អានតួអត្ថបទ
ជប៉ុន

ប្រជាជន​ជប៉ុន​ត្រៀម​ខ្លួន​ទៅ​បោះឆ្នោត​សភា ដែលរៀបចំ​មុន​កាលកំណត់

យុទ្ធនាការ​ឃោសនា​របស់​បក្ស​នយោបាយ សម្រាប់​ការបោះឆ្នោត​សភា​ជប៉ុន បាន​បិទបញ្ចប់​នៅថ្ងៃ​សៅរ៍​ទី​២១​តុលា។ នៅមួយថ្ងៃ​មុន​ការបោះឆ្នោត​ជាតិ ដែល​រៀបចំ​ឡើង មុន​កាលកំណត់ នៅ​ថ្ងៃ​អាទិត្យទី ២២​តុលា នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ មក​ពី​គណបក្ស​កាន់អំណាច សេរី​ប្រជាធិបតេយ្យ បាន​សន្យា​ការពារ​ជីវិត និង​ប្រយោជន៍​របស់​ប្រជាជន​ជប៉ុន។

នាយករដ្ឋមន្រ្តី​ជប៉ុន នៅថ្ងៃ​ឃោសនា​បោះឆ្នោត នៅថ្ងៃទី ២០​តុលា​២០១៧
នាយករដ្ឋមន្រ្តី​ជប៉ុន នៅថ្ងៃ​ឃោសនា​បោះឆ្នោត នៅថ្ងៃទី ២០​តុលា​២០១៧ ©REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

ការគំរាមកំហែង​នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ត្រូវ​បាន​លោក​នាយករដ្ឋមន្រ្តី​ជាតិ​និយម​ជប៉ុន ស្ហ៊ីនហ្សូ អាបេ​លើក​ទៅ​និយាយ​ច្រើន នៅ​ថ្ងៃ​ចុងក្រោយ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សភា។ នៅ​ចំពោះមុខ​ក្រុមអ្នកគាំទ្រ របស់លោក នៅ​ទីក្រុង​តូក្យូ នៅថ្ងៃ​សៅរ៍ លោកស្ហ៊ីនហ្សូ អាបេ​បាន​ឃោសនា​ថា មាន​តែ​រដ្ឋាភិបាល​ចម្រុះ​របស់​លោក ដែល​អាច​មាន​សមត្ថភាព​ការពារ​ជីវិត និង​ធានា​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ជប៉ុន​បាន​ប្រសើរឡើង។

នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ ដែល​បានប្រកាស​រំលាយ​សភា ដើម្បី​រៀបចំ​ការបោះឆ្នោត​មុន​កាលកំណត់ ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​អ្នកឈ្នះ​នាំមុខគេ នៅ​ថ្ងៃ​ឆ្នោត សភា នៅ​ថ្ងៃអាទិត្យ​ស្អែក។ ការស្ទង់មតិ​របស់​កាសែត សេដ្ឋកិច្ចជប៉ុន Nkikei បាន​បង្ហាញថា គណបក្ស​សេរី​ប្រជាធិបតេយ្យ​របស់​លោក​ស្ហ៊ីនហ្សូ ទំនង​ជា​នឹង​អាច​ទទួល​បាន​អាសនៈ​ពី​៣០០​ទៅ ៤៦៥ ពីរ​ភាគបី​នៃ​រដ្ឋសភា គឺ​នាំមុខ​ដាច់​គណបក្ស​គូប្រជែង​ពីរទៀត ដូចជា​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​នៃក្តីសង្ឃឹម​របស់​លោកស្រី​ចៅហ្វាយក្រុង​តូក្យូ។

គេ​វាយតម្លៃថា ដោយសារ​តែ​ព្យុះភ្លៀងខ្លាំង នៅថ្ងៃ​ស្អែក ចំនួន​ចូលរួម​របស់​ប្រជាជន​នៅ​ថ្ងៃ​បោះឆ្នោត នឹង​អាច​ថយ​ចុះ ប៉ុន្តែ លើកលែង​តែ​អ្នកគាំទ្រ​​លោក​នាយក​រដ្ឋមន្រ្តី​អាបេ ដែល​ប្តេជ្ញាចិត្ត​ខ្ពស់ ដើម្បី​ទៅបោះឆ្នោត​ឲ្យ​លោកអាបេ។

ជ័យជំនះ​របស់​គណបក្ស​សេរីប្រជាធិបតេយ្យ​នឹង​អាច​បើក​ផ្លូវ​ឲ្យ​លោក​ស៊្ហីនហ្សូ អាបេ នៅ​បន្ត​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​រហូត​ដល់​ឆ្នាំ ២០២១ បើសិន​គណបក្ស​បោះឆ្នោត​ជ្រើសរើស​លោក​ឲ្យបន្ត​ធ្វើ​ជា​ប្រធានបក្ស នៅ​ពាក់កណ្តាល​ឆ្នាំ​ក្រោយ។ បើសិន​ដូច្នេះ មែន លោក​ស៊្ហីនហ្សូ អាបេ​នឹងក្លាយ ជា​នាយករដ្ឋមន្រ្តី​លើកដំបូង​បង្អស់​ ក្នុង​ប្រវត្តិសាស្រ្ត​ជប៉ុន ដែល​អាច​កាន់តំណែង​នេះ បាន​យូរជាងគេ​ដល់​ទៅ ៨ឆ្នាំ។

កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី លោក​អាបេ​សង្ឃឹមថា នឹង​អាច​កែប្រែ​រដ្ឋធម្មនុញ្ញ​សន្តិនិយម​របស់​ជប៉ុន​ ដើម្បី​បើកផ្លូវ​ឲ្យ​កែប្រែ​តួនាទី​របស់​កងទ័ព​ជាតិ​ជប៉ុន ដែល​រហូត​មក​ដល់​ពេលនេះ មាននាទី​ត្រឹម​ស្វ័យការពារ តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ