លោកដូណាល់ ត្រាំ សុំអោយប្រធានាធិបតីចិនចាត់ការរឿងកូរ៉េខាងជើងអោយឆាប់រហ័ស
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:១៤
ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិន ថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានសុំអោយលោកស៊ី ជីនពីង ដាក់សម្ពាធអោយកាន់តែធ្ងន់ទៅលើកូរ៉េខាងជើង ដែលមិនព្រមបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ។ លោកត្រាំក៏បានស្នើអោយរុស្ស៊ីបន្ថែមសម្ពាធលើក្រុងព្យុងយ៉ាងដូចគ្នាដែរ។ ក្នុងទស្សនកិច្ចនៅចិននេះដែរ រដ្ឋបាលអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួនជាមួយចិន ត្រូវនឺងទឺកប្រាក់ជាង២៥០ពាន់លានដុល្លារ។
លោកស៊ី ជីនពីង ចូលខ្លួនធ្វើជាមគ្គទ្ទេសក៍ទេសចរ ទទួលលោកដូណាល់ ត្រាំ
ទាំងដឺងហើយថា លោកដូណាល់ ត្រាំ មានចរឺតឆេវឆាវក្នុងការដោះស្រាយបញ្ហាកូរ៉េខាងជើង លោកត្រាំ ក៏ទើបតែរិះគន់ថាចិនរកស៊ីមិនត្រឹមត្រូវ កាលពីសប្តាហ៍មុននេះទៀត។ តែប្រធានាធិបតីចិន លោកស៊ី ជីនពីង បែរជាចូលខ្លួន ធ្វើជាមគ្គទ្ទេសក៍ទេសចរ នាំលោកត្រាំ និងភរិយា ដើរទស្សនារាជវាំងបុរាណចិន ទស្សនាបេតិកភណ្ឌចិនទៅវិញ។ កន្លងមក ចិនមិនដែលទទួលមេដឺកនាំបរទេសណា អធិកអធមយ៉ាងនេះទេ។
ទស្សនកិច្ចលោកដូណាល់ ត្រាំ នៅចិន ជំនួបផ្ទាល់រវាងលោកត្រាំ និងលោកស៊ី ជាអ្វីដែលគេគ្រប់គ្នា គ្រប់ទិសទីចាប់អារម្មណ៍។ ប្រធានាធិបតីចិន ស៊ី ជីនពីង ត្រូវតែបង្ហាញថា ចិននៅតែប្រកាន់ជំហរអត់ធ្មត់ បែបការទូត ចំពោះអាមេរិក។ នេះជាពេលមួយដ៏ប្រសើរដើម្បីអោយចិនបង្ហាញទៅពិភពលោក ពីចរឹតមិនឆេវឆាវរបស់ចិន ពីភាពអត់ធ្មត់ នឹងនររបស់ចិន ជាពេលបង្ហាញពីបុគ្គលិកលក្ខណៈខុសគ្នារវាងប្រធានាធិបតីប្រទេសមហាអំណាចទាំង២ ពោលគឺលោកស៊ី ជាអ្នកចេះអត់ធ្មត់ ហើយលោកត្រាំ ជាអ្នកឆេវឆាវ ទីបំផុតទៅ ក៏ត្រូវតែព្រមបន្ធូរឥរិយាបថមកវិញដែរ។ សូមបញ្ជាក់ដែរថា លោកដូណាល់ ត្រាំ និងភរិយាក៏បានទទាក់ទទួលលោកស៊ី ជីនពីង និងភរិយា កាលពីខែមេសា យ៉ាងពេញមុខពេញមាត់ នៅគេហដ្ឋានរបស់លោកនៅអាមេរិកដែរ។ ដូច្នេះ លោកស៊ី មិនអាចភ្លេចគុណសម្បត្តិនេះដែរទេ។
បញ្ហាកូរ៉េខាងជើងនិងការផ្តោះប្តូរពាណិជ្ជកម្មចិន-អាមេរិក ជាទិសដៅចំបងរបស់លោកដូណាល់ ត្រាំ
ប្រធានាធិបតីអាមេរិកក៏ចេះបត់បែនណាស់ដែរ។ លោកបានលើកសរសើរពីចិន តាំងពីមិនទាន់ទៅដល់ទឹកដីចិនម្ល៉េះ ដើម្បីរកវិធីចាត់ការកូរ៉េខាងជើង។ លោកដូណាល់ ត្រាំ ដឺងច្បាស់ថា ការដោះស្រាយបញ្ហាកូរ៉េខាងជើងមិនអាចអត់ចិនទេ ព្រោះចិនជាដៃគូពាណិជ្ជកម្មចំបងរបស់កូរ៉េខាងជើង។ ដើម្បីយកចិត្តចិន លោកដូណាល់ ត្រាំបានបន្ទន់ឥរិយាបថ បង្ហាញទៅលោកស៊ី ជីនពីង ថា លោកក៏អាចអត់ធ្មត់បានដែរ ចំពោះបញ្ហាកូរ៉េខាងជើងមួយនេះ។ ជាក់ស្តែង លោកត្រាំប្រើរហូតពាក្យថា “សន្តិភាព” គឺលោកចេះប្រើឃ្លាប្រយោគបែបយ៉ាងថា “ត្រូវតែមានសកម្មភាពនិងរួបរួមកម្លាំងគ្នា ដើម្បីទទួលបានសន្តិភាព”។ លោកថា ចិនអាចដោះស្រាយបញ្ហាកូរ៉េខាងជើងបានស្រួល និងរហ័សទៀតផង។ លោកដូណាល់ ត្រាំ យកចិត្តចិនផង តែទិសដៅគឺសុំអោយចិនកាត់ផ្តាច់ទំនាក់ទំនងហិរញ្ញវត្ថុជាមួយក្រុងព្យុងយ៉ាងតែម្តង។ ហើយលោកក៏សុំអោយរុស្ស៊ី ធ្វើដូចគ្នាដែរ គឺត្រូវតែបន្ថែមសម្ពាធលើលោកគឺម ជុងអ៊ុនអោយធ្ងន់ទៀត។
ប្រធានាធិបតីចិនវិញ បានរំលឹកថា ចិនគោរពសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិទាក់ទងទណ្ឌកម្មទៅលើកូរ៉េខាងជើង។ ដូច្នេះ អាចមានន័យថា ចិនបន្ថែមសម្ពាធលើលោកគឺម ជុងអ៊ុនបាន តែក៏មិនអាចធ្វើអ្វីអោយហួសពីសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែរ ព្រោះតែកាលណា ធ្វើទណ្ឌកម្មធ្ងន់ជ្រុល ផ្តាច់ហិរញ្ញវត្ថុទាំងស្រុងពីកូរ៉េខាងជើង វាអាចកាន់តែរឹតកសេដ្ឋកិច្ចប្រទេសមួយនេះ ហើយរឹតតែមិនអាចរកដំណោះស្រាយអ្វីបានទាំងអស់រឿងនុយក្លេអ៊ែរកូរ៉េខាងជើងនេះ។
បន្ទាប់ពីចិនទៅ ថ្ងៃសុក្រស្អែកនេះ លោកត្រាំ ត្រូវបន្តដំណើរទៅចូលរួមជំនួបកំពូលតំបន់នៅវៀតណាម រួចហើយបន្តទៅហ្វីលីពីន។ នៅវៀតណាម លោកនឹងជួបប្រធានាធិបតីរុស្ស៊ី ពូទីន ហើយក៏ច្បាស់ជានឺងនិយាយពីរឿងកូរ៉េខាងជើងមិនខានទេ។ រុស្ស៊ីក៏មានជំហរមិនខុសពីចិនដែរ កន្លងមក គឺប្រើនយោបាយបែបការទូត បែបអត់ធ្មត់ជាគោល។
ទស្សនកិច្ចរបស់លោកដូណាល់ ត្រាំ នៅចិន ក៏ដូចជានៅអាស៊ីជាទូទៅដែរ គឺមិនមែនមានទិសដៅដោះស្រាយតែរឿងកូរ៉េខាងជើងមួយមុខទេ តែក៏ដើម្បីរកផលប្រយោជន៍ពាណិជ្ជកម្ម ដើម្បីរកចំណូលអោយជាតិអាមេរិកដែរ។
ប្រាកដហើយ។ អាមេរិកកំពុងព្យាយាមប្រកួតប្រជែងជាមួយអឺរ៉ុប ដើម្បីដណ្តើមទីផ្សារនៅអាស៊ី ពិសេសនៅចិនតែម្តង។ លោកត្រាំទើបតែប្រាប់ថា សម្រេចបានទិសដៅលក់អាវុធយោធាទៅអោយកូរ៉េខាងត្បូង។ ឥឡូវនេះ នៅចិន បើចិនមិនត្រូវការអាវុធ ប្រឈមកូរ៉េខាងជើងទេ ក៏អាមេរិកអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយសេរីតែម្តង ជាមួយចិនដែរ។ ជាកិច្ចព្រមព្រៀង ជាង២៥០ពាន់លានដុល្លារ ទាក់ទងផ្នែករថយន្ត យន្តហោះ គ្រឿងអេឡិចត្រូនិករឺក៏ផលិតផលកសិកម្មចំណីអាហារជាដើម។
គេនាំគ្នាចាប់អារម្មណ៍ទៅលើកិច្ចព្រមព្រៀងតម្លៃសន្ធឺកសន្ធាប់ ដល់ទៅ៣៧ពាន់លានដុល្លារ ទាក់ទងនឹងការលក់យន្តហោះបូអ៊ីង៣០០គ្រឿងទៅអោយចិន ព្រោះវាបង្ហាញច្បាស់ថា អាមេរិកខំប្រជែងដណ្តើមទីផ្សារនៅចិន ដើម្បីយកឈ្នះលើក្រុមហ៊ុនយន្តហោះអ៊ែរប៊ុសរបស់អឺរ៉ុប។ ចិនកុម្ម៉ង់ទិញយន្តហោះបូអ៊ីងអាមេរិកតាំងពីឆ្នាំ២០១៥ម្ល៉េះ។
ខាងចិនវិញ ក៏នឺងទៅរុករកឧស្ម័នធម្មជាតិ នៅរដ្ឋអាឡាស្កា ក្នុងទឺកដីអាមេរិកដែរ។ រឿងឧស្ម័នធម្មជាតិនេះ ជួយរកការងារអោយពលរដ្ឋអាមេរិកដល់ទៅ១ម៉ឺន២ពាន់ឯណោះ។ ក្រៅពីនេះ ចិនក៏នឺងទិញសាច់គោនិងសាច់ជ្រូកពីអាមេរិក ក្នុងតម្លៃរាប់ពាន់លានដុល្លារដែរ។ និយាយរួម ទិសដៅកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងអស់នេះ គឺដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មចិន-អាមេរិក។ ដើម្បីផលប្រយោជន៍ពាណិជ្ជកម្ម លោកត្រាំ ដែលធ្លាប់តែរិះគន់ថា ចិនរកស៊ីមិនត្រឹមត្រូវ ឥឡូវ បានសម្រួលពាក្យពេចន៍មកវិញ ដោយលោកបានបន្ទោសទៅប្រធានាធិបតីអាមេរិកអាណត្តិមុនៗលោក ថាបានបណ្តែតបណ្តោយអោយការផ្តោះប្តូរជាមួយចិនធ្លាក់ក្នុងស្ថានភាពដុនដាប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ