អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-កាកបាទក្រហម​

អង្គការ​​ CICR​​ បិទ​​មជ្ឈមណ្ឌល​​​ ២​​កន្លែង​​របស់​ខ្លួន​​នៅ​ភាគខាងជើង​​​ប្រទេស​អាហ្វហ្កានីស្ថាន​​

គណៈកម្មាធិការ​អន្តរជាតិ​នៃ​អង្គការ​កាកបាទ​ក្រហម ទើប​ជូន​ដំណឹង​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​​អំពី​ការ​កាត់បន្ថយ​នូវ​សកម្មភាពរបស់​ខ្លួន​នៅ​អាហ្វហ្កានីស្ថាន​និង​ការ​ការ​ជម្លៀស​ចេញ​ពី​ភាគ​ខាង​ជើង​នៃ​ប្រទេស​នេះ បន្ទាប់ពី​បាន​ទទួល​រង​នូវ​ការវាយប្រហារ​ធំៗ​ចំនួន​៣​លើក​នា​​អំឡុង​ពេល​៩​ខែ​ចុង​ក្រោយ​នេះដែលបាន​បណ្តាល​ឲ្យស្លាប់​បុគ្គលិករបស់ខ្លួន​ចំនួន​៧​នាក់​។ ​

អង្គការ​​ CICR​ នៅ​​អាហ្វហ្កានីស្ថាន​​ជា​ផ្ទាំងស៊ី​ប​​នៃ​ការវាយប្រហារ​ធំៗ​​ចំនួន​៣​​ក្នុង​អំឡុង​​៩​ខែ​ចុងក្រោយ​នេះ​
អង្គការ​​ CICR​ នៅ​​អាហ្វហ្កានីស្ថាន​​ជា​ផ្ទាំងស៊ី​ប​​នៃ​ការវាយប្រហារ​ធំៗ​​ចំនួន​៣​​ក្នុង​អំឡុង​​៩​ខែ​ចុងក្រោយ​នេះ​ EUTERS/Omar Sobhani
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ខេត្ត​Faryab និង​Kunduz ភាគ​ខាង​ជើង​នៃ​ប្រទេស​អាហ្វហ្កានីស្ថាន​នេះ​ហើយ​ដែល​អង្គការ​កាកបាទក្រហម​អន្តរជាតិ​CICR បាន​សម្រេចចិត្ត​បិទ​ទ្វារ​ទីតាំង​​របស់​ខ្លួន​ចំនួន ២​កន្លែង​​ក្នុង​ចំណោម​មជ្ឈមណ្ឌល​ផ្សេង​ៗទៀត​របស់ខ្លួន​។

ជា​សេចក្តី​សម្រេចចិត្ត​មួយ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ហេតុផល​សន្តុសុខ។ អង្គការ CICR ដែល​វត្តមាន​នៅ​អាហ្វហ្កានីស្ថាន​ជាង​៣០​ឆ្នាំ​កន្លង​មក​ហើយ​និង​មាន​បុគ្គលិក​១៨០០​នាក់​ក្នុង​នោះ​​ក៏​មាន​អន្តរជាតិ​ចំនួន ១២០​នាក់​ បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​ដ៏​ហិង្សា​ចំនួន​៣​លើក​នា​​អំឡុង​​៩​ខែ​ចុង​ក្រោយ​នេះ​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស។

ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ អង្គការ​កាកបាទ​ក្រហម​នៅ​អាហ្វហ្កានីស្ថាន ​បាន​ទទួល​រង​នូវ​ហេតុការណ៍ហិង្សាមួយ​ចំនួន​​ដូច​ជា​ការ​ចាប់​ជម្រិត​បុគ្គលិគ​ធ្វើការ​របស់​ខ្លួន​ម្នាក់​កាលពី​ខែ​ធ្នូ​ឆ្នាំ ២០១៦ ​ឬ​ក៏​អំពើ​ឃាតកម្ម​ប្រឆាំង​លើ​សមាជិក​របស់​អង្គការ​ CICR ចំនួន​៦​រូប​ក៏ព្រមទាំង​ការ​ចាប់​ជម្រិត​បុគ្គលិក​ពីរ​រូប​ផ្សេង​ទៀត​កាលពី​ខែ​កុម្ភៈ​ឆ្នាំ ២០១៧។​

កាលពី​ថ្ងៃ​ទី​១១​កញ្ញា​កន្លង​ទៅ​នេះ ​គ្រូពេទ្យ​ម្នាក់​របស់​ CICR ខាង​ធ្វើ​ចលនា​ចាប់​សសៃ​ ត្រូវ​បាន​អ្នក​ជម្ងឺ​ម្នាក់​បាញ់​សម្លាប់​នៅ​នឹង​​កន្លែង អ្នក​ជម្ងឺ​ដែល​ក្រុម​វិជ្ជបណ្ឌិត​របស់​​ CICR​ បាន​ព្យាបាល​រោគ​​ជិត​១០​ឆ្នាំ​កន្លង​មក​ហើយ​ដោយ​ជម្ងឺ​គ្រុន​ស្វិតដៃ​ស្វិត​ជើង។ ជន​ឈ្លានពាន បាន​លាក់​កាំភ្លើង​ទុក​នៅ​ក្នុង​កៅ​អីរុញ​របស់​ខ្លួន។​

លោកស្រី Monica Zanaelli អ្នកតំណាង​របស់​អង្គការ​​​ CICR បាន​ធ្វើការ​ពន្យល់​ប្រាប់​ថា៖ សោកនាដកម្ម​នេះ បាន​វាយប្រហារ​ចំ​ទីកន្លែង​ដ៏​សំខាន់​បំផុត​មួយ​របស់​យើង​ដែល​ក៏​ជា​កន្លែង​ប្រកប​ដោយ​សុវត្ថិភាព​បំផុត​មួយ​ដែរ​​នៅ​​ប្រទេស​អាហ្វហ្កានីស្ថាន​។ ​នៅទីនេះ អ្នក​ជម្ងឺ​ដែល​​ងាយ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ ត្រូវ​បាន​ទទួល​ការ​ព្យាបាល​តាំង​ពី​ច្រើន​ទស្សវត្តន៍​មក​ហើយ ដូច្នេះ​ការ​ដែល​គ្រូពេទ្យ​របស់​​CICR ត្រូវ​ទទួល​រង​ដោយ​ការ​វាយ​ប្រហារ​ពី​អ្នក​ជម្ងឺ​ម្នាក់​ដែល​កំពុងតែ​នៅ​ព្យាបាល​ទីនេះ​ជាយូរឆ្នាំ​មក​ហើយ​នោះ គឺ​ជា​ហេតុការណ៍​មួយ​​គួរ​អោយតក់​ស្លុតខ្លាំងណាស់​។

ចំណែក​ឯ​ស្ថានភាព​សន្តិសុខ​នៅ​​អាហ្វហ្កានីស្ថាន​វិញ​ ក៏​បាន​ក្លាយ​ទៅ​ជា​បញ្ហា​មួយ​ដ៏​ស្មុកស្មាញ​ខ្លាំងណាស់​​។ ពីព្រោះ​ឥឡូវ​នេះ តំបន់​ដែល​មាន​ភាព​ស្រពេចស្រពិល​មិន​ច្បាស់​លាស់​ ក៏​កាន់តែ​កើន​​ចំនួន​ច្រើន​ជាង​ក្នុង​ពេល​អតីតកាល កត្តា​នេះ ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សមត្ថភាព​របស់​ពួក​យើង​នៅ​ក្នុង​ការ​វាយតម្លៃ​នៅ​លើ​​ស្ថានភាព​សន្តិសុខ​​នៅ​ក្នុង​តំបន់​ខ្លះៗ។ រីឯ​​បញ្ហា​ជម្លោះ​ក៏​នៅ​តែ​​បន្តមាន​នៅ​ក្នុង​ប្រទេស រីឯ​បទ​ឧក្រឹដ្ឋ​វិញ ក៏​កាន់​តែ​កើន​ឡើង​យ៉ាង​ខ្លាំង​ដែរ-នេះ​ជា​ការ​គូស​បញ្ជាក់​របស់​អ្នកតំណាង​នៃ​អង្គការ CICR នៅ​អាហ្វហ្កានីស្ថាន៕​​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ