ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT
អាស៊ី

នៅ​ថៃ ដើម្បី​ទិញ​កាតទូរស័ព្ទ​ដៃ គេ​ត្រូវ​បន្សល់​ទុក​​ស្នាម​ម្រាមដៃ

media  
ស្លាក​សញ្ញា​ផ្សាយ​ពាណិជ្ជកម្ម​លក់​កាតទូរស័ព្ទ​ដៃ ដែល​គេ​ឃើញ​មាន​នៅខេត្ត​ភាគខាងត្បូងប្រទេស​ថៃ នៅ​ឆ្នាំ ២០០៦​ ©AFP PHOTO/ MADAREE TOHLALA

អាជ្ញាធរ​ថៃ នៅ​ថ្ងៃ​អង្គារ​នេះ បាន​ប្រកាស​ពី​វិធានការ​ចុះស្នាម​ម្រាមដៃ ឬ​ការថត​មុខ​របស់​អតិថិជន ដែល​ចង់​ទិញ​កាតទូរស័ព្ទ​ប្រើប្រាស់​ក្នុង​ទឹកដី​ថៃ។ តាមការប្រកាស​ជា​ផ្លូវការ វិធានការ​នេះ​ធ្វើឡើង​ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​លួចបន្លំ តាមរយៈ​ការប្រើ​ទូរស័ព្ទ​ដៃ។ ប៉ុន្តែ ប្រព័ន្ធ​ចុះ​ឈ្មោះ​បែបថ្មី​នេះ បាន​បង្ក​ឲ្យ​មាន​ការរិះគន់​រួចហើយ​ក្នុង​ចំណោម​អ្នកប្រើ​អ៊ីនធ័រនែត ដែល​កំពុង​បារម្ភ​ពី​ការត្រួតពិនិត្យ​រឹតបន្តឹង របស់​របបសឹក​ថៃ ទៅលើ​សេរីភាព​បញ្ចេញមតិ ក្នុង​ប្រទេស​ថៃ។

ចាប់ពី​ថ្ងៃទី ១៥​ធ្នូ ខែក្រោយ រាល់អ្នកដែល​ទិញ​ទូរស័ព្ទ​ដៃ​នៅប្រទេស​ថៃ ត្រូវ​បន្សល់ទុក ស្នាមម្រាមដៃ ឬ​រូបថត​មុខមាត់ ដើម្បី​ឲ្យ​អាជ្ញាធរ​ថៃ អាច​ស្គាល់​ពី​អត្តសញ្ញាណ​របស់​អ្នកទិញ ប្រើប្រាស់ ទូរស័ព្ទ ក្នុង​ប្រទេស។ នេះ​បើតាម​ការប្រកាស​របស់​អគ្គលេខាធិការ​នៃ​គណៈកម្មការ​ជាតិ ទូរគមនាគមន៍​ថៃ លោក តាកន តានតាស៊ីដ។

តាម​ការប្រកាស​ជាផ្លូវការ ការតម្រូវ​ឲ្យ​អតិថិជន ​ចុះ​ស្នាម​ក្រយៅដៃ ឬ​រូបថត​មុខ គឺ​ដើម្បី ធានា​សុវត្ថិភាព ការចាយវាយ តាមរយៈ​ទូរស័ព្ទ​ដៃ ដែល កាន់តែ​​រីកដុះដាល ខ្លាំង​ក្នុង​ប្រទេស​ថៃ។ វិធានការ​ថ្មីនេះ មាន​ទិសដៅ​បង្កើន​ជំនឿ​ទុកចិត្ត ទៅ​លើ​សេវា​ចាយប្រាក់​តាម​អ៊ីនធ័រនែត របស់​ធនាគារ។ សម្រាប់​អគ្គលេខាធិការ​គណៈកម្មការ​ជាតិ​ទូរគមនាគមន៍​ថៃ មនុស្ស​មួយ​ចំនួន​បាន​បន្លំ ចុះឈ្មោះ​ក្លែងក្លាយ នៅក្នុង​ពេល​ទិញ​កាត​ទូរស័ព្ទ។ ដូច្នេះ នៅពេល​មាន​បញ្ហា​កើតឡើង គេ​មិនអាច​រកមុខ កំណត់​អត្តសញ្ញាណ​របស់​ជនខិលខូច​បាន​នោះទេ

ប្រព័ន្ធ​សំគាល់​អត្តសញ្ញាណ​របស់​អ្នកទិញ​កាតទូរស័ព្ទ ត្រូវ​បាន​គេ​អនុវត្ត ធ្វើ​រួចហើយ នៅ​ប្រទេស​បង់ក្លាដែស អារ៉ាប៊ី សាអូឌីត ឬ​នៅ ប៉ាគីស្ថាន ជាដើម ប៉ុន្តែ គ្មាន​ទេ នៅក្នុង​ប្រទេស​ចិន។ ទៅតាម​ការរៀបចំ​ថ្មី​របស់​អាជ្ញាធរ​ថៃ ប្រជាជន​ក្នុង​ស្រុក មាន​ជម្រើស​ពីរ។ គេ​អាច​បន្សល់​ស្នាម​ម្រាមដៃ ឬ​ឲ្យ​គេថតមុខ ដែល​អាច​គេ​នឹង​អាច​យក​ទៅ​ផ្ទៀងផ្ទាត់​បន្តទៀត ជាមួយ​អត្តសញ្ញាណប័ណ្ណ​សំគាល់​ខ្លួន​របស់​ពួកគេ។ ការថតមុខ​នេះ​អនុវត្ត​ផងដែរ ទៅលើ​អ្នកទេសចរ​បរទេស ដែល​ប្រាថ្នា ចង់​ទិញ កាតទូរស័ព្ទ នៅ​ប្រទេស​ថៃ។

នៅ​ខែ​មិថុនា រដ្ឋាភិបាល​ថៃ​បាន​ប្រកាស ចង់​រៀបចំ ឡើងវិញ ទីផ្សារ​កាតទូរស័ព្ទ​ដៃ បន្ទាប់​ពី​ប៉ូលិសថៃ បាន​ចាប់ខ្លួន ជនជាតិ​ចិន បីរូប ដែល​អាច​មាន​សមត្ថភាព​ទិញ កាត​ទូរស័ព្ទ ដៃ ដល់​ទៅ​៤​សែន កាត។ ជនជាតិ​ចិន​ទាំងនោះ បាន​សារភាព​ប្រាប់ប៉ូលិស​ថា ពួកគេ​ប្រើ​កាតទូរស័ព្ទ​ផ្សេងៗ​គ្នា ដើម្បី​ចុច​លើ​អក្សរ​ចូលចិត្ត Like របស់​ផលិតផល​ក្រុមហ៊ុន​នៅ​ប្រទេស​ចិន។ ក្រៅតែ​ពី​ចង់​បោសសម្អាត​បណ្តាញ ទុច្ចរិត វិធានការ​ចុះឈ្មោះ អត្តសញ្ញាណ របស់​អ្នកទិញ​កាតទូរស័ព្ទដៃ នឹង​អាច​ជួយ​ទប់ស្កាត់​ផងដែរ អំពើ​ភេរវកម្ម នៅ​ភាគខាងត្បូង​ប្រទេស​ថៃ។ រហូត​មក ក្រុមឧទ្ទាម អ៊ីស្លាម​ឧស្សាហ៍​ប្រើ​ទូរស័ព្ទដៃ ជាមធ្យោបាយ សម្រាប់​បំផ្ទុះគ្រាប់បែក សំដៅ មន្រ្តី​ទាហាន និង​ប៉ូលិស​ថៃ នៅភាគខាងត្បូង​ប្រទេស​ថៃ។

យ៉ាងណាក៏ដោយ សម្រាប់​អ្នកប្រើប្រាស់​អ៊ីនធ័រនែត​នៅ​ប្រទេស​ថៃ ការតម្រូវ​ឲ្យ​ចុះស្នាមក្រយៅដៃ​អាច​ជា​វិធានការ​ក្តៅ​មួយទៀត របស់​របបសឹក ដែល​កំពុង​បើក​យុទ្ធនាការ​រឹតបន្តឹង គ្រប់គ្រង សេរីភាព​បញ្ចេញ​មតិ នៅក្រោយ ធ្វើ​រដ្ឋប្រហារ ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល ថៃ នៅ​ឆ្នាំ ២០១៤៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ