វិបត្តិរ៉ូហ៊ីងយ៉ា៖ អគ្គលេខាធិការអ.ស.បទទូចឲ្យភូមាបញ្ឈប់ប្រតិបត្តិការយោធានៅរដ្ឋរ៉ាឃីន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១០
លោកអគ្គលេខាធិការអ.ស.ប អាន់តូនីញ៉ូ ហ្គូទែរស៍ (Antonio Guterres) បានទាមទារដោយទទូច សុំឲ្យរដ្ឋាភិបាលភូមាបញ្ឈប់ប្រតិបត្តិការយោធា នៅរដ្ឋរ៉ាឃីន ដែលកំពុងផ្ទុះវិបត្តិរ៉ូហ៊ីងយ៉ា ហើយបើកផ្លូវឲ្យមានការបញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់នោះ។ លោកហ្គូទែរស៍បានធ្វើការទាមទារបែបនេះ នៅក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអ.ស.ប កាលពីថ្ងៃព្រហស្បតិ៍។
អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលវិបត្តិរ៉ូហ៊ីងយ៉ានៅភូមាបានក្លាយជាប្រធានរឿងដ៏ក្តៅគគុកមួយ នៅលើឆាកអន្តរជាតិ។ អំពើហិង្សានៅរដ្ឋរ៉ាឃីនបានធ្វើឲ្យជនជាតិរ៉ូហ៊ីងយ៉ាប្រមាណជាកន្លះលាននាក់ ត្រូវបង្ខំចិត្តរត់ភៀសខ្លួនទៅក្រៅប្រទេស ហើយអាជ្ញាធរភូមាត្រូវទទួលរងនូវការបរិហាររិះគន់ស្ទើរជុំទិស ដោយរងការចោទប្រកាន់ពី « ការបោសសម្អាតជាតិសាសន៍” ឬ “ប្រល័យពូជសាសន៍”។
ក៏ប៉ុន្តែ នៅឯក្រុមប្រឹក្សាសន្តិសុខអ.ស.ប. វិបត្តិរ៉ូហ៊ីងយ៉ានេះមិនត្រូវបានគេលើកយកមកជជែកគ្នាជាផ្លូវការនិងដោយចំហនោះទេ ដោយមានត្រឹមតែកិច្ចប្រជុំដោយបិទទ្វារតែប៉ុណ្ណោះ។ ទើបតែនៅថ្ងៃព្រហស្បតិ៍ ២៨តុលានេះ ដែលក្រុមប្រឹក្សាសន្តិសុខ សម្រេចលើក បញ្ហារ៉ូហ៊ីងយ៉ាមកជជែកគ្នា នៅក្នុងកិច្ចប្រជុំជាសាធារណៈ។
នៅចំពោះមុខតំណាងប្រទេសទាំង ១៥ ជាសមាជិកក្រុមប្រឹក្សាសន្តិសុខ លោកអគ្គលេខាធិការអ.ស.ប អាន់តូនីញ៉ូ ហ្គូទែរស៍ បានធ្វើការគូសបញ្ជាក់ថា អ្វីដែលកំពុងកើតឡើងចំពោះជនជាតិរ៉ូហ៊ីងយ៉ា នៅពេលបច្ចុប្បន្ននេះ គឺជាវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដែលគេចាំបាច់ត្រូវតែដោះស្រាយជាបន្ទាន់។
លោកអគ្គលេខាធិការអ.ស.ប.បានដាក់សំណើ ៣ ចំណុចសំខាន់ៗ ទៅកាន់រដ្ឋាភិបាលភូមា។ ទីមួយ សុំឲ្យបញ្ឈប់ប្រតិបត្តិការយោធានៅតំបន់កំពុងមានវិបត្តិរ៉ូហ៊ីងយ៉ា។ ទីពីរ បើកផ្លូវឲ្យមានការបញ្ជូនជំនួយមនុស្សធម៌ដោយគ្មានការរឹតត្បឹត ទៅកាន់តំបន់មានវិបត្តិ។ ទីបី ធានាឲ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ាអាចវិលត្រឡប់ទៅកាន់ភូមិកំណើតរបស់ពួកគេវិញ ដោយសុវត្ថិភាព និងដោយគ្មានការបង្ខិតបង្ខំ។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃព្រហស្បតិ៍នេះ បណ្តាប្រទេសជាច្រើនបានធ្វើការរិះគន់រដ្ឋាភិបាលភូមាទាក់ទងនឹងអំពើហិង្សាលើជនជាតិរ៉ូហ៊ីងយ៉ា ហើយអ្នកដែលបានធ្វើការបរិហាររិះគន់រដ្ឋាភិបាលភូមាខ្លាំងៗជាងគេ គឺសហរដ្ឋអាមេរិក។
លោកស្រី Nikki Haleyឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ.ស.ប បានចោទអាជ្ញាធរភូមាថា បានបើកធ្វើយុទ្ធនាការ ក្នុងគោលដៅបំបាត់ជនជាតិភាគតិចពីក្នុងទឹកដីរបស់ខ្លួន ហើយថា អ្វីដែលកំពុងកើតឡើងទៅលើជនជាតិរ៉ូហ៊ីងយ៉ានៅពេលនេះ គួរតែជាក្តីអាម៉ាស់មួយ សម្រាប់ប្រមុខដឹកនាំភូមា ដែលបានធ្វើការលះបង់ជាច្រើន ដើម្បីនាំប្រទេសភូមាឲ្យទៅជាប្រទេសប្រជាធិបតេយ្យ។ ឯកអគ្គរដ្ឋទូតអាមេរិកទំនងជាចង់សំដៅទៅលើលោកស្រីអ៊ុងសានស៊ូជី។ លោកស្រី Nikki Haley ក៏បានទាមទារផងដែរឲ្យចាត់វិធានការប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធភូមា ដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើហិង្សាលើជនជាតិរ៉ូហ៊ីងយ៉ា។
ក៏ប៉ុន្តែ ចិន និងរុស្ស៊ីវិញ បាននាំគ្នាចេញមុខការពាររដ្ឋាភិបាលភូមា ដោយចិនបានលើកឡើងថា សហគមន៍អន្តរជាតិគួរតែមានការយោគយល់ចំពោះបញ្ហាស្មុគស្មាញ ដែលរដ្ឋាភិបាលភូមាកំពុងជួបប្រទះ ហើយគួរតែមានភាពអត់ធ្មត់ និងជួយជ្រោមជ្រែង។ ចំណែកឯតំណាងរដ្ឋាភិបាលរុស្ស៊ីវិញបានលើកឡើងថា គេមិនគួរតែមានការប្រយ័ត្នប្រយែង នៅក្នុងការចោទប្រកាន់អ្នកណាម្នាក់ពីបទ “បោសសម្អាតជាតិសាសន៍” ឬ “ប្រល័យពូជសាសន៍”៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ