៅក្នុងកីឡាស្ថានមួយដែលគេបោះបង់ចោលនៅទីក្រុង Siittwe ធានី រដ្ឋរ៉ាឃីន និងដែលបានរួចផុតពីអំពើហិង្សានានានៅតំបន់ Maungdaw ចាប់តាំងពីជាង១ខែកន្លងមកហើយ ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ