អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​លោក​ដូណាល់ ត្រាំ​ សុំអោយ​​ប្រធានាធិបតី​ចិន​​​ចាត់ការ​​រឿង​​​​កូរ៉េខាងជើង​​អោយ​​ឆាប់​រហ័ស​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​ពេល​បំពេញទស្សនកិច្ច​នៅ​ប្រទេសចិន ថ្ងៃ​ព្រហស្បតិ៍​នេះ ​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ បាន​សុំអោយ​លោក​ស៊ី ជីនពីង ដាក់សម្ពាធ​អោយ​កាន់តែធ្ងន់​​ទៅលើ​កូរ៉េខាងជើង ដែល​មិនព្រម​បញ្ឈប់​​កម្មវិធី​នុយក្លេអ៊ែរ។ លោក​ត្រាំ​ក៏​បាន​ស្នើអោយ​រុស្ស៊ីបន្ថែម​សម្ពាធ​លើ​ក្រុងព្យុងយ៉ាង​ដូចគ្នាដែរ។ ក្នុងទស្សនកិច្ច​នៅ​ចិន​នេះដែរ រដ្ឋបាល​អាមេរិក​បានចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​មួយចំនួន​ជាមួយ​ចិន​ ត្រូវនឺង​ទឺកប្រាក់​ជាង​២៥០​ពាន់លានដុល្លារ។ ​

លោក​ដូណាល់ ត្រាំ និង​លោក​ស៊ី ជីនពីង
លោក​ដូណាល់ ត្រាំ និង​លោក​ស៊ី ជីនពីង AFP
ផ្សាយពាណិជ្ជកម្ម

លោកស៊ី ជីនពីង ចូលខ្លួន​​ធ្វើជា​មគ្គទ្ទេសក៍​​ទេសចរ ​​ទទួល​លោក​ដូណាល់ ត្រាំ

ទាំងដឺងហើយថា ​លោកដូណាល់ ​​ត្រាំ មាន​ចរឺត​ឆេវឆាវ​​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង លោក​ត្រាំ ក៏ទើបតែរិះគន់​ថា​ចិន​រកស៊ី​មិន​ត្រឹមត្រូវ​ កាលពី​សប្តាហ៍​មុន​នេះ​ទៀត។ ​តែ​ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង បែរជា​ចូល​ខ្លួន​ ធ្វើ​ជា​មគ្គទ្ទេសក៍​​ទេសចរ​ នាំលោក​ត្រាំ​ និង​ភរិយា​ ​​ដើរទស្សនារាជវាំងបុរាណ​​​ចិន​ ទស្សនា​បេតិកភណ្ឌ​ចិន​ទៅវិញ​។​ កន្លងមក ​ចិន​មិនដែល​ទទួល​មេដឺកនាំ​បរទេស​ណា អធិកអធម​យ៉ាងនេះ​ទេ។ ​​

ទស្សនកិច្ច​លោក​ដូណាល់ ត្រាំ នៅចិន ជំនួប​ផ្ទាល់​រវាង​លោក​ត្រាំ និង​លោក​ស៊ី ជា​អ្វី​ដែល​គេគ្រប់គ្នា គ្រប់ទិសទី​​ចាប់អារម្មណ៍។​ ប្រធានាធិបតី​ចិន ស៊ី ជីនពីង ​​ត្រូវតែ​បង្ហាញ​ថា ចិន​នៅតែ​ប្រកាន់​ជំហរ​អត់ធ្មត់ បែបការទូត ​ចំពោះអាមេរិក។ នេះ​ជា​ពេល​មួយ​​ដ៏ប្រសើរដើម្បី​អោយ​ចិន​​​បង្ហាញទៅ​​ពិភពលោក ពី​ចរឹត​មិន​ឆេវឆាវ​របស់​ចិន ពី​ភាព​អត់ធ្មត់ នឹងនរ​របស់​ចិន ជា​ពេល​បង្ហាញ​​ពី​បុគ្គលិក​​លក្ខណៈ​​ខុសគ្នា​រវាង​ប្រធានាធិបតី​ប្រទេស​មហាអំណាច​ទាំង២ ពោលគឺ​លោក​ស៊ី ជា​អ្នក​ចេះអត់ធ្មត់​ ហើយ​លោកត្រាំ ជាអ្នកឆេវឆាវ ទីបំផុត​ទៅ ​​ក៏ត្រូវតែព្រម​បន្ធូរ​ឥរិយាបថ​មកវិញ​ដែរ។ សូមបញ្ជាក់​ដែរថា ​លោក​ដូណាល់ ត្រាំ ​និង​ភរិយា​ក៏​បាន​​ទទាក់​ទទួល​លោក​ស៊ី ជីនពីង និងភរិយា​ កាលពីខែ​មេសា យ៉ាង​ពេញមុខ​ពេញមាត់ ​នៅ​គេហដ្ឋាន​របស់​លោក​នៅ​អាមេរិក​ដែរ​។ ដូច្នេះ លោក​ស៊ី មិនអាច​​ភ្លេច​គុណសម្បត្តិ​នេះដែរទេ។ ​

បញ្ហាកូរ៉េខាងជើង​និង​ការផ្តោះប្តូរពាណិជ្ជកម្ម​ចិន-អាមេរិក ​ជាទិសដៅ​ចំបង​របស់​លោកដូណាល់ ត្រាំ

ប្រធានាធិបតី​អាមេរិក​ក៏​ចេះ​បត់បែន​ណាស់​ដែរ។ ​​លោក​​បាន​លើកសរសើរ​ពី​ចិន​​ តាំងពី​​​​មិនទាន់​ទៅដល់​ទឹកដី​ចិន​ម្ល៉េះ ដើម្បី​រកវិធី​ចាត់ការ​កូរ៉េខាងជើង។ ​លោក​ដូណាល់ ត្រាំ ​ដឺងច្បាស់​ថា ការដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​មិនអាច​អត់ចិន​ទេ ព្រោះចិន​ជាដៃគូ​ពាណិជ្ជកម្ម​ចំបង​របស់​កូរ៉េខាងជើង។ ដើម្បី​យកចិត្ត​​ចិន លោក​​ដូណាល់ ​ត្រាំ​បាន​បន្ទន់​ឥរិយា​បថ បង្ហាញ​ទៅ​លោកស៊ី ជីនពីង​ ថា ​លោក​ក៏អាច​អត់ធ្មត់​បានដែរ ចំពោះ​បញ្ហា​កូរ៉េខាងជើង​មួយនេះ។ ​​​ជាក់ស្តែង​ ​លោក​ត្រាំ​ប្រើ​រហូត​ពាក្យថា ​“សន្តិភាព” គឺ​លោក​​​​ចេះ​ប្រើឃ្លាប្រយោគ​បែបយ៉ាង​ថា “ត្រូវតែ​មាន​សកម្មភាព​និងរួបរួម​កម្លាំង​គ្នា​ ដើម្បី​ទទួល​បាន​សន្តិភាព”។ លោក​ថា ចិន​អាច​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​បាន​ស្រួល និង​រហ័ស​ទៀតផង។ ​លោក​ដូណាល់ ត្រាំ​ យកចិត្ត​ចិន​ផង តែ​ទិសដៅ​គឺ​សុំ​អោយ​ចិន​កាត់ផ្តាច់​ទំនាក់ទំនង​ហិរញ្ញវត្ថុ​ជាមួយ​ក្រុងព្យុងយ៉ាង​តែម្តង។ ហើយ​លោក​ក៏​សុំអោយ​រុស្ស៊ី​ ធ្វើដូចគ្នា​ដែរ គឺត្រូវតែ​បន្ថែម​សម្ពាធ​លើ​លោក​គឺម ជុងអ៊ុន​អោយធ្ងន់​ទៀត។ ​

ប្រធានាធិបតី​ចិនវិញ ​បាន​រំលឹក​ថា​ ចិន​គោរព​សេចក្តីសម្រេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ​ទាក់ទង​ទណ្ឌកម្ម​ទៅលើ​កូរ៉េខាងជើង។ ដូច្នេះ អាច​មានន័យថា ចិន​​បន្ថែមសម្ពាធ​លើ​លោក​គឺម ជុងអ៊ុន​បាន តែ​ក៏មិនអាច​ធ្វើអ្វីអោយ​ហួស​ពី​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិដែរ ព្រោះ​តែ​កាលណា ធ្វើទណ្ឌកម្ម​ធ្ងន់ជ្រុល ផ្តាច់​ហិរញ្ញវត្ថុ​ទាំងស្រុង​ពី​កូរ៉េខាងជើង វា​អាច​កាន់តែ​រឹតក​សេដ្ឋកិច្ច​ប្រទេស​មួយនេះ ហើយ​រឹតតែ​មិនអាច​រកដំណោះស្រាយ​អ្វីបាន​ទាំងអស់​រឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នេះ។ ​

បន្ទាប់ពី​ចិនទៅ ថ្ងៃសុក្រ​ស្អែក​នេះ ​លោក​ត្រាំ ត្រូវបន្ត​ដំណើរ​ទៅចូលរួម​ជំនួប​កំពូល​តំបន់​នៅ​​វៀតណាម រួចហើយបន្ត​ទៅ​​ហ្វីលីពីន។ នៅ​វៀតណាម លោក​នឹង​ជួបប្រធានាធិបតី​រុស្ស៊ី ពូទីន ហើយ​ក៏​ច្បាស់​ជា​នឺងនិយាយ​ពី​រឿង​កូរ៉េខាងជើង​មិនខាន​ទេ។ រុស្ស៊ី​ក៏​មានជំហរ​មិនខុសពី​ចិនដែរ កន្លងមក គឺ​ប្រើ​នយោបាយ​​បែប​ការទូត បែប​​អត់ធ្មត់​ជាគោល។ ​

ទស្សនកិច្ច​របស់​លោក​ដូណាល់ ត្រាំ នៅ​ចិន ក៏​ដូចជា​នៅ​អាស៊ី​ជាទូទៅ​ដែរ គឺ​មិនមែន​មាន​ទិសដៅ​ដោះស្រាយ​តែ​​​រឿង​កូរ៉េខាងជើង​មួយមុខ​ទេ​ តែ​ក៏​ដើម្បី​រកផលប្រយោជន៍ពាណិជ្ជកម្ម​​ ដើម្បី​រកចំណូល​អោយ​ជាតិ​អាមេរិក​​​ដែរ។ ​​

ប្រាកដ​ហើយ។ ​អាមេរិក​​កំពុង​ព្យាយាម​ប្រកួតប្រជែង​ជាមួយ​អឺរ៉ុប ដើម្បី​​ដណ្តើម​ទីផ្សារ​នៅ​អាស៊ី ពិសេស​នៅចិនតែម្តង។ លោក​ត្រាំ​​ទើបតែប្រាប់ថា ​សម្រេច​បាន​ទិសដៅ​លក់​អាវុធ​យោធា​ទៅអោយ​កូរ៉េខាងត្បូង។ ឥឡូវនេះ នៅចិន​ បើ​ចិន​មិនត្រូវការ​អាវុធ​​ ប្រឈម​កូរ៉េខាងជើង​ទេ ក៏​អាមេរិក​អាច​​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​សេរី​តែម្តង​ ជាមួយ​ចិន​ដែរ។ ជាកិច្ចព្រមព្រៀង​ ជាង​២៥០ពាន់លាន​ដុល្លារ ​ទាក់ទង​ផ្នែក​រថយន្ត ​យន្តហោះ ​គ្រឿង​អេឡិចត្រូនិក​រឺ​ក៏​ផលិតផល​កសិកម្ម​ចំណីអាហារ​ជាដើម។

គេនាំគ្នា​ចាប់អារម្មណ៍​ទៅ​លើ​កិច្ចព្រមព្រៀង​​តម្លៃ​សន្ធឺកសន្ធាប់​ ដល់​ទៅ​​៣៧ពាន់លានដុល្លារ ទាក់ទង​នឹង​ការ​លក់យន្តហោះ​បូអ៊ីង​​៣០០គ្រឿង​ទៅអោយ​ចិន ព្រោះ​វា​បង្ហាញ​ច្បាស់ថា អាមេរិក​ខំ​ប្រជែងដណ្តើម​ទីផ្សារ​នៅចិន ​ដើម្បី​យកឈ្នះ​លើ​​​ក្រុមហ៊ុន​យន្តហោះ​អ៊ែរប៊ុស​របស់​​អឺរ៉ុប។​ ចិន​កុម្ម៉ង់ទិញ​យន្តហោះ​បូអ៊ីងអាមេរិក​តាំងពី​ឆ្នាំ២០១៥​ម្ល៉េះ។

ខាង​ចិន​វិញ ក៏​នឺង​ទៅរុករក​ឧស្ម័នធម្មជាតិ​ នៅ​រដ្ឋ​អាឡាស្កា ក្នុង​ទឺកដី​អាមេរិ​ក​ដែរ។ រឿង​ឧស្ម័នធម្មជាតិ​នេះ ​ជួយ​រក​ការងារ​អោយ​ពលរដ្ឋ​អាមេរិ​កដល់ទៅ​១ម៉ឺន២ពាន់​ឯណោះ។ ​​ក្រៅពីនេះ ចិន​ក៏នឺង​​ទិញ​សាច់គោ​និងសាច់ជ្រូក​ពី​អាមេរិក​ ក្នុង​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ដែរ។ និយាយ​រួម ទិសដៅ​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​ទាំងអស់​នេះ គឺ​ដើម្បី​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ចិន-អាមេរិក។​ ដើម្បី​ផលប្រយោជន៍​ពាណិជ្ជកម្ម លោក​ត្រាំ ដែល​ធ្លាប់​​តែ​រិះគន់​ថា​ ចិន​រកស៊ី​មិនត្រឹមត្រូវ ឥឡូវ ​បាន​សម្រួលពាក្យពេចន៍​មកវិញ​ ដោយ​លោក​បាន​បន្ទោស​ទៅ​ប្រធានាធិបតី​អាមេរិក​អាណត្តិ​មុនៗលោក​ ថាបាន​​បណ្តែតបណ្តោយ​​អោយ​​ការផ្តោះប្តូរ​ជាមួយ​ចិន​ធ្លាក់​ក្នុង​ស្ថានភាពដុនដាប៕ ​​ ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ