អានតួអត្ថបទ
ភូមា-អង់គ្លេស

ក្រុង​អក់ស្វឺត​សម្រេច​ដក​រង្វាន់​សេរីភាព​ពីលោកស្រី អ៊ុងសាន ស៊ូជី

ការគ្រប់គ្រង និង​ដោះស្រាយ​មិនត្រឹមត្រូវ​វិបត្តិ​ជនភាគតិច រ៉ូហ៊ីងយ៉ា​បាន​ធ្វើ​ឲ្យ​លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ភូមា បាត់បង់​រង្វាន់​សេរីភាព ដែល​លោកស្រី​បាន​ទទួល កាលពី​២០​ឆ្នាំ មុន ពី​ទីក្រុង​អក់ស្វឺត របស់​ប្រទេស​អង់គ្លេស។ តាម​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត របស់​បណ្តាញ​សារព័ត៌មាន​អង់គ្លេស ក្រុមប្រឹក្សា​ក្រុង​អក់ស្វឺត បាន​ជួប​ប្រជុំ នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ដើម្បី សម្រេច​ដក​រង្វាន់សេរីភាព​ពីលោកស្រី​អ៊ុងសាន ស៊ូជី។

លោកស្រី​ស៊ូជី​នៅក្នុង​សន្និសីទ​កាសែត នៅខែ​កញ្ញា ២០១៧
លោកស្រី​ស៊ូជី​នៅក្នុង​សន្និសីទ​កាសែត នៅខែ​កញ្ញា ២០១៧ © REUTERS/Soe Zeya Tun/File Photo
ផ្សាយពាណិជ្ជកម្ម

សកម្មភាព​តស៊ូ​ដ៏ស្វិតស្វាញ​របស់​លោកស្រី ស៊ូជី នៅ​ទសវត្សរ៍ ឆ្នាំ ១៩៩០ ដើម្បី​ប្រឆាំង​នឹង​អំណាច​ផ្តាច់ការ​របស់​របបសឹក​ភូមា បាន​ធ្វើ​ឲ្យ​លោកស្រី​ស៊ូជី​បាន​ការទទួល​ស្គាល់ និង​កោតសរសើរ​ពី​សហគមន៍​អន្តរជាតិ។ នៅ​ឆ្នាំ ១៩៩៧ ទីក្រុង​អក់ស្វឺត​របស់​អង់គ្លេស បាន​ប្រកាស​ផ្តល់​ពានរង្វាន់​សេរីភាព ឬ ​« Freedom of Oxford » សម្រាប់​លោកស្រី​អ៊ុងសាន ស៊ូជី ក្នុង​ការដែលលោកស្រី​បាន​តស៊ូ ដើម្បី​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ។ ប៉ុន្តែ នៅ​២០​ឆ្នាំក្រោយ ក្រុងអក់ស្វឺត​ដដែល បាន​សម្រេច​ដក​ពាន​រង្វាន់​ដ៏កិត្តិយស​នេះ ពី​លោកស្រី​អ៊ុងសាន ស៊ូជី មកវិញ ក្នុង​ហេតុផល​ថា លោកស្រី​ស៊ូជី ដោះស្រាយ​មិន​បាន​ល្អ វិបត្តិ​ជនជាតិ​រ៉ូហ៊ីងយ៉ា។

នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍នេះ ក្រុមប្រឹក្សា​ក្រុង​អក់ស្វឺត ដែល​សំដែង​ការព្រួយបារម្ភ​ពី​ស្ថានភាព​អត្តខាត់​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា បាន​បោះឆ្នោត ជា​ឯកច្ឆន្ទ សម្រេច​ឲ្យ​គេ​ដក​ពាន​រង្វាន់​សេរីភាព​ពី​លោកស្រី​អ៊ុងសាន ស៊ូជី។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters។

នៅក្នុង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​ក្រុង អក់ស្វឺត គេ​បាន​សរសេរ​ថា លោកស្រី​អ៊ុងសាន ស៊ូជី​មិន​សក្តិសម​នឹងធ្វើ​ជា​ម្ចាស់​ពានរង្វាន់​សេរីភាព​របស់​ក្រុង​តទៅទៀត​ទេ។ Mary Clarkson សមាជិក​ក្រុមប្រឹក្សា​ក្រុង បាន​សរសេរ​នៅក្នុង​សុន្ទរកថា ថ្លែង​នៅថ្ងៃ​ចន្ទ​ថា កិត្តិនាម​របស់​ក្រុង​អក់ស្វឺត​កំពុង​ត្រូវ​ប្រលាក់ ខូចខាត ដោយសារ​តែ​បាន​ផ្តល់​រង្វាន់​ដល់​អ្នកដែល​បិទភ្នែក បណ្តោយ​ឲ្យ​កើត​មាន​អំពើហិង្សា។

កាល​នៅ​ជាប់ឃុំ ក្នុង​គេហដ្ឋាន នៅក្នុង​របបសឹក​ភូមា លោកស្រី​អ៊ុងសាន ស៊ូជី ធ្លាប់​ស្រែក​ទាមទារ​សេរីភាព និង​ប្រឆាំង​រាល់​អំពើរំលោភ ហិង្សា គ្រប់រូបភាព។ ប៉ុន្តែ នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ជ័យលាភី​ណូបែល​សន្តិភាព និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស លោកស្រី​អ៊ុងសាន ស៊ូជី ត្រូវ​បាន​ថ្នាក់ដឹកនាំ​បរទេស និងអង្គការ​សហប្រជាជាតិ រិះគន់​បរិហារ ដោយសារ​តែ​អសកម្មភាព មិន​អាច​បញ្ឈប់ អំពើ​ហិង្សា ប្រព្រឹត្ត​ទៅលើ​ជនជាតិ​ភាគតិច​រូហ៊ីងយ៉ា។

តាំង​ពី​ពាក់កណ្តាល​ខែ សីហា ជនជាតិ​រ៉ូហ៊ីងយ៉ា ប្រមាណ ៤សែននាក់ បាន​រត់ភៀសខ្លួន​ពី​អំពើហិង្សា នៅ​រដ្ឋរ៉ាឃីន។ អង្គការ​សហប្រជាជាតិ​បាន​លើកឡើង​ពី​ការបោស​សម្អាត​ជាតិសាសន៍ នៅ​ភូមា។ ប៉ុន្តែ នៅ​ក្នុង​ពេល​ថ្លែង​សង្កថា នៅ​ចុងខែ​កញ្ញា​កន្លងទៅ លោកស្រី អ៊ុងសាន ស៊ូជី មិន​បាន​និយាយ​ពី​ការបោសសម្អាត​ជនជាតិ​ភាគតិច ឬ​ថ្កោលទោស​ពួក​យោធា​ភូមា ដែល​ប្រជាជន​រ៉ូហ៊ីងយ៉ា ចោទ​ប្រកាន់​ថា ជាអ្នកប្រព្រឹត្ត​អំពើហិង្សា​ដុតផ្ទះសម្បែង រហូត​ធ្វើឲ្យ​ពួកគេ​រត់ទៅ​បង់ក្លាដែស។ ជំហរ​របស់លោកស្រី​បានធ្វើ​ឲ្យ​គេ​គិតថា លោកស្រី​អ៊ុងសាន ស៊ូជី កំពុង​តែ​លាយ​ច្របល់​ចូលគ្នា រវាង ការមិនពិត ហើយ​និង​ទំលាក់កំហុស​ទៅលើ​ជនរងគ្រោះ ដូចដែល​ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​Amnesty International ​បានលើកឡើង។

នៅ​សប្តាហ៍មុន នៅមុន​ការប្រកាស​ដក​ពាន​រង្វាន់​ពីក្រុង​អក់ស្វឺត ទៅទៀត សកលវិទ្យាល័យ អក់ស្វឺត ដែល​ធ្លាប់​តែ​បាន​ប្រគល់​សញ្ញាប័ត្រ​កិត្តិយស​ដល់​លោកស្រី​អ៊ុងសាន ស៊ូជី នៅ​ឆ្នាំ ២០១២ បាន​សម្រេច ដក​រូបថត​លោកស្រី​ស៊ូជី​ចេញពី​តារាង​ជន​ល្បីៗ​ឈ្មោះ របស់​សាលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ