អានតួអត្ថបទ

ចិន ៖ លោកស៊ី ជិនពីង ជាប់ឆ្នោត​ជា​ប្រធានបក្ស​ជាថ្មី សម្រាប់​៥ឆ្នាំ

ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃទី ២៥ តុលា ២០១៧​នេះ គណបក្ស​កុម្មុយនិស្ត​ចិន​ បាន​បោះឆ្នោត​បន្ត​តំណែង​លោក​ ស៊ី ជីនពីង ជា​អគ្គលេខា​ធិការ​បក្សអាណត្តិ​ទីពីរ​ រយៈ​ពេល​៥​ឆ្នាំ​ទៀត។ ជាមួយ​នឹង​ការ​បន្តតំណែង​អគ្គលេខាធិការបក្ស លោក​ស៊ី ជីនពីង​ក៏​នឹង​ត្រូវ​បន្ត​កាន់​តំណែង​ប្រធានាធិបតី​អាណត្តិថ្មី​រយៈពេល ៥ឆ្នាំ​ ​ចាប់​ពី​ខែ​មីនា ឆ្នាំ ២០១៨។ គណៈកម្មាធិការ​អចិន្ត្រៃយ៍​​នៃការិយាល័យ​នយោបាយ​បក្ស ក៏​ត្រូវ​បាន​ផ្លាស់​ប្តូរ​សមាសភាព​ថ្មី​ស្ទើរ​តែ​ទាំង​ស្រុង​ ប៉ុន្តែ​គេ​ហាក់​ដូច​ជា​មើល​មិន​ឃើញ​ថា​​ឥស្សរជនណា​ម្នាក់​នឹង​ក្លាយ​ជា​អ្នក​ស្នង​តំណែង​លោក​ស៊ី ជីនពីង នា​ថ្ងៃ​អនាគត​សោះ។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​បក្សថ្មី
គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​បក្សថ្មី REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

គេ​បាន​ស្គាល់​អត្តសញ្ញាណ​ឥស្សរជន​ដ៏​មាន​ឥទ្ធិពល​និ​ងអំណាច​ខ្លាំង​បំផុត​របស់​ចិន ដែល​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​បក្ស​ហើយ ! ក្រៅ​ពី​​លោកប្រធានាធិបតី​ ស៊ី ជិនពីង និង​លោកនាយករដ្ឋមន្ត្រី លី​ ខឺឈាំង​ សមាជិក​គណៈកម្មាធិការ​៥​នាក់​ផ្សេងទៀត​ត្រូវ​ផ្លាស់​ចេញ​ប្តូរ​​ថ្មី​ទាំង​អស់។

មាន​ន័យ​ថា​លោក ស៊ី ជិនពីង បាន​សម្រេច​បំណង ក្លាយ​ជា​មេដឹកនាំ​បក្ស ដែល​គ្មាន​ចរន្ត​ផ្សេង​មក​ប្រជែង​ឡើយ ជា​លើក​ទី​មួយ​។ ឥទ្ធិពល​របស់​អតីត​ប្រធាន​បក្ស​ និង​អតីត​ប្រធានាធិបតី ហ៊ូ ជិនតាវ ត្រូវ​ចប់​ត្រឹម​ថ្ងៃ​នេះ ព្រោះ​សមាជិក​​ថ្មី ​សុទ្ធ​សឹង​ជា​មនុស្ស​ជំនិត និង​ជា​ស្រមោល​​​របស់​លោក​ប្រធានាធិបតីទាំង​អស់ !

អម​ដោយ​សមាជិក​ថ្មី នៃគណៈកម្មការអចិន្ត្រៃយ៍​បក្ស​ថ្មី មាន​ជាអាទិ៍ លោក Wang Yang, Han Zheng, Zhao Leji, Li Zhanshu, Wang Huning និងWang Yang លោក ស៊ីជិនពីង បាន​សន្យាប្រឹង​ប្រែង​​​​ឱ្យ​កាន់​ខ្លាំង​ថែម​ទៀតក្នុង​ការ​ដឹកនាំ​ប្រទេស​ និង​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ រហូត​គ្មាន​ថ្ងៃ​ឈប់ ដើម្បី​ជម្រុះ​មេរោគ​​ដែល​បំផ្លាញ​ស្រទាប់​បក្ស។

ហើយ​ផ្ទុយ​ពី​ការ​បំប៉ោង​ព័ត៌មាន​មុន​ការ​បើក​សមាជ បុរស​ខ្លាំង​ប៉េកាំងបន្ត​គោរព​ ច្បាប់​កំរិតអាយុ​កាល​ចូល​និវត្តន៍ ដែល​ហាមឃាត់​មិន​ឱ្យ​ឥស្សរជន​អាយុ​លើស​ពី​៦៨​ឆ្នាំ ជាប់​​ឈរ​នៅ​ក្នុង​ការិយាល័យ​នយោបាយ​បក្ស។ តើ​នេះ​ជា​សញ្ញា​ប្រាប់​ថា លោក​ស៊ី ដែល​នឹង​មាន​អាយុ​៦៩​ឆ្នាំ នៅ​ឆ្នាំ​២០២២ នឹង​ត្រូវ​ចាក​ចេញពី​ស្ថាប័ន​កំពូល​មួយ​នេះ​ដែរ និង​មិន​តោង​អំណាច​ឱ្យ​ពី​ពីរ​អាណត្តិ​ ?

គ្មាន​អ្វី​ជា​ប្រាកដ​ទេ ! ព្រោះ​មក​ទល់​ពេល​នេះ​ គេ​មើល​មិន​ឃើញ​អ្នក​ដែល​គួរ​មក​បន្តតំណែង​​ពី​លោក​ស៊ី ជីនពីង​សោះ។ ​ លោក ឆេន មិន អឺរ អាយុ​៥៧​ឆ្នាំ ដែល​អ្នក​វិភាគ​​​សំលឹង​ឃើញ​ថា​​មាន​សក្តានុពលខ្លាំង​អាច​​ក្លាយ​ជា​កូន​ស្នង​រាជនោះ មិន​​​អាច​លោត​ផ្លោះរំលង​គេ​ឯង​មក​ចូល​ការិយាល័យ​នយោបាយ​ឡើយ។ លោក ស៊ី ជិនពីង ចេះ​គិត​វែង​ឆ្ងាយ មិន​ចង់​បែង​ចែក​អំណាច មិន​ចង់​មាន​នរណា​​នៅ​ពី​ក្រោយ​ខ្នង​ចាំ​ដេញ​យក​តំណែងទេ។ អ្នក​ដែល​មាន​សក្តានុពល​អាច​មក​បន្ត​តំណែង​ពី​លោក ត្រូវ​ប្រឹង​ប្រកួត​ប្រជែង​គ្នា ហើយ​​លោក​​​រក្សា​សម្ពាធ​លើ​គ្រប់​ឥស្សរជន​នយោបាយ​គ្រប់រូប ក្តាប់​អំណាច​យ៉ាង​ពេញ​ដៃ​រយៈ​ពេល​៥​ឆ្នាំ​ ឬ​១០​ឆ្នាំ​ ដោយ​គ្មាន​ជាប់​ជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ