ក្រុមអ្នកវិទ្យាសាស្រ្តជាង ១៥ ០០០នាក់ក្នុងលោកបានព្រមានពីស្ថានភាពសុខភាពដុនដាបនៃផែនដី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១៥
នៅថ្ងៃចន្ទ ទី១៣ វិច្ឆិកា ក្រុមអ្នកវិទ្យាសាស្រ្តចម្រុះសាសន៍មកពីប្រទេសចំនួន ១៨៤ នៅទូទាំងពិភពលោកបានបោះផ្សាយនូវរបាយការណ៍មួយស្តីពីស្ថានភាពសុខភាពនៃភពផែនដីរបស់មនុស្សលោក។ នៅក្នុងរបាយការណ៍នោះ ក្រុមអ្នកវិទ្យាសាស្រ្តបានព្រមានដល់មនុស្សលោកពីហានិភ័យនៃអស្ថិរភាពដល់ភពផែនដីដោយសារកង្វះសកម្មភាពដើម្បីការពារបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី។ ការព្រមានពីស្ថានភាពសុខភាពដុនដាបនៃភពផែនដីពេលនេះបានធ្វើឡើង ចំពេលដែលសន្និសីទអន្តរជាតិស្តីពីបញ្ហាអាកាសធាតុ COP២៣ កំពុងបន្តកិច្ចប្រជុំក្នុងទីក្រុងប៊ន ប្រទេសអាល្លឺម៉ង់។
នេះជាលើកទី២ ដែលក្រុមអ្នកវិទ្យាសាស្រ្តបានបោះផ្សាយរបាយការណ៍មួយស្តីពីស្ថានភាពសុខភាពនៃភពផែនដីរបស់មនុស្សលោក។ នៅក្នុងរបាយការណ៍លើកទី២ នេះ មានហត្ថលេខីរបស់ក្រុមអ្នកវិទ្យាសាស្រ្តជាង ១៥ ០០០នាក់មកពី ១៨៤ប្រទេសក្នុងលោក ហើយនៅក្នុងចំណោមក្រុមអ្នកវិទ្យាសាស្រ្តជាង ១៥ ០០០នាក់ គេឃើញមាន ជីវវិទូ រូបវិទូ គីមីវិទូ តារាវិទូ រួមទាំងអ្នកជំនាញខាងបរិស្ថាន ឬសមុទ្រ។ នៅក្នុងរបាយការណ៍លើកទី១ ដែលបានផ្សព្វផ្សាយកាលពីឆ្នាំ ១៩៩២ គឺមានហត្ថលេខីពីក្រុមអ្នកវិទ្យាសាស្រ្តតែជាង ១ ៧០០នាក់ប៉ុណ្ណោះ និងដែលប្រធានបទកាលណោះបានព្រមានរួចហើយពីហានិភ័យលើភពផែនដីដោយសារតែសកម្មភាពរបស់មនុស្សលោក។
សកម្មភាពរបស់មនុស្សលោកដែលក្រុមអ្នកវិទ្យាសាស្រ្តចង់និយាយពេលនោះ គឺទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ។ នៅក្នុងបញ្ហានេះ របាយការណ៍ឆ្នាំ ១៩៩២ បានលើកឡើងពីផលប៉ះពាល់នៃសកម្មភាពរបស់មនុស្សលើធម្មជាតិ ឬអាចនិយាយបែបម្យ៉ាងទៀតថា សុខភាពផែនដីល្អ ឬអាក្រក់វាអាស្រ័យទាំងស្រុងលើទង្វើរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗនៅគ្រប់ជ្រុងជ្រោយទូទាំងពិភពលោក។ ជាថ្មីម្តងទៀត និងនាឱកាសសន្និសីទអន្តរជាតិស្តីពីបញ្ហាអាកាសធាតុក្នុងទីក្រុងប៊ន ប្រទេសអាល្លឺម៉ង់ ក្រុមអ្នកវិទ្យាសាស្រ្តចង់ត្រឡប់មកកន្រ្តាក់អារម្មណ៍មនុស្សលោកជាថ្មីឲ្យគិតគូរបន្ថែមលើបញ្ហាបរិស្ថានដែលជាអាយុជីវិតរបស់មនុស្សលោកសព្វថ្ងៃ និងទៅថ្ងៃអានាគត។
២៥ឆ្នាំក្រោយមក សុខភាពភពផែនដីកាន់តែដុនដាប
សុខភាពដុនដាបនៃភពផែនដី គឺកើតចេញពីសកម្មភាពប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗដែលកំពុងរស់លើផែនដីតែមួយដូចគ្នា។ របាយការណ៍លើកទី២ ដែលមានហត្ថលេខីអ្នកវិទ្យាសាស្រ្តជាង ១៥ ០០០នាក់មកពី ១៨៤ប្រទេសក្នុងលោកបានព្រមានជាថ្មីពីហានិភ័យនៃអស្ថិរភាពដល់ភពផែនដីដោយសារកង្វះសកម្មភាព និងវិធានការជាក់ស្តែងដើម្បីការពារបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី។ របាយការណ៍បានសម្គាល់ឃើញថា ២៥ឆ្នាំក្រោយការព្រមានលើកទី១ មក ស្ថានភាពសុខភាពនៃភពផែនដីរបស់មនុស្សលោកហាក់កាន់តែធ្លាក់ដុនដាបទៅៗប្រកបដោយគ្រោះថ្នាក់។ របាយការណ៍បានបញ្ជាក់ច្បាស់ៗថា មនុស្សលោកមិនបានធ្វើអ្វីដើម្បីប្រយោជន៍នៃជីវិតផែនដីទេ តែបែរជាបាន និងកំពុងបន្តសកម្មភាពដើម្បីបំផ្លាញជីវិតផែនដីទៅវិញ។
២៥ឆ្នាំក្រោយមក ក្រុមអ្នកវិទ្យាសាស្រ្តបានមើលឃើញថា ភពផែនដី និងមនុស្សលោកកំពុងធ្វើដំណើរនៅលើផ្លូវមួយដែលនឹងជួបប៉ះទង្គិចគ្នានៅថ្ងៃណាមួយដោយចៀសមិនរួច ហើយនៅពេលនោះ គឺរលាយទាំងអស់គ្នាតែម្តង។ ក្នុងរយៈពេល ២៥ឆ្នាំកន្លងទៅ បរិមាណទឹកសាបបានធ្លាក់ចុះចំនួន ២៦% ព្រៃឈើក្នុងទំហំដី ១ ២០០លានគីឡូម៉ែត្រក្រឡាត្រូវបានកាប់បំផ្លាញដើម្បីយកដីធ្វើកសិកម្ម កំណើនឧស្ម័នផ្ទះកញ្ចក់ដែលនាំឲ្យសីតុណ្ហភាពនៅក្នុងបរិយាកាសកើនឡើង ចំនួនសត្វទូទៅបានធ្លាក់ចុះចំនួន ២៩% ពិសេសថនិកសត្វ សត្វស្លាប និងត្រី។
ទន្ទឹមនឹងភពផែនដីដែលកំពុងរងគ្រោះដោយសកម្មភាពរបស់មនុស្សលោក ក្រុមអ្នវិទ្យាសាស្រ្តក៏បានទាញសញ្ញាអាសន្នពីកំណើនចំនួនមនុស្សនៅក្នុងលោកប្រមាណជា ៣៥% នារយៈពេល ២៥ឆ្នាំកន្លងទៅ។ នេះជាអ្វីដែលក្រុមអ្នកវិទ្យាសាស្រ្តកំពុងបារម្ភខ្លាំងជាងគេ ព្រោះថា បើចំនួនមនុស្សចេះតែកើន ហើយមនុស្សបែរជាចេះតែបន្តធ្វើព្រងើយកន្តើយចំពោះបរិស្ថាន និងជីវិតផែនដី តើនឹងមានដីឯណាសម្រាប់ឲ្យគ្រប់គ្នាអាចរស់នៅបាន។
ផែនដីជាជម្រកតែមួយគត់សម្រាប់មនុស្សលោកគ្រប់រូប
មានអនុសាសន៍ច្រើនដែលក្រុមអ្នកវិទ្យាសាស្រ្តបានលើកឡើង ពិសេសបានស្នើឲ្យមានការបង្កើតមហាតំបន់ស្តុកធម្មជាតិលើដី និងក្រោមសមុទ្រក្នុងលោកដោយភ្ជាប់ជាមួយនូវច្បាប់អន្តរជាតិតឹងតែងក្នុងការប្រឆាំងនឹងការជួញដូរព្រៃឈើ និងសត្វព្រៃដោយខុសច្បាប់។ នៅក្នុងន័យនេះ ក្រុមអ្នកវិទ្យាសាស្រ្តបានអំពាវនាវឲ្យថ្នាក់ដឹកនាំនយោបាយក្នុងលោកចូលរួមឲ្យបានសកម្មនៅក្នុងយុទ្ធនាការគាំពារបរិស្ថាន និងធម្មជាតិ។ តែទន្ទឹមគ្នានេះ និងអ្វីដែលក្រុមអ្នកវិទ្យាសាស្រ្តទាមទារជាពិសេសនោះ គឺសុំឲ្យមនុស្សម្នាក់ៗប្តូរទំនៀមទម្លាប់ និងរបៀបរស់នៅប្រចាំថ្ងៃខ្លួន ពិសេសលើចំណីអាហារ។
ចូរកុំភ្លេចថា ម្នាក់ៗមានតួនាទីជាអ្នកទទួលខុសត្រូវនូវចំពោះមុខធម្មជាតិ និងភពផែនដីដោយមិនត្រូវរំពឹងតែលើដឹកនាំរបស់ខ្លួនឡើយ។ ដើម្បីចៀសវាងភាពមហន្តរាយនៃបរិស្ថាន និងផែនដីទាំងមូល មនុស្សលោកត្រូវតែផ្តើមផ្លាស់ប្តូរជាបន្ទាន់នូវរបៀបរស់នៅប្រចាំថ្ងៃដោយបន្សំខ្លួនទៅនឹងអ្វីដែលធម្មជាតិបានផ្តល់ឲ្យ ដោយចៀសវាងការកែច្នៃវាជ្រុលហួសហេតុ។ ចូរកុំភ្លេចថា ផែនដីជាជម្រកតែមួយគត់របស់មនុស្សលោក ហើយវាល្មមដល់ពេលដែលយើងម្នាក់ៗត្រូវចូលរួមជួយថែរក្សា បើពុំនោះសោតទេ អ្វីៗវាប្រាកដនឹងយឺតពេល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ