អានតួអត្ថបទ
កូរ៉េ​​ខាង​​ជើង​-អាមរិក-កូរ៉េខាងត្បូង​​​

សេអ៊ូល ​ចោទ​ព្យុងយ៉ាង ថា​រំលោភ​លើ​បទឈប់បាញ់​ ដោយ​សំអាង​លើ​រូបភាព​វីដេអូ​

កងទ័ព​កូរ៉េ​ខាង​ត្បូង​និង​អាមេរិក នៅថ្ងៃពុធទី​២២​វិច្ឆិកានេះ បាន​ចោទ​ប្រកាន់​កូរ៉េ​ខាង​ជើង​ ថា​បាន​រំលោភ​លើ​បទ​ឈប់បាញ់​នៅ​ឧបទ្វីប​កូរ៉េ ក្នុងអំឡុង​ពេល​​ដែល​ទាហាន​​កូរ៉េ​ខាង​ជើង​ម្នាក់ ​បាន​រត់​ឆ្ល​ង​​​ព្រំដែន​​​​​​ខណ្ឌ​ចែក​កូរ៉េ​ទាំង​ពីរ​​​ជាទី​ដែល​​មាន​​​កងទ័ពចំនួនដ៏​​សម្បើម​។ រូបភាព​វីឌីអូ​ដែល​ផ្សព្វផ្សាយ​ដោយ​ទីក្រុង​សេអ៊ូល បាន​បង្ហាញ​ឲ្យ​ដឹង​ថា ពួក​ទាហាន​កូរ៉េ​ខាង​ជើង បានខិតខំ​ព្យាយាម​ឃាត់​ខ្លួន​ទាហាន​រត់​ចោល​ជួរ​ដើម្បី​កុំ​អោយ​ឆ្លងកាត់រូច​​​ខ្សែ​បន្ទាត់ក្រហម។​

ឆ្មាំ​​ព្រំដែន​កូរ៉េ​ខាង​ជើង​ (រូបភាព​ខាង​លើ)​ បាន​បាញ់រះ​ទៅ​លើ​ទាហាន​​កូរ៉េ​ខាង​ជើង​រត់​ចោល​ជួរ​នៅ​តំបន់​គ្មាន​យោធា​រវាង​កូរ៉េ​ខាង​ជើង​និងកូរ៉េខាងត្បូង រូបភាព​ស្រង់​ចេញ​ពី​វីដេអូ​ដែល​ផ្សព្វផ្សាយ​​នៅ​ថ្ងៃ​ទី​២២​វិច្ឆិកា​ឆ្នាំ​២០១៧​
ឆ្មាំ​​ព្រំដែន​កូរ៉េ​ខាង​ជើង​ (រូបភាព​ខាង​លើ)​ បាន​បាញ់រះ​ទៅ​លើ​ទាហាន​​កូរ៉េ​ខាង​ជើង​រត់​ចោល​ជួរ​នៅ​តំបន់​គ្មាន​យោធា​រវាង​កូរ៉េ​ខាង​ជើង​និងកូរ៉េខាងត្បូង រូបភាព​ស្រង់​ចេញ​ពី​វីដេអូ​ដែល​ផ្សព្វផ្សាយ​​នៅ​ថ្ងៃ​ទី​២២​វិច្ឆិកា​ឆ្នាំ​២០១៧​ REUTERS,
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​វីដេអូ​របស់​ទីក្រុង​សេអ៊ូល បង្ហាញ​ឲ្យ​ដឹង​ថា​ទាហាន​កូរ៉េ​ខាង​ជើង មាន​សេចក្តី​ក្លាហាន​ហួសប្រមាណ​នៅ​ក្នុង​ការ​រត់​គេច​ខ្លួន​ចេញ​ពី​កូរ៉េ​ខាង​ជើង។ គេ​ឃើញ​ទាហាន​រត់​ចោល​ជួរ​​ទ័ព​​កូរ៉េ​ខាង​ជើង​នេះ​ ឡើង​ជិះ​ឡាន Jeep មួយ​គ្រឿង​ដោយ​បើកសំដៅ​​យ៉ាង​លឿន​ស្លេវ ​តម្រង់​ទៅ​កាន់​តំបន់​ព្រំដែនដែល​​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ។

នៅ​ពេល​បើក​ជិត​ទៅ​ដល់​គំនូស​បន្ទាត់​ព្រំដែន​និង​នៅ​សល់​តែ​ពីរ​ឬ​៣​ម៉ែត្រ​ប៉ុណ្ណោះ ស្រាប់​តែ​ឡាន​ហ្ស៊ីប​​របស់​​ទាហាន​​នោះ ​បាន​​បើក​ធ្លាក់ទៅ​ក្នុង​អូរ​មួយដែល​​ជម្រុញ​ឲ្យ​​ទាហាន​​នេះ​​រត់​ចុះ​ពី​រថយន្ត​​ភ្លាម​ ​ដើម្បី ធ្វើការ​​រត់​គេច​ខ្លួន​ជាបន្ត​​ដោយ​​ថ្មើរ​ជើង​វិញ​ម្តង ។ មិនតែប៉ុំណ្ណោះ ទាហានរូប​​នេះ ​​វិះៗ​​តែ​​ត្រូវ​សមមិត្ត​របស់ ​ខ្លួន​ ចាប់​បានទៀត។​

ក្នុង​ពេល​នោះ​ហើយ ដែលកង​ទាហាន​កូរ៉េ​ខាង​ជើង​ បាន​ធ្វើការ​បាញ់​រះ​ស្ទើរ​តែនៅ​ជិត​គ្នា​បំផុត ​ទៅ​លើ​​កូរ៉េ​ខាង​ត្បូង។​ មិនតែប៉ុណ្ណោះ មាន​​ទាហាន​របស់​​កូរ៉េ​ខាង​ជើង​ម្នាក់​ បាន​សាក​ល្បង​​ដេញ​តាម​​ចាប់​​ ជន​រត់​គេច​ខ្លួន ​ដោយ​​ថែមទាំង​​បាន​​​​​​ឆ្លង​កាត់​ព្រំដែន​មួយភ្លែត​ដែរ មុន​នឹង​បកក្បាល​​ត្រឡប់​ចូល​មក​ក្នុង​ទឹកដី​កូរ៉េខាងជើង​វិញ។ តាមរយៈ​វីដេអូ​របស់​សេអ៊ូល​​ដដែល ទាហាន​រត់​គេច​ខ្លួន​នោះ បន្ទាប់មក បាន​រត់​ចូល​ទៅ​ដល់​ទឹកដី​កូរ៉េ​ខាង​ត្បូង តែ​ខ្លួន​ប្រាណ​របស់​គេ ក៏​ត្រូវ​ទទួលរង​គ្រាប់​កាំភ្លើង​ចំនួន​៥ គ្រាប់​​ដែរ​​មុន​នឹង​​សន្លប់​បាត់​​ស្មារតី​​នៅ​លើ​ដី​ក្បែរ​ជញ្ជាំង​ព្រំដែន​។​​

កងទ័ព​កូរ៉េ​ខាង​ត្បូងចំនួន​៣​នាក់ បាន​​សាកល្បង​​លូនវារដើម្បី​ចៀសវាង​ពី​ការ​បាញ់​ជាយថាហេតុ​ពី​សំណាក់​ទាហាន​កូរ៉េ​ខាង​ជើង ដើម្បី​ធ្វើការ​រំដោះ យក​ទាហាន​កូរ៉េ​ខាង​ជើង​រងគ្រោះសន្លប់បាត់ស្មារតី​នោះ​​ ។​​ នៅ​ទីបំផុត ពួកគេ​ ​បាន​សម្រេចនិងបាន​​ដឹក​ជម្លៀស​ទាហាន​​រងគ្រោះនោះ​ សំដៅទៅកាន់មន្ទីរពេទ្យ។​​

ទន្ទឹមនេះ ទីបញ្ជាការ​យោធា​របស់​អ ស ប បាន​ពិពណ៌នា នៅលើ​​ការ​បាញ់​ប្រហារ​និង​ការ​ឆ្លង​កាត់​ព្រំដែន​មួយ​រយៈ​ពេល​​ខ្លី​របស់​​ទាហានកូរ៉េខាងជើង​នេះ ថា​ជា​ការ​រំលោភ​លើ​បទ​ឈប់​បាញ់ ហើយ​បាន​ស្នើ​សុំ​ឱ្យ​កូរ៉េ​ខាង​ជើង ជួប​ប្រជុំ​មួយ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ។

​ចំណែក​ទាហាន​រត់​ចោល​ជួរ​ទ័ព​របស់​ទីក្រុង​ព្យុងយ៉ាងវិញ ដែល​ទើប​តែ​​អាយុ​ជាង​២០​ឆ្នាំប៉ុណ្ណោះ​ ត្រូវ​​បានទទួល​ការ​វះកាត់ពីគ្រូពេទ្យ​កូរ៉េខាងត្បូង​​ជា​ច្រើន​សារ នៅ​មុន​ពេល​គេ​​​​បាន​ដឹង​ខ្លួន​ឡើង​វិញ​នាពេលថ្មីៗនេះ។​​ ម្យ៉ាងទៀត នៅ​ខណៈពេល ធ្វើការ​វះកាត់ គ្រូពេទ្យកូរ៉េខាងត្បូង បាន​រក​ឃើញសត្វ​​ប៉ារ៉ាស៊ីត​ជា​ច្រើន​​នៅ​ក្នុង​ពោះវៀន​របស់​ទាហាន​កូរ៉េ​ខាង​ជើង​នោះ ដែ​ល​ជា​សញ្ញា​មួយ​បញ្ជាក់ឲ្យដឹង​​ពី​ស្ថាន​ភាព​​រស់​នៅ​​ដ៏​លំបាក​លំបិន​​របស់​ទាហាន​​កូរ៉េ​ខាង​ជើងដែរ​។ ក៏ប៉ុន្តែ​ហេតុផល​នៃការរត់គេចខ្លួន​របស់​ទាហាន​កូរ៉េ​ខាង​ជើង​​នោះ គេក៏​នៅពុំទាន់ដឹងនៅឡើយទេ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ