អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកត្រាំ​ទៅ​ហ្វីលីពីន ដោយ​ចៀស​មិន​លើក​ពី​បញ្ហា​សិទ្ធិមនុស្ស

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ដូណាល់ ត្រាំ បាន​បន្ត​ដំណើរនៅ​រសៀល​ថ្ងៃអាទិត្យ​នេះ ​ទៅ​ដល់​ប្រទេស​ហ្វីលីពីន ​ដែលដំណាក់កាល​ចុងក្រោយនៃ​​ទស្សនកិច្ច​មួយ​ជុំ​នៅ​អាស៊ី​របស់​លោក។ លោកប្រធានាធិបតី​អាមេរិក​ត្រូវ​ស្ថិត​នៅក្នុង​ក្រុង​ម៉ានីល រហូតដល់​ថ្ងៃអង្គារ​ដើម្បី​ចូល​រួម​ជា​កិត្តិយស​ក្នុង​ជំនួប​កំពូល​អាស៊ាន​។ នៅ​ថ្ងៃ​ចន្ទ​ស្អែក​លោក​ត្រាំ ត្រូវ​ទទួល​ជួប​មួយ​ទល់​នឹង​មួយ​ដោយ​ប្រធានាធិបតី​ហ្វីលីពីន​ លោក ឌុយទែរតេ។ ជា​ជំនួប​ផ្លូវការ​ដែល​គេ​រង់ចាំ​មើល​បំផុត​ ព្រោះ​មេ​ដឹកនាំ​ទាំង​ពីរ មាន​អត្តចរិក​ប្រហាក់​ប្រហែល​គ្នា​ និង​ជា​អ្នក​ប្រជាភិថុត​បែប​ថ្មី​ដូចគ្នា។

បាតុកម្ម​ស្វាគមន៍​ដំណើរ​មក​ដល់​ហ្វីលីពីន​របស់​លោកដូណាល់ ​ត្រាំ
បាតុកម្ម​ស្វាគមន៍​ដំណើរ​មក​ដល់​ហ្វីលីពីន​របស់​លោកដូណាល់ ​ត្រាំ REUTERS/Romeo Ranoco
ផ្សាយពាណិជ្ជកម្ម

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​បាន​ជំរុញ​ឱ្យ​លោក​ត្រាំ ​ឱ្យ​សហរដ្ឋ​អាមេរិក​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ជា​មហាអំណាច និង​ពេល​កំពុង​បង្ហាញ​វត្តមាន​ផ្ទាល់​លើ​ទឹក​ដី​ហ្វីលីពីន ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​ម៉ានីល ឱ្យ​បង្ហាញ​តុល្យការ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស និង​លាត​ត្រដាង​​ឱ្យ​បាន​ច្បាស់​លាស់​អំពី យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​រាប់ពាន់​នាក់។

ប៉ុន្តែ រឿង​សិទ្ធិមនុស្ស និង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ ដែល​ជា​ប្រធានបទ​ដ៏​រសើប​បំផុត​របស់​ហ្វីលីពីន ទំនង​ជា​នឹង​មិន​ត្រូវ​បាន​លើក​មក​ជជែក​នៅ​ក្នុង​ជំនួប​រវាង​លោកត្រាំ និង​លោក ឌុយទែរតេ នៅ​ថ្ងៃស្អែកនេះ​ទេ ! នេះ​បើ​គេ​ជឿ​លើ​សាសាន៍​របស់​​លោក​ឌុយទែរតេ ដែល​បាន​ប្រកាស​​ផ្ទាល់មាត់​លោក​​តែ​ម្តង​។

​លោក​ឌុយទែរតេ​ មិនត្រូវ​ការ​និយាយ​អំពី​សិទ្ធិមនុស្ស

ត្រលប់​មក​ពី​វៀតណាម ទី​ដែល​លោក​ឌុយទែរតេ ឆ្លៀត​បាន​ជួប​លោក​ត្រាំ​មួយ​ភ្លែត ដំបូង កាលពី​ថ្ងៃសៅរ៍​ម្សិលមិញនោះ លោកប្រធានាធិបតី​ហ្វីលីពីន បាន​អះអាង​ប្រាប់​អ្នក​សារព័ត៌មាន ប្រកប​ដោយ​ភាព​ជឿជាក់​​ថា លោកត្រាំ​​នឹង​មិន​លើក​បញ្ហា​សិទ្ធិមនុស្ស​មក​ជជែក​សួរ​លោកទេ ! ផ្ទុយ​ទៅវិញ​លោក​ត្រាំ​មាន​តែ​បាន​លើក​ទឹក​ចិត្ត​ សរសើរ​អំពី​ចំណាត់​ការ​ល្អ​​របស់​រដ្ឋាភិបាល​ហ្វីលីពីន ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ការ​ជួញដូរគ្រឿងញៀន ព្រមទាំង​​ប្រតិបត្តិការ​យោធា​កម្ចាត់​ពួក​ជីហាត​ស្និទ្ធ​នឹងអង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ភាគ​ខាង​ត្បូប​ប្រទេសហ្វីលីពីន។

នៅ​ក្នុង​ជំនួប​កំពូលAPEC នៅ​ដាណាង​ម្សិលមិញ​នេះ លោក ឌុយទែរតេ បាន​ត្រលប់​ជាថ្មី​មក​និយាយ​អួត​អាង​អំពី​ទង្វើ​របស់​លោក​កាលពី​នៅ​ជំទង់​ ដាល់​គេ​រហូត​ស្លាប់​ម្នាក់។ តែ​លោកត្រាំ​ ដែល​មាន​វត្តមាន​ដែរ​នោះ មិន​បានធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់។ លោក​ត្រាំ​ស្ងាត់​តែ​រហូត​មក​ សូម្បី​តែ​នៅ​ពេល​ហ្វីលីពីន គំរាមហាមឃាត់​មិន​ឱ្យ​តំណាង​សភាអាមេរិក​ចូល​ជាន់​ទឹក​ដី​ហ្វីលីពីន ព្រោះ​អ្នក​ទាំង​នោះ​បាន​រិះគន់​នយោបាយ​ប្រឆាំង​គ្រឿង​ញៀន​របស់​ហ្វីលីពីន ក៏​លោក​ត្រាំ​មិន​រង្គើ​ចេញសកម្មភាព​អ្វី​ដែរ។

សង្គ្រាម​គ្រឿង​ញៀន ​របស់​លោក​ឌុយទែរតេ ​បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​អាមេរិក​-ហ្វីលីពីន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ក្នុង​សម័យ​លោក​អូបាម៉ា និងទើប​បាន​ប្រសើរ​ឡើង​វិញ​បន្តិច​នៅ​ពេលលោក​ត្រាំ ឡើង​កាន់​អំណាច និង​បាន​​​បង្ហាញ​ជំហរ​ស្វាគមន៍​លោក​ឌុយទែរតេ​ម្តង​កាលពី​ខែ​មេសា ថា​ហ្វីលីពីនធ្វើការ​ល្អ​ក្នុង​ប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀន។

លោក​ត្រាំ​ក៏​ស្ងាត់ ប្រមុខ​រដ្ឋ-​រដ្ឋាភិបាល​នៃ​ប្រទេស​ក្នុង​តំបន់អាស៊ាន​​ដែល​ត្រូវ​មក​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​ម៉ានីល ក៏​ស្ងាត់​។ គ្រប់​គ្នា​ហាក់​នាំ​គ្នា​នៅ​​ស្ងៀម​ បិទ​ភ្នែក​​ធ្វើ​មិន​ដឹង​មិនឮ​រឿង​បញ្ហា​សិទ្ធិមនុស្សនៅ​ហ្វីលីពីននេះ។ នេះ​ជា​សម្រែក​សោកស្តាយ​​សមាគម​និង​អង្គការ​ការពារ​សិទ្ធិមនុស្ស។

​សមុទ្ទ​ចិន​ខាង​ត្បូង

ផ្ទុយ​ទៅ​វិញ បញ្ហា​សមុទ្ទ​ខាងត្បូង​ ជា​ចំណោទ​​ផ្សេង។ លោកត្រាំ​ប្រហែល​ជា​មិន​​រំលងប្រធានបទ​នេះ​ជាមួយ​នឹង​ហ្វីលីពីន​​ទេ ! នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​វៀតណាម នៅ​ទីក្រុង​ហាណូយ លោក ត្រាំ បាន​ស្នើ​​​ខ្លួន​ធ្វើ​ជា​អន្តរការី​ ក្នុង​ជម្លោះដណ្តើមបូរណភាព​ដែនដី​សមុទ្ទចិន​ខាង​ត្បូង​ ​រវាង​ចិន​និង​វៀតណាម​។ តើ​អាមេរិក​គិត​យ៉ាង​ណា​ទៅ​វិញ​ជាមួយ​ហ្វីលីពីន​របស់​លោក​ឌុយទែរតេ ដែល​​​ខំងាក​ទៅ​ស្រវា​អោប​​​ចិនដើម្បី​បាន​ជំនួយ​វិនិយោគ​ ដោយ​សុខចិត្ត​លែង​ប្រឈម​នឹង​វិបត្តិ​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង។ ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​នេះ លោក ឌុយទែរតេ ហាក់​ដូច​ជា​ដក​ខ្លួនឱ្យ​ឃ្លាត​​បន្តិច​វិញ ពី​ “មហាមិត្ត” ស៊ីជីនពីង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ