អានតួអត្ថបទ

ឥណ្ឌា បន្ត​រង​ផ្សែង​ពុល​បរិយាកាស​ធ្ងន់ធ្ងរ​ខ្លាំង យូរ​ថ្ងៃ​ទៀត

​​ក្រុង​ញូវដែលី​ និង​ភាគខាង​ជើង​ប្រទេសឥតណ្ឌា​ កំពុង​បន្ត​រង​​ផ្សែង​ពុល​ក្នុង​បរិយាកាស​ដ៏ធ្ងន់ធ្ងរទៀត​នៅ​ថ្ងៃ​អាទិត្យ​នេះ។ អាជ្ញាធរ​ឥណ្ឌា មិន​សង្ឃឹមថា​ស្ថានភាព​បរិយាកាស​នឹង​បាន​ធូរ​ស្រាល​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ​ ព្រោះ​ម្យ៉ាង​រដូវ​ត្រជាក់​កាន់​តែ​ខិត​ជិត​មក​ដល់​ផង ហើយវិធានការ​ទប់​ស្កាត់​ត្រូវ​បាន​រារាំង​ដោយ​តុលាការ​ទៀត។

ស្ត្រី​អ្នក​បោសសម្អាត​ផ្លុវ​ ​ដែល​​គ្របដណ្តប់​ដោយ​ផ្សែងពុលខ្លាំង
ស្ត្រី​អ្នក​បោសសម្អាត​ផ្លុវ​ ​ដែល​​គ្របដណ្តប់​ដោយ​ផ្សែងពុលខ្លាំង © Reuters
ផ្សាយពាណិជ្ជកម្ម

កំរិត​ធាតុ​ល្អិត​ឆ្មារៗ PM2.5 បាន​ឡើង​ដល់​ទៅ​ ១០០០​មីក្រូក្រាម​មួយ​ម៉ែត្រ​គូប​ខ្សល់​កាលពី​ថ្ងៃពុធ និង​បាន​ចុះ​បន្តិច​មក​ត្រឹម ៦៧៦មីក្រូក្រាម​ក្នុង​មួយ​ម៉ែត្រ​គូប នៅ​ថ្ងៃអាទិត្យ​ ពោល​គឺច្រើន​ជាង​កំរិត​អតិបរិមា ​កំណត់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ ដល់​ទៅ​២៧​ដង។ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​ស្ថានទូត​អាមេរិក​។ ​

ញូវដែលី ក្រុង​ដ៏​ធំ​មាន​ប្រជាជន​រស់​នៅ​ជាង​២០​លាន​នាក់ និង​តំបន់​ភាគ​ខាង​ជើង​ប្រទេស​ បាន​ប្រឈម​នឹង​គ្រោះ​រង​ផ្សែង​ពុល​ធ្ងន់ធ្ងរ​ខ្លាំង តាំង​ពី​៦​ថ្ងៃមក​ហើយ​។ អាជ្ញាធរ​ក្រុង​ បាន​បញ្ឈប់​រាល់​គ្រប់​ការដ្ឋាន​សំណង់​ រោងចក្រ​ឡ​ផលិត​ឥដ្ឋ និង​ហាមឃាត់​រថយន្ត​ធុន​ធ្ងន់​មិន​ឱ្យ​បើក​ចូល​ក្រុង​ទេ។

អាជ្ញាធរ​ឥណ្ឌា​មាន​បំណង​ចាត់​វិធានការ​ឱ្យរថយន្ត​ធ្វើ​ចរាចរណ៍​ឆ្លាស់​វេន​គ្នា រយៈ​ពេល​៥​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ចន្ទ​នេះទៅ ​តាម​គំរូ​ប្រទេស​បារាំង​នៅ​ពេល​បរិយាកាស​អាប់អួរពុល​ខ្លាំង ប៉ុន្តែ​ត្រូវ​រារាំង​ស្ទះ​ដោយ​សេចក្តី​សម្រេច​របស់​តុលាការ​សហព័ន្ធ​ ដែល​ច្រាន​ចោល​ការ​លើក​លែង​អនុគ្រោះ​ដល់​ស្ត្រី​ ដល់​ក្រុម​អ្នក​ទទួល​ខុស​ត្រូវ​ជាន់ខ្ពស់ និង​យានយន្ត​កង់​ពីរ។

​ភ្នាក់ងារ​ឧតុនិយម​ឥណ្ឌា​បាន​ព្យាករ​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​នៅ​ថ្ងៃពុធ​ខាង​មុខ ប៉ុន្តែ​កំរិត​ទឹក​ភ្លៀង​នោះ​មិន​គ្រប់គ្រាន់​នឹង​លាង​មេឃ​​ទេ។ គេ​ត្រូវ​រង់​ចាំ​យូរ​ថ្ងៃ​ទៀត ទើប​ខ្យល់​បរិយាកាស​អាច​មាន​ភាព​ប្រសើរ​ឡើង​បាន​ខ្លះ។ គុណភាព​ខ្យល់​តែង​តែ​ធ្លាក់​ចុះ​​នៅ​ពេល​ជិត​ចូល​ដល់​រដូវ​រងារ។ អាកាសធាតុ​ត្រជាក់​ គ្មាន​​ខ្យល់បក់ ​ជាតិ​ពុលបញ្ចេញ​ដោយ​​ផ្សែង​ឡាន​ម៉ូតូ​រោងចក្រ មជ្ឈមណ្ឌល​​ថាមពល​ ... ដែល​ធ្លាក់ប៉ះ​ដី​ មិន​អាច​បក់​ផាត់​​ចេញ​ពី​បរិយាកាស​បាន​ទេ។

ដោយ​ហេតុ​តែ​ខ្យល់​ពុល​នេះ ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក United Airlines បាន​ផ្អាក​ការ​ហោះហើរ​របស់​ខ្លួន​ ពី​Newark ទៅញូវដែលី​ តាំង​ពី​ថ្ងៃព្រហស្បត៍​មក​ទល់​នឹង​ថ្ងៃ​ចន្ទ​នេះ។ សាលារៀន​ជាងបី​ម៉ឺន​សាលា​ត្រូវ​បិទ​ទ្វារ។ ក្រុមគ្រូពេទ្យ​បាន​ចេញ​​ក្រិត្យ​ប្រកាស​អំពី​ស្ថានភាព​បន្ទាន់នៃ​សុខភាព​សាធារណៈ​ ! ​ចំនួន​អ្នក​ជំងឺចូល​​​មកសម្រាក​​ព្យាបាលមន្ទីរ​ពេទ្យ​​ក្រុងញូវដែលី ​បាន​កើន​ឡើង​មួយ​ជា​បី។

ខ្យល់​ល្អ​ មិន​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស កំណត់​ដោយ​អង្គការ​សុខភាព​ពិភពលោក ត្រូវ​មាន​កំរិត​ធាតុល្អិត​ឆ្មារៗ យ៉ាង​ច្រើន​បំផុតត្រឹម​តែ​២៥មីក្រូក្រាម​ក្នុង​មួយ​ម៉ែត្រ​គូបខ្យល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ