ទីក្រុងញូដែលីដ៏ធំរបស់ឥណ្ឌាប្រឈមមុខនឹងផ្សែងអ័ព្ទពុលដ៏ខ្លាំងក្លា
ទីក្រុងញូដែលី ដ៏ធំ របស់ប្រទេសឥណ្ឌា កំពុងប្រឈមមុខនឹងការបំពុលបរិយាកាសយ៉ាងខ្លាំងក្លា តាំងតែពីម្សិលមិញរហូតមកថ្ងៃពុធនេះទៀត និងជំរុញឲ្យអាជ្ញាធរក្នុងទីក្រុង សម្រេចចិត្ត បិទទ្វារសាលាបឋមសិក្សា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៨
ទីក្រុងញូដែលីដែលមានប្រជាជនរស់នៅជាង ២០លាននាក់ កំពុងប្រឈមមុខនឹងការបំពុលបរិយាកាសយ៉ាងខ្លាំងក្លានារយៈពេល២ថ្ងៃជាប់ៗគ្នា ដោយសារតែទីក្រុង ត្រូវគ្របដណ្តប់ទៅដោយស្រទាប់ឧស្ម័នពុលព័ណ៌ប្រផេះ។
នៅក្នុងដងផ្លូវរដ្ឋធានីឥណ្ឌានេះ ប្រជាជនអ្នកថ្មើរជើង បានខិតខំយកក្រណាត់មករុំមុខមាត់របស់ពួកគេ ដើម្បីការពារសុខភាព ប្រឈមមុខនឹងអាកាសធាតុពុលនេះ។ អាកាសធាតុពុលនេះ បានវាយលុករហូតទៅដល់រន្ធមេត្រូរថភ្លើងក្រោមដីដ៏ទំនើបរបស់ឥណ្ឌាទៀតផង។
អ្នកលក់ទឹកតែឥណ្ឌាមួយរូប បានអះអាងប្រាប់ដល់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា” កាលពីឆ្នាំ ១៩៨៤ នៅពេលដែលគាត់ធ្វើដំណើរមកដល់ទីក្រុង Delhi ទីក្រុងនេះ មានខ្យល់អាកាសបរិសុទ្ធ តែឥឡូវនេះ ចាប់តាំងពីម៉ោង៤ភ្លឺទៅ គាត់លែងមើលឃើញអ្វីទាំងអស់។ ភាពងងឺតសូន្យសុងនេះ យោងតាមសាក្ស៊ីដដែល គឺពុំមែនបណ្តាលមកពីអ័ព្ទនោះទេ តែ គឺជាផ្សែងពុលដែល នឹងធ្វើឲ្យប្រជាជននៅញូដែលី កើតជម្ងឺអ្វីមួយជាមិនខាន។
ទន្ទឹមនេះ អាជ្ញាធរក្រុង បានចេញបទបញ្ជា អោយបិទទ្វារសាលាបឋមសិក្សានៅថ្ងៃពុធនេះ ជម្រុញអោយកុមារ ញូដែលីជាង២លាននាក់ ត្រូវខកខានទៅសាលារៀននិងស្ថិត នៅក្នុងផ្ទះរបស់ពួកគេ។
ដោយសារការបំពុលបរិយាកាសខ្លាំងនៅរដូវស្លឺកឈើជ្រុះនិងនៅរដូវរងារ នៅទីក្រុងញូដែលីនេះហើយ ទើបអង្គការ OMS ឬអង្គការសុខភាពពិភពលោក បានដាក់ចំណាត់ថ្នាក់ទីក្រុងញូដែលីនៅក្នុងឆ្នាំ ២០១៤ ថាជាទីក្រុងមួយដែលបំពុលបរិយាកាសដ៏ខ្លាំងក្លាជាងគេបំផុតនៅលើលោក។
មួយវិញទៀត អាកាសធាតុត្រជាក់ខ្លាំងនិង អវត្តមាន ខ្យល់អាកាសល្អ បានបង្កអោយឧស្ម័នពុលដែលសាយភាយចេញពីរថយន្ត ឬ រោងចក្រនិង រោងចក្រអគ្គីសនី ស្រោបជាប់នៅលើដី មិនងាយរលាយរលត់បាត់ឡើយ ហើយសាធាតុពុលនេះ ក៏ជាកត្តាមួយអាចបង្កឡើងជាជម្ងឺ ដូចយ៉ាងជម្ងឺ បេះដូង និងជម្ងឺមហារីកសួតជាដើម។
មួយវិញទៀត ការបំពុលបរិយាកាសនេះ ក៏ជាបញ្ហាសុខភាពសាធារណៈដ៏ចំបងមួយសម្រាប់ ឥណ្ឌា ដែលជាប្រទេសមួយមានប្រជាជនរហូតទៅដល់ជាង ១ ពាន់លាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ