ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT

ទស្សនកិច្ច​លោក​ដូណាល់ ត្រាំ នៅ​កូរ៉េខាងត្បូង​បន្ត​ផ្តោត​លើបញ្ហា​​កូរ៉េខាងជើង​​

ទស្សនកិច្ច​លោក​ដូណាល់ ត្រាំ នៅ​កូរ៉េខាងត្បូង​បន្ត​ផ្តោត​លើបញ្ហា​​កូរ៉េខាងជើង​​
 
លោក​ដូណាល់ ត្រាំ ​និង​លោក​មូន ចែអ៊ីន ចាប់ដៃគ្នា នៅ​ក្រុងសេអ៊ូល Reuters

បន្ទាប់​ពី​ទស្សនកិច្ចនៅជប៉ុន​មក ​ថ្ងៃអង្គារ​នេះ លោក​ដូណាល់ ត្រាំ បាន​បន្តដំណើរ​ទៅដល់​​ទីក្រុង​សេអ៊ូល​ ​កូរ៉េខាងត្បូង​ និងបានជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងត្បូង លោក​មូន ចែអ៊ីន។ ពេលទៅដល់​​កូរ៉េខាងត្បូង ​លោក​ត្រាំ បាន​ចុះទៅ​មូលដ្ឋានយោធា​អាមេរិក ​Camp Humphreys ដែល​នៅ​ចំងាយ​តែ​ជាង១០០គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទឹកដី​កូរ៉េខាងជើង។​ នៅ​ទីក្រុង​សេអ៊ូល ​ប្រធានាធិបតី​អាមេរិក​បាន​លើកឡើង​ក្នុងន័យថា ​​ការដោះស្រាយ​សំណុំរឿង​​កូរ៉េខាងជើង​ហាក់ដូចជា​ដំណើរការ​ទៅមុខ​ច្រើន។ លោក​ត្រាំ​ក៏ឆ្លៀត​លើក​​សរសើរ​ចិន​ផងដែរ ដែល​បាន​ដើរតួនាទី​ដ៏​មានប្រយោជន៍​ក្នុង​សំណុំរឿង​កូរ៉េខាងជើង​។ ​​ 

ទស្សនកិច្ច​របស់​លោក​ដូណាល់ ត្រាំ ​នៅ​កូរ៉េខាងត្បូង​ជា​ដំណាក់កាល​ពិបាក​ជាង​នៅ​ជប៉ុន

សំរា​ប់​លោក​ដូណាល់ ត្រាំ ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង មាន​លក្ខណៈ​​​ពិបាក​ជាង​ទស្សនកិច្ច​​​នៅ​ជប៉ុនទៅទៀត​ ព្រោះ​ថា ​​ទំនាក់ទំនង​រវាង​លោក​ត្រាំ និង​ប្រធានាធិបតី​​កូរ៉េខាងត្បូង​មិន​​ជា​ស្និទ្ធស្នាល​កក់ក្តៅ ដូច​ជាមួយ​លោកស្ហ៊ីនហ្សូ ​​អាបេ នៅ​ជប៉ុន​ទេ។ ប្រជាជន​កូរ៉េខាងត្បូង​ទៀតសោត​ក៏បាន​ធ្វើបាតុកម្ម​ប្រឆាំង​លោក​​ដែរ។ ​​​

​ទំនាក់ទំនង​រវាង​លោក​ត្រាំ និង​លោក​មូន ចែអ៊ីន មិនសូវជាកកក់ក្តៅ ក៏ដោយសារ​​តែ​ប្រធានាធិបតី​កូរ៉េខាងត្បូង​​ ​មូន ចែអ៊ីន​ ចង់ចរចា​ជាមួយ​មេដឹកនាំ​​កូរ៉េខាងជើង​ គឹម ជុងអ៊ុន ដើម្បី​ដោះស្រាយបញ្ហាតានតឹង​។ ដោយសារ​រឿងនេះ លោក​ត្រាំ កន្លងមក ធ្លាប់រិះគន់​លោក​មូនចែអ៊ីន។ ត្បិតថា ទស្សនកិច្ចនៅសេអ៊ូល​ពេលនេះ ពិបាក​ជាង​នៅជប៉ុន ប៉ុន្តែ លោក​ដូណាល់ ត្រាំ ​និងលោក​មូនចែអ៊ីន នៅ​តែ​ញញឹមញញែម​រកគ្នា​តាមបែបការទូត ព្រោះពួកគាត់​ដឹងច្បាស់​ថា អាមេរិក​និង​កូរ៉េខាងត្បូង​នៅតែ​ត្រូវការ​គ្នាទៅវិញទៅមក​ ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​បស់​ក្រុងព្យុងយ៉ាង។

ល្ងាចមិញ មុនមកដល់​សេអ៊ូល​ លោកដូណាល់ ត្រាំ ចេះ​ប្រើពាក្យពេចន៍​លើកសរសើរ​លោក​មូន ចែអ៊ីន មុនរួចទៅហើយ​ថា​ លោក​ត្រៀមជួបចរចា​ជាមួយ​លោក​មូន ដែល​ជា​មនុស្ស​​មានតម្លៃ។ ចំណែក លោក​មូន ចែអ៊ីន វិញ ល្ងាចថ្ងៃចន្ទ​ម្សិលមិញ​នេះ​ ​​ក៏បាន​ប្រកាស​បន្ថែម​ទណ្ឌកម្ម​ទៅលើ​កូរ៉េខាងជើង​ដែរ វាជា​ការ​បង្ហាញ​ទៅ​អាមេរិក​​ថា កូរ៉េខាងត្បូង​​ចង់​ចរចាជាមួយ​លោក​គឹម ជុងអ៊ុន​ក៏ពិតមែន តែ​ក៏មិនបណ្តោយ​តាម​អ្វីដែល​លោក​គឹម ជុងអ៊ុន ចង់បាន​ដែរ។ ត្រង់នេះ យើងឃើញថា មេដឹកនាំ​អាមេរិក ​និង​មេដឹកនាំ​កូរ៉េខាងត្បូង សុទ្ធតែមិនចង់រិះគន់​គ្នា​ឥតប្រយោជន៍ដោយសារ​តែ​រឿង​កូរ៉េខាងជើង​តែ​មួយមុខទេ។ ​ ​​ ​

ត្បិតថា កូរ៉េខាងត្បូង​សម្រេច​បន្ថែមទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ក៏ពិតមែន ប៉ុន្តែ លោក​មូន ចែអ៊ីន ក៏មិនភ្លេច​ទាមទារ​អោយ​លោក​ដូណាល់ ត្រាំ មុននឹងប្រើអន្តរាគម​យោធា​ណាមួយ​​ប្រឆាំង​ក្រុងព្យុងយ៉ាង ត្រូវ​តែមានការ​យល់ព្រម​ជាមុនពី​កូរ៉េខាងត្បូង​ដែរ។ ប្រធានាធិបតី​កូរ៉េខាងត្បូង​បារម្ភ​ដូច្នេះ ដោយសារ​តែ​ម្សិលមិញ​នេះ លោក​ត្រាំ ​និង​​​នាយករដ្ឋមន្ត្រីជប៉ុន សុទ្ធតែ​គាំទ្រ​ពីជម្រើសគ្រប់បែបយ៉ាង ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង វាអាច​ជាជម្រើស​យោធាក៏ថាបាន បើ​យើងមើល​ចរឹតលោក​ត្រាំ ដែលតែង​តែ​​ឆេវឆាវ​នោះ។

ដោយឡែក ប្រធានាធិបតី​កូរ៉េខាងត្បូង​សង្ឃឹមថា ​ទស្សនកិច្ច​លោក​ត្រាំ នៅ​សេអ៊ូល​ពេលនេះ អាច​ជួយ​បន្ថយការបារម្ភរបស់​ជនជាតិ​កូរ៉េខាងត្បូង ដែល​ខ្លាច​មាន​សង្គ្រាម​ផ្ទុះ​នោះដែរ។ ប្រជាជន​កូរ៉េខាងត្បូង​មានការយល់ឃើញ​ផ្សេងគ្នា​ចំពោះ​លោក​ត្រាំ។ អ្នកខ្លះ​យល់ថា លោកត្រាំ មិនអាច​ដោះស្រាយ​បញ្ហាឧបទ្វីបកូរ៉េ​ទេ តែ​អ្នកខ្លះទៀតគិតថា ​លោកត្រាំ អាច​ជួយដោះស្រាយ​បាន។ ​ ​ ​

លោក​មូន ចែអ៊ីន នៅតែចង​​ចាំពីសគុណ​​របស់​អាមេរិក​ដែលបាន​ជួយជម្លៀស​ប្រជាជន​កូរ៉េ​ ក្នុង​សម័យ​សង្គ្រាម​កូរ៉េ​ទស្សវត្ស​ឆ្នាំ​១៩៥០នោះ។ ឱពុកម្តាយ​របស់​លោក​ក៏ជា​អ្នក​ដែល​បានភៀសខ្លួន​ពី​កូរ៉េខាងជើង​តាម​កប៉ាល់​អាមេរិក​មួយគ្រឿងដែរ កាលនោះ។​

តើ​លោក​ដូណាល់ ត្រាំ សង្ឃឹម​បានអ្វី​ពី​ទស្សនកិច្ច​នៅ​សេអ៊ូល ?

ដូចយើង​បានដឹង​ជាចំបង​អញ្ចឹង ប្រធានាធិបតី​អាមេរិក​​​សង្ឃឹម​ថា ទស្សនកិច្ច​នៅ​សេអ៊ូល ក៏ដូចជា​នៅ​អាស៊ី សប្តាហ៍​នេះ អាច​ជួយជំរុញ​រកបាន​ដំណោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ ​លោក​ត្រាំ បានឆ្លៀត​​សរសើរ​ចិន​រួចទៅហើយ​ថា ​តួនាទី​ចិន​មាន​ប្រយោជន៍​​ក្នុង​ការដោះស្រា​យបញ្ហា​នេះ។ ហើយ​លោក​ក៏បាន​ឆ្លៀត​បង្ហាញ​ក្តីសង្ឃឹមថា ​រុស្ស៊ី​អាច​ដើរតួនាទី​សំខាន់​និង​មានប្រយោជន៍​ដូចចិន​ដែរ។ ​លោកត្រាំ​សរសើរ​ចិន ទាំង​មិនទាន់​បានជាន់ដីចិន​ផង ដូច្នេះ ឃើញថា លោក​បា​នខំបន្ទន់សំដីសំដៅ​​ចំពោះចិន​និង​រុស្ស៊ី ដើម្បី​ជួយបន្ថយភាពតានតឹង។ ​លោកត្រាំ ដឹងច្បាស់ថា ចិន​និង​រុស្ស៊ី​សុទ្ធតែ​ផ្តល់​អាទិភាព​ដល់​ភាពអំណត់ និង​ការចរចា​ការទូត ជាជាង​ការប្រើ​កម្លាំង​យោធា ប្រឆាំង​នឹង​ក្រុងព្យុងយ៉ាង។ ពាក្យចាស់​លើកឡើង​ថា "ចូលស្ទឹងតាមបទ" បើ​លោក​ដូណាល់ ត្រាំ មិន​បង្ហាញ​ភាព​អត់ធ្មត់ ក្នុង​នយោបាយ​ទាក់ទង​នឹង​កូរ៉េខាងជើង ស្របតាម​ចិ​ននិង​រុស្ស៊ី អ្វីៗ​ក៏ពិបាក​នឹង​ដោះស្រាយ​ដែរ ហើយ​ទស្សនកិច្ចលោក​​នៅ​អាស៊ី​អាច​​បរាជ័យ​បាន។ ​​

ដោយឡែក ទស្សនកិច្ច​លោកត្រាំ ​នៅសេអ៊ូល ក៏​មានទិសដៅ​ស្វែងរក​ផលប្រយោជន៍​ទំនាក់ទំនង​​​ទ្វេភាគី​អាមេរិក-កូរ៉េខាងត្បូង​ដែរ។ ​មូលដ្ឋានយោធា ​​​​​​Camp Humphreys នៅ​​​កូរ៉េខាងត្បូង មានទាហាន​អាមេរិក​២ម៉ឺន៨ពាន់​៥រយនាក់ ​ជាមូលដ្ឋានយោធា​​សំខាន់​មួយធំ​​របស់​អាមេរិក​​​ នៅ​អាស៊ី។

កូរ៉េខាងត្បូង​ជួយ​ឧបត្ថម្ភ​មូលដ្ឋាន​អាមេរិក​ដល់​ទៅ​ជាង​៩០ភាគរយ​ឯណោះ។ ​អញ្ចឹង​អាមេរិក​​មិនអាច​មើលរំលង​កូរ៉េខាងត្បូង​ទេ។ រដ្ឋបាល​អាមេរិកបាន​​ប្រកាសថា ​ប៉ុន្មានថ្ងៃ​ខាងមុខនេះ ​​កប៉ាល់​ផ្ទុកយន្តហោះអាមេរិក​៣គ្រឿង​ដែល​បាន​ដាក់នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច នឹង​ធ្វើសមយុទ្ធ​យោធាធំមួយ ដែល​មិនធ្លាប់​មាន​ក្នុង​តំបន់។ ​​​ ​​ ​​​

អ្វីគួរកត់សម្គាល់​គឺថា ​លោក​ដូណាល់​ ត្រាំ ​​សង្ឃឹម​រក​បាន​កិច្ចព្រមព្រៀង​ជាមួយ​​កូរ៉េខាងត្បូង ទាក់ទង​នឹង​ការទិញសព្វាវុធ​យោធា​អាមេរិក។ ថ្ងៃនេះ លោកដូចជា​​បាន​សម្រេច​បំណង​ហើយ ដោយបានប្រកាស​ថា ​កូរ៉េខាងត្បូង​នឹង​ទិញ​អាវុធ​តម្លៃ​រាប់ពាន់លាន​ដុល្លារ​ពី​អាមេរិក ដើម្បី​ប្រឈម​នឹង​ការគំរាម​កំហែង​ពី​កូរ៉េខាងជើង។ ​ដូច​គេធ្លាប់​ដឹងជាទូទៅ​អញ្ចឹង អាមេរិក​មិនភ្លេច​គិតគូររឿងរកស៊ី​នៅគ្រប់​ទិសទីទេ រឹតតែ​មិនភ្លេច​​ពី​ការលក់អាវុធ​យោធា​ទៅបរទេស​ទៅទៀត​ ដើម្បី​យក​ថវិកា​ទៅដោះស្រាយ​ឱនភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក។


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ផែនការ​​មហា​​សម្ងាត់​យោធា​កូរ៉េខាងត្បូងត្រូវ​​កូរ៉េខាង​ជើង​លួច​បាន

    ស្វែងយល់បន្ថែម

  • កូរ៉េ​​ខាង​​ជើង​-អាមរិក-កូរ៉េខាងត្បូង​​​

    សេអ៊ូល​នឹង​មិន​អភិវឌ្ឈ​អាវុធ​នុយក្លេអ៊ែរ​ទេ

    ស្វែងយល់បន្ថែម

  • អាមេរិក​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាងជើង​ថ្មី​ថែមទៀត តែគ្មាន​បំណង​ធ្វើ​សង្គ្រាម​ទេ

    ស្វែងយល់បន្ថែម

  • កូរ៉េ​​ខាង​​ជើង​-អាមរិក-កូរ៉េខាងត្បូង​​​

    សេអ៊ូល​​និង​​វ៉ាស៊ីនតោន​បើក​​​សមយុទ្ធ​​​រួម​គ្នា​​នៅ​​​ឧបទ្វីប​​កូរ៉េ​​ចាប់ពី​​ថ្ងៃ​​ចន្ទ​​នេះ​​រហូត​ដល់​​ថ្ងៃ​​សុក្រ​​ខាងមុខ​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ