សមភាពស្ត្រីនិងបុរសខាងប្រាក់ខែ វិវត្តន៍យឺតខ្លាំងក្នុងប្រទេសជាសមាជិកOCDE
ស្ត្រីរកចំណូលបានទាបជាងបុរស ជាមធ្យម ១៥% នៅក្នុងប្រទេសជាសមាជិកអង្គការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា OCDE។ គម្លាតដ៏ពិបាកបង្រួមនេះ ជាឧបសគ្គដ៏ចំបងនៃកំណើនសេដ្ឋកិច្ច។ នេះបើតាមរបាយការណ៍របស់អង្គការចេញផ្សាយនៅថ្ងៃពុធទី ៤ តុលា ២០១៧។ ប្រទេសដែលមានគម្លាតសមភាពខ្លាំងជាងគេ គឺ ឥណ្ឌា (៥៦%) អាហ្វ្រិកខាងត្បូង (៤១%) និងកូរ៉េខាងជើង (៣៧%)។ កូស្តារីកា លុចសំបួរ និងប៊ែលហ្សិក មានគម្លាតតិចជាងគេ (៤%) ឯបារាំង ១០%។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៥
សមភាពស្ត្រីនិងបុរសជាការប្រយុទ្ធដ៏លំបាក ! នេះជាចំណងជើងនៃរបាយការណ៍របស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច OCDE ដែលលម្អិតទៀតថា បើយោងតាមតួលេខឆ្នាំ២០១៥ បុគ្គលិកស្ត្រីធ្វើការពេញម៉ោង បានទទួលប្រាក់បៀរវត្សរ៍តិចជាងមិត្តរួមការងារបុរស ១៤,៣% ជាមធ្យម ! ពោលគឺស្ទើរតែគ្មានប្តូរផ្លាស់សោះ បើប្រៀបទៅឆ្នាំ២០១០ ដែលគម្លាតមានកំរិតមធ្យម ១៤,៦%។
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ វិសមភាពរវាងស្ត្រី និងបុរសនៅចាក់ឬសចាក់គល់ខ្លាំង ក្នុងស្ទើរគ្រប់វិស័យ សង្គម សេដ្ឋកិច្ច និងក្នុងគ្រប់ប្រទេសទាំងអស់ មិនថាជាប្រទេសអភិវឌ្ឍន៍ឬកំពុងអភិវឌ្ឍន៍ទេ ! ការរីកចម្រើនមានតិចតួចបំផុត ! នេះបើតាមសិក្សារបស់OCDE ដែលបង្ហាញជាសាធារណៈនៅក្នុងវេទិកាស្ត្រី Women’s Forum នាទីក្រុងប៉ារីស។
ស្ត្រីនៅក្នុងក្រុមប្រទេសOCDE ជាទូទៅបានចំណាយពេលសិក្សាយូរជាងបុរស ប៉ុន្តែក្នុងមុខវិជ្ជាមិនសូវទាក់ទាញ និងសំខាន់ ដូចជាជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកកម្ម និងគណិតវិទ្យាទេ។ ម្យ៉ាងទៀត ការងាររបស់ស្ត្រី ច្រើនតែជាតួនាទីមិនសូវមានគុណភាព មានន័យមិនសូវមានការការពារពីសង្គម និងផុយស្រួយ។ ស្ត្រី នៅមានចំនួនតិចតួចនៅឡើយ ក្នុងតួនាទីជាប្រធានដឹកនាំ មិនថានៅក្នុងវិស័យរដ្ឋ ឬនយោបាយទេ។ ឧទាហរណ៍ មានស្ត្រីប្រមាណតែ១ភាគបីប៉ុណ្ណោះជាអាសនៈនៅក្នុងសភា របស់ប្រទេសOCDE។
នៅលើពិភពលោកនេះ គ្មានប្រទេសណាមួយ មានសមភាពស្ត្រីនិងបុរសទេ ! នៅប្រទេស មានសមភាពខ្ពស់ជាងគេបំផុត ក៏កំពុងបន្តមានគម្លាតរវាងស្ត្រីនិងបុរស គួរឱ្យព្រួយបារម្ភដែរ។ គម្លាតនេះមិនមែនជាបរាជ័យក្នុងន័យសីលធម៌ទេ តែជាឧបសគ្គដ៏ចំបងសម្រាប់កំណើនសេដ្ឋកិច្ច។ នេះជាការព្រមានរបស់អង្គការ។ ដូច្នេះសួរថាតើត្រូវធ្វើដូចម្តេច ?! ស្រ្តីមានបន្ទុកធ្ងន់ក្នុងការងារផ្ទះ និងមើលថែកូន នៅកូរ៉េខាងត្បូង ជប៉ុន ម៉ិចស៊ិក ព័រទុយហ្កាល់ តួកគី ឬអ៊ីតាលី ស្ត្រីមានចំណែកការងារអត់ប្រាក់ខែដល់ទៅ៧៥%។ ដូច្នេះ អ្នកជាឪពុកត្រូវចូលរួមចំណែកមើលកូនឱ្យបានច្រើន ទើបស្ត្រីជាម្តាយអាចមានលទ្ធភាពបំពេញការងារ ក្នុងទីផ្សារ ក្នុងសង្គម និងសេដ្ឋកិច្ច បានពេញលេញ។ នេះជាអនុសាសន៍របស់អង្គការ ដោយបានលើកទឹកចិត្តប្រទេសជាសមាជិក ចំនួនជាងពាក់កណ្តាល ដែលបានកំណត់ការលំហែមាតុភាពដល់ឪពុក ជាច្រើនថ្ងៃ។ ហើយមានប្រទេសកាន់តែច្រើនឡើងៗ បានរំលែកសិទ្ធិសម្រាកមើលថែកូនឱ្យតែអ្នកជាឪពុក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ