ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT
អាស៊ី

អង្គការ​សិទ្ធិមនុស្ស​​ចោទ​​យោធា​ហ្វីលីពីន​​​រំលោភ​សិទ្ធមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​​នៅ​ពេល​​រំដោះ​ក្រុង ​Marawi​

media  
ប្រធានាធិបតី ហ្វីលីពីន​លោក Rodrigo Duterte ក្នុងទីក្រុងម៉ានីល​ ប្រទេស​​ហ្វីលីពីន​ថ្ងៃទី ១៤​​វិច្ឆិកា​២០១៧​ REUTERS/Dondi Tawatao

អង្គការ​ការពារ​សិទ្ធមនុស្ស​ Amnesty International នៅ​ថ្ងៃ​សុក្រ​នេះ បាន​ចោទ​ថា​កងទ័ព​ហ្វីលីពីន បាន​ធ្វើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ​ដូច​ជា​ការ​ចាប់​ខ្លួន​និង​ធ្វើ​ទារុណកម្ម​លើ​ប្រជាជន​ស៊ីវីល នៅខណៈពេល​បើក​យុទ្ធនាការ​វាយ​រំដោះ​​ទីក្រុង​ម៉ារ៉ាវី ពី​ពួក​អ៊ីស្លាម​ជ្រុលនិយម​ដែល​ស្មោះស្ម័គ្រ​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម។

នៅ​ក្នុង​របាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​កាលពី​មួយ​ខែ​​បន្ទាប់ពី​លោក​ប្រធានាធិបតី​ហ្វីលីពីនRodrigo Duterté ​​ប្រកាស​ពី​ការ​រំដោះ​ទីក្រុង Marawi​ អង្គការ​ការពារ​សិទ្ធិ​មនុស្ស Amnesty International បាន​សុំ​ឲ្យ​ទីក្រុង​ម៉ានីល បើក​ការអង្កេត​មួយ​ស្តីពី​ការ​រំលោភ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ដ៏ធ្ងន់ធ្ងរ​និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​មនុស្ស​ផ្សេងៗ​ទៀត។​

Amnesty International បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​​ “កង​កម្លាំង​​រដ្ឋាភិបាល​ហ្វីលីពីន បាន​រំលោភ​លើ​បំរាមដែល​ហាម​មិន​អោយ​​ធ្វើ​ទារុណកម្ម​និង​​ធ្វើ​បាប​ទៅ​លើ​ពួក​អ្នកទោស​ ក៏​ព្រម​ទាំង​ការ​លួច​ប្លន់យក​ទ្រព​សម្បតិ​របស់​ប្រជាជនស៊ីវីល​ផងដែរ​។​

អង្គការការពារ​សិទ្ធិ​មនុស្ស​ដដែល បាន​ពន្យល់​ប្រាប់​ទៀត​ថា​”​នៅ​ក្នុង​ចំណោម​​ជន​ចំនួន​៨​នាក់​ ​៧​នាក់​ដែល​​ជា​កម្មករ​សំណង់​អគារ​កាន់​សាសនា​គ្រឹស្ត​ដែល​​ខ្លន​បាន​ជួប​សម្ភាសន៍ បាន​និយាយ​រៀបរាប់ប្រាប់​ថា​ “ពួក​គេ ត្រូវ​បាន​កងទ័ព​ជើង​ទឹក​ហ្វីលីពីន វាយដំ​ធ្វើ​ទារុណកម្ម​យ៉ាង​យូរ​ថ្ងៃ​​ក៏ព្រម​ទាំង​ការ​​​គំរាម​សម្លាប់​ពួក​គេទៀត​​ផង។

យោងតាម Amnesty International “ប្រជាជន​​ជា​ច្រើន​ផ្សេងៗ​ទៀត បាន​ចោទ​ប្រកាន់​ថា​​កងទ័ព​ហ្វីលីពីន​​បាន​ប្លន់​យក​ទ្រពសម្បត្តិ​​ប្រជាជនស៊ីវីល ដូចជា​ទូរទស្សន៍ វត្ថុបុរាណ​និង​កុំព្យុទ័រ​ តែ​ពួក​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​វិញ ប្លន់​យក​តែ​អាវុធ ​គ្រឿង អលង្កការ​និង​លុយ”។

របាយការណ៍របស់ Amnesty International “ដដែល​បាន​លើកឡើងដែរ​ថា “កងទ័ព​ហ្វីលីពីន បាន​អនុវត្ត​ការ​វាយប្រហារ​តាម​ជើង​អាកាស​និង​ជើង​គោក​ដោយ​គ្មាន​​សមា​មាត្រ​​​គ្នា​ឡើយ។​ចំណែក​ឯ​តួលេខ​នៃ​ចំនួន​​ប្រជាជន​ស៊ីវីល​​ស្លាប់​ដោយសារ​ការ​វាយ​ប្រហារ​តាម​ជើង​អាកាស​​និង​នៅ​ក្នុង​ដៃ​របស់​ពួក​អ៊ីស្លាម​ជីហាត​ ទំនង​ជា​មាន​ចំនួន​ច្រើន​ជាង​តួលេខ​ផ្លូវការ​ហ្វីលីពីន។ ទាក់ទងនឹងបញ្ហានេះ ទីភ្នាក់ងារព័ត៌មាន​បារាំង AFP បាន​សុំ​ឲ្យ​យោធា​ហ្វីលីពីន ធ្វើ​អត្ថាធិប្បាយ​ពី​បញ្ហា​នេះ តែ​យោធា​ហ្វីលីពីន នៅ​មិន​ទាន់​ឆ្លើយ​តប​អ្វីឡើយ​​នា​ពេលភ្លាមៗ​នោះ។

គួររំលឹកថា នៅ​ក្នុង​ការ​វាយប្រយុទ្ធ​ដើម្បី​ដណ្តើម​យក​ទីក្រុង​ Marawi ​ទីក្រុង​ដ៏​ធំនោះ មនុស្ស​​ជាង​១.១០០​នាក់​ត្រូវ​ស្លាប់​ក្នុង​ចំណោម​នោះ ៩០០​នាក់​​ជា​ពួក​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ ការវាយប្រយុទ្ធគ្នា​រវាងកងទ័ពហ្វីលីពីន និង​ពួក​អ៊ីស្លាម​ជ្រុល​និយម បាន​ជុំរុញ​អោយ​មាន​អ្នក​ភៀសខ្លួន​ជាង​៤​ម៉ឺន​នាក់​ហើយ​សង្កាត់នានា​នៅ​ក្នុង​ក្រុង​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី​អស់​គ្មាន​សល់៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ