អានតួអត្ថបទ
ប៉ាគីស្ថាន-ឥណ្ឌា

តុលាការ​ប៉ាគីស្ថាន​​ ទើប​ចេញដីកា​​​​ដោះលែង​Hafiz Saeed មេក្លោង​​​​​​​​​ជាប់​​​សង្ស័យ​​​ក្នុង​​​ការ​​​ទទួល​ខុសត្រូ​វ​​​លើ​​​​​ភេរវកម្ម​​​នៅ​​​ Bombay ​​​​

តុលាការប្រទេស​​ប៉ាគីស្ថាន ទើប​ចេញ​បញ្ជា​​អោយ​ដោះលែង​មេ​ក្លោង​ម្នាក់​​ក្នុងចំណោម​​អ្នក​​ដែល​​ជាប់​សង្ស័យ​លើការទទួលខុសត្រូវ​នៅក្នុង​​​​អំពើ​ភេរវកម្មនៅ​ ​​ទី​ក្រុង​ Bombay ប្រទេស​ឥណ្ឌា​កាលពី​ឆ្នាំ​២០០៨​ ។ ​ដោយ​​​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ទោស ​បាន​បដិសេធ​បន្ត​ការ​​​​​ឃុំឃាំងខ្លួន​​ជន​ឈ្មោះ​ Hafiz Saeed ​​​នៅ​​​​ក្នុង​​ផ្ទះ​​ត​ទៅមុខ​​ទៀត​ដោយមកពី​ ​រដ្ឋាភិបាល​​​ឥណ្ឌា ​ពុំមាន​​​​​ភស្តុតាង​​គ្រប់គ្រាន់​។​​​​

Hafiz Saeed (កណ្តាល) ប្រតិកម្ម​តបទៅ​អ្នក​គាំទ្រ​នៅ​ពេល​គាត់​ដើរចេញ​ពី​តុលាការ​បន្ទាប់​​ពី​តុលាការ​​បាន​ចេញ​ដីកា​ដោះលែង​គាត់​នៅ​ក្រុង Lahore​ ប្រទេស​ប៉ាគីស្ថាន​ថ្ងៃ​ទី ​២២​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៧​
Hafiz Saeed (កណ្តាល) ប្រតិកម្ម​តបទៅ​អ្នក​គាំទ្រ​នៅ​ពេល​គាត់​ដើរចេញ​ពី​តុលាការ​បន្ទាប់​​ពី​តុលាការ​​បាន​ចេញ​ដីកា​ដោះលែង​គាត់​នៅ​ក្រុង Lahore​ ប្រទេស​ប៉ាគីស្ថាន​ថ្ងៃ​ទី ​២២​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៧​ REUTERS/Mohsin Raz
ផ្សាយពាណិជ្ជកម្ម

Hafiz Saeed ដែល​​ជាប់​​សង្ស័យ​​ជា​មេ​ក្លោង​នៅ​ក្នុងការទទួលខុសត្រូវលើ​​អំពើ​ភេរវកម្ម​នៅ​ក្នុង​​ទីក្រុង ​Bombay ​ប្រទេស​ឥណ្ឌា​កាលពី​ឆ្នាំ ២០០៨​ ក៏​​​ជា​មេ​ដឹកនាំ​ក្រុម​ឧទ្ទាម​អ៊ីស្លាម​​​ជ្រុល​និយមមួយនៅ​ប៉ាគីស្ថាន​​​ឈ្មោះ​ Jamaat-ud-Dawa(JuD)។​ជននេះ ​​ត្រូវបាន​​តុលាការ​ប៉ាគីស្ថាន ចេញដីកា​ដោះលែង​​​​​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៣ ​វិច្ឆិកា - នេះ​បើ​យោង​តាម​អ្នក​នាំពាក្យម្នាក់​​របស់​ក្រុម Jamaat ud-Dawa (JuD)​។​

គួររំលឹកថាជន Hafiz Saeed នេះ ត្រូវ​​​បាន​​អាជ្ញាធរ​ប៉ាគីស្ថាន​ ចាប់​ខ្លួន​​និងដាក់​​​​​ឃុំឃាំង​​​នៅ​ក្នុង​លំនៅឋាន​តាំងតែ​ពី​ខែ​មករា​ឆ្នាំ ២០១៦ ម្ល៉េះ។ ម្យ៉ាងទៀត ជននេះ ​ក៏​​​ជា​មនុស្ស​ម្នាក់​​ ដែល​​​ទីក្រុង New Delhi តាម​​ស្វែង​រក​ចាប់​ខ្លួន​ជា​យូរ​យារ​មកហើយ​​ និងក៏​​ធ្លាប់​បាន​​រស់​នៅ​ដោយ​​​​សេរីភាព​ទាំង​ស្រុងដែរ​​​នៅ​​​ប៉ាគីស្ថាន។

​នៅក្នុង​​ប្រទេស​​​ប៉ាគីស្ថាននេះមេឧទ្ទាម​ជ្រុលអ៊ីស្ថាម​ជ្រុលនិយម​ Hafiz Saeed នេះ បាន​ធ្វើ​ការ​​​អំពាវនាវ​ជារឿយៗ​ សុំ​ឲ្យ​​ប្រជាជន​​អ្នក​កាន់​សាសនា​អ៊ីស្លាម នៅ​លើ​លោក ​​ងើប​ឡើង​​ដើម្បី​​​​ធ្វើ​សង្គ្រាម​សាសនា​ប្រឆាំង​នឹង​ប្រទេស​​ឥណ្ឌា។ ​ក្រោយមក​ទៀត ​ជន​នេះ ត្រូវ បាន​ អាជ្ញាធរ​​ប៉ាគីស្ថាន​ ចាប់ខ្លួន​និង​​ដាក់​​ឃុំ​ឃាំង​នៅ​ក្នុង​លំនៅឋាន​​ជា​លើក​ទី​មួយ​នៅ​ក្នុង​​​ឆ្នាំ ​២០០៨ ​ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត។

គួររំលឹកថា អំពើ​ភេរវកម្ម​ដ៏​កាច​សាហាវ​បំផុត​នៅ​ឥណ្ឌា​ក្នុង​ទីក្រុង ​Bombay​​ ​កាលពីឆ្នាំ​២០០៨  ដែល​​ត្រូវ​​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្រោម​កាម៉េរ៉ា​ថត​រូប​របស់​បណ្តាញ​ទូទស្សន៍​​ពិភព​លោក​​ទាំង​មូល បាន​សម្លាប់ជីវិត​អស់មនុស្ស អស់ ចំនួន ​១៦៦ ​នាក់​​។ ហើយ​នៅ​ក្នុង​រយៈ​ពេល​​៣​ថ្ងៃ កង​កុម្មង់ដូ​ឥណ្ឌា បាន​ធ្វើការ​វាយ​ប្រយុទ្ធ​​​យ៉ាង​ស្វិតស្វាញ​ បំផុត ​ដើម្បី ​​ដណ្តើម​​​យក​ចំណុច​ផ្សេងៗ​នៅ​​ក្នុង​​ទីក្រុង ប៊ុមបេ ​ពី កណ្តាប់ដៃ​របស់​​ពួក​​ឧទ្ទាម​​អ៊ីស្លាម​មក​វិញ។​

​សូមបញ្ជាក់ថា​នៅ​​ឆ្នាំ ២០១២ ​សហរដ្ឋអាមេរិក ធ្លាប់​បាន​ប្រកាស​ផ្តល់​ជា​រង្វាន់​​ទឹក​ប្រាក់ ​ចំនួន ​១០ ​លាន ​ដុល្លារអាមេរិក ដល់​​​ជនណា​មួយ ដែល ​អាច​ផ្តល់​ព័ត៌មានបាន​​គ្រប់​គ្រាន់​ ​ដើម្បី​​​អាច​ចាប់​ខ្លួន​មេ​ឧទ្ទាម​ជ្រុលនិយម​នេះ​បាន ​ដើម្បីយក​មក​កាត់​ទោស​។​

គួររំលឹកថា ក្រុម​ឧទ្ទាម​ជ្រុល​និយម Jamaat-ud-Dawa  ឬ (JuD) ដែល​ត្រូវ​បា​​ន អ.ស.ប. ចាត់​ទុក​ថា ​ជា​​អង្គការ​ភេរវនិយម ត្រូវ​បាន New Delhi ​ចាត់ទុកថា ​ជា​ឧបករណ៍​ឃោសនា​ដ៏​សំខាន់​មួយ​របស់​ចលនា​អ៊ីស្លាម​ប្រដាប់​អាវុធ​ប៉ាគីស្ថាន​ឈ្មោះ​ Lashkar-e-Taiba(LeT) ដែល​ស្ថិត​នៅ​ពី​ខាង​ក្រោយ​នៃ​អំពើ​ភេរវកម្ម​នៅទីក្រុង​​ Bombay។ សូមបញ្ជាក់ថា “ចលនា LeT​នេះ មាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់​នៅ​ប៉ាគីស្ថាន​ដោយ​សារ​តែចលនា​នេះ ពូកែ​ស្វែង​រក​មូលនិធិ ដើម្បី​​យក​ទៅ​ជួយ​សង្គ្រោះ​ដល់​ប្រជាជន​ប៉ាគីស្ថាន​ដែល​ត្រូវ​រងគ្រោះ​​នៅ​ក្នុងមហន្តរាយធម្មជាតិ​នានា៕​​​​​​​​​​​​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ