អានតួអត្ថបទ
ប៉ាពូអាស៊ី នូវែលហ្គីណេ

នៅប៉ាពូអាស៊ី នូវែលហ្គីណេ តុលាការ​បែរខ្នងដាក់​​ជនភៀសខ្លួន

តុលាការ​កំពូល​របស់​ប្រទេស​ប៉ាពូអាស៊ី នូវែលហ្គីណេ នៅ​ថ្ងៃ​អង្គារ​នេះ​បាន​បដិសេធ មិនទទួល​យក ការសុំ​ទាមទារ​របស់​ជនភៀសខ្លួន ដែល​កំពុង​ជាប់​ក្នុង​ជំរំភៀសខ្លួន នៅ​លើ​កោះ​ម៉ានុស។ ជនភៀសខ្លួន ប្រមាណ ៦០០​នាក់ ដែល​បដិសេធ មិន​ចាកចេញ ពី​ជំរំភៀសខ្លួន​របស់​អូស្ត្រាលី លើកោះ ម៉ានុស បានដាក់​ពាក្យ​បណ្តឹង ទៅ​តុលាការ ប៉ាពូអាស៊ី នូវែលហ្គីណេ ដើម្បី​សុំ​ឲ្យ​មាន​ការផ្តល់​ទឹក ភ្លើង និង​អាហារ​ ដល់​ពួកគេ ឡើងវិញ។

ជនភៀសខ្លួន​ដែល​នៅ​ក្រាញ​មិន​ព្រមចាកចេញ ទោះ​អូស្ត្រាលី​ប្រកាស​​កាត់ផ្តាច់ ទឹកភ្លើង​តាំង​ពី​ថ្ងៃទី ៣១​តុលា​ក្តី
ជនភៀសខ្លួន​ដែល​នៅ​ក្រាញ​មិន​ព្រមចាកចេញ ទោះ​អូស្ត្រាលី​ប្រកាស​​កាត់ផ្តាច់ ទឹកភ្លើង​តាំង​ពី​ថ្ងៃទី ៣១​តុលា​ក្តី ©Social Media/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

មួយសប្តាហ៍​មកហើយ ដែល​ជនភៀសខ្លួន នៅលើ​កោះ​ម៉ានុស បាន​រស់នៅ​ដោយ គ្មានទឹក ភ្លើង និង​អាហារ។ នៅ​ថ្ងៃទី​៣១ តុលា កន្លងទៅ រដ្ឋាភិបាល​អូស្រា្តលី ដែល​គ្រប់គ្រង​លើ​ជំរំជនភៀសខ្លួន នៅ​លើ​កោះ ម៉ានុស បាន​ដក​ទាំងស្រុង បុគ្គលិក និង​បិទបញ្ចប់​សកម្មភាព​របស់ខ្លួន នៅក្នុង​ជំរំជនភៀសខ្លួន ទៅតាម​ការបញ្ជារ​របស់​តុលាការ​ប៉ាពូអាស៊ី នូវែលហ្គីណេ ដែល​បាន​ចាត់ទុក ការចាប់ឃុំ ជនភៀសខ្លួន ថា ជា​សកម្មភាព​ប្រឆាំង ខុស​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​ប៉ាពូអាស៊ី នូវែលហ្គីណេ។

តុលាការ​កំពូល​របស់​ប៉ាពូអាស៊ី នូវែលហ្គីណេ ដដែល នៅថ្ងៃ​នេះ បាន​បដិសេធ មិន​ឆ្លើយតប​ទៅ​នឹង​ការទាមទារ​របស់​ជនភៀសខ្លួន ចំនួន ៦០០​នាក់ ដែល​នៅ​ក្រាញ មិនព្រម​ចាកចេញ​ពី​មណ្ឌលឃុំខ្លួន របស់​អូស្ត្រាលី។ នៅក្នុង​ការសម្រេច​របស់ខ្លួន ចៅក្រម​របស់​តុលាការ​កំពូល​បាន​លើកឡើងថា ជនភៀសខ្លួន គ្មាន​អំណះអំណាង​គ្រប់គ្រាន់ ដើម្បី​បញ្ជាក់​ពី​មូលហេតុ ដែល​គេ​មិន​ព្រម​ចាកចេញ​ពី​ជំរំ។ អាច​និយាយ​បានថា ទឹកភ្លើង និង​អាហារ មិនអាច​ត្រូវ​ផ្តល់ ទៅ​អ្នករស់នៅ​ក្នុង​ជំរំ ដែល​តាមពិត ត្រូវ​បង្កើតឡើង ដោយ​ខុស​នឹង​ច្បាប់​របស់​ប៉ាពូអាស៊ី នូវែលហ្គីណេ​នោះ។

មេធាវី​របស់​ជនភៀសខ្លួន ឈ្មោះ Boochani បាននិយាយ​ថា គេ​នឹង​ធ្វើ​បណ្តឹងឧទ្ធរណ៍​បន្តទៀត។ Boochani ដែល​និយាយ​ក្នុង​នាម​របស់​ជនភៀសខ្លួន មក​ពី អ៊ីរ៉ាក់ អ៊ីរ៉ង់ សូម៉ាលី អាហ្វានីស្ថាន ឬ​វៀតណាម បាន​ចាត់ទុក​ការសម្រេច​របស់​តុលាការ​ប៉ាពូអាស៊ី នូវែលហ្គីណេថា ជា​ការបំភ្លេច​ចោល ជីវិត មនុស្ស និង​ថា គ្មាន​ទេ យុត្តិធម៌​សម្រាប់​ពួកគេ។ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​Amnesty International​បាន​ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​ថា ជាការធ្វើ​ឲ្យ​អន្តរាយ​ដល់​ជីវិត​មនុស្ស។

ទៅ​តាម​ការសម្រេច​របស់​តុលាការ ដែល​ទាមទារ​ឲ្យ​បិទ​មណ្ឌល​ឃុំខ្លួន​របស់​អូស្ត្រាលី នៅ​លើ​កោះ ម៉ានុស ជនភៀសខ្លួន​ត្រូវ​គេ​បែងចែក យក​ទៅ​ដាក់ នៅ​កន្លែង​រស់នៅ​ផ្សេងទៀត នៅ​លើ​កោះ ម៉ានុស និង​នៅ​លើ​កោះ ណូរុ។ ប៉ុន្តែ ជនភៀសខ្លួន បាន​បដិសេធ មិនព្រម​ចាចេញ ពី​ជំរំ​នៅ​ម៉ានុស ដោយសារ​តែ​ខ្លាច​បារម្ភ​ពី​ការវាយប្រហារ ស្អប់​ឈ្នានិស្ត របស់​ប្រជាជន​ក្នុង​ស្រុក នៅ​ប៉ាពូអាស៊ី នូវែលហ្គីណេ។ អនាធិបតេយ្យ និង​អស្ថិរភាព​របស់​ជនភៀសខ្លួន នៅលើ​កោះ ម៉ានុស ជា​លទ្ធផល​នៃ​នយោបាយ​រើសអើង ប្រឆាំង​ជនអន្តោប្រវេសន៍​របស់​រដ្ឋាភិបាល​អូស្រា្តលី ដែល​បានអនុវត្ត​នយោបាយ​បង្កើត​ជំរំ នៅក្នុង​ទឹកដី​បរទេស សម្រាប់​ដាក់ឃុំ ឃាត់ទុក រាល់ជនភៀសខ្លួន ដែល​ធ្វើដំណើរ​តាមទូក សំដៅ​ទឹកដី​អូស្ត្រាលី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ