អានតួអត្ថបទ
កូរ៉េ​​ខាង​​ជើង​-អាមរិក-កូរ៉េខាងត្បូង​​​

សេអ៊ូល​​និង​​វ៉ាស៊ីនតោន​បើក​​​សមយុទ្ធ​​​រួម​គ្នា​​នៅ​​​ឧបទ្វីប​​កូរ៉េ​​ចាប់ពី​​ថ្ងៃ​​ចន្ទ​​នេះ​​រហូត​ដល់​​ថ្ងៃ​​សុក្រ​​ខាងមុខ​

ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង បាន​ជូន​ដំណឹង​នៅ​ថ្ងៃ​ចន្ទ​ទី​១៦​តុលា​នេះ អំពី​ការ​ចាប់ផ្តើ់ម​ធ្វើ​សមយុទ្ធ​កងទ័ព​ជើងទឹក​ជាមួយ​សហរដ្ឋអាមេរិក​ចាប់ពី​ថ្ងៃ​នេះ​ទៅ​រហូត​ដល់ថ្ងៃ​សុក្រ​ខាង​មុខ​​​នៅ​សមុទ្រ​ក្នុងឧបទ្វីប​កូរ៉េ។ សមយុទ្ធ​រវាង​កូរ៉េ​ខាង​ត្បូង​និង​សហរដ្ឋអាមេរិក​នេះ ត្រូវ​បាន​​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​បរិបថ​នៃ​ភាព​តានតឹង​បច្ចុប្បន្ន​​ជាមួយ​កូរ៉េ​ខាង​ជើង​​ពាក់ព័ន្ធ​​នឹង​កម្មវិធី​​នុយក្លេអ៊ែរ​និង​មីស៊ីល​បាលីស្ទីករបស់កូរ៉េខាងជើង។​

នាវា​ផ្ទុក​យន្តហោះ ​USS Ronald Reagan ​របស់​​កង​នាវាចរណ៍​​អាម៉េរិក​​​
នាវា​ផ្ទុក​យន្តហោះ ​USS Ronald Reagan ​របស់​​កង​នាវាចរណ៍​​អាម៉េរិក​​​ REUTERS
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ចន្ទ​ទី​១៦​តុលា​នេះ ​កូរ៉េ​ខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក បាន​ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​រួម​គ្នារហូត​ដល់​ថ្ងៃ​សុក្រ​ខាងមុខ​នៅ​ភាគខាងលិច​និង​ខាងកើត​នៃឧបទ្វីបកូរ៉េ​​ ​ដោយ​មាន​​ នាវា​ទាំង​ពីរ​ប្រទេស​​ចំនួន​៤០​គ្រឿងចូលរួម​​ ក្នុង​​នោះ​ក៏​មាន​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​មួយ​គ្រឿង​ឈ្មោះ USS Ronald Reagan ​ដែល​​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ​-នេះ​បើ​យោងតាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​ចន្ទ​នេះ។

នៅ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​រួមគ្នា​រវាង​កូរ៉េ​ខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក​នេះ កូរ៉េ​ខាង​ជើង បាន​ចាត់ទុក​ថា ជា​ការ​ហាត់​សម​​សង្គ្រាម។

រីឯ​រដ្ឋមន្ត្រី​​ការបរទេស​អាមេរិក​លោក Rex Tillerson វិញ កាលពី​ថ្ងៃ​អាទិត្យម្សិលមិញ ​បាន​​ខិតខំ​ថ្លែង​ធានា​អះអាង​ថា លោក​Donald Trump បាន​ស្នើ​សុំ​ឲ្យ​រូប​លោក​ប្រឹង​ប្រែង​​លើ​​ការ​ទូត​​ជា​បន្ត​ទៅ​មុខ​ទៀត​នៅ​ក្នុង​គោលដៅ​ដើម្បី​ជួយ​កាត់​បន្ថយ​ភាពនូវ​តានតឹង​ជាមួយ​កូរ៉េ​ខាង​ជើង។

គួររំលឹកថា ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ បាន​ធ្លាក់​ចុះ​ដុនដាប​​សារ​ជា​ថ្មីនោះ ដោយសារ​​តែ​កូរ៉េ​ខាង​ជើង បាន​ធ្វើការ​​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​បាលីស្ទីក​មួយ​ចំនួន​នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​និង​ការ​បាញ់​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​លើក​ទី​៦​ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្លា​កាល​ពី​ថ្ងៃ​ទី​៣​កញ្ញា​មុន រួម​ទាំង​សង្គ្រាម​ពាក្យ​សំដី​រវាង​ប្រធានាធិបតី​អាមេរិក​និង​ថ្នាក់​ដឹកនាំ​កូរ៉េ​ខាង​ជើង​លោក​គឹមជុង​អ៊ុន។​

ថ្មីៗ​នេះ ​អ្នក​តំណាងរាស្រ្ត​របស់​រុស្ស៊ី​មួយ​រូប​​ដែល​ទើប​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​កូរ៉េ​ខាង​ជើង​នា​ខែ​នេះ ​បាន​ថ្លែង​អោយ​ដឹង​ថា របប​កូរ៉េ​ខាង​ជើង កំពុង​ប្រុងប្រៀប​​ធ្វើការ​បាញ់​សាកល្បង​មីស៊ីល​មួយ​គ្រាប់​ថ្មី​ទៀត​ដែល​អាច​បាញ់​ទៅ​ដល់​ឆ្នេរ​ខាង​លិច​នៃ​សហរដ្ឋ​អាមេរិក។​

ចំពោះ​បញ្ហា​នេះ អ្នក​ទទូល​ខុសត្រូវ​របស់​កូរ៉េ​ខាង​ត្បូង​ បាន​វាយតម្លៃ​ថា គឺ​ជា​ការ​បង្កហេតុ​​ថ្មី​មួយ​ទៀត​ដែល​​កូរ៉េ​ខាង​ជើង​អាច ​នឹង​​​​ធ្វើ​​ឡើង ​​នៅ​ជួន​​ចំ​ពេល​​ដែល​គណបក្ស​កុម្មុយនិស្ត​​ចិន រៀបចំ​បើក​សមាជ​បក្ស​លើក​ទី​១៩​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ