អានតួអត្ថបទ

OMS ៖ អត្រា​ក្មេង​ធាត់​ជ្រុល​កើន​​ឡើង​​១ជា​១០ ក្នុង​រយៈ​ពេល​តែ​៤០ឆ្នាំ

អង្គការ​សុខភាពពិភពលោក​បាន​ចេញ​ផ្សាយ​លទ្ធផល​សិក្សា​មួយ​ដែល​បង្ហាញ ចំនួន​កុមារ និង​ក្មេង​ជំទង់​ ពី​អាយុ​៥​ឆ្នាំ​ទៅ​១៩​ឆ្នាំ កើត​រោគ​ធាត់​ជ្រុល​ហួសហេតុ បាន​កើន​ឡើង​មួយ​ជា​១០ ក្នុង​រយៈ​ពេល​៤០​ឆ្នាំ​ចុងក្រោយ​នេះ។ និន្នាការ​ក្មេង​ធាត់​ហួសហេតុ បាន​កើនលឿន​ខ្លាំង​នៅ​ក្នុង​ប្រទេស​ក្រីក្រ និង​មធ្យម​ និង​ជាពិសេស​នៅ​អាស៊ី។

ក្មេង​ធាត់ជ្រុល​ហួសហេតុ​ ទៅ​ពិគ្រោះ​តាមដាន​សុខភាព​
ក្មេង​ធាត់ជ្រុល​ហួសហេតុ​ ទៅ​ពិគ្រោះ​តាមដាន​សុខភាព​ ©AFP
ផ្សាយពាណិជ្ជកម្ម

១២៤លាន​នាក់ នៅ​ឆ្នាំ​២០១៦ ទល់​នឹង​​១១​លាន​នាក់សោះ​កាលពី​ឆ្នាំ ១៩៧៥ ! នេះ​ជា​ចំនួន​ក្មេង​ធាត់​ហួសហេតុ នៅ​លើ​ពិភពលោក ! និង​ ២១៣​លាននាក់ ធាត់​ខ្លាំង​ តែ​មិន​ទាន់ហួស​ហេតុ។ អត្រា​កុមារ​និង​ក្មេង​ជំទង់​ធាត់​ជ្រុល​ហួសហេតុនេះ​ បាន​ចាប់​ផ្តើម​ធ្លាក់​ចុះ​នៅ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​ខាង​លិច ព្រមទាំង​ក្នុង​បណ្តា​ប្រទេស​អ្នក​មាន​ ប៉ុន្តែ​ចំនួនក្មេង​ធាត់​នៅ​តែ​ច្រើន​ខ្លាំង​គួរ​ឱ្យ​ព្រួយ​បារម្ភ​ដដែល​។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក និង​អ្នក​ស្រាវជ្រាវ​អង់គ្លេស ដែល​បង្ហាញ​ក្តី​​ព្រួយ​បារម្ភកាន់​តែ​ខ្លាំង​​ទៀត ចំពោះ​​បណ្តា​ប្រទេស​មាន​ជីវភាព​ក្រីក្រ​និង​មធ្យម។

​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង អេហ្ស៊ីប និង​ម៉ិចស៊ិក ​អត្រា​ក្មេង​ធាត់​ជ្រុលបាន​ស្ទុះ​ឡើង​ខ្លាំងដល់​ទៅ​​ប្រមាណ​ពី ២០ទៅ​២៥% ដែល​កាលពី​៤០​ឆ្នាំមុន ស្ទើរ​គ្មាន​ក្មេង​ធាត់​ជ្រុល​សោះ​។ ​អាស៊ី​ខាង​កើត អាមេរិក​ឡាទីន និង​តំបន់​កោះ​ ការ៉ាអ៊ីប ប៉ូលីនេស៊ី ​ជា​ដើម ​បាន​វិវឌ្ឍន៍​យ៉ាង​លឿន​ស្លេវ ពី​​ក្មេង​មាន​គ្រោះ​ខ្វះ​អាហារូបត្ថម្ភ​​ទៅ​ជា​ក្មេង​លើស​ទម្ងន់។

ប្រសិន​បើ​និន្នាការ​នៅ​តែ​បន្ត​បែប​នេះ​ទៀត នោះ​នៅ​ឆ្នាំ​២០២២ ពិភពលោក​នឹង​មាន​ចំនួន​ក្មេង​និង​កុមារ​ធាត់​ជ្រុល​ ច្រើន​ជាង​ក្មេង​ស្ទើរ​គីឡូ។ សម្រាប់​អង្គការ​សុខភាពពិភពលោក នេះ​មិន​មែន​ជា​សញ្ញា​នៃ​ភាព​មាន​បាន​របស់​ពិភពលោក​ទេ ប៉ុន្តែ​កំណើន​ក្មេង​ធាត់ហួសហេតុ​ជា​​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការ​ពាណិជ្ជកម្ម និង​នយោបាយចំណី​អាហារ។ ចំណី​អាហារ​ល្អ មាន​លំនឹង​ផ្នែក​អាហារូបត្ថម្ភ មាន​តម្លៃ​ខ្ពស់​ដែល​មិន​អនុញ្ញាត​ឱ្យ​គ្រួសារនិង​សហគមន៍​​មាន ​ក្រីក្រ និង​មធ្យម​ទិញ​ទទួល​ទាន​បាន។

ហេតុ​ដូច្នេះ​ហើយ​បាន​អ្នក​ស្រាវជ្រាវ​ណែនាំ​ឱ្យ​​មាន​ការ​គិត​គូរ​ដល់​​បញ្ហា​ចំណី​អាហារ និង​ជួយ​ការពារ​គ្រួសារ​ និង​សហគមន៍​ក្រីក្រ ​ដោយ​ស្នើ​ឱ្យ​យក​ពន្ធ​ធ្ងន់​លើ​ចំណី​អាហារ​ដែលផ្តល់​ផល​អាក្រក់​ដល់​សុខភាព មាន​កំរិត​ជាតិ​ស្ករ​ច្រើន ឬ​ដោយ​ត្រូវ​សរសេរ​ឱ្យ​បាន​ច្បាស់​លាស់​​គ្រឿង​ផ្សំ​​ ដើម្បី​ឱ្យ​អ្នក​ទិញ​មាន​ជម្រើស រក​អាហារ​តែ​ល្អ​សម្រាប់​សុខភាព​។

សូម​បញ្ជាក់​ថា ធាត់​ជ្រុល​ហួស​ហេតុពេល​នៅ​ក្មេង ជា​កត្តា​នាំ​ឱ្យ​ងាយ​កើត​ជំងឺ​មេតាបូលិក ជំងឺ​លើស​ឈាម ជំងឺ​ទឹក​នោម​ផ្អែម នៅ​ពេលពេញ​វ័យ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ