ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT
អាស៊ី

គីម ជុងអ៊ុន៖​នុយក្លេអ៊ែរ​របស់កូរ៉េខាងជើង​ជួយ​ធានា​សន្តិភាព និង​សន្តិសុខ នៅក្នុង​តំបន់

media  
មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង លោកគីម ជុងអ៊ុន នៅថ្ងៃ​ប្រជុំ​គណៈមជ្ឈឹុំមបក្ស​ពលករ​កូរ៉េខាងជើង នៅថ្ងៃទី ៧​តុលា​២០១៧ ©KCNA/via REUTERS.

លោក​គីម ជុងអ៊ុន នៅ​ថ្ងៃ​សៅរ៍​ទី៧ តុលា​ បាន​លើកឡើង​ពី​សមត្ថភាព​នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ក្នុង​ការទប់ស្កាត់​កុំ​ឲ្យ​មាន​ផ្ទុះសង្រ្គាម​នុយក្លេអ៊ែរ។ នៅក្នុង​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍ បក្ស​កុម្មុយនិស្ត លោក​គីម ជុងអ៊ុន​អួតសរសើរ​ផងដែរ កម្មវិធី​នយោបាយ​ដែល​លោក​បាន​ចាប់អនុត្តន៍ តាំង​ពី​ចូល​កាន់តំណែង​ជា​មេដឹកនាំ​កូរ៉េខាងជើង។ សម្រាប់​លោកគីម ជុងអ៊ុន មនោគមវិជ្ជា​អភិវឌ្ឍ​សេដ្ឋកិច្ច ស្របទិស​គ្នា ជាមួយ នឹង​ការអភិវឌ្ឍ ផលិត​អាវុធ​នុយក្លេអ៊ែរ គឺជា​យុទ្ធសាស្រ្ត​នយោបាយ ដ៏ត្រឹមត្រូវ និង​ឆ្លើយតប ទៅ​នឹង​កាលៈទេសៈ បច្ចុប្បន្ន។ នេះ​បើតាម​ការចុះផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​ផ្លូវរដ្ឋ កូរ៉េខាងជើង​នៅ​ថ្ងៃ​អាទិត្យនេះ។

នៅក្នុង​កិច្ចប្រជុំ​គណៈអចិន្រ្តៃយ៍​បក្ស​ពលករ នៅថ្ងៃ​សៅរ៍ ម្សិលមិញ មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន បាន​និយាយ​ថា អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង មាន​សមត្ថភាព ទប់ស្កាត់​កុំ​ឲ្យ​កើត​ផ្ទុះ​មាន​សង្រ្គាម​នុយក្លេអ៊ែរ។

មេដឹកនាំ​​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន​បាន​និយាយថា អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នឹង​ជួយ​ធានា​ការពារ​សន្តិភាព និង​សន្តិសុខ នៅ​ឧបទ្វីបកូរ៉េ ហើយ​និង​នៅក្នុង​តំបន់។ អំណះអំណាង​នេះ អាច​សមហេតុផល នៅត្រង់ថា នៅពេល​ដែល​កូរ៉េខាងជើង មានអាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ដៃ នោះ កូរ៉េខាងជើង​នឹង​មិនអាច​រង​ការគំរាមកំហែង​ផ្តេសផ្តាស ឬ​ការឈ្លានពាន​ធ្វើ​សង្រ្គាម​ពី​ប្រទេស​ណាមួយទេ។ មាន​អាវុធ នុយក្លេអ៊ែរ នៅក្នុង​ដៃ កូរ៉េខាងជើង​ក្លាយ​ជាមហាអំណាច​នុយក្លេអ៊ែរ ដែល​គេ​ត្រូវ​គោរព​កោតខ្លាច មិន​មើលស្រាល​ដូចមុន។ អាច​និយាយ​បាន​ថា គេ​ត្រូវគិតគូរ ល្អិតល្អន់ ខ្លាំងណាស់ មុន​នឹង​សម្រេចចិត្ត វាយប្រហារ​ទៅលើ ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ ឬ​ប្រទេស​ដែល​ជួយ​គាំទ្រ​ដោយ​មហាអំណាច​នុយក្លេអ៊ែរ។ គេ​ពិចារណា​ថ្លឹងថ្លែង ខ្លាំង ព្រោះថា បើ​កើត​ផ្ទុះ​សង្រ្គាម​រវាង​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ នោះ​ផលវិបាក បាត់បង់​ជីវិត​មនុស្ស ហើយ​និង​សេដ្ឋកិច្ច គឺ​ធំធេង​ណាស់ សម្រាប់គ្រប់​ភាគី​ជម្លោះ។ អីចឹងហើយ បាន​ជា​តាំង​ពី​សង្រ្គាម​ត្រជាក់ មកម្ល៉េះ អាវុធ​នុយក្លេអ៊ែរ​របស់​អាមេរិក​ក្តី ឬ​របស់​រុស្ស៊ី​ក្តី ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​មធ្យោបាយ សម្រាប់ទប់ស្កាត់ កុំ​ឲ្យ​កើតផ្ទុះ​សង្រ្គាម​នុយក្លេអ៊ែរ។

បទពិសោធន៍​កន្លងមក គ្រាប់បែក​នុយក្លេអ៊ែរ មិនដែល​ត្រូវ​បាន​គេ​ប្រើ​ម្តង​នោះទេ នោះបើទោះបី​ជា​កើតផ្ទុះ​មាន​ជម្លោះ​ប្រដាប់អាវុធ ឬភាពតានតឹង​រវាង​ភាគីជម្លោះ​ក្តី។ ជាក់ស្តែង ឥណ្ឌា និង​ប៉ាគីស្ថាន​សុទ្ធ​តែ​មាន​អាវុធ​នុយក្លេអ៊ែរ​រៀងៗខ្លួន ប៉ុន្តែ បើទោះបី​ជា​ប្រទេស​ទាំងពីរ ជា​សត្រូវ និង​ឧស្សាហ៍​ឈ្លោះគ្នា នៅ​តាម​ព្រំដែន ប៉ុន្តែ ឥណ្ឌា និង​ប៉ាគីស្ថាន​មិន​បាន​អាវុធ​នុយក្លេអ៊ែរ ដើម្បី​សម្លាប់​ប្រល័យ​គ្នា​ទៅវិញ ទៅមកដែរ។

មាន​អាវុធ​នុយក្លេអ៊ែរ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ផ្ទុះ​សង្រ្គាម​នុយក្លេអ៊ែរ នេះ​ជាអំណះអំណាង​ដែល​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ បានលើកឡើង​រហូតមក ប៉ុន្តែ សម្រាប់​អ្នកដែល​ប្រឆាំង​មិន​ឲ្យ​មាន​អាវុធ​ប្រល័យលោកវិញ អាវុធ​នុយក្លេអ៊ែរ គឺ​មាន​តែទៅ​ជំរុញ ឲ្យ​មាន​ការរីក​សាយភាយ នៃ​ការផលិត​អាវុធនុយក្លេអ៊ែរ ដែល​គ្រោះថ្នាក់ កាន់តែ​ខ្លាំង សម្រាប់​ជីវិត​រស់រាន នៅ​លើ​ផែនដី។

លោកដូណាល់ ត្រាំ៖ ជម្រើស​មានតែមួយ ជាមួយ​កូរ៉េខាងជើង

នៅថ្ងៃ​សៅរ៍ ម្សិលមិញ ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ បាន​សរសេរ នៅក្នុង​សារ​Twitter​ថា ជម្រើស​សម្រាប់​ដោះស្រាយ​ជាមួយ​កូរ៉េខាងជើង​មានតែ​មួយ​ប៉ុណ្ណោះ។ ជម្រើស​របស់លោកដូណាល់ ត្រាំ គឺ​អាច​ជាជម្រើស​យោធា ព្រោះសម្រាប់ លោក​ដូណាល់ ត្រាំ យុទ្ធសាស្រ្ត ចរចា​ការទូត បាន​បរាជ័យ​រហូតមក។ នៅក្នុង​សារ​Twitter លោកបាន​សរសេរ​រិះគន់ មេដឹកនាំ​អាមេរិកមុនៗ​ថា អសមត្ថភាព មិនអាច​ដោះស្រាយ វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ លោកដូណាល់ ត្រាំ មិន​បាន​និយាយ​ថា ជម្រើស​តែមួយ​ដើម្បី​ដោះស្រាយ​ជាមួយ​កូរ៉េខាងជើង នោះ​ជា​អ្វី​ទេ គឺ​លោក​បាន​ប្រាប់​ឲ្យ​គេរង់ចាំ​មើលតទៅទៀត។ ប៉ុន្តែ យ៉ាងណាក៏ដោយ មហាសេដ្ឋី​អចលនទ្រព្យ​រូបនេះ បាននិយាយថា លោកមិន​ចង់​បរាជ័យ ដូចមេដឹកនាំ​អាមេរិក​មុនៗ​នោះទេ។ សំដី​នេះ​ធ្វើ​ឲ្យ​គេ​រឹត​តែ​ជឿថា លោក​ដូណាល់ ត្រាំ នឹង​ជ្រើសរើស​យក​ផ្លូវ​យោធា ដើម្បី ដោះស្រាយ​ជាមួយ​កូរ៉េខាងជើង។

សមាជិក​សភា រុស្ស៊ី៖កូរ៉េខាងជើង នឹង​បាញ់​សាកល្បង ជាថ្មី​ម្តងទៀត មីស៊ីល​ចម្ងាយឆ្ងាយ​ដែល​អាច​មានសមត្ថភាព រត់​ទៅ​ដល់​ទឹកដី​ភាគខាងលិច​របស់​អាមេរិក។

សមាជិក​សភា​រុស្ស៊ី​ដែល​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​សប្តាហ៍​មុន នៅ​ទីក្រុង​ព្យុងយ៉ាង បាន​និយាយ​ថា កូរ៉េខាងជើង​នឹងបាញ់​មីស៊ីល​ចម្ងាយ​ឆ្ងាយ នៅក្នុង​ពេល​ឆាប់ៗ​នេះ។

កូរ៉េខាងជើង​ធ្លាប់​បាន​បាញ់​សាកល្បង​មីស៊ីល​ចម្ងាយឆ្ងាយ​ពីរលើក​រួចហើយ នៅ​ឆ្នាំ​២០១៧នេះ ក្នុង​ក្របខ័ណ្ឌ​សម្រិតសម្រាំង សមត្ថភាព​មីស៊ីល ដែល​កូរ៉េខាងជើង​វាយតម្លៃថា អាច​រត់ទៅ​ទឹកដី​គ្រប់កន្លែង​របស់​អាមេរិក។ ភាគី​អាមេរិក​វាយតម្លៃថា កូរ៉េខាងជើង​នឹង​អាច​បាញ់​មីស៊ីល​ជាថ្មី នៅ​ថ្ងៃ អង្គារ ទី១០​តុលា ឲ្យ​ចំ​ថ្ងៃ​ដែល​កូរ៉េខាងជើង​ប្រារព្ធខួប ៧១​ឆ្នាំ នៃ ការបង្កើត​គណបក្ស​ពលករ​កូរ៉េ ដែល​ជា​បក្សកាន់អំណាច​តែមួយ​របស់​កូរ៉េខាងជើង​សព្វថ្ងៃនេះ។ នៅ​ខែ​តុលានេះ ក្រៅតែ​ពី​មីស៊ីល កូរ៉េខាងជើង​នឹង​អាច​បាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ​ជា​លើកទី ៧។ នេះ​បើតាម​រូបភាព​ចាប់បាន​របស់​ផ្កាយរណប​អាមេរិក។

ពង្រឹងអំណាច​ត្រកូលគីម

មេដឹកនាំ​កូរ៉េខាងជើង​មិនត្រឹម​តែ​ប្រើ​មីស៊ីល សម្រាប់​កំញើញ​ផ្គើន​អាមេរិក​តែប៉ុណ្ណោះទេ។ នៅថ្ងៃ​សៅរ៍ ម្សិលមិញ នៅក្នុង​ពេល​ប្រកាស​រុះរើ​សមាជិក​គណៈអចិន្ត្រៃយ៍​បក្ស​ពលករ​កូរ៉េខាងជើង ដែល​ជា​ក្បាលម៉ាស៊ីន​នៃ​ការសម្រេច​នយោបាយ​របស់​ប្រទេស លោកគីម ជុងអ៊ុន​បាន​ប្រកាស​តែងតាំង​មនុស្សសំខាន់ៗ ដែល​មានជំហរ​ប្រឆាំង​នឹង​អាមេរិក។ រដ្ឋមន្រ្តី​ការបរទេស​កូរ៉េខាងជើង លោក Ri Yong-ho ដែល​ធ្លាប់​ជេរលោកដូណាល់ ត្រាំ នៅ​វេទិការ​អង្គការ​សហប្រជាជាតិ ថា ជា​ប្រធានាធិបតី​បិសាច ត្រូវ​បាន​លោកគីម ជុងអ៊ុន ដំឡើង​សក្តិ ឲ្យ​ក្លាយ​ជា​សមាជិក​ពេញលេញ នៃ​គណៈមជ្ឈឹមបក្ស។

លោកគីម ជុងអ៊ុន​បាន​ដំឡើង​ផងដែរ អំនាច និង​តួនាទី​ដល់​មេបញ្ជាការ​ទ័ព​ពីរ​រូប Kim Jong-sik Ri និង​Pyong-chol​ដែល​បាន​ចូលរួម នៅក្នុង​នយោបាយ​ផលិត​អភិវឌ្ឍ មីស៊ីល​បាលីស្ទីក​កូរ៉េខាងជើង។ ចំណែក​ប្អូនស្រី​របស់លោកគីម ជុងអ៊ុន គឺ គីម យុងជុន Kim Yo-jong អាយុ​៣០ឆ្នាំ ដែល​មានតួនាទី​ជា​អនុប្រធាន​នាយករដ្ឋាន​ឃោសនាការ ត្រូវ​បាន​មេដឹកនាំ​កូរ៉េខាងជើង ជ្រើសរើស​ឲ្យ​ធ្វើ​ជាសមាជិក​អម​របស់​ការិយាល័យ​នយោបាយ​របស់​បក្ស។ គីម យុងជុន Kim Yo-jong ធ្លាប់​ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​ដាក់ចូល​ក្នុង​បញ្ជីរ​ខ្មៅ ក្នុង​បទរំលោភ​សិទ្ធិមនុស្ស។ ការដាក់បញ្ចូល បងប្អូន ជាសមាជិក​របស់​បក្ស ដែល​ជាតំណែង​សំខាន់ នៅក្នុង​ប្រទេស សបញ្ជាក់​ឲ្យ​ឃើញថា លោកគីម ជុងអ៊ុន កំពុង​ពង្រឹងបន្ថែម​អំណាច​ត្រកូល​គីម នៅក្នុង​ការដឹកនាំ​ប្រទេស​កូរ៉េខាងជើង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ