អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាស៊ាន ៖ ហ្វីលីពីន​ល្អូកល្អិន​ជាមួយ​អាមេរិក ភ្លេច​រ៉ូហ៊ីងយ៉ា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួប​កំពូល​អាស៊ាន ​ បាន​ចាប់​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃចន្ទ​​នេះ នៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន ដែល​ជា​ប្រធាន​ផ្លាស់​វេន។ ជំនួប​ប្រជុំ​ឆ្នាំ​នេះ ត្រូវ​បាន​សម្គាល់​ដោយ​វត្តមាន​ជា​លើក​ដំបូង របស់​លោក​ដូណាល់ ត្រាំ ដែល​ហាក់​​ដូច​ជា​ល្អូកល្អិន​និង​ស៊ី​ចង្វាក់​ខ្លាំង​ជាមួយ​ម្ចាស់​ផ្ទះ។ ប៉ុន្តែ​ ក្រៅ​អំពីមិន​ចាប់​អារម្មណ៍​នឹង​សំណុំ​រឿង​សិទ្ធិមនុស្សនៅហ្វីលីពីន បញ្ហា​​រ៉ូហ៊ីងយ៉ា ក៏​ទំនង​គ្មាន​មុខ​ក្នុង​គម្រោង​​សេចក្តី​ថ្លែងការណ៍​អាស៊ានដែរ។

​លោក​ ឌុយទែរតេ ស្វាគមន៍​លោក​ត្រាំ ក្នុង​កម្មវិធី​ប្រជុំ​អាស៊ាន
​លោក​ ឌុយទែរតេ ស្វាគមន៍​លោក​ត្រាំ ក្នុង​កម្មវិធី​ប្រជុំ​អាស៊ាន REUTERS/Mark R. Cristino/Pool
ផ្សាយពាណិជ្ជកម្ម

លោកត្រាំ ​បាន​លើក​សរសើរ​​អំពី​ទំនាក់ទំនង​ដ៏ល្អ​​ប្រសើរ​​​​ជាមួយ​លោក ឌុយទែរតេ ដោយ​ផ្ទាល់​ផង និង​លើក​សរសើរ​អំពីស្នាដៃ​របស់​ហ្វីលីពីន ដែល​ជា​ប្រធាន​ផ្លាស់​វេន ក្នុង​ការ​​​​ដឹកនាំ​រៀប​ចំ​ទទួលជំនួប​កំពូល​អាស៊ានផង​​។

អង្គុយ​ទន្ទឹម​គ្នា​ អាយុ​ប្រហាក់ប្រហែល​គ្នា បង​ប្អូន​គ្នា​តែ​មួយ​ឆ្នាំ លោក​ប្រធានាធិបតី​អាមេរិក (៧១​ឆ្នាំ) និង​សមភាគី​ហ្វីលីពីន (៧២​ឆ្នាំ) បាន​បង្ហាញ​ភាព​​សិទ្ធិស្នាល ល្អូកល្អិន​យ៉ាង​រលូននឹង​គ្នា​ ​នៅ​ក្នុង​ជំនួប​ទ្វេភាគី ប៉ុន្តែ​ប្រមុខ​ដឹកនាំ​ទាំង​ពីរ​នេះ ហាក់​ដូច​ជា​កំណាញ់​ពាក្យ​សំដី​ មិន​ធ្វើ​សេចក្តី​ថ្លែងការណ៍​អ្វីច្រើន​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ទេ។

លោកត្រាំ ជាមិត្ត​របស់​ហ្វីលីពីន

ប៉ុន្តែ​កាយ​វិការ​នេះ គ្រប់​គ្រាន់​ល្មម​នឹង​អាច​បង្ហាញ​បាន​ទំនាក់ទំនង​អាមេរិក​-ហ្វីលីពីន​បាន​ល្អ​ប្រសើរ​ខ្លាំង។ ព្រោះ​គេ​នៅ​ចង​ចាំ​បាន​​ថា កាលពី​ឆ្នាំ២០១៦​កន្លង​​ទៅ នៅ​ក្នុង​ជំនួប​កំពូល​អាស៊ាន​ប្រទេស​ឡាវ អាមេរិក​​បានលុប​ចោល​ជំនួប​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ដោយ​កាលណោះ​ លោក​ ឌុយទែរតេ បាន​ជេរ​លោក​អូបាម៉ា​ ដែល​នៅ​ជា​ប្រធានាធិបតី​អាមេរិក ថាជា​ “​កូនស្រី​​សំផឹង” ព្រោះ​រដ្ឋបាល​លោក​អូបាម៉ា បាន​​រិះគន់​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ដ៏​ចម្រូង​ចម្រាស តែ​ជា​អាទិភាព​​​របស់​រដ្ឋាភិបាល​លោក​ឌុយទែរតេ។ នយោបាយ​ប្រឆាំង​នឹង​គ្រឿង​ញៀន​នេះ​​​ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ថា​មាន​លក្ខណៈ​ជ្រុលហួសហេតុ ​ អារកាត់​ និង​សម្លាប់​ជនសង្ស័យ​ដោយ​គ្មាន​ឆ្លង​កាត់​តុលាការ និង​ដោយ​មិន​ខ្វល់​អំពី​ពាក្យ​ថា​​សិទ្ធមនុស្ស​អ្វី​ទាំង​អស់។

នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​អំពី​បញ្ហា​សិទ្ធិមនុស្ស​នេះ​ លោក​ត្រាំ នៅ​ស្ងៀម​ធ្វើដូច​មនុស្ស​គ ហើយ​លោក​ឌុយទែរតេ ឆ្លើយ​កាត់​ជំនួស ថា នេះ​ជា​ជំនួប​ទ្វេភាគី ​មិន​មែន​ជា​សន្និសីទ​កាសែត​ទេ !

អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​ហ្វីលីពីន បាន​អះអាង​បញ្ជាក់​បន្ថែម​ក្រោយ​ជំនួបរួច​ភ្លាម ថា លោក​ប្រធានាធិបតី​ត្រាំ ជា​មិត្ត​របស់​ម៉ានីល មិន​ដូច​ប្រធានាធិបតី​អាមេរិក​មុន​ទេ ! ប្រធានបទ​សិទ្ធិមនុស្ស​ពិត​ជា​មិន​ត្រូវ​បាន​លើក​មក​ជជែក​គ្នា​មែន !​ ក្នុង​រយៈ​ពេល​៤០​នាទី​នៃ​ជំនួប ប្រមុខ​ដឹកនាំទាំង​ពីរចាប់​អារម្មណ៍​ខ្លាំង​តែ​លើ​ ការ​​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ត្រាំ វិញ បាន​ពន្យល់​ថា រដ្ឋបាល​លោក​ត្រាំ មិន​អោប​ដៃ​នៅ​ស្ងៀម​នៅ​ចំពោះ​មុខ​បញ្ហា​សិទ្ធិមនុស្ស​នៅ​ហ្វីលីពីន និ​ង​បណ្តាប្រទេស​ផ្សេង​ទៀត​​ឡើយ ប៉ុន្តែអាមេរិក​ចៀស​មិន​ធ្វើ​ការ​បរិហារ​ជា​សាធារណៈ ព្រោះ​គ្មាន​ឃើញ​ការ​រិះគន់​ណា​មាន​​មាន​ប្រសិទ្ធិភាព​​ទេ។

លោកស្រី អ៊ុង សានស៊ូជី នៅ​ហ្វីលីពីន
លោកស្រី អ៊ុង សានស៊ូជី នៅ​ហ្វីលីពីន REUTERS/Erik De Castro

​រ៉ូហ៊ីងយ៉ា គ្មាន​ចែង​ក្នុង​គម្រោង​សេចក្តី​ថ្លែងការណ៍​អាស៊ាន

ក្រោយ​ជំនួប​កំពូល​ អាស៊ាន​នឹង​ត្រូវ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ! បើ​តាម​គម្រោង​សេចក្តីថ្លែងការណ៍​ដែលអ្នក​សារព័ត៌មាន​យើង​ទទួល​បាន ​នៅថ្ងៃ​ចន្ទ​នេះ​ គេ​​ឃើញ​មាន​ការ​ផ្តល់​តម្លៃ​ខ្លាំង​ទៅ​ការ​ផ្តល់​ជំនួយមនុស្ស​ធម៌​ ដល់​វៀតណាម ដែល​ទើប​រងគ្រោះ​ខ្យល់​ព្យុះ​កំណាច កាលពី​សប្តាហ៍​មុន -​ ដល់​ហ្វីលីពីន​ ដែល​បានបើក​​ប្រតិបត្តិការ​​ប្រឆាំង​នឹង​ពួក​អ៊ីស្លាម​ជ្រុលនិយម​ស្និទ្ធ​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ និង​ជំនួយ​មនុស្សធម៌​សម្រាប់​សហគមន៍​​រងគ្រោះ​នៅ​រដ្ឋ​រ៉ាឃីន ប្រទេស​ភូមា។ ប៉ុន្តែ​គម្រោង​សេចក្តី​ថ្លែងការណ៍ គ្មាន​សរសេរ​សោះ​ទាក់ទង​នឹង​ជោគវាសនា​របស់​ជនជាតិ​ភាគតិច​អ៊ីស្លាម រ៉ូហ៊ីងយ៉ា រាប់​រយ​ រាប់​ពាន់​ដែល​បង្ខំ​ចិត្ត​រត់​ភៀស​ខ្លួន​ទីណាត់​ទីណែង​គេច​ពី​យុទ្ធនាការ​របស់​យោធា​ភូមា។

គម្រោង​សេចក្តី​ថ្លែងការណ៍​​ ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​ហ្វីលីពីន ជា​ប្រទេស​ម្ចាស់​ផ្ទះ និង​ជា​ប្រធាន​ផ្លាស់​វេន​អាស៊ាន។ អត្ថបទ​នេះ​គ្មានលម្អិត​ទាល់​សោះ​អំពី​ស្ថានភាព​នៅ​រដ្ឋ​រ៉ាឃីន និង​មិន​បាន​ប្រើ​សោះ​ពាក្យ​ថា « រ៉ូហ៊ីងយ៉ា” !​ ជម្រើស​នេះ គឺ​ដើម្បី​តម្រូវ​ចិត្ត​លោកស្រី អ៊ុងសានស៊ូជី។ លោកស្រី ​ក៏​ដូច​ជា​អាជ្ញាធរ និង​ពលរដ្ឋ​​ភូមាអ្នក​កាន់​ពុទ្ធសាសនា​​ទាំង​មូល មិនទទួល​ស្គាល់​ពាក្យ​រ៉ូហ៊ីងយ៉ា​ សម្រាប់​ហៅ​ជនជាតិ​ភាគតិច​អ៊ីស្លាមនេះ​ទេ និង​ចាត់​ទុកជនជាតិ​​នេះ​ជា​ជនភៀស​ខ្លួន​ខុស​ច្បាប់​​មក​ពី​បង់ក្លាដែស។

បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត ដូច​យ៉ាង​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ដែល​ជា​ប្រទេ​សមាន​ពលរដ្ឋ​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម បាន​សម្តែងការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​ជនជាតិ​រ៉ូហ៊ីងយ៉ា ប៉ុន្តែ​ដោយ​ឈរ​​លើ​គោលការណ៍​​របស់​សមាគម​ មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ជា​សមាជិក​ណា​មួយ បញ្ហា​រ៉ូហ៊ីងយ៉ា​ ហាក់​ត្រូវ​បាន​គេ​ធិប​ចោល​ គ្មាន​ក្នុង​របៀបវារៈនៃ​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ​អាស៊ាន​ទេ។

​គោលការណ៍​មិន​ជ្រៀតជ្រែក​​របស់​អាស៊ាន ធ្លាប់​ត្រូវ​បាន​លោកស្រី​​ធ្វើការ​រិះគន់​ខ្លាំង នៅ​​ឆ្នាំ​១៩៩៩​ កាលលោកស្រីនៅ​ជាប់​ឃុំ​ឃាំង​ក្នុង​គេហដ្ឋាន។ តែ​ថ្ងៃនេះ លោកស្រី​ មិន​បាន​លើក​ឡើង​អំពី​វិបត្តិ​រ៉ូហ៊ីងយ៉ា​នេះ ​ទៅ​ក្រុង​ម៉ានីល។ តាំង​ពី​មាន​ផ្ទុះ​វិបត្តិ​រ៉ូហ៊ីងយ៉ា​មក លោកស្រី ក៏ទើប​តែធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​រ៉ាឃីន​ ជា​លើក​ដំបូង​ កាល​ពី​ខែ​សីហា។

វិបត្តិ​រ៉ូហ៊ីងយ៉ា ត្រូវ​បាន​​​អង្គកា​រ​សហប្រជាជាតិ​ចាត់​ទុក​ជា​បោស​សម្អាត​ជាតិពន្ធុ ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​សម្រាប់​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស។ ​អាមេរិក​ ទើប​​ចាប់​ផ្តើមទើមៗ​គិត​ចង់​ដាក់​សម្ពាធ​លើ​យោធា​ភូមា​ ជំនួស​ការ​​គាប​រដ្ឋាភិបាល​ស៊ីវិល​របស់លោកស្រី​ស៊ូជី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ