អានតួអត្ថបទ
ថៃ

ថៃ៖​យោធា​ឃាត់​ខ្លួន​សកម្មជន​ម្នាក់​ដែល​ចង់​បង្ក​រឿង​ក្នុង​ថ្ងៃ​ពិធីបូជាសព​ព្រះចៅ​ភូមិបុល

នៅ​ក្នុង​ប្រទេស​ថៃ ពិធី​បូជា​សព​អតីត​ព្រះហាក្សត្រ​ព្រះចៅ​ភូមិបុល​រយៈពេល ៥ថ្ងៃ​ចាប់​ផ្តើម​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ តុលា​នេះ។ តែ​តាំង​ពី​ថ្ងៃ​ពុធ ទី២៥ តុលា​មក មាន​ប្រជារាស្រ្ត​ថៃ​ជា​ច្រើន​រយ​នាក់​បាន​នាំ​គ្នា​ទៅ​បោះ​ទីតាំង​រង់ចាំ​នៅ​តាម​ដង​ផ្លូវ​ដែល​ហែ​ក្បួន​សព​ដើម្បី​លា​ជា​លើក​ចុង​ក្រោយ។ ដោយឡែក អង្គការ​ក្រៅរដ្ឋាភិបាល​ឈ្មោះ Thai Lawyers for Human Rights បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​សកម្មជន​ម្នាក់​ត្រូវ​បាន​ក្រុម​យោធា​ចាប់​ឃុំ​ក្នុង​បទ​មាន​បំណង​បង្ក​រឿង​នៅ​ក្នុង​ថ្ងៃ​បូជា​សព​ព្រះចៅ​ភូមិបុល។

ប្រជារាស្រ្ត​ថៃកំពុង​ដេកនៅ​តាម​ចិញ្ចើញផ្លូវ​រង់ចាំ​ក្បួន​ដង្ហែ​សពព្រះភូមិបុល​ក្នុង​ថ្ងៃ​ពិធីបូជាសព
ប្រជារាស្រ្ត​ថៃកំពុង​ដេកនៅ​តាម​ចិញ្ចើញផ្លូវ​រង់ចាំ​ក្បួន​ដង្ហែ​សពព្រះភូមិបុល​ក្នុង​ថ្ងៃ​ពិធីបូជាសព REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

សកម្មជន​ជនជាតិ​ថៃ​ដែល​ក្រុម​យោធា​បាន​ចាប់​ឃុំ​នោះ​មាន​ឈ្មោះ​ថា អ៊ីកាចៃ ហុងកងវ៉ាន​ដែល​រស់​ក្នុង​ទីក្រុង​បាងកក។ តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល Thai Lawyers for Human Rights ក្រុម​យោធា​បាន​ចុះ​ចាប់​សកម្មជន​អ៊ីកាចៃ​ដល់​លំនៅដ្ឋាន​កាល​ពី​យប់​ថ្ងៃ​អង្គារ ទី២៤ តុលា និង​បាន​ផ្តល់​ជម្រើស​ពីរ​ឲ្យ​លោក​អ៊ីកាចៃ ទី១ សុខចិត្ត​ជាប់ឃុំ​បណ្តោះអាសន្ន​នៅ​ស្រុក​កងចាណាប៊ូរី​ស្ថិត​ប៉ែក​ខាង​លិច​ប្រទេស​ថៃ និង​ទី២ សុខចិត្ត​ជាប់ឃុំ​បណ្តោះអាសន្ន​នៅ​ក្នុង​បន្ទាយ​ទាហាន​ក្នុង​ក្រុង​បាងកក​រហូត​ដល់​ថ្ងៃ​ចប់​ពិធី​បូជា​សព​ព្រះចៅ​ភូមិបុល។

លោក​អាណន នូមប៉ា មេធាវី​របស់ Thai Lawyers for Human Rights ដែល​បាន​ជួប​និយាយ​ជាមួយ​លោក​អ៊ីកាចៃ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ ទី២៥ តុលា​ថា លោក​អ៊ីកាចៃ​ត្រូវ​បាន​ក្រុម​យោធា​ឃុំ​នៅ​ក្នុង​សណ្ធាគារ​មួយ​ក្នុង​ស្រុក​កងចាណាប៊ូរី​រហូត​ដល់​ថ្ងៃទី២៧ តុលា​ដោយ​មាន​ការ​យាមកាម​យ៉ាង​យក​ចិត្ត​ទុកដាក់​ជា​ទីបំផុត។ តាម​រូប​មេធាវី​ដដែល លោក​អ៊ីកាចៃ​មិន​ត្រូវ​បាន​ជាប់ចោទ​អ្ចវី​ទេ និង​ថា ក្រុម​យោធា​គ្រាន់​តែ​យក​រូប​គេ​ទៅ​ឃុំ​បណ្តោះអាសន្ន​ដើម្បី​ឲ្យ​ពិធី​បូជា​សព​ព្រះចៅ​ភូមិបុល​មាន​ដំណើរការ​ដោយ​រលូន។

ការ​ចាប់​ឃុំខ្លួន​បណ្តោះអាសន្ន​លោក​អ៊ីកាចៃ​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​សកម្មជន​រូប​នេះ​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ថា រូប​គេ​នឹង​ពាក់​អាវយឺត​ពណ៌ក្រហម និង​ធ្វើ​អ្វី​ដែល​គ្មាន​នរណា​នឹក​ស្មាន​ដល់​នៅ​ក្នុង​ថ្ងៃទី២៦ តុលា​ដែល​ជា​ថ្ងៃ​ចាប់​ផ្តើម​ពិធី​បូជា​សព​ព្រះចៅ​ភូមិបុល។ ដោយឡែក​ក្នុង​ថ្ងៃ​ផ្តើម​ពិធី​បូជាសព​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ តុលា​នេះ មាន​មនុស្ស​មិន​តិច​ជាង ២៥ម៉ឺននាក់​ទេ​ដែល​បាន​ឈរ​តាម​ដង​ផ្លូវ​នៃ​ក្បួន​ដង្ហែ​សព​ព្រះចៅ​ភូមិបុល​ដើម្បី​សម្តែង​ការ​គោរពលា​ជា​លើក​ចុង​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ