អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សមាជបក្សកុម្មុយនិស្តលើកទី ១៩ ៖ ឱកាសពង្រឹងអំណាចរបស់លោក ស៊ី ជីនពីង ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉េកាំង នឹង​ត្រូវ​លា​កម្រាល​ព្រំ​ក្រហម​ ទទួល​ប្រតិភូ​ ដែល​មក​ចូល​រួម​ក្នុង​សមាជជាតិ លើក​ទី ១៩ ចាប់​ពី​ថ្ងៃពុធ​ទី ១៨​ តុលា​នេះ​ទៅ។ នេះ​ជា​ពេល​វេលា​ដ៏​សំខាន់​សម្រាប់​បុរស​ខ្លាំងចិន ស៊ី ជីនពីង ដែល​នឹង​ត្រូវ​​​ជ្រើស​តាំង​ឱ្យ​បន្ត​តំណែង​អណត្តិ​ទី​ពីរ​ដោយ​ស្វ័យប្រវត្តិ។ ប៉ុន្តែ​ចំណោទ​នៅ​ត្រង់​ថា​តើ​លោកស៊ី ជីនពីង អាចនាំ​​មនុស្ស​ជំនិត​របស់​ខ្លួន ឱ្យ​បាន​ចូល​ក្នុង​ក្រុម​ “អ្នក​ដឹកនាំ​បក្ស”​ បា​នដែរ​ឬ​ទេ ?

រូបថត​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន​
រូបថត​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន​ AFP
ផ្សាយពាណិជ្ជកម្ម

គ្មានអ្នក​ជំនាញ​ប៉េកាំង​ណា​ម្នាក់​​អាច​ស្មាន​ដឹងមុន​​ឡើយ ថា​តើ​ប្រតិភូ​​ដែល​គេជ្រើស​ចម្រាញ់​ឱ្យ​មក​ចូល​រួម​​ក្នុង​សមាជបក្ស ទាំង​ ២២៨៧​នាក់ នឹង​ត្រូវ​តស៊ូ​មតិ​យ៉ាង​ដូចម្តេច ក្នុង​រយៈ​ពេល​១​សប្តាហ៍ នៅ​វិមាន​ប្រជាជន​ កណ្តាល​ទីលាន​ធានអាន់មែន។ គេ​បាន​ដឹង​ត្រឹម​ថា បេសកកម្ម​របស់ប្រតិភូ​ទាំង​នោះ​ គឺ​ជ្រើស​តាំង​សមាជិក​គណៈកម្មការមជ្ឈិមបក្ស​ថ្មី ​ចំនួន ២០៥​នាក់ ដើម្បី​ឱ្យ​គណៈកម្មការ​ថ្មី​នេះ​ជ្រើស​រើស​បន្ត​សមាជិក​ការិយាល័យ​នយោបាយ​ ២៥​រូប សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​នៃការិយាល័យ​នយោបាយ ​ចំនួន​៧​រូប។

ឱកាស​ពង្រឹង​អំណាច

សម្រាប់​អគ្គលេខាបក្ស លោក ស៊ី ជិនពីង​វិញ សមាជ​នេះ​មាន​តម្លៃ​ខ្លាំង​ណាស់ ព្រោះ​នេះ​គឺ​ជា​លើក​ទី​មួយ​ គិត​ចាប់​តាំង​ពី​លោក​បាន​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០១២​មក​ ដែល​លោក​មាន​ឱកាស​ប្តូរ​ក្រុម​ការងារ។ សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​នៃការិយាល័យ​នយោបាយដែល​ជា​ស្ថាប័ន​កាន់​អំណាច​កំពូល​និងពិត​ប្រាកដ​នៅ​ចិន​ ​ ចំនួន​៥​នាក់ ត្រូវ​ចូល​និវត្តន៍ !

ដូច្នេះ​​​លោកស៊ី ជីនពីង បាន​ឱកាស ​អាច​​បិទ​បញ្ចប់​ឥទ្ធិពល​របស់​ប្រធានាធិបតី​មុនទៀតហើយ និង​ឆ្លៀត​​ពង្រឹង​អំណាច​ខ្លួនបាន​ទៀត ដោយ​បញ្ចូល​ក្រុម​ជំនិត​របស់​ខ្លួន ទៅ​ក្នុង​គណៈ​កម្មការ​អចិន្ត្រៃយ៍។ ឥស្សរជន​ដែល​លេច​ធ្លោ​ខ្លាំង គឺ​លោក ឆេន មីន អ៊ឺ អាយុ​៥៧​ឆ្នាំ ដែលទើប​ក្លាយ​​ប្រធាន​បក្ស​ប្រចាំ​តំបន់​ចុងឈីង ជំនួស​លោក​ស៊ុន ចឹងឆាយ​ ដែល​ជាប់​ចោទ​ពុក​រលួយ និង​លោក ហ៊ូ ជុនហួ អាយុ​៥៤​ឆ្នាំ ប្រមុខ​ដឹកនាំ​ខេត្ត​ក្វាង​ទុង។

ចំណោទ​សំខាន់​មួយ​ទៀត ៖ តើ​អាច​សង្គ្រោះ​ លោក វ៉ាង ជីសាន ដ៏​មាន​ភក្តីភាព​បំផុត អាយុ​៦៩​ឆ្នាំ ដែល​ត្រូវ​ដល់​ពេល​ចូល​និវត្តន៍​​បាន​ដែរ​ឬទេ ? មិត្ត​ចាស់​ម្នាក់​នេះ បាន​ជួយ​លោក​ស៊ី ជីនពីង​ច្រើន​ណាស់ ក្នុង​ការ​ផ្តួល​គូរ​ប្រជែងគ្រាក់ៗ​​ក្នុង​បក្ស ដូច​ជា​លោក បូ ស៊ីឡៃ លោក ចូ យ៉ុងកាង និង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​យ៉ាង​២៥០​នាក់​ផ្សេង​ទៀត ដាច់ក​ ក្នុង​សំណាញ់​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។ ក្នុង​រយៈ​ពេល​៥ឆ្នាំ គណៈកម្មការ​មជ្ឈិម​ផ្នែក​​វិន័យ​បក្ស​ ដឹកនាំ​ដោយ​លោក វ៉ាង ជីសាន បាន​ដាក់​ទណ្ឌកម្ម​មន្ត្រី​បក្ស​ជាង​១លាន​៤​សែន​នាក់។ បើលោកស៊ី​ជីនពីង​អាច​ជួយ​មិត្ត​ម្នាក់​នេះ​បាន បាន​ន័យ​ថា​អាយុ​លែង​ជា​ឧបសគ្គ​ សម្រាប់​ឱ្យ​សាកល្បង​បន្ត​តំណែង​អាណត្តិ​ទី​បី​ទៀត​ហើយ។

​​លោក​ស៊ីជីនពីង ក៏​ជា​ជើងឯក​​ផ្នែក​មាន​សត្រូវ​ច្រើន​រាប់​មិន​អស់​ដែរ ដែល​ជំរុញ​ឱ្យលោក​​កាន់​តែ​ប្រឹង​ពង្រឹង​អំណាចខ្លួន​ឯងផង​ ពង្រឹងជំហរ​បក្ស​ទៀត។

ចិនជា​ក្បាល​ម៉ាស៊ីន​ពិភពលោកភាវូបនីយកម្ម !

បុរស​ខ្លាំង​ ស៊ី​ ជីនពីង សព្វ​ថ្ងៃ​ កាន់​តួនាទីច្រើន​អស្ចារ្យ ជា​ប្រធាន​បក្ស​ផង ប្រធានាធិបតី​ចិនផង និង​ជា​អគ្គមេបញ្ជាការ​កងទ័ព​ផង ហើយ​លោក​ទើប​បាន​ទទួល​នាម​ថ្មី កាល​ពី​ឆ្នាំ​ទៅ ជា​ស្នូល​របស់​បក្ស ​! ឋាន្តរសក្តិ ដែល​ចិន​ធ្លាប់​ផ្តល់​ឱ្យ​លោក​ម៉ៅ​សេងទុង និង​ ដេង ស៊ាវពីង​ ពីរ​រូប​នេះ​គត់​ ពី​មុន​មក។ ប៉ុន្តែមហិច្ឆតា​​របស់​​លោក ស៊ី ជីនពីង​ មិន​បញ្ចប់​ត្រឹម​ណេះ​ទេ ! អ្នក​វិភាគ​នយោបាយ​ចិន​ជា​ច្រើន​យល់​ថា លោកស៊ី​ ដែលមាននយោបាយ​ការទូត​យ៉ាង​សកម្ម នា​រយៈ​ពេល​ពីរ​បី​ឆ្នាំ​នេះ ក៏​ព្រោះ​តែ​ចិន​ចង់​ឆ្លៀត​យក​ចំណេញ​ពី​ស្ថានការណ៍ពិភពលោក​បាត់​មេ​បាត់​កើយ ​​អង់គ្លេស​ដើរ​ចេញអឺរ៉ុប អាមេរិក​មាន​លោក​ត្រាំ​ជា​ប្រធានាធិបតី តើ​មាន​សល់​នរណា​ទៀត​ក្រៅ​ពី​ចិន ! លោកស៊ីជិនពីង ពិត​ជា​ស្រក់​ទឹក​មាត់​ចង់​ភ្លក្ស​រសជាតិ​ចិន​ ​ជា​មហាអំណាច​លំដាប់​លេខ​មួយ​ណាស់ !

លោក​ ស៊ីជីនពីង ម្ចាស់​ពិភពលោក​ថ្មី ចង់​យក​ឈ្នះ​លោក​ខាង​លិច​ ដែល​ជា​ក្តី​​ស្រមៃ​របស់​ចិន នឹង​បាន​សម្រេច​ នាពេល​នេះ​ឬ ? ប្រវត្តិ​វិទូ​ចិន​ Zhang Lifan ដែល​ស្គាល់​ច្បាស់អំណាច​នយោបាយ​ចិន បាន​ធ្វើ​ការ​វិភាគ​ថា ម៉ៅ សេទុង ចង់​ផ្សព្វផ្សាយ​នាំ​ចេញ​បដិវត្ត ប៉ុន្តែ​ចិន​បច្ចុប្បន្ន​ចង់​នាំ​ចេញ​ទុន ហើយ​លោក​ស៊ី ចង់​​ក្លាយ​ជា​អធិរាជ​ក្រហមពិត ដែល​ជា​ប្រមុខ​ដឹកនាំ​សកលោកភាវូបនីកម្ម​ ! សេដ្ឋកិច្ចចិន​នឹង​គ្រប​ពិភពលោក តាមរយៈយុទ្ធសាស្ត្រ​សាងសង់​ផ្លូវ​ពាណិជ្ជកម្ម​ថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ