អានតួអត្ថបទ

ហ្វីលីពីន រំដោះបាន​ក្រុងម៉ារ៉ាវី និងកំពុង​តាមចាប់​មេកើយ​អង្គការ​រដ្ឋអ៊ីស្លាម​ថ្មី​ប្រចាំ​តំបន់

លោក​ប្រធានាធិបតី​ហ្វីលីពីន ឌុយទែរតេ បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​អង្គារ​ រំដោះ​បាន​ទាំង​ស្រុង​ ក្រុង​ម៉ារ៉ាវី ដែល​ធ្លាក់​ក្នុង​ដៃ​ពួកប្រដាប់​អាវុធ​​អ៊ីស្លាម​ជ្រុល​និយម​ស្និទ្ធ​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​ កាលពី​ខែ​ឧសភា​មុន។ ប៉ុន្តែ​យោធា​ហ្វីលីពីន​នៅមាន​បេសកកម្ម​សំខាន់​មួយ​ទៀត គឺ​តាម​ប្រមាញ់​ ជនជីហាត​ជាតិ​ម៉ាឡេស៊ី ម៉ាមូដ អាម៉ាដ ដែលនឹង​ក្លាយ​ជា​​​មេកើយ​ថ្មី​របស់​​​​អង្គការ​រដ្ឋ​អ៊ីស្លាមប្រចាំ​តំបន់អាស៊ី​អាគ្នេយ៍។

ទាហាន​ហ្វីលីពីន​ចែក​ចាយ​រូបថត​មេកើយ​អង្គការ​រដ្ឋ​អ៊ីស្លាម​ ដើម្បី​តាម​ចាប់​
ទាហាន​ហ្វីលីពីន​ចែក​ចាយ​រូបថត​មេកើយ​អង្គការ​រដ្ឋ​អ៊ីស្លាម​ ដើម្បី​តាម​ចាប់​ © Reuters
ផ្សាយពាណិជ្ជកម្ម

មាន​កំណើត​ជាតិ​ម៉ាឡេស៊ី ធ្លាប់​ធ្វើការ​នៅ​ក្នុង​សាកលវិទ្យាល័យ​ ម៉ាមូដ អាម៉ាដ មាន​​បន្ទុកជា​អ្នកជ្រើសរើស​យុទ្ធជន​ជីហាត និង​ជា​អ្នក​​​ស្វែង​រក​ជំនួយ​ហិរញ្ញវត្ថុ​បរទេស​មក​​ចិញ្ចឹម​ចលនា​ជីហាត​ ​នឹង​ត្រូវ​ក្លាយ​ជា​ប្រមុខ​ដឹកនាំ​ចលនា​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន និងប្រចាំ​​តំបន់​អាស៊ីអាគ្នេយ៍ បន្ត​ពី​មេកើយ​ចាស់​ ដែល​អាជ្ញាធរ​ហ្វីលីពីន​បាន​ប្រកាស​ស្លាប់​នៅ​ថ្ងៃ​ម្សិលមិញ។

អ៊ីស្នីឡុង ហាពីឡុង ​មេកើយ​អង្គការ​រដ្ឋ​អ៊ីស្លាមនៅអាស៊ី​អាគ្នេយ៍​​ ដែលមាន​ឈ្មោះ​ក្នុង​​បញ្ជី​ជន​តាម​ស្វែង​រក​ចាប់​បំផុត​របស់​អាមេរិក​ស្លាប់​​ ​ មេក្រុម​អ៊ីស្លាម​ជ្រុល​និយម​មូត អូម៉ា មូត ក៏​ស្លាប់ ហើយ​ថ្ងៃ​នេះ​​ដល់​វេន ម៉ាមូដ អាម៉ាដ ម្តង !

បើ​តាម​អ្នក​នាំ​ពាក្យ​យោធា​ហ្វីលីពីន ម៉ាមូដ អាម៉ាដបាន​ក្លាយ​ជា​ផ្ទាំង​ស៊ីបសំខាន់​បំផុត របស់ទាហាន​​ហ្វីលីពីន ដែល​កំពុង​ធ្វើ​​​បន្ត​ធ្វើ​ប្រតិបត្តិការបោស​សម្អាត​ពួក​ប្រដាប់​អាវុធ​អ៊ីស្លា​ម​ជ្រុល​និយម​បះបោរ សេស​សល់​ប្រមាណ​២០​-៣០​នាក់ ក្នុង​នោះ​៨​នាក់​ជាជន​បរទេស​ និង​មាន​ម្នាក់​ជា ម៉ាមូដ អាម៉ាដផង។ ពួក​គេ​កំពុង​លាក់​ខ្លួន​ នៅ​ក្នុង​ក្រុង​ម៉ារ៉ាវី​ ជាមួយ​នឹង​ចំណាប់​ខ្មាំង​ប្រមាណ​២០​នាក់។

​ប៉ុន្តែសម្រាប់​លោក​​ប្រធានាធិបតី​ ឌុយទែរតេ​ នេះ​ជា​ជោគជ័យដ៏​ធំធេង​​​របស់​យោធា​ ! ម៉ារ៉ាវី​​ត្រូវ​បាន​រំដោះ ! លោក​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ម៉ារ៉ាវី​ផ្ទាល់​ ដើម្បី​ប្រកាស​ស្ថាបនា​ក្រុង​ឡើង​វិញ។ សូម​បញ្ជាក់​ថា ម៉ារ៉ាវី ជា​ក្រុង​មួយស្ថិត​នៅ​លើ​កោះ មីដាណាវ ភាគ​ខាង​ត្បូងប្រទេស ដែល​​ញាំញី​ដោយ​ពួក​ឧទ្ទាម​អ៊ីស្លាម​ចង់​ផ្តាច់​ទឹក​ដី​ផង ពី​ពួក​ជ្រុលនិយម​ជំនាញ​ខាង​ចាប់​ជំរិត​មនុស្ស​ អាប៊ូសាយ៉ាស ​... នៅ​ថ្ងៃទី​២៣​​ខែ​ឧសភា និង​អស់​រយៈ​ពេល​១៤៨​ថ្ងៃ ​​ពួក​ជ្រុលនិយម​អ៊ីស្លាម ចូល​ខ្លួន​ជា​អង្គការ​រដ្ឋ​ម៉ារ៉ាវី បានចូល​កាន់កាប់​ម៉ារ៉ាវី​មួយ​ភាគ។ ការ​ប្រយុទ្ធ​រំដោះ​ក្រុង​វិញ បានសម្លាប់​​ពួក​ឧទ្ទាម​ជាង​៨០០​នាក់ ស៊ីវិល​៤៧​នាក់ និង​ទាហាន​១៦២នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ