ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT
អាស៊ី

ការ​ចរចា​​​រវាង​​​ភូមា​​​និង​​​បង់ក្លាដែស​​​លើ​​​ការ​​​បញ្ជូន​​​ជន​ភៀសខ្លួន​​​រ៉ូហ៊ីងយ៉ា​​​​មក​​​​​​ភូមា​នៅ​​​ពុំទាន់​​​មាន​​លទ្ធផល​​​!

media ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា​រង់ចាំ ការ​អនុញ្ញាត​​របស់​​កងទ័ព​​បង់ក្លាដែស​​​នៅ​ក្នុង​ការបន្តដំណើរ​របស់​ពួកគេ​បន្ទាប់​ពី​បាន​ឆ្លងកាត់​ព្រំដែន​ថ្ងៃ​២៥​តុលា​២០២១៧​ REUTERS/Hannah McKay

កិច្ច​ពិភាក្សា​​​រវាង​​​ទីក្រុង​​​រ៉ង់ហ្គូន​​​និង​​​ទីក្រុង​​​ដាក់កា​​​នៅ​​​ក្នុង​​​ការ​​​ដឹក​​ជញ្ជូន​​​​ជនភៀសខ្លួន​​​ជនជាតិ​​ភាគ​​តិច​​​រ៉ូហ៊ីងយ៉ា​​​​មក​​កាន់​​​ភូមា​​វិញ ​នៅពុំទាន់​មាន​​លទ្ធផល​​​​​​​​បើ​ទោះបី​​ជា​​មាន​​ការ​​​ផ្តោះ​ប្តូរ​​​យោបល់​​គ្នា​​អស់​​រយៈពេល​​ជា​ច្រើន​​សប្តាហ៍​​​ក្តី។ ទន្ទឹម​នេះ ​​ស្ថានភាព​​រស់​នៅ​​របស់​​​ជន​ភៀសខ្លួន​​​នៅ​​​ក្នុង​​​ជំរំ​​​​​ដែល​​ស្ថិត​​នៅ​​តាម​​ព្រំដែន​​រវាង​​ប្រទេស​​​ទាំង​​ពីរ​ ​កាន់តែ​​ធ្លាក់​​ចុះ​​ដុន​​ដាប​​។

លំហូរ​​​ជន​ភៀសខ្លួន​​​រ៉ូហ៊ីងយ៉ា​ ដែល​​​បាន​​​​ចាប់​ផ្តើម​​ចាក​ចេញ​​ពី​ប្រទេស​ភូមា​​​តាំង​ពី​ចុង​ខែ​​សីហា​​កន្លង​​ទៅ​នេះ នៅតែ​​ពុំ​ស្រកស្រុត​ឡើយ​ ដោយ​ហេតុថា ​ជន​ជាតិភាគតិច​រ៉ូហ៊ីងយ៉ា​ ប្រមាណ​ជាង​៦​សែន​នាក់ បាន​នាំ​គ្នា​ភៀសខ្លួន​​ទៅ​​ដល់​​ប្រទេស​បង់ក្លាដែស​​ ក្នុង​​អំឡុង​​ពេល ២​ខែ​ចុង​ក្រោយ​នេះ។​

ភូមា​​ដែល​ត្រូវ​ទទួល​រង​គំនាប​យ៉ាង​សម្បើម​ ពី​សំណាក់​​ពិភពលោក​​និង​​ការ​​ចោទ​ប្រកាន់​​ពី​បទ​​ ​បោសសម្រាត ជនជាតិ​ភាគតិចនៅក្នុងប្រទេស​​ ​ពី​សំណាក់​ អ.ស.ប.​ បាន​​សន្យា​ថា​​នឹង​ចាត់វិធានការ​ ​ដើម្បី​អនុញ្ញាត​ឲ្យ​ជន​ភៀសខ្លួនទាំងនោះ បាន​វិល​ត្រឡប់​ចូល​មក​កាន់​​ភូមា​វិញ​ ។ តែ ភូមា​ ទាមទារដែរ​​ ​ថា​ លុះ​ត្រា​តែ​​​ជន​ភៀសខ្លួន​ទាំងនោះ​​ មាន​ភ័ស្តុតាង​​គ្រប់​គ្រាន់ ​​បញ្ជាក់​ថា​​ពួក​គេ​ ​ពិត​ជា​ធ្លាប់​បាន​​រស់​នៅ​ក្នុង​​ភូមា​​ពិត​​ប្រាកដ​​មែន។

រីឯ​​អ្នក​នាំពាក្យ​​​​រដ្ឋាភិបាល​​ភូមា​​វិញ​​ បាន​​​​ពន្យល់​​ប្រាប់​​​ដល់​​ទីភា្នក់ងារ​​ព័ត៌មាន​​​បារាំង​​ AFP​ នៅ​​​ថ្ងៃ​​​ពុធ​​​ទី​​​១​​​វិច្ឆិកា​​ម្សិលមិញ​​ថា"​ ភូមា​​ ​ត្រៀម​ខ្លួន​ហើយ​ ​​​​ក្នុង​​​ការ​ទទួល​​យក​​ជន​ភៀសខ្លួន​​នៅ​ក្នុង​ពេលណា​មួយ​​​​ ក៏​ប៉ុន្តែ​​រដ្ឋាភិបាល​​បង់់ក្លាដែស ​​កំពុង​តែ​​នៅ​​​​​សិក្សាទៀត​​​​​​លើ​​​​កិច្ច​​ព្រមព្រៀង​​​​។ ​ប្រភព​ភូមា​ដដែល ​បាន​អះអាង​ទៀតថា​​” ទីក្រុង​ដាក់កា (Dacca ) ​​នៅតែ​ពុំ​ទាន់​បាន​​​​បញ្ជូន​​បញ្ជី​​​ផ្លូវការណ៍ ​ស្តីពី​​​ជន​ជាតិ​​ភាគតិច​​រ៉ូហ៊ីងយ៉ា​​ ​​ដែល​​​​​បាន​​​ភៀសខ្លួន​​​ពី​​ភូមា​​តាំងពី​ ​ថ្ងៃ​ទី​២៥​​សីហា​​ មក​ឲ្យ​ ភូមា​​នៅ​​​ឡើយ​ដែរ​។ ក៏ប៉ុន្តែ ​មក​ទល់​ពេល​នេះ ​ភូមា​បាន​ជូន​ព័ត៌​មានស្តួចស្តើង​​​​​ណាស់​​​នៅ​​​​លើ​​​​ល័ក្ខខ័ណ្ឌ​​​​​ទទួល​​ជន​ភៀសខ្លួន​​រ៉ូហ៊ីងយ៉ា ។ កតា្ត​នេះ ​ហើយ ​ដែល​​​ជម្រុញ​​​​ឲ្យ​​អង្គការ​​​ក្រៅ​រដ្ឋាភិបាល​នា​នា​​​ ព្រួយបារម្ភ​​ខ្លាច​​ ​​ភូមា​​ ដាក់​​​ល័ក្ខខ័ណ្ឌ​រឹតបន្តឹង នៅ​ក្នុងការ​​ទទួល​យក​ជនភៀសខ្លួន​​​រ៉ូហ៊ីងយ៉ា​។

នៅ​លើ​បញ្ហា​នេះ អ្នក​ទទួល​ខុសត្រូវ​ម្នាក់​នៅ​ក្នុង​ក្រសួង​ការបរទេស​បង់ក្លាដែស​ដែល​សុំ​មិន​​បញ្ចេញ​ឈ្មោះ បាន​ពន្យល់​ប្រាប់ដល់​​ទីភ្នាក់ងារសាព័ត៌មាន​បារាំង​ AFP ថា "​ភូមា​​​​ពុំ​ទាន់​ត្រៀម​​ខ្លួន​​នៅ​​ឡើយ​​ទេ ដោយ​ហេតុ​តែ​ប្រទេស​ទាំង​ពីរនៅ​​មិនទាន់ត្រូវ​រូវ​គ្នា​​​នៅ​​លើ​អត្ថបទ​​មួយ។​

គួររំលឹកថា ចាប់តាំងពី​មាន​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាង​ជា​លើក​តំបូង​​មក ​អ.ស.ប​. បាន​ប្រកាស​ទាមទារ​ឲ្យភូមា បិទ​​​បញ្ចប់​​ការ​វាយប្រយុទ្ធ​គ្នា​នៅ​ក្នុងប្រទេស​​និង​បើក​​របៀង​ច្រក​សម្រាប់​​ការ​ដឹក​ជំនួយ​​មនុស្សធម៌​​ទៅ​កាន់​ភាគ​ខាង​លិច​ប្រទេស​ក៏ព្រមទាំង​​ការ​វិល​ត្រឡប់​​របស់​ជន​ភៀសខ្លួន​ទៅ​កាន់​តំបន់ដើមកំណើត​​​របស់​ពួក​គេ​វិញ តែ​​ការទាមទារទាំង​នេះ ​​​ឥតបាន​ផល​​​ប្រយោជន៍​​អ្វីឡើយ។

ម្យ៉ាងទៀត ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ាវិញ ពិតជា​ជួប​ប្រទះ​នឹង​​ភាព​​ស្មុកស្មាញ​​ខ្លាំង ដោយ​ហេតុថាភូមិ​នានា​របស់ពួក​គេ​មួយ​ភាគ​ធំ​ ត្រូវ​ឆាបឆេះអស់។​

រីឯនៅក្នុង ជំរំ​ជន​ភៀសខ្លួន​នៅ​​​បង់ក្លាដែស​វិញ ទាំង​អាជ្ញាធរ​ក្នុង​ស្រុក​និង​ទាំង​អង្គការ​ក្រៅ​​រដ្ឋាភិបាល ​កំពុង​តែ​បារម្ភ ខ្លាច​កើត​​​​​មាន​គ្រោះ​​​មហន្តរាយមួយ​ខាងផ្នែកសុខភាព​នៅ​ទីនោះ​។​ ពីព្រោះ ​ ការ​ទទួល​ជនភៀសខ្លួន​យ៉ាង​​ហួស​ចំណុះ​និង​​ភាព​​ស្មោគគ្រោគ​នៅ​ក្នុង​ជំរំ​ជនភៀស​ខ្លួន ​​ដែល​​មាន​មនុស្ស​​​ជិត​​​១​លាន​នាក់​ហើយ​នោះ ​អាចនឹង​បង្ក​អោយ​មាន​​​​ជម្ងឺ​កើត​ឡើង​​យ៉ាង​​ងាយ​ស្រួល​​​នៅ​ក្នុង​ជំរំ​ជន​ភៀសខ្លួន​៕​​​​​​​

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ