អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុម​អ្នកវិទ្យាសាស្រ្ត​ជាង ១៥ ០០០នាក់​ក្នុង​លោក​បាន​ព្រមាន​ពី​ស្ថានភាព​សុខភាព​ដុនដាប​នៃ​ផែនដី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ ទី១៣ វិច្ឆិកា ក្រុម​អ្នកវិទ្យាសាស្រ្ត​ចម្រុះសាសន៍​មក​ពី​ប្រទេស​ចំនួន ១៨៤ នៅ​ទូទាំង​ពិភពលោក​បាន​បោះ​ផ្សាយ​នូវ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​សុខភាព​នៃ​ភពផែនដី​របស់​មនុស្សលោក។ នៅ​ក្នុង​របាយការណ៍​នោះ ក្រុម​អ្នកវិទ្យាសាស្រ្ត​បាន​ព្រមាន​ដល់​មនុស្សលោក​ពី​ហានិភ័យ​នៃ​អស្ថិរភាព​ដល់​ភពផែនដី​ដោយសារ​កង្វះ​សកម្មភាព​ដើម្បី​ការពារ​បរិស្ថាន និង​ប្រព័ន្ធ​អេកូឡូស៊ី។ ការ​ព្រមាន​ពី​ស្ថានភាព​សុខភាព​ដុនដាប​នៃ​ភពផែនដី​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​សន្និសីទអន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ COP២៣ កំពុង​បន្ត​កិច្ចប្រជុំ​ក្នុង​ទីក្រុង​ប៊ន ប្រទេស​អាល្លឺម៉ង់។

ក្រុមកុមារ​បាន​អំពាវនាវ​ឲ្យ​ការពារ និង​ថែរក្សាផែនដី
ក្រុមកុមារ​បាន​អំពាវនាវ​ឲ្យ​ការពារ និង​ថែរក្សាផែនដី REUTERS/Wolfgang Rattay
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើកទី២ ដែល​ក្រុម​អ្នកវិទ្យាសាស្រ្ត​បាន​បោះផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​សុខភាព​នៃ​ភពផែនដី​របស់​មនុស្សលោក។ នៅ​ក្នុង​របាយការណ៍​លើក​ទី២ នេះ មាន​ហត្ថលេខី​របស់​ក្រុម​អ្នកវិទ្យាសាស្រ្ត​ជាង ១៥ ០០០នាក់​មក​ពី ១៨៤ប្រទេស​ក្នុង​លោក ហើយ​នៅ​ក្នុង​ចំណោម​ក្រុម​អ្នកវិទ្យាសាស្រ្ត​ជាង ១៥ ០០០នាក់ គេ​ឃើញ​មាន ជីវវិទូ រូបវិទូ គីមីវិទូ តារាវិទូ រួម​ទាំង​អ្នក​ជំនាញ​ខាង​បរិស្ថាន ឬ​សមុទ្រ។ នៅ​ក្នុង​របាយការណ៍​លើក​ទី១ ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ឆ្នាំ ១៩៩២ គឺ​មាន​ហត្ថលេខី​ពី​ក្រុម​អ្នកវិទ្យាសាស្រ្ត​តែ​ជាង ១ ៧០០នាក់​ប៉ុណ្ណោះ និង​ដែល​ប្រធានបទ​កាលណោះ​បាន​ព្រមាន​រួច​ហើយ​ពី​ហានិភ័យ​លើ​ភពផែនដី​ដោយសារ​តែ​សកម្មភាព​របស់​មនុស្សលោក។

សកម្មភាព​របស់​មនុស្សលោក​ដែល​ក្រុម​អ្នកវិទ្យាសាស្រ្ត​ចង់​និយាយ​ពេល​នោះ គឺ​ទំនាក់ទំនង​រវាង​មនុស្ស និង​ធម្មជាតិ។ នៅ​ក្នុង​បញ្ហា​នេះ របាយការណ៍​ឆ្នាំ ១៩៩២ បាន​លើក​ឡើង​ពី​ផលប៉ះពាល់​នៃ​សកម្មភាព​របស់​មនុស្ស​លើ​ធម្មជាតិ ឬ​អាច​និយាយ​បែប​ម្យ៉ាង​ទៀត​ថា សុខភាព​ផែនដី​ល្អ ឬ​អាក្រក់​វា​អាស្រ័យ​ទាំង​ស្រុង​លើ​ទង្វើ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ម្នាក់ៗ​នៅ​គ្រប់​ជ្រុងជ្រោយ​ទូទាំង​ពិភពលោក។ ជា​ថ្មី​ម្តង​ទៀត និង​នា​ឱកាស​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​ក្នុង​ទីក្រុង​ប៊ន ប្រទេស​អាល្លឺម៉ង់ ក្រុម​អ្នកវិទ្យាសាស្រ្ត​ចង់​ត្រឡប់​មក​កន្រ្តាក់​អារម្មណ៍​មនុស្សលោក​ជា​ថ្មី​ឲ្យ​គិតគូរ​បន្ថែម​លើ​បញ្ហា​បរិស្ថាន​ដែល​ជា​អាយុជីវិត​របស់​មនុស្សលោក​សព្វថ្ងៃ និង​ទៅ​ថ្ងៃ​អានាគត។

២៥ឆ្នាំ​ក្រោយ​មក សុខភាព​ភពផែនដី​កាន់​តែ​ដុនដាប

សុខភាព​ដុនដាប​នៃ​ភពផែនដី គឺ​កើត​ចេញ​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ម្នាក់ៗ​ដែល​កំពុង​រស់​លើ​ផែនដី​តែ​មួយ​ដូច​គ្នា។ របាយការណ៍​លើក​ទី២ ដែល​មាន​ហត្ថលេខី​អ្នកវិទ្យាសាស្រ្ត​ជាង ១៥ ០០០នាក់​មក​ពី ១៨៤ប្រទេស​ក្នុង​លោក​បាន​ព្រមាន​ជា​ថ្មី​ពី​ហានិភ័យ​នៃ​អស្ថិរភាព​ដល់​ភពផែនដី​ដោយសារ​កង្វះ​សកម្មភាព និង​វិធានការ​ជាក់ស្តែង​ដើម្បី​ការពារ​បរិស្ថាន និង​ប្រព័ន្ធ​អេកូឡូស៊ី។ របាយការណ៍​បាន​សម្គាល់​ឃើញ​ថា ២៥ឆ្នាំ​ក្រោយ​ការ​ព្រមាន​លើក​ទី១ មក ស្ថានភាព​សុខភាព​នៃ​ភពផែនដី​របស់​មនុស្សលោក​ហាក់​កាន់​តែ​ធ្លាក់​ដុនដាប​ទៅៗ​ប្រកប​ដោយ​គ្រោះថ្នាក់។ របាយការណ៍​បាន​បញ្ជាក់​ច្បាស់ៗ​ថា មនុស្សលោក​មិន​បាន​ធ្វើ​អ្វី​ដើម្បី​ប្រយោជន៍​នៃ​ជីវិត​ផែនដី​ទេ តែ​បែរ​ជា​បាន និង​កំពុង​បន្ត​សកម្មភាព​ដើម្បី​បំផ្លាញ​ជីវិត​ផែនដី​ទៅ​វិញ។

២៥ឆ្នាំ​ក្រោយ​មក ក្រុម​អ្នកវិទ្យាសាស្រ្ត​បាន​មើល​ឃើញ​ថា ភពផែនដី និង​មនុស្សលោក​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវមួយ​ដែល​នឹង​ជួប​ប៉ះទង្គិច​គ្នា​នៅ​ថ្ងៃ​ណា​មួយ​ដោយ​ចៀស​មិន​រួច ហើយ​នៅ​ពេល​នោះ គឺ​រលាយ​ទាំង​អស់​គ្នា​តែ​ម្តង។ ក្នុង​រយៈពេល ២៥ឆ្នាំ​កន្លង​ទៅ បរិមាណ​ទឹកសាប​បាន​ធ្លាក់​ចុះ​ចំនួន ២៦% ព្រៃឈើ​ក្នុង​ទំហំ​ដី ១ ២០០លាន​គីឡូម៉ែត្រក្រឡា​ត្រូវ​បាន​កាប់​បំផ្លាញ​ដើម្បី​យក​ដី​ធ្វើ​កសិកម្ម កំណើន​ឧស្ម័ន​ផ្ទះកញ្ចក់​ដែល​នាំ​ឲ្យ​សីតុណ្ហភាព​នៅ​ក្នុង​បរិយាកាស​កើន​ឡើង ចំនួន​សត្វ​ទូទៅ​បាន​ធ្លាក់​ចុះ​ចំនួន ២៩% ពិសេស​ថនិកសត្វ សត្វស្លាប និង​ត្រី។

ទន្ទឹម​នឹង​ភពផែនដី​ដែល​កំពុង​រងគ្រោះ​ដោយ​សកម្មភាព​របស់​មនុស្សលោក ក្រុម​អ្នវិទ្យាសាស្រ្ត​ក៏​បាន​ទាញ​សញ្ញា​អាសន្ន​ពី​កំណើន​ចំនួន​មនុស្ស​នៅ​ក្នុង​លោក​ប្រមាណ​ជា ៣៥% នា​រយៈពេល ២៥ឆ្នាំ​កន្លង​ទៅ។ នេះ​ជា​អ្វី​ដែល​ក្រុម​អ្នកវិទ្យាសាស្រ្ត​កំពុង​បារម្ភ​ខ្លាំង​ជាង​គេ ព្រោះ​ថា បើ​ចំនួន​មនុស្ស​ចេះ​តែ​កើន ហើយ​មនុស្ស​បែរ​ជា​ចេះ​តែ​បន្ត​ធ្វើ​ព្រងើយកន្តើយ​ចំពោះ​បរិស្ថាន និង​ជីវិតផែនដី តើ​នឹង​មាន​ដី​ឯណា​សម្រាប់​ឲ្យ​គ្រប់​គ្នា​អាច​រស់នៅ​បាន។

ផែនដី​ជា​ជម្រក​តែ​មួយ​គត់​សម្រាប់​មនុស្សលោក​គ្រប់​រូប

មាន​អនុសាសន៍​ច្រើន​ដែល​ក្រុម​អ្នកវិទ្យាសាស្រ្ត​បាន​លើក​ឡើង ពិសេស​បាន​ស្នើ​ឲ្យ​មាន​ការ​បង្កើត​មហា​តំបន់​ស្តុក​ធម្មជាតិ​លើ​ដី និង​ក្រោម​សមុទ្រ​ក្នុង​លោក​ដោយ​ភ្ជាប់​ជាមួយ​នូវ​ច្បាប់​អន្តរជាតិ​តឹងតែង​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​ព្រៃឈើ និង​សត្វព្រៃ​ដោយ​ខុស​ច្បាប់។ នៅ​ក្នុង​ន័យ​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​អំពាវនាវ​ឲ្យ​ថ្នាក់​ដឹកនាំ​នយោបាយ​ក្នុង​លោក​ចូលរួម​ឲ្យ​បាន​សកម្ម​នៅ​ក្នុង​យុទ្ធនាការ​គាំពារ​បរិស្ថាន និង​ធម្មជាតិ។ តែ​ទន្ទឹម​គ្នា​នេះ និង​អ្វី​ដែល​ក្រុម​អ្នកវិទ្យាសាស្រ្ត​ទាមទារ​ជា​ពិសេស​នោះ គឺ​សុំ​ឲ្យ​មនុស្ស​ម្នាក់ៗ​ប្តូរ​ទំនៀមទម្លាប់ និង​របៀប​រស់នៅ​ប្រចាំ​ថ្ងៃ​ខ្លួន ពិសេស​លើ​ចំណីអាហារ។

ចូរ​កុំ​ភ្លេច​ថា ម្នាក់ៗ​មាន​តួនាទី​ជា​អ្នក​ទទួល​ខុស​ត្រូវ​នូវ​ចំពោះ​មុខ​ធម្មជាតិ និង​ភពផែនដី​ដោយ​មិន​ត្រូវ​រំពឹង​តែ​លើ​ដឹកនាំ​របស់​ខ្លួន​ឡើយ។ ដើម្បី​ចៀសវាង​ភាព​មហន្តរាយ​នៃ​បរិស្ថាន និង​ផែនដី​ទាំង​មូល មនុស្សលោក​ត្រូវ​តែ​ផ្តើម​ផ្លាស់ប្តូរ​ជា​បន្ទាន់​នូវ​របៀប​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​បន្សំ​ខ្លួន​ទៅ​នឹង​អ្វី​ដែល​ធម្មជាតិ​បាន​ផ្តល់​ឲ្យ ដោយ​ចៀសវាង​ការ​កែច្នៃ​វា​ជ្រុល​ហួសហេតុ។ ចូរ​កុំ​ភ្លេច​ថា ផែនដី​ជា​ជម្រក​តែ​មួយ​គត់​របស់​មនុស្សលោក ហើយ​វា​ល្មម​ដល់​ពេល​ដែល​យើង​ម្នាក់ៗ​ត្រូវ​ចូលរួម​ជួយ​ថែរក្សា បើ​ពុំ​នោះ​សោត​ទេ អ្វីៗ​វា​ប្រាកដ​នឹង​យឺត​ពេល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ