អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សមភាពស្ត្រីនិងបុរស នៅចិន មានតែ​នៅលើ​ក្រដាស ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សមាជ​បក្ស​កុម្មុយនិស្ត​ចិន​បាន​បិទ​បញ្ចប់​ហើយ នៅ​ថ្ងៃ​ទី ២៤​តុលា​នេះ។ ​សមាសភាព​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​បក្ស គណៈកម្មាធិការនៃ​ការិយាល័យ​​នយោបាយ យោធា... ថ្មី ត្រូវ​បាន​បង្ហាញ ប៉ុន្តែ​សួរ​តើ​នៅ​ក្នុង​ស្ថាប័ន​បក្ស​ដែល​ជា​តំណាង​អំណាច​កំពូល​របស់​ចិន មាន​ស្ត្រី​ប៉ុន្មាន​នាក់ ? ពាក្យ​​ព្រមានរបស់លោក ស៊ី ជីនពីង បាន​បង្ហាញ​អំពី​រឿង​អាស្រូវ​ ​សមាជិក​បុរស​​ ព្រោះ​បញ្ហា​ស្រីញី តែ​ចំពោះតួនាទី​នយោបាយ​​វិញ តើ​ស្ត្រី​នៅ​ឯណា ?

លោកប្រធានាធិបតី​ចិន  Xi Jinping និង​ប្រតិភូ​ក្នុង​អង្គ​សមាជបក្ស​លើក​ទី​១៩
លោកប្រធានាធិបតី​ចិន Xi Jinping និង​ប្រតិភូ​ក្នុង​អង្គ​សមាជបក្ស​លើក​ទី​១៩ REUTERS/Thomas Peter
ផ្សាយពាណិជ្ជកម្ម

“ស្ត្រី​ទ្រពាក់កណ្តាល មេឃ”​ នេះ​ជាប្រសាសន៍​​​​ធានា​អះអាងរបស់​លោក មៅ សេទុង បិតា​បក្ស​កុម្មុយនិស្ត​ចិន នៅ​ក្នុង​ទសវត្សរ៍​​ឆ្នាំ​១៩៥០ ! ប្រសាសន៍​មួយ​ឃ្លា​នេះ បាន​ក្លាយ​ជា​ពាក្យ​ស្លោក ក្នុង​ន័យ​ជំរុញ​ឱ្យ​មាន​កា​រគោរព​ និង​លើក​តម្កើង​ស្ត្រី​ឱ្យ​​មាន​សមភាព​នឹង​បុរស ! ជា​ពាក្យ​ស្លោក​បដិវត្ត​ ដ៏​ធំធេង​មួយ ព្រោះ​​ចិនមាន​ប្រពៃណី​ទំនៀម​ទម្លាប់ មិន​ផ្តល់​តម្លៃ​ដល់​ស្ត្រី តាំងតែ​​ពីយូរ​លង់​​​រាប់​​ពាន់​ឆ្នាំ​មក​ហើយ មិន​ដឹង​ជា​ប៉ុន្មាន​រជ្ជកាលទេ​។

ប៉ុន្តែ​ពាក្យ​ស្លោក នៅ​តែ​ជា​ពាក្យ​ស្លោក ! តាំង​ពី​របប​សាធារណរដ្ឋ​ប្រជាមានិត​ បង្កើត​ឡើង​ដោ​យ​ជន​កុម្មុយនិស្ត​នៅ​ឆ្នាំ​១៩៤៩​មក គ្មាន​ស្ត្រី​ណា​ម្នាក់​​អាច​ចូល​កាន់​តំណែង​កំពូល​របស់​បក្ស​ទេ ! គ្មាន​ម្នាក់​សោះ​នៅ​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​​នៃ​ការិយាល័យ​នយោបាយ​បក្ស​ ដែល​ជា​ស្ថាប័ន​កំពូល​ មាន​បន្សំ​ឥស្សរជន​៧​រូប ជា​អ្នក​ដឹកនាំ​ប្រទេស​ពិត​ប្រាកដនោះ។ ​​ គណៈកម្មាធិការ​នេះ ត្រូវ​ប្តូរ​សមាសភាព​​ថ្មី នៅ​ថ្ងៃ​ពុធ​នេះ នឹង​ត្រូវ​មាន​សមាជិក ១០០%​បុរស​ដដែល។

គណៈកម្មាធិការ​មជ្ឈិម​បក្ស ដែល​មាន​ទម្រង់​ជា​សភា​ផ្ទៃក្នុង​បក្ស និង​ដែល​មាន​សមាជិក​សរុប​២០៥​នាក់ គេ​រាប់​ឃើញ​មាន​ស្ត្រី​​​ប្រមាណជាង​​១០​នាក់​ដែរ។ នៅ​ក្នុង​ចំណោម​ប្រតិភូ​ជិត​២៣០០​នាក់ ដែល​មក​ចូល​រួម​ក្នុង​សមាជបក្ស​​លើក​ទី​១៩ កាល​ពី​ថ្ងៃ​អង្គារ​ទី ១៧ តុលារហូត​ដល់​ថ្ងៃទី ២៤​តុលា មានមិន​ដល់​​តែ​មួយ​ភាគ​បួន​ទេ ជា​ស្ត្រី​។

ក្នុង​ស្ថានភាព​បែប​នេះ លោកស្រី​មេធាវី​ Guo Jianmei ឯកទេស​ផ្នែក​សិទ្ធិ​ស្ត្រី​ បាន​សរសេរ​លិខិត​មួយ​ជូន​​ចំពោះ​អង្គ​សមាជ​បក្ស​ ដើម្បី​ទាញ​សញ្ញា​អាសន្ន​​ដាស់​ប្រាប់​ប្រតិភូ​ទាំង​អស់ អំពី​កង្វះ​ស្ត្រី​ក្នុង​នយោបាយ។ ប៉ុន្តែ​លោក​ស្រី គ្មាន​មធ្យោបាយ​អ្វី​នឹង​បញ្ជូន​លិខិត​នោះ​​ទៅ​ដល់​សមាជ​ទេ ! គ្មាន​តំណាង​បក្ស​ណា​ម្នាក់​ ព្រម​ជួយ​ឡើយ ! ជា​ទូទៅ​ចិន ហាក់​ដូច​ជា​គ្មាន​គំនិត និង​គិត​រក​មធ្យោបាយ​​បំផុស​បំផុស​ស្ត្រី​ឱ្យ​ចូល​ប្រលូក​ក្នុង​នយោបាយ​ទេ។

មាន​ន័យ​ថា​ចិន​នៅ​តែ​បន្ត​​មិន​ផ្តល់​តម្លៃ​ដល់​ស្រ្តី​ឬ ? មិន​មែន​ទេ​! សមភាព​ស្ត្រី​និង​បុរស​ មាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ចិន។ បើ​តាម​ក្បួន​ច្បាប់ ក្នុង​តួនាទី​ដូច​គ្នា​​ឋានៈ​ដូច​គ្នា បុគ្គលិក​ស្រី​ត្រូវ​ទទួល​បាន​ប្រាក់​បំណាច់ កំរិត​​ស្មើ​គ្នា​នឹង​បុគ្គលិក​ភេទប្រុស។​ ​សម្រាប់​ប្រតិភូ​​សមាជ​បក្ស​ រដ្ឋាភិបាលធ្វើ​បាន​ច្រើន​ណាស់ ! រដ្ឋាភិបាល​​បាន​ប្រឹង​ប្រែង​ និង​គាំទ្រគំនិត​ផ្តួច​ផ្តើម​របស់​ស្ត្រី ! ចិន​បាន​សម្រេច​ហើយ​កម្មវត្ថុ​ផ្តល់​សមភាព​ឱ្យ​ស្ត្រី​និង​បុរស​នោះ។​

ប៉ុន្តែ​ប្រពៃណី​ទំនៀម​ទំលាប់​ក្នុង​សង្គម​ចិន បាន​លើក​ទឹក​ចិត្ត​ឱ្យ​ស្ត្រី​ផ្តល់​តម្លៃ​ និង​គិត​គូរ​ដល់​ជីវិត​គ្រួសារ​ជាងជីវិត​ការងារ​របស់​ពួក​គេ។ រហូត​មក​ទល់​នឹង​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ​២០០០​ទៅ​ហើយ ស្ត្រី​ចិន​នៅ​លីវ​ អាយុ​លើស​ពី​២៧​ឆ្នាំ​ ទៅ​ហើយ នៅ​តែ​គ្មាន​ប្តី គ្មាន​មិត្ត​ប្រុស គេ​ហៅ​ស្ត្រី នោះ​ថា ព្រៅ​ ស្ត្រី​មាន​ស្ថានភាព​លំបាក។

ផ្ទុយ​ទៅ​វិញ ក្នុង​ខណៈ​ដែល​ស្ត្រី​ចិន​អវត្តមាន​ស្ទើរ​តែ​ស្រុង​នៅ​ក្នុង​រង្វង់​នយោបាយ និង​នៅ​ក្នុង​រង្វង់​អ្នក​កាន់​អំណាច គេ​បែរ​ជា​ឮ​ច្រើន​អំពី​រឿង​អាស្រូវ​ព្រោះ​ស្រី​ទៅ​វិញ។ យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ របស់​លោក ស៊ី ជីនពីង បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​​អំពី​ការ​​ប្រព្រឹត្ត​​ទង្វើខុស​សីលធម៌​ជា​ច្រើនទាក់ទង​នឹង​ស្រី​។

អតីត​មេ​ភ្នាក់ងារ​សន្តិសុខ លោក ចូ យ៉ុងកាង ជា​តំណាង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ជាង​គេបំផុត​របស់​បក្ស ដែល​ត្រូវ​ដាច់​ក្បាល​ធ្លាក់​ពី​តំណែង បាន​ជាប់​ចោទ​ពី​បទ​មាន​ស្រី​ញី​ច្រើន និង​បាន​ប្រើ​អំណាច​​ជា​មធ្យោបាយ​ទាក់ទាញ​ប្តូរ​យក​ផលប្រយោជន៍​ផ្លូវ​ភេទ​ និង​ប្រាក់​កាស។ កាលពី​ខែ​កញ្ញា អតីត​ឥស្សរជន​​ដ៏​ល្បីល្បាញ ជា​ផ្កាយ​រះ​ប្រចាំ​បក្ស​កុម្មុយនិស្ត​ចិន លោក ស៊ុន ចឹង​ឆាយ ត្រូវ​បាន​បណ្តេញ​ពី​បក្ស ពី​បទ​រំលោភ​វិន័យ​បក្ស​យ៉ាង​ធ្ងន់ធ្ងរ (ពុករលួយ)ផង និងពី​បទ​​បាន​ឆ្លៀត​យក​អំណាច​ដើម្បី​បំរើ​តណ្ហា​ផ្លូវភេទ​ផង។

លទ្ធផល​នៃ​​សិក្សាមួយ​របស់សាកលវិទ្យាល័យប្រជាជន​​ប៉េកាំង នៅ​ឆ្នាំ​២០១៣ ​ ​​បាន​សន្និដ្ឋាន​ មន្ត្រី​ជាន់ខ្ពស់​ចិនដែល​ធ្លាក់​ពី​តំណែង​​ ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​របស់​លោក ស៊ី ជីនពីង ចំនួន ៩៥% សុទ្ធ​តែ​មាន​ស្រីក្រៅ។ នេះ​ជា​ទម្លាប់​ របស់​បុរស​ចិន​ភាគ​ច្រើន ព្រោះ​ក្នុង​អតីត​កាល បុរស​ចិន​អាច​ពន្លាត​ទំនាក់ទំនង​​និង​អំណាច​ក្នុង​សង្គម ដោយ​សារ​តែ​មាន​ប្រពន្ធ​ច្រើន​។ ក្រោយ​ឆ្នាំ​១៩៤៩ ច្បាប់​រដ្ឋធម្មនុញ្ញ​ចិន​ហាម​មិន​ឱ្យ​បុរស​មាន​ភរិយា​ច្រើន​​ដូច​មុន ​​ប្រុស​ចិន​ប្តូរ​ទម្លាប់​ទៅ​ជា​ការ​មាន​ស្រីកំណាន់​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ