អានតួអត្ថបទ
ខ្យល់ពុល​បរិយាកាស

ការបំពុល​ក្នុង​ខ្យល់ និងទឹក សម្លាប់​មនុស្ស ៩លាននាក់ នៅក្នុង​ពិភពលោក

នៅ​ឆ្នាំ ២០១៥ ផ្សែងពុល​បរិយាកាស ការបំពុល​ក្នុង​ទឹក និង​ការបំពុល​បង្កដោយសារ​សារធាតុ​គីមី ជា​ដើមហេតុ ធ្វើ​មនុស្ស​៩លាន​នាក់ នៅក្នុង​ពិភពលោក ស្លាប់​មុន​អាយុ។ នេះ​បើតាម​របាយការណ៍ របស់​គណៈកម្មការ​អង់គ្លេស ដែល​ទស្សនាវដ្តី​ឈ្មោះ The lancet​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រនេះ។ តាម​របាយការណ៍ អ្នកស្លាប់​ដោយសារ​ផ្សែងពុល និង​ទឹក​មាន​ជាតិ​ពុល មាន​ចំនួន​ច្រើន​ជាង​ចំនួន​អ្នក​ដែល​ស្លាប់​ដោយសារ​តែ​ជម្ងឺអេដស៍ របេង នឹង​គ្រុនចាញ់ ដល់​ទៅ​បីដង។

នៅទីក្រុង​ប៉េកាំង ប្រជាជន​ពាក់​ម៉ាស់ ដើម្បី​ការពារ​កុំស្រូប​ផ្សែងពុល
នៅទីក្រុង​ប៉េកាំង ប្រជាជន​ពាក់​ម៉ាស់ ដើម្បី​ការពារ​កុំស្រូប​ផ្សែងពុល REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

ខ្យល់ពុល​បរិយាកាស និង​សារធាតុ​ពុល​ក្នុងទឹក​បាន​សម្លាប់​មនុស្ស​៩លាន​នាក់ នៅក្នុង​ពិភពលោក។ អាច​និយាយ​បាន​ថា មនុស្ស​ម្នាក់ ក្នុង​ចំណោម​៦​នាក់ ដែល​ស្លាប់​នៅ​ក្នុង​ពិភពលោក គឺ​ស្លាប់​ដោយសារ​ការបំពុល នៅក្នុង​បរិយាកាស និង​ក្នុងទឹក។

របាយការណ៍​ចេញផ្សាយ​នៅថ្ងៃ​នេះ ជា​លទ្ធផល​នៃការស្រាវជ្រាវ​រយៈពេល​២ឆ្នាំ របស់​គណៈកម្មការ​អង់គ្លេស​មួយ ដែល​បាន​សហការ​ជាមួយ អង្គការ​ខាង​សុខភាព និង​បរិស្ថាន រួម​ជាមួយ​នឹង​អ្នកជំនាញ​ប្រមាណ​៤០​នាក់ នៅក្នុង​ពិភពលោក។

មានចំណងជើងថា ការបំពុល សុខភាព និង​ផែនដី របាយការណ៍​នេះ​ត្រូវ​បាន​ចេញផ្សាយ ដោយ​ទស្សនាវដ្តី​សុខភាព​ដ៏ល្បីឈ្មោះ​មួយ​របស់​អង់គ្លេស ឈ្មោះ​ The Lancet។ របាយការណ៍​នេះ ផ្តោត​សំខាន់​ទៅលើ​ការបំពុល​បរិយាកាស និង​ទឹក ដែល​ជា​ដើមហេតុ​ធ្វើ​ឲ្យ​មនុស្ស​៩លាន​នាក់​ នៅក្នុង​ពិភពលោក ស្លាប់ នៅ​ឆ្នាំ ២០១៥។ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ការបំពុល​បរិយាកាស និង​ទឹក ស្មើ​នឹង​បីដង​នៃ​ចំនួន មនុស្ស​ដែល​ស្លាប់​ដោយសារ​ជម្ងឺអេដស៍ គ្រុនចាញ់ និង​របេង​ទៅ​ទៀត។ មាន​ន័យ​ថា ចំនួន​មនុស្ស​ដែល​ស្លាប់​ដោយសារ​ជម្ងឺ​អេដស៍ របង និង​គ្រុនចាញ់ បូក​ចូលគ្នា ក៏​នៅតែ​តិច​ជាង​ចំនួន​មនុស្ស​ដែល​ស្លាប់​ដោយសារ​ខ្យល់ពុល​បរិយាកាស និង​ទឹក​ដែរ។

ជារួម ខ្យល់ពុល​បរិយាកាស ទាំងក្នុង និង​នៅ​ក្រៅផ្ទះ បាន​សម្លាប់​មនុស្ស​ច្រើនជាងគេ គឺ ដល់​ទៅ ៦លាន ៥សែន​នាក់ នៅក្នុង​ពិភពលោក នៅ​ឆ្នាំ ២០១៥។ ទឹក​ដែល​មាន​សារធាតុ​ពុល ទឹកមាន​មេក្រុប ដែល​អាច​បង្ក​ឲ្យ​មានជម្ងឺ​រលាក​បំពង់​រំលាយ​អាហារ បាន​សម្លាប់​មនុស្ស​១លាន ៨សែននាក់។ ចំណែក​មនុស្ស​៨សែននាក់​ផ្សេងទៀត ស្លាប់ ដោយសារ​ការបំពុល​ទាក់ទង​នឹង​សារធាតុ​គីមី និង​ជាតិ​ពុល នៅ​កន្លែង​ធ្វើការ ដូចជា​នៅ​ក្នុង​អណ្តូងរ៉ែ ជាដើម។

ផ្សែងពុល​បរិយាកាស ដែល​ជាដើម​ហេតុ​បង្ក​ឲ្យ​មាន​ជម្ងឺ មិន​ឆ្លង ដូចជា​ជម្ងឺ​គាំងបេះដូង មហារីកសួត ​គ្រោះថ្នាក់​ដាច់​សរសៃឈាម ឬ​ជម្ងឺ​រលាកទងសួត​រាំរ៉ៃ ដែល​បាន​សម្លាប់​មនុស្ស​៦លាន ៥សែននាក់។

នៅក្នុង​ផ្សែងពុល​បរិយាកាស ដូចជា​ឧស្ម័ន​អូហ្សូន ឬ​ឧស្ម័ន​កាបូនិក​ គឺ​មាន​សំបូរ​ទៅដោយសារ​សារធាតុ​ល្អិត​ឆ្មារ ដែល​មានទំហំ​តូច​ជាង​សរសៃសក់​ដល់​ទៅ ១០ ដង ឬ​មាន​ទំហំ​ប៉ុន​បាក់តេរី ដែល​គេ​មិនអាច​មើល​ឃើញ​នឹង​ភ្នែក។ សារធាតុ​ល្អិតឆ្មារ​នេះ មាននៅ​ក្នុង​ឧស្ម័ន​ពុល ដូចជា​ផ្សែង​រថយន្ត ផ្សែងចេញពី​រោងចក្រ​ឧស្សាហកម្ម ដែល​ដុត​ធ្យូងថ្ម។ សូម្បី​ផ្សែង​អុស​ដែល​ដុត​ចេញ​ពី​ចង្រ្កាន​បាយ ឬ​ចង្រ្កាន​សម្រាប់​កំដៅ​នៅ​ក្នុង​ប្រទេស​មាន​អាកាសធាតុ​ត្រជាក់ខ្លាំង ក្តី ក៏​មាន​សារធាតុ​ល្អិតឆ្មារ ដែល​អាច​ចូល​ទៅ​បំផ្លាញ សួត និង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ដោយសារ​រោគគាំង​បេះដូង​បាន​ដែរ។

ប្រជាជន​ក្រីក្រ មាន​ប្រាក់ចំណូល​ទាប​ដែល​រងគ្រោះ​មុនគេ​ដោយសារ​ខ្យល់ពុល​បរិយាកាស

ការបំពុល​បរិយាកាស មាន​នៅ​សឹង​គ្រប់​ប្រទេស មិនថា នៅ​ក្នុង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ ឬ​ប្រទេស​អភិវឌ្ឍ។ ប៉ុន្តែ អ្វី​ដែល​សោកស្តាយ គឺ​ថា មានតែ​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​ដែល​ត្រូវ​ខាតបង់ រងគ្រោះ​ខ្លាំង​ជាងគេ។ អ្នកសរសេរ​របាយការណ៍​របស់​គណៈកម្មការ​The Lancet បាន​លើកឡើង​ពី​បរិស្ថាន​អយុត្តិធម៌ ព្រោះថា ៩២ភាគរយ​នៃ​ចំនួន​មនុស្ស​ដែល​ស្លាប់ ដោយសារ​ការផ្សែងពុល ទឹកមានជាតិពុល មាន​រស់នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប។ ឧទាហរណ៍ ​ពាក់កណ្តាល​ទៅហើយ នៃ​មនុស្ស​ដែល ស្លាប់​មុន​អាយុ​នៅ​ឆ្នាំ ២០១៥ ដោយសារខ្យល់ពុល និង​ទឹកពុល គឺ​ជា​ប្រជាជន​រស់នៅ​ប្រទេសឥណ្ឌា និង​ចិន។ ឥណ្ឌា ចិន ស្ថិតនៅ​ជួរមុខ​ជាមួយ​ប្រទេស​កេនយ៉ា ប៉ាគីស្ថាន និង​ម៉ាដាហ្កាស្កា ដែលនៅទី​នោះ មនុស្ស​ម្នាក់ ក្នុង​ចំណោម​៤នាក់ ដែល​ស្លាប់ នៅ​ឆ្នាំ ២០១៥ គឺ​ស្លាប់​ដោយសារ​តែ​ផ្សែពុល ទឹកពុល ឬ​សារធាតុ​គីមី​នោះឯង។

អ្នក​ដែល​ស្លាប់​មុន​អាយុ​ទាំងនោះ ភាគច្រើន​គឺ​ក្រុមមនុស្ស​ក្រីក្រ តោកយ៉ាក ដែល​រស់នៅ ឆ្ងាយ​ដាច់​ពីគេឯង។ គេ​បាន​លើក​យក​ករណី​របស់​ជនរងគ្រោះ ដែល​ធ្លាប់​រស់នៅ​ក្បែរ​ចំណត​រថយន្ត​ក្រុង ក្នុង​ទីក្រុង​ញូវយ៉ក។ នៅទីនោះ ពួកគេ​ស្រូបយក​ផ្សែងពុល ចេញពី​ម៉ាស៊ីនរថយន្តក្រុង ពេញៗ សួត ជារៀងរាល់​ថ្ងៃ។

ជារួម​គេ​បាន​វាយតម្លៃ​ថា ការស្លាប់​មុនអាយុ ហើយ​និង​ជម្ងឺ​រាំរ៉ៃ​របស់​មនុស្ស ដែល​បង្ក​ឡើង​ដោយសារ​ការបំពុល​បរិយាកាស ហើយ​និងទឹក​មិនស្អាត​បាន​ធ្វើ​ឲ្យ គេ​ខាតបង់​ថវិកា​ដល់​ទៅ ៤ពាន់ ៦រយ ពាន់​លាន​ដុល្លារ នៅក្នុង​ពិភពលោក។ អ្វី​ដែល​អ្នកសរសេរ​របាយការណ៍​ចង់​ទាញ​ចំណាប់​អារម្មណ៍ គឺ​ថា ការបាត់បង់​ជីវិត ដោយសារ​ការបំពុល​នៅ​ក្នុង​ខ្យល់ និង​ទឹក ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​ពិភពលោក ប៉ុន្តែ រហូត​មក​ដល់​ពេលនេះ ពិភពលោក នៅ​មិនទាន់​មាន​វិធានការ​ម៉ត់ចត់​ណាមួយ ដើម្បី ឆ្លើយតប​នឹង​បញ្ហា​នេះ​នៅឡើយទេ។ តាមរយៈ​របាយការណ៍​នេះ ដែល​គេ​ឃើញ តួលេខ​ដ៏ព្រឺក្បាល នៃ​មនុស្ស​ដែល​ស្លាប់​ដោយសារ​ផ្សែងពុល​បរិយាកាស គណៈកម្មការ​សង្ឃឹម​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ ចេញ​ជា​វិធានការ​រួម​មួយ ថ្នាក់​អន្តរជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​បញ្ហា​ខ្យល់ពុលបរិយាកាស និង​ទឹកមានសារធាតុ​ពុល នៅក្នុង​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ