អានតួអត្ថបទ
ថៃ

លោកស្រី​យីងឡាក់ ត្រូវ​តុលាការ​កាត់ទោស​កំបាំងមុខ ឲ្យ​ជាប់ពន្ធនាគារ ៥ឆ្នាំ

តុលាការ​កំពូល​ថៃ នៅ​ថ្ងៃពុធ ទី ២៧ កញ្ញា​បាន​សម្រេច​កាត់ទោស កំបាំងមុខ ផ្តន្ទាទោស​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត​ឲ្យ​ជាប់ពន្ធនាគារ ៥​ឆ្នាំ ពី​បទ​ធ្វេសប្រហែល នៅក្នុង​នយោបាយ​ឧបត្ថម្ភ​ស្រូវអង្ករ នៅក្នុង​ពេល​លោកស្រី ធ្វើ​ជា​នាយករដ្ឋមន្រ្តី ថៃ នៅ​ឆ្នាំ ២០១១។

អ្នកគាំទ្រ​លោកស្រី យីងឡាក់​នៅមុខ​តុលាការ​កំពូល​ថៃ នៅថ្ងៃទី ២៥​សីហា ២០១៧
អ្នកគាំទ្រ​លោកស្រី យីងឡាក់​នៅមុខ​តុលាការ​កំពូល​ថៃ នៅថ្ងៃទី ២៥​សីហា ២០១៧ ©REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សាលក្រម​អាន​ដោយ​ចៅក្រម​របស់តុលាការ​កំពូល​ថៃ នៅ​ល្ងាយ​ថ្ងៃ​ពុធនេះ លោកស្រី​យីងឡាក់​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​បាន​ប្រព្រឹត្ត​ទោស​កំហុស ដោយសារ​តែ​លោកស្រី​បរាជ័យ​មិនទប់ស្កាត់ អំពើ​ពុករលួយ ហើយ​និង​ការបាត់បង់​ថវិកា​ជាតិ នៅក្នុង​កម្មវិធី​ឧបត្ថម្ភ​អង្ករ នៅក្នុង​អាណត្តិ​ដឹកនាំ​រដ្ឋាភិបាល​របស់​លោកស្រី នៅ​ឆ្នាំ ២០១១។

តាម​ចៅក្រម ការធ្វេសប្រហែស និងការ​មិន​បាន​ចាត់វិធានការ​ច្បាស់លាស់ និង​ប្រសិទ្ធិភាព​របស់​លោកស្រី​យីងឡាក់ បានធ្វើ​ឲ្យ​មានការខាតបង់​ជាថវិកា​យ៉ាងធ្ងន់ធ្ងរ ទាំង​ក្នុង​ចំណោម កសិករ កេសរដ្ឋ ក្រសួង​ហិរញ្ញវត្ថុ។ នៅក្នុង​ហេតុផលនេះ តុលាការ​មាន​តែ​សម្រេច​ផ្តន្ទាទោស​ឲ្យ​លោកស្រី​យីងឡាក់ ជាប់​ពន្ធនាគារ រយៈពេល​៥​ឆ្នាំ ហើយ​ទោស​នោះទៀត សោត គឺ​គេ​មិន​អាច​ព្យួរ​បាន​ឡើយ។

នាយករដ្ឋមន្រ្តី​ថៃ លោកប្រាយុទ្ធ ចាន់អូចា នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​អះអាងថា ចារកិច្ច​របស់​លោក​​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ទីកន្លែង ​ស្ថិតនៅ​របស់​លោកស្រី​យីងឡាក់ ប៉ុន្តែ លោក​នឹង​អាច​បង្ហាញ​ប្រាប់ ពី​ឈ្មោះ​ទីកន្លែង​នោះ នៅ​ក្រោយ​ការប្រកាស​សាលក្រម​របស់​តុលាការ​នៅ​ថ្ងៃ​ពុធ​នេះ តែប៉ុណ្ណោះ។

នៅក្នុង​សាលក្រម ចៅក្រម​ថៃ បាន​យល់ស្រប​ទៅ​នឹង​ការអះអាង​របស់​រដ្ឋាភិបាល​យោធា​ថៃ ដែល​ថា គោលនយោបាយ របស់​លោកស្រី​យីងឡាក់ ក្នុងទិញ​អង្ករ​ពី​កសិករ​ក្នុង​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ​អន្តរជាតិ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខាតបង់​ថវិកា​ប្រមាណ ១០ពាន់​លាន​ដុល្លារ។ នៅក្នុង​ពេលបង្ហាញ​ខ្លួន នៅក្នុង​តុលាការ​កន្លងមក លោកស្រី​យីងឡាក់ ធ្លាប់​បាន​និយាយ​ការពារ​ខ្លួន​ថា លោកស្រី​មិនបាន​ប្រព្រឹត្ត​កំហុស និង​ថា នយោបាយ​របស់​លោកស្រី មិនមែន​ដើម្បី​បង្កើន​ប្រាក់ចំណូល​ដល់​កេសរដ្ឋ​នោះទេ ប៉ុន្តែ មាន​គោលដៅ​ជួយ​ផ្តល់​ប្រាក់ចំណូល​ដល់​ប្រជាកសិករ​តែ​ប៉ុណ្ណោះ។ ប្រជាកសិករ​ដែល​លោកស្រី​យីងឡាក់ វាយតម្លៃថា ត្រូវ​គេ​បំភ្លេចទុកចោល មិនយកចិត្តទុកដាក់ កន្លងមក។ ប៉ុន្តែ សម្រាប់​អ្នករិះគន់​វិញ នយោបាយ​របស់​លោកស្រីយីងឡាក់ គឺ​ជា​នយោបាយ​ប្រជាភិថុត ធ្វើឡើង ដើម្បី​ទាក់ទាញ​សំឡេងឆ្នោត នៅក្នុង​ចំណោម ប្រជាជន​ក្រីក្រ​តែប៉ុណ្ណោះ។

សាលក្រម​ផ្តន្តាទោស​លោកស្រី​យីងឡាក់ នឹងអាច​បង្ក​ឲ្យ​មាន​ការខឹងសម្បារ ប៉ុន្តែ គ្មាន​បាតុកម្ម​តវ៉ា​ប្រឆាំង នៅ​ប្រទេស​ថៃ​នោះទេ

បើមើល​ទៅលើ​ចំនួន​អ្នកគាំទ្រ​លោកស្រី ដែល​មាន​វត្តមាន នៅមុខ​តុលាការ​កំពូល​នៅថ្ងៃ នេះ គេ​មិន​រំពឹង​ថា សាលក្រម​ផ្តន្ទាទោស លោកស្រី​យីងឡាក់ នឹង​បង្ក​ឲ្យ​មាន​បាតុកម្ម​តវ៉ា​ប្រឆាំង​នោះទេ។ នៅថ្ងៃនេះ អ្នកគាំទ្រ​លោកស្រី​យីងឡាក់ មានគ្នីគ្នា​តែ​ប្រមាណ ១០០​នាក់ ប៉ុណ្ណោះ គឺ​តិចតួច​ណាស់ បើប្រៀបធៀប​នឹង​ថ្ងៃ​ទី ២៥ សីហា ថ្ងៃ​ដែល​អ្នកគាំទ្រ​លោកស្រី​យីងឡាក់ រាប់ពាន់​នាក់ ហ៊ាន​ផ្គើន បម្រាម​របស់​ប៉ូលិស ដើម្បី ទៅ​ចាំ​គាំទ្រ លោកស្រី យីងឡាក់ នៅ​មុខ​តុលាការ។

ក្រុមគាំទ្រ ឬ​គណបក្ស​ភឿថៃ របស់​លោកស្រី​យីងឡាក់ មិន​អាច​ធ្វើ​បាតុកម្ម​ប្រឆាំង ណា​មួយ​ទេ ព្រោះ​ថា លោកស្រី​យីងឡាក់ គ្មាន​វត្តមាន​នៅក្នុង​ប្រទេស នៅ​រង់ចាំង​ឲ្យ​អាជ្ញាធរ​ចាប់ បញ្ជូនខ្លួន​ទៅ​ពន្ធនាគារ។ អវត្តមាន​របស់​លោកស្រី យីងឡាក់ នៅក្នុង​ប្រទេស ធ្វើ​ឲ្យ​ចលនា​គាំទ្រ​លោកស្រី ចុះ​អន់ខ្សោយ។ ពិតណាស់ថា ក្រុមគាំទ្រ​លោកស្រី​យីងឡាក់ ចាត់ទុក​ការសម្រេច​របស់​តុលាការ​កំពូល​អយុត្តិធម៌ លក្ខណៈ​នយោបាយ និង​អាច​បង្ក​ឲ្យ​មាន​ការខឹងសម្បារ ប៉ុន្តែ វា​មិន​ដល់​ថ្នាក់ ជំរុញ លើកទឹកចិត្ត ឲ្យ​ក្រុមអាវក្រហម ក្រុមគាំទ្រ​ត្រកូល​ស៊ីណាវ៉ាត ចុះថ្នល់​ឈូឆរ ធ្វើ​បាតុកម្ម​ដើម្បី​ការពារ លោកស្រី យីងឡាក់ ដោយសារ​តែ​លោកស្រី លែងមាន​មុខ នៅក្នុង​ទឹកដី​ថៃ​នេះឯង។

ភាពស្ងប់ស្ងាត់​របស់​ក្រុមអាវក្រហម នៅក្រោយ​ការប្រកាស​សាលក្រម របស់​តុលាការ​កំពូល​ជា​អ្វីៗ​រដ្ឋាភិបាល​យោធា​ថៃ​របស់​លោកប្រាយុទ្ធ ចាន់អូចា គ្រោង​ចង់បាន។ អ្នកវិភាគខ្លះ វាយតម្លៃថា រដ្ឋាភិបាល​សឹក​ថៃ ទំនង​បាន​បិទភ្នែក បណ្តោយ​ឲ្យ​លោកស្រី យីងឡាក់ រត់គេច​ចេញពី​ប្រទេស នៅមុន​ថ្ងៃ​ប្រកាស​សាលក្រម។ ធ្វើដូច្នេះ ព្រោះ​ថារបបសឹក​មិន​ចង់ឲ្យ​លោកស្រី​យីងឡាក់ ក្លាយជា​ជនរងគ្រោះ ឬជា​វីរនារី​នៅក្នុង​ក្រសែភ្នែក​របស់​អ្នកគាំទ្រ ដែល​អាច​លើកគ្នា​ធ្វើ​មហា​បាតុកម្ម បើសិន​លោកស្រី​យីងឡាក់ ទទួល​ទោស​ធ្ងន់​នៅ​តុលាការ​នោះទេ។

លោក​ប្រាយុទ្ធ ចាន់អូចា​នឹង​ទាមទារ​ឲ្យ​ប៉ូលិស​អន្តរជាតិ​ចាប់ខ្លួន​លោកស្រី​យីងឡាក់

នៅក្នុង​ពេល​និយាយ​ជាមួយ​អ្នកកាសែត នៅថ្ងៃ​ម្សិលមិញ លោកប្រាយុទ្ធ ចាន់អូចា​និយាយ​ថា លោកស្រី នៅ​មិនទាន់​បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន នៅឡើយ ហើយ​លោក​មិន​ដឹង​ថា លោកស្រី នឹង​អាច​ទទួល​បាន​វា​នោះទេ។ តាម​កាសែត​ថៃ បាងកក ប៉ុស្ត លោកប្រាយុទ្ធ ចាន់អូចា និយាយ​ថា លោក​នឹង​សុំ​ជំនួយ​ពី​ប៉ូលិស​Interpole​ដើម្បី​ចាប់ខ្លួន​លោកស្រី យីងឡាក់ បើសិន​តុលាការផ្តន្ទាទោស​ឲ្យ​លោកស្រី​ជាប់ពន្ធនាគារ នៅថ្ងៃ​ពុធ។ លោកប្រាយុទ្ធ ចាន់អូចា​លើកឡើង​ផងដែរ ពី​ការសុំ​ធ្វើបត្យាប័ន លោកស្រី​យីងឡាក់ មក​ប្រទេសថៃ​វិញ។

លោកស្រី​យីងឡាក់ កំពុង​ស្ថិតនៅ​កន្លែងណា។ គ្មាន​អ្នកណា​ដឹង​ប្រាកដ​ទេ។ កាសែត ជាច្រើន​និយាយ​ថា លោកស្រី​បាន​រត់ទៅ​ទីក្រុង​ឌូបៃ ប្រទេស​អេមីរ៉ា អារ៉ាប់រួម ដើម្បី​រស់នៅ​ជាមួយ​លោកថាក់ស៊ីន ជាបងប្រុស។ ចំណែក​ប្រភព​ខ្លះ​ទៀត និយាយ​ថា លោកស្រី​អាច​នៅ​ប្រទេស​អង់គ្លេស ព្រោះ​លោកថាក់ស៊ីន ក៏​មាន​ផ្ទះ​នៅ​ទីក្រុង​ឡុងដ៍​ដែរ។

ប៉ុន្តែ បើសិន​លោកស្រី​យីងឡាក់ ស្ថិតនៅ​ទីក្រុង​ឌូបៃ របស់​ប្រទេស​អេម៉ារ៉ា អារ៉ាប់​រួម ជាមួយ​បងប្រុស គឺ​លោកថាក់ស៊ីន​មែន រដ្ឋាភិបាល​ថៃ ពិបាក​នឹង​ទាមទារ​ឲ្យ​គេ​ធ្វើបត្យាប័ន ចាប់បញ្ជូន​លោកស្រី​មកវិញណាស់ ព្រោះថា ថៃ និង​អេមីរ៉ា អារ៉ាប់រួម គ្មាន​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​នោះ​ទេ។ តាំង​ពី​យូរណាស់​មកហើយ ថៃ​បានទាមទារ​ឲ្យ​ក្រុង​ឌូបៃ ចាប់បញ្ជូន​លោកថាក់ស៊ីន ប៉ុន្តែ​មិន​បាន​សម្រេច។ ដើម្បី គេច​ចេញពី​ការផ្តន្ទាទោស របស់​តុលាការ ដែល បាន​សម្រេច​ឲ្យ​លោក​ជាប់គុក ២​ឆ្នាំ ក្នុង​បទចោទប្រកាន់​ប្រព្រឹត្ត​អំពើពុករលួយ លោកថាក់ស៊ីន បាន​និរទេស​ខ្លួន ទៅរស់នៅ​យ៉ាងមាន​សេរីភាព នៅ​ក្រុងឌូបៃ។ លោក​អាច​ធ្វើដំណើរ​ចេញចូល​ទៅ​ធ្វើ​ជំនួញ នៅ​អាហ្វ្រិក ឬទៅ​រុស្ស៊ី​ជាមួយ​លិខិត​ឆ្ងងដែន របស់​ប្រទេស​នីហ្ការ៉ាហ្គ័រ ឬ​ម៉ុងតេណេហ្គ្រោ។ លោកថាក់ស៊ីន​នឹង​អាច​ជួយ​លោកស្រី យីងឡាក់ ជាប្អូនស្រី មាន​លិខិតឆ្លង​ដែន ដូចលោក បើសិន​រដ្ឋាភិបាល​ថៃ ប្រកាស​លុបចោល​សុពលភាព​លិខិតឆ្លងដែន​ថៃ របស់​លោកស្រី​យីងឡាក់ នៅក្រោយ​ប្រកាស​សាលក្រម​របស់​តុលាការ។

សាលក្រម​របស់​តុលាការ​នៅ​ថ្ងៃ​ពុធ ដែល​បាន​ផ្តន្ទាទោស​ឲ្យ​លោកស្រី​យីងឡាក់ ជាប់ពន្ធនាគារ ៥​ឆ្នាំ បាន​បិទផ្លូវ​មិន​ឲ្យ​លោកស្រី​ត្រលប់​ចូល​ប្រទេស​នោះទេ។ វា​បាន​បិទបញ្ចប់​ជីវិត​នយោបាយ​របស់​ត្រកូល​ស៊ីណាវ៉ាត ដែល​យោធា​បាន​ប៉ង​មក​ជាយូរ តាមរយៈ​ការធ្វើ​រដ្ឋប្រហារ​យោធា មួយដង ជាពីរដង។ សាលក្រម ផ្តន្ទាទោស លោកស្រី​យីងឡាក់ បិទបញ្ចប់​ផងដែរ ក្តីសង្ឃឹម​ដែល​ចង់ឃើញ ការវិល​ត្រលប់​របស់​លទ្ធិ​ប្រជាធិបតេយ្យ នៅ​ប្រទេស​ថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ