អានតួអត្ថបទ

ប្រេសិត​ចិនទៅ​ព្យុងយ៉ាង​មិន​​និយាយ​ពី​​នុយក្លេអ៊ែរ តែ​ប្រកាស​​រឹត​ចំណង​ជាមួយ​កូរ៉េ​ខាងជើង​

មិត្តភាព​ដ៏​យូរ​អង្វែង​រវាង​ចិន​និង​កូរ៉េខាង​ជើង គឺ​ជា​សម្បត្តិ​ដែល​មិន​អាច​កាត់ថ្លៃ​បាន សម្រាប់​ពលរដ្ឋ​ទាំង​ពីរ ! នេះ​ជា​សេចក្តី​ថ្លែងការណ៍​​របស់​រដ្ឋាភិបាល​ចិន ក្រោយ​ពី​មាន​ជំនួប​រវាង​ប្រេសិត​ចិន​ជាមួយ​នឹង​មន្ត្រី​​ជាន់​ខ្ពស់កូរ៉េខាង​ជើង កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ នៅទីក្រុង​ព្យុងយ៉ាង។ ប៉ុន្តែ​សេចក្តីថ្លែងការណ៍​គ្មាន​ចារ​អ្វីមួយ​ម៉ាត់​​សោះ​ទាក់​ទង​នឹង​កម្មវិធីនុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង។

ចិន​ប្រកាស​រឹង​ចំណង​ជាមួយ​កូរ៉េខាង​ជើង
ចិន​ប្រកាស​រឹង​ចំណង​ជាមួយ​កូរ៉េខាង​ជើង REUTERS/Aly Song
ផ្សាយពាណិជ្ជកម្ម

លោក សុង​ តៅ Song Tao មន្ត្រី​ការ​ទូត​ជាន់ខ្ពស់​របស់​បក្ស​កុម្មុយនិស្ត​ និង​ជាប្រេសិត​​​ពិសេស​របស់ចិន បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​ព្យុងយ៉ាង ដូច​ការ​គ្រោង​ទុក។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ខ្លី​មួយ ចុះ​កាលបរិច្ឆេទ​ថ្ងៃ​សុក្រ​ទី ១៧​វិច្ឆិកា តែទើប​ផ្សព្វផ្សាយ​ក្នុង​សារព័ត៌មាន​ចិន​នៅ​ថ្ងៃ​សៅរ៍​ បាន​ពន្យល់​ថា លោក​ សុង​ តៅ ​បាន​អញ្ជើញ​ទៅ​កូរ៉េខាង​ជើង ជា​​តំណាងរបស់​​​លោក ស៊ីជីនពីង និង​បាន​ជួប​សន្ទនា​ជាមួយ​តំណាង​កូរ៉េខាង​ជើង លោក ជើ រីយ៉ុង ហែ Choe Ryong Hae។

លោក​សុង​ តៅ បាន​ធ្វើ​តុល្យការ​នៃ​សមាជ​បក្ស​បក្ស​កុម្មុយនិស្ត​លើក​ទី​១៩ ប្រាប់​ដៃគូ​សន្ទនា​ និង​​​បាន​ជជែក​គ្នា​អំពី​ចំណង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ដដែល ដែល​​បញ្ជាក់​ទៀត​ថា “មិត្តភាព​ដ៏​យូរលង់​រវាង​ចិន​និង​កូរ៉េខាង​ជើង ដែល​​ប្រមុខ​ដឹកនាំ​​​មុនៗ បាន​ផ្សារ​ភ្ជាប់​និង​ថែ​ទាំ​រហូត​មក ជា​ទ្រព្យ​សម្បត្តិ​មិន​អាច​កាត់ថ្លៃ​បាន​​ទេ​សម្រាប់​ពលរដ្ឋ​ទាំង​ពីរ​ប្រទេស។ ដូច្នេះ​ ប្រទេស​ទាំង​ពីរ ត្រូវ​តែ​ធ្វើការ​រួម​គ្នា​ ធ្វើ​យ៉ាងណា​ឱ្យ​ចំណង​មិត្ត​ភាព​នេះ​កាន់​លូតលាស់​ ចាក់​ឬស​ចាក់​គល់​កាន់​តែ​រឹង​មាំ​ ដើម្បី​នាំ​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ទាំង​សងខាង។

ប៉ុន្តែ​សំណុំ​រឿង​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង ដែល​ជា​កម្មវត្ថុដើម​​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក សុង តៅ គ្មាន​ឃើញ​ចែង​សោះ​​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់នាយកដ្ឋាន​ការបរទេសចិន និង​ក្នុង​​​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង។

គេ​មិន​ដឹង​ថា​តើ​លោក​សុង​តៅ បន្ត​ស្ថិត​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើង​រហូត​ដល់​ថ្ងៃ​ទេ ហើយ​គេ​ក៏​មិន​ប្រាកដ​​ក្នុង​ដែរ​ថា​ប្រេសិត​ពិសេស​ចិន​រូប​នេះ​ នឹង​អាច​ជួប​លោក គីម ជុង​អ៊ុន ដែរ​ឬ​អត់​នោះ។ ប៉េកាំង​ សម្ព័ន្ធ​មិត្ត​តែ​មួយ​គត់​របស់​ព្យុងយ៉ាង ចង់​​បាន​ស្វែងរក​ដំណោះស្រាយ​ឱ្យ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង​ តាម​ផ្លូវការទូត​ ក៏​ប៉ុន្តែ​ចិន​ខ្លួន​ឯង​ក៏​មាន​ទំនាក់ទំនង​ យ៉ាង​មាន​កំរិត​បំផុត​ដែរ​ជាមួយ​ព្យុងយ៉ាង នារយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ តាំង​ពី​ខែ​កុម្ភៈ​២០១៦មក ចិន​មិន​ដែល​បាន​បញ្ជូន​បេសកជន​ពិសេស​របស់​ខ្លួន​ទៅ​កូរ៉េខាង​ជើងទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ