អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-អាមេរិក-អូតង់

មន្ទីរ​​បញ្ចកោណ​​​និង​​​អង្គការ​​អូតង់​​​បញ្ជាក់​សារ​​ជា​ថ្មី​​​​​កិច្ចសន្យា​គាំទ្រ​​របស់​ខ្លួន​ចំពោះ​​អាហ្វហ្កានីស្ថាន​​​

រដ្ឋមន្ត្រី​​​ក្រសួង​​ការពារ​ជាតិ​​​អាមេរិក​​​លោក​​ ​Jim Mattis ​និង​​​លោក ​Jens Stoltenberg ​​អគ្គ​លេខាធិការ​​​​​​អង្គការ​​អូតង់​​​ បាន​​ជួបប្រាស្រ័យ​​គ្នា​នៅថ្ងៃ​ពុធ​​ ទី​ ​២៧​​​ កញ្ញា​ ​ម្សិលមិញ​​​នៅ​​ទីក្រុង​​កាប៊ូល ​ជាមួយ​នឹ​ង​​​អាជ្ញាធរ​​​អាហ្វហ្កានីស្ថាន​ ​​បន្ទាប់​​ពី​ បាន​ជូន​ដំណឹង​​អំពី​​ជំនួយ​​កងទ័ព​ អាមេរិក​​ចំនួន​ ​៣០០០ ​​នាក់​​​ជា​បន្ថែម​ទៀត​ទៅ​កាន់​អាហ្វហ្កានីស្ថាន​។​

ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​លោក​ ​Ashraf Ghani (ឆ្វេង​) និង​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ ​​James Mattis (ស្តាំ​) នៅ​ក្នុង​សន្និសីទសារព័ត៌មានមួយ​​​នៅ​ក្រុង  Kabul, ​អាហ្វហ្កានីស្ថាន​ថ្ងៃ​ទី២៧​កញ្ញា ឆ្នាំ​២០១៧ ​
ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​លោក​ ​Ashraf Ghani (ឆ្វេង​) និង​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ ​​James Mattis (ស្តាំ​) នៅ​ក្នុង​សន្និសីទសារព័ត៌មានមួយ​​​នៅ​ក្រុង Kabul, ​អាហ្វហ្កានីស្ថាន​ថ្ងៃ​ទី២៧​កញ្ញា ឆ្នាំ​២០១៧ ​ REUTERS/Omar Sobhani
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋអាមេរិក​ដែល​បច្ចុប្បន្ន ​​មាន​កងទ័ព​ខ្លួន​ចំនួន ​១​​ម៉ឺន​១០០០ នាក់ ដាក់​ពង្រាយ​​នៅ​អាហ្វហ្កានីស្ថាន​ បាន​អំពាវនាវ​​អង្គការ​អូតង់ ឲ្យ​បញ្ជូនជំនួយ​​កងទ័ព​របស់​ខ្លួនជា​​​បន្ថែម​ទៀត ដើម្បីទៅជួយ​​​​​ប្រទេស​​អាហ្វហ្កានីស្ថាន​ដែលកំពុងរងគ្រោះដោយ​ការសាប​ព្រោះ​អំពើ​ហិង្សា​ពីសំណាក់​ ពួកតាលីបង់និង​អង្គការរដ្ឋអ៊ីស្លាមជីហាត។ ក្នុង​ពេល​បច្ចុប្បន្ននេះ អង្គការអូតង់​​ មាន​ទ័ព​​ចំនួន ​៥០០០ ​នាក់ហើយដែលធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។​​

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​ ​២​នៅ​ទីក្រុង​កាប៊ូល លោក Mattis បានអញ្ជើញទៅ​ដល់​រដ្ឋធានីអាហ្វហ្កានីស្ថាន​​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ដោយ​ចេញ​មក​ប្រទេស​ឥណ្ឌា​។ ​នៅ​ពេល​ដែល​យន្តហោះ​​ដឹក​លោក Mattis បាន​ចុះចត​ដល់ដី​ភ្លាម គ្រាប់​រ៉ុកកែត​ចំនួន ៦ គ្រាប់​​ ត្រូវ​បាន​បាញ់​ផ្លោង​​នៅ​ក្បែរ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុងកាប៊ូល ជា​ហេតុ​បណ្តាល​​​ឲ្យ​​មាន​ស្លាប់​ជន​ស៊ីវីល​ម្នាក់​និង​រងរបួស​ជន​ចំនួន​៤​នាក់ផ្សេងទៀត។​ លោក​ Mattis បាន​ប្រតិកម្ម​បរិហារភ្លាម​ៗ​​ថា “ការបាញ់ផ្លោងគ្រាប់​ ប្រឆាំងនឹង​​ព្រលាន​យន្តហោះ​នេះ​​ ក៏ដូច​​ជាយន្តហោះអន្តរជាតិ​ណាមួយក្តី គឺជាអំពើឧក្រឹដ្ឋកម្ម​ប្រឆាំង​នឹង​ប្រជាជន​ស្លូត​ត្រង់​”។​

ចំណែក​ ពួក​ឧទ្ទាម​អ៊ីស្លាមជ្រុលនិយម​តាលីបង់ ​​វិញ បាន​ប្រកាស​ដែរ​ថា ​ការ​វាយ​ប្រហារ​ដោយ​​រ៉ុកកែត​​នោះ​ ជាស្នាដៃ​របស់ក្រុមខ្លួន​ ដែល​​​ចង់​​សំដៅ​​ប្រឆាំង​ទៅ​លើ​យន្តហោះ​​ដឹក​រដ្ឋមន្ត្រី​​ការពារ​ជាតិ​អាមេរិក​​-នេះ​បើយោង​តាមរសារ​មួយ​​របស់​ពួក​តាលីបង់​ដែល​សរសេរ​នៅ​លើ Twitter​។​

ចំណែក អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ការពារជាតិ​អាមេរិកវិញ បានជូនដំណឹងដែរថា “ជន​ឈ្លានពាន​ ​ចំនួន​​៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន” ។​

​លោក ​Mattis និង​​​អគ្គលេខាធិការអង្គការអូតង់​លោក​ Stoltenberg ក៏​បាន​ជួប​ប្រាស្រ័យ​គ្នា​​ជា​បន្ទាន់ដែរ​ជាមួយ​នឹង​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន ពីព្រោះ​​​នា​បច្ចប្បន្ន​នេះ រដ្ឋាភិបាល​និង​កងកម្លាំង​សន្តិសុខ​របស់​អាហ្វហ្កានីស្ថាន កំពុង​តែ​ត្រូវ​រង​សម្ពាធ​យ៉ាង​ធ្ងន់ធ្ងរ​​​ពីសំណាក់​ពួក​តាលីបង់​​និង​​ក្រុម​អង្គការរដ្ឋអ៊ីស្លាម​ដែល​កំពុង​បង្ក​អំពើហិង្សានៅ​ក្នុង​​ភាគ​ខាងកើត​និង​ខាងជើង​អាហ្វហ្កានីស្ថាន។​​​

​ចំណែកក្រសួងការពារជាតិ​អាមេរិកវិញ បន្ទាប់មកក៏​​​​បានជូនដំណឹងដែរ​​​​ថា កងទ័ពរបស់​​អាមេរិក ​​៣០០០​នាក់ ជា​​បន្ថែមទៀត​ នឹង​ត្រូវ​ដាក់ពង្រាយជា​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​​ដែលនៅ ​ក្នុងចំណោម​​នោះ​ ​កងទ័ព​អាមរិក​មួយ​ចំនួន ​​បានចេញ​ដំណើរ​បណ្តើរៗ​ទៅហើយ ។​ ក្រសួងការពារជាតិអាមេរិក ក៏​​ បាន​អំពាវនាវផងដែរ​សុំ​អោយ​ប្រទេស​​សម្ព័ន្ធរបស់ខ្លួន​ដែលជាសមាជិករបស់​អង្គការអូតង់​ ឲ្យ​​យក​តម្រាប់តាម​ខ្លួន​ដោយ​​​ខិតខំ​​បង្កើន​​ចំនួន​កងទ័ព​របស់​ខ្លួន​ជាច្រើនថែមទៀត​​​ដើម្បីជួយដល់​ប្រទេស​អាហ្វហ្កានីស្ថាន​​នៅ​​ក្នុងការវាយ​កំទេច​ពួកអ៊ីស្លាមជ្រុលនិយម​​តាលីបង់​និង​អង្គការ​រដ្ឋ​អ៊ីស្លាម​​ជីហាត៕​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ