ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
អាស៊ី

ផែនការ​​មហា​​សម្ងាត់​យោធា​កូរ៉េខាងត្បូងត្រូវ​​កូរ៉េខាង​ជើង​លួច​បាន

media  
ឯកសារសម្ងាត់​យោធា​កូរ៉េខាងត្បូង​ជា​ច្រើន​ត្រូវ​បាន​ចោរ​អ៊ីនធ័រនែត​ចូល​លួច​បាន REUTERS/Kacper Pempel/Illustration

ឯកសារ​​ដ៏​សែន​សម្ងាត់បំផុត​របស់​យោធា​​កូរ៉េខាង​ត្បូង​​ ចំនួន​ប្រមាណ​មួយ​រយ​ឯកសារ​ រាប់​ទាំង​ផែនការ​ធ្វើ​សកម្មភាព​រួម​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​ករណី​មាន​ផ្ទុះ​សង្គ្រាម​ជាមួយ​កូរ៉េខាង​ជើងផង ត្រូវ​បានចោរ​អ៊ីនធ័រនែត​កូរ៉េខាង​ជើងចូលលួចបាន​​​។ នេះ​បើ​តាម​ការ​ទម្លាយ​របស់​សារព័ត៌មាន​កូរ៉េខាង​ត្បូង។

បើ​តាម​កាសែត​កូរ៉េខាង​ត្បូង ដែល​បាន​ទទួល​​ព័ត៌មាន​ពី​សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ​លោក Rhee Cheol-Hee ពួក​ចោរ​អ៊ីនធ័រនែត​កូរ៉េខាង​ជើង បាន​ជ្រៀត​ចូល​ក្នុងប្រព័ន្ធ​អ៊ីនធ័រនែត​ផ្ទៃក្នុង​របស់​យោធា​កូរ៉េខាងត្បូង កាលពី​ខែ​កញ្ញា ២០១៦ និង​​​លួច​យកបាន​នូវ​​ឯកសារ​សំខាន់ៗ​ដ៏​សម្ងាត់​បំផុត​ ជា​ច្រើន ក្នុង​ទំហំ​២៣៥gigabytes។

ផែនការ​ទ័ព​ដែល​កូរ៉េខាង​ត្បូង​បាន​រៀប​ចំ​រួម​គ្នា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ ក្នុង​ទស្សនៈ​វិស័យ​ត្រៀម​ធ្វើ​សង្គ្រាម​ជា​យថាហេតុ​ណា​មួយ​ជាមួយ​កូរ៉េខាង​ជើង និង​ដែល​មាន​បង្កប់​គម្រោង​វាយប្រហារ​ដើម្បី​កម្ចាត់​មេ​ដឹកនាំ​ គីម ជុងអ៊ុន ក៏​ត្រូវ​បាន​ចោរ​អ៊ីនធ័រនែត​លួច​បាន​ដែរ។

ប្រភព​ដដែល​បាន​អះអាង​ថា ក្រសួងការពារ​ជាតិ​កូរ៉េខាង​ត្បូង កំពុងបន្ត​​ស្រាវជ្រាវ​ថា​តើ​មាន​បាត់​ឯកសារ​អ្វី​ខ្លះ។ ៨០%​នៅ​ពុំ​ទាន់​កំណត់​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​អ្វី​ដែល​ច្បាស់​គឺ​ផែនការ​បន្ទាន់​​នៃ​កងកម្លាំង​ទ័ព​ពិសេស ព្រម​ទាំង​ផែនការ​លម្អិត​ស្តីពី​សមយុទ្ធប្រចាំ​អាមេរិក​កូរ៉េខាងត្បូង និង​ព័ត៌មាន​ស្តី​អំពី​ការ​ដំឡើង​​ទីតាំង​យោធា​​យុទ្ធសាស្ត្រ​ មជ្ឈមណ្ឌល​អេឡិចត្រូនិក ត្រូវ​បាន​ចោរ​លួច​យក​បាត់​មែន។

អ្នក​នាំ​ពាក្យ​ក្រសួងការពារ​ជាតិ​កូរ៉េខាងត្បូង​ក៏​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​អ្វី​ទាំង​អស់។ អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក​វិញ បាន​ត្រឹម​អះអាង​ថា​បាន​ទទួល​ដំណឹង​ដូច​គ្នា​ តែ​ប្រកែក​មិន​បញ្ចេញ​យោបល់​។

ការ​ទម្លាយ​ព័ត៌មាន​ជា​សាធារណៈ​នេះ ធ្លាក់​មក​ជួន​ចំពេល​ដែល​ភាព​តាន​តឹង​កំពុង​ឡើង​ខ្លាំង​នៅ​ឧបទ្វីប​កូរ៉េ បន្ទាប់​ពី​កូរ៉េខាង​ជើង​បាន​ផ្គើន​ធ្វើ​ការ​សាក​ល្បង​នុយក្លេអ៊ែរ​​ជា​បន្ត​បន្ទាប់ ឯ​អាមេរិក​តាម​រយៈ​លោក​ត្រាំ បាន​​គំរាមកំហែង​គ្នា​ឥតឈប់ កម្ទេច​របប​ព្យុងយ៉ាង។ ហើយ​នៅ​ថ្ងៃ​ព្រឹក​នេះ​ទៀត អាមេរិក​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​បែក​លឿន​ជាង​សម្លេង​​ពីរ​គ្រឿង​ទៅ​ហោះ​ឆ្វែងក្បែរ​ឧបទ្វីប។ ​

ក្រៅ​អំពីបង្ក​​បញ្ហាខាង​​នុយក្លេអ៊ែរ កូរ៉េខាង​ជើង​ក៏​ជាប់​ចោទ​ជា​អ្នក​វាយប្រហារ​អ៊ីនធ័រនែត​ ទ្រង់ទ្រាយ​ធំ កំរិត​ពិភពលោក​ផង ជា​ញយ​ដង ដោយ​ប្រទេស​នេះ​មាន​កងពលជា​​ជំនាញចោរ​អ៊ីនធ័រនែត​ដល់​ទៅ​ប្រមាណ​៦៨០០​នាក់។ នេះ​បើ​តាម​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង។​

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ