អានតួអត្ថបទ
ភូមា-សហភាព​អឺរ៉ុប

តំណាង​ការទូត​​អឺរ៉ុប​​​​​ពិភាក្សា​វិបត្តិ​​​​​​​រ៉ូហ៊ីងយ៉ា​​ជាមួយ​​លោកស្រី​ស៊ូជី​ ថ្ងៃចន្ទ​​នេះ​​​​

ប្រមុខការទូត​អឺរ៉ុប លោកស្រី Federica Mogherini ​នឹង​ជួបលោកស្រី​អ៊ុងសាន ស៊ូជី​ ថ្ងៃចន្ទ ២០វិច្ឆិកា​នេះ ដើម្បី​​ពិភាក្សា​ពីវិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា។ ​ប្រមុខការទូត​សហភាពអឺរ៉ុប​ចង់​ផ្តោះប្តូរ​ទស្សនៈ​យល់ឃើញ​ចំពោះ​ការដោះស្រាយ​វិបត្តិ​នេះ ជាមួយ​លោកស្រី​ស៊ូជី។ ​

លោកស្រី​ស៊ូជី
លោកស្រី​ស៊ូជី REUTERS/Soe Zeya Tun/File Photo
ផ្សាយពាណិជ្ជកម្ម

មុននឹង​ជួប​លោកស្រី អ៊ុងសាន ស៊ូជី នៅទីក្រុង​រ៉ង់ហ្គូន ប្រទេស​ភូមា ថ្ងៃចន្ទ​នេះ លោកស្រី​ប្រមុខ​ការទូត​អឺរ៉ុប Federica Mogherini និង​រដ្ឋមន្ត្រី​ការបរទេស​មកពី​ប្រទេស​ផ្សេងទៀត មាន​​​រដ្ឋមន្ត្រី​ការបរទេស​​ជប៉ុន បង់ក្លាដែស ស៊ុយអែត និង​អាល្លឺម៉ង់ សុទ្ធតែ​បាន​ទស្សនកិច្ច​ ​ជំរំភៀសខ្លួន​ជនជាតិ​រ៉ូហ៊ីងយ៉ា ក្នុង​ទឹកដី​បង់ក្លាដែស​រួច​ហើយ។ រដ្ឋមន្ត្រី​ការបរទេស​ទាំងអស់នេះ​ក៏បាន​ស្តាប់សាក្សី​រ៉ាយរ៉ាប់​នៅ​ទីនោះ​ដែរ។ ​ ​

យោងតាម​​លោកស្រី​ប្រមុខការទូត​សហភាព​អឺរ៉ុប​ ជំនួប​ជាមួយ​​លោកស្រី​ស៊ូជី នៅ​ភូមា​ ថ្ងៃចន្ទ​នេះ ជា​ឱកាស​ផ្តោះប្តូរ​​ជាមួយ​លោកស្រី​ស៊ូជី នូវ​ទស្សនៈ​យល់ឃើញ​ ទាក់ទង​​​​ការ​​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា។ យោងតាម​ប្រមុខការទូត​អឺរ៉ុប​ ​ការ​ជួប​​ជាមួយ​លោកស្រី​ស៊ូជីមិនមែន​ជា​ការ​ដាក់សម្ពាធ​អ្វី​ទេ តែ​ជា​ការ​ស្វែងរក​​បែបផែន​ក្នុង​ការ​ពិភាក្សា​​​ច្រើនជាង។ ​លោកស្រី​ស៊ូជី​តែងរង​ការរិះគន់​ថា បិទភ្នែក ​មិនអើពើ​ចំពោះ​ជនជាតិ​រ៉ូហ៊ីងយ៉ា ​ដែល​រង​ការធ្វើបាប​ពី​អ្នកកាន់​ពុទ្ធសាសនា​ជ្រុលនិយម​ក្នុងស្រុក ក៏ដូចជា​ពី​សំណាក់កងទ័ព។ ​

សព្វថ្ងៃ​នេះ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅ​ជំរំ​ភៀសខ្លួន​បង់ក្លាដែស​ ​បាន​កើន​ដល់​៦០ម៉ឺននាក់។ ពួកគេ​បាន​គេចខ្លួនពី​ហិង្សា​​​យោធា ​រដ្ឋរ៉ាក់ឃីនភាគខាងលិច​ តាំងពី​ខែសីហា​មក។ ក្រោយ​ក្រុមឧទ្ទាម​រ៉ូហ៊ីងយ៉ា​វាយប្រហារ​លើ​ប៉ុស្តិ៍​ប៉ូលិស កាលពី​ខែ​សីហា​ កងទ័ព​ភូមា​បានបើក​​​ប្រតិបត្តិការ​បោសសម្អាត​ នៅរដ្ឋរ៉ាក់ឃីន​។ ​

កងទ័ព​ភូមា​ចោទ​ថា​ ជនជាតិ​​រ៉ូហ៊ីងយ៉ា​ដែល​រត់ភៀសខ្លួន​ចេញ​ពី​ភូមា ​​សុទ្ធតែ​​ជា​ក្រុម​ភេរវជន​ដែល​នាំទាំង​ក្រុមគ្រួសារ​ គេចទៅបង់ក្លាដែស។ កងទ័ព​ភូមា​ថែមទាំង​​ទាត់ចោល​​​នូវការ​ចោទប្រកាន់​របស់​អង្គការ​សហប្រជាជាតិ​ដែល​វាយតម្លៃថា ប្រតិបត្តិការ​យោធា​ភូមា​ជាការ​បោសសម្អាត​ពូជសាសន៍។ ប្រមុខទ័ព​ភូមា មីន អ៊ុងឡាំង ទើបតែ​​ដាក់ លក្ខខណ្ឌ​នៅសប្តាហ៍​កន្លងទៅ​​ថា ​​ជនភៀសខ្លួន​​រ៉ូហ៊ីងយ៉ា​​អាច​ត្រលប់​ចូលស្រុក​ភូមា​វិញ លុះត្រា​តែ​ជនជាតិ​ភូមា​ម្ចាស់ស្រុក​យល់ព្រមទទួលពួកគេ។​

ការពិភាក្សា​វិបត្តិ​រ៉ូហ៊ីងយ៉ា ​រវាង​រដ្ឋាភិបាល​ភូមា​និង​បង់ក្លាដែស​ទៀតសោត ក៏​ជួបបញ្ហា​ស្មុគស្មាញ ដោយសារ​តែ​ភាគី​ចរចា​មិនត្រូវរ៉ូវគ្នា​លើ​អត្តសញ្ញាណ និង​កូតា​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​ត្រូវ​ត្រលប់ទៅ​ភូមា​វិញ៕ ​ ​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ