COP២៣ រងសម្ពាធ ការបញ្ចេញឧស្ម័នកាបូនិកឡើងខ្លាំងដល់កំពូលនៅឆ្នាំ២០១៧
ការបញ្ចេញឧស្ម័នកាបូនិចបំពុលបរិស្ថាន បានស្ទុះឡើងជាថ្មី និងឡើងខ្ពស់ដល់កំរិតកំពូលមិនធ្លាប់មាន។ នេះជាដំណឹងដ៏អាក្រក់សម្រាប់ភពផែនដី និងសម្រាប់សហគមន៍អន្តរជាតិ ដែលកំពុងជួបជុំ ចរចាគ្នា នៅក្នុងអង្គសន្និសីទអន្តរជាតិនាទីក្រុងប៊ន ប្រទេសអាល្លឺម៉ង់ អាកាសធាតុ ដើម្បីដាក់ឱ្យដំណើរការកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៨
បន្ទាប់ពីមានកំរិតថេរអស់រយៈពេលបីឆ្នាំជាប់គ្នា ពេលនេះ បរិមាណឧស្ម័នកាបូនិកបំពុលបរិស្ថាន បញ្ចេញដោយរោងចក្រឧស្សាហកម្មនិងចំហេះថាមពលធ្យូងថ្ម បានស្ទុះឡើងជាថ្មី ក្នុងកំរិតប្រមាណជា២% បើប្រៀបទៅឆ្នាំ២០១៦។ មានន័យថា នៅឆ្នាំ២០១៧នេះកំរិតឧស្ម័នកាបូនិក ក្នុងបរិយាកាស បានកើនឡើងដល់កំពូលមិនធ្លាប់មានទេ។ នេះបើតាមការគូសបញ្ជាក់ក្រុមអ្នកស្រាវជ្រាវ៨០រូបនៃអង្គការGlobal Carbon Project។
ការបញ្ចេញឧស្ម័នពុលកើនឡើង មិនមែនបណ្តាលមកពីប្រទេសចិនតែម្នាក់ដែលមានសន្ទុះកំណើនផលិតកម្មឧស្សាហកម្មឡើងវិញទេ។ ប្រឈមមុខនឹងការឡើងថ្លៃនៃឧស្ម័នចំហេះ ឧស្សាហកម្មថាមពលធ្យូងថ្មអាមេរិកបានកើនឡើងជាលើកទីមួយ នៅឆ្នាំនេះ។ ចំណែកសហភាពអឺរ៉ុបវិញ ក៏មានសកម្មភាពមិនសូវល្អដូចឆ្នាំមុនៗ ក្នុងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក។
ជាសរុប និងជាថ្មីម្តងទៀត មនុស្សជាតិកំពុងដើរថយក្រោយ ! របាយការណ៍នៃការសិក្សានេះ ជាអំណះអំណាងបញ្ជាក់កាន់តែច្បាស់ អំពីសេចក្តីសន្និដ្ឋានចុងក្រោយរបស់ភ្នាក់ងារបរិស្ថានអង្គការសហប្រជាជាតិ ដែលថា ពិភពលោកមិនបានប្រឹងប្រែងគ្រប់គ្រាន់សម្រាប់សម្រេចកម្មវត្ថុនៃកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសទេ។ នៅក្នុងសន្និសីទអន្តរជាតិឆ្នាំ ២០១៥ ក្រុមប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ បានចុះកិច្ចព្រមព្រៀង កំរិតការឡើងកម្តៅនៃភពផែនដី ឱ្យឡើងក្រោម២អង្សា ឬត្រឹម១អង្សាកន្លះ។
ដើម្បីសម្រេចកម្មវត្ថុនេះបាន លុះណាតែគេអាចបញ្ឈប់កុំឱ្យការបញ្ចេញឧស្ម័នកាបូនិកកើនឡើងយ៉ាងយូរនៅឆ្នាំ២០២០ ហើយចាប់នាំគ្នាបញ្ចុះកំរិតឧស្ម័នពុលនេះឱ្យបានលឿនបំផុតទើបបាន។ នេះបើតាមរបាយការណ៍ Global Carbon Project ដដែល។
ដំណឹងអាក្រក់នេះធ្លាក់មកជួនចំពេលដែលសន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុCOP ២៣ កំពុងជជែកអំពីវិធាននៃការអនុវត្តកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស អំពីតម្លាភាពនៃសកម្មភាពជាតិដើម្បីបរិស្ថាន ដែលនឹងត្រូវសម្រេចបង្ហើយនៅចុងឆ្នាំ២០១៨ នៅក្នុងសន្និសីទលើកទី២៤។ ការចរចាមានភាពជឿនលឿន ប៉ុន្តែពេលវេលាកាន់តែខោចហើយ។ តុល្យការនៃការបញ្ចេញឧស្ម័នកាបូនិកឆ្នាំ២០១៧ បានបង្ហាញឱ្យឃើញថា សន្យាគោរពកិច្ចព្រមព្រៀងប៉ារីសមិនគ្រប់គ្រាន់ទេ ត្រូវធ្វើផង ហើយត្រូវចាប់ធ្វើឱ្យបានលឿន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ