តើគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន ដំណើរការដល់ណាហើយ ?
ចុះផ្សាយនៅថ្ងៃ៖
គម្រោង "ផ្លូវមួយខ្សែក្រវ៉ាត់មួយ" របស់ចិនកំរិតទៅមុខដោយតឹងផ្អើស។ គំនិតផ្តួចផ្តើមនយោបាយប្រកបដោយមហិច្ឆតារបស់លោក ស៊ី ជីនពីង នេះ ជាគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្តាប្រទេសជាមិត្ត ដោយប្រើថវិការបស់ចិន។ កម្មវត្ថុគឺប៉េកាំងចង់ពន្លាតឥទ្ធិពលរបស់ខ្លួនផង និងដើម្បីទម្លាយផលិតផលឧស្សាហកម្ម ដូចជាស៊ីម៉ង់ ដែកថែប។ ប៉ុន្តែថ្វីបើអាហ្វ្រិកស្រក់ទឹកមាត់ចង់ចូលរួម ប៉ាគីស្ថាននិងនេប៉ាល់វិញ បានលុបចោលគម្រោងរបស់ចិនពីរនៅក្នុងប្រទេសរបស់ពួកគេ។
នៅក្នុងវេទិកាចិន-អាហ្វ្រិក ដែលប្រព្រឹត្តទៅប្រទេសម៉ារ៉ុក កាលពីថ្ងៃចន្ទ ដោយមានសុទ្ធតែអ្នកជំនួញធំៗ៤០០នាក់ ក្នុង១៥០នាក់ចូលរួម ចិនបានប្រកាសផ្តល់មធ្យោបាយច្រើន ដើម្បីពន្លឿនកិច្ចសហប្រតិបត្តិការក្នុងវិស័យវិនិយោគ នៅក្នុងទ្វីបអាហ្វ្រិក។ ក្នុងរយៈពេលតែ២០ឆ្នាំ ចិន បានក្លាយជាដៃគូសេដ្ឋកិច្ចលំដាប់ទីមួយរបស់អាហ្វ្រិក វ៉ាឈ្នះឥណ្ឌា អាមេរិកនិងបារាំង រួមគ្នាទៅទៀត។ ការផ្តោះប្តូរពាណិជ្ជកម្មចិន-អាហ្វ្រិកបានឡើងដល់ទៅ ១៩០ពាន់លានដុល្លារនៅឆ្នាំ២០១៦។
ជាមួយតួលេខនេះ ជាមួយនឹងនយោបាយលើកទីតាំងឧស្សាហកម្ម ជាមួយនឹងការបញ្ជាក់ជំហរនយោបាយ នៅក្នុងសមាជបក្សចិនលើកទី១៩ កាលពីខែតុលា បើកចំហ និងពន្លឿនកម្មវិធី "ផ្លូវមួយខ្សែក្រវ៉ាត់មួយ” មានបណ្តាប្រទេសនៅអាហ្វ្រិកមិនតិចទេ ដែលស្រមៃចង់បានការអភិវឌ្ឍលឿននេះ។ នាយករដ្ឋមន្ត្រីម៉ារ៉ុក បានថែមទាំងប្រឹងជួយអួតលើកតម្កើងថា ចិននិងអាហ្វ្រិក ស្វែងរកការអភិវឌ្ឍដូចគ្នា ហើយការផ្តួចផ្តើមបង្កើតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវមួយខ្សែក្រវ៉ាត់មួយ នឹងប្តូរផ្លាស់ផែនទីនៃការផ្តោះប្តូរពាណិជ្ជកម្មអន្តរជាតិ។ ផែនការនេះមានពាក់ព័ន្ធនឹងអាហ្វ្រិកខាងកើតហើយ ហើយគួរតែពង្រីកមកដល់អាហ្វ្រិកខាងលិចទៀត ! នេះជាសំណូមពររបស់កូដឌីវ័រ។
ក្រោយពីកេនយ៉ា អេត្បូពី អេហ្ស៊ីប និងជីប៊ូទី ម៉ារ៉ុកទើបបានបញ្ចូលខ្លួនទៅក្នុងកម្មវិធី ផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិនដែរ ដែលជាគ្រោងឱ្យមានការសាងសង់ផ្លូវថ្នល់ កំពង់ផែ ផ្លូវដែក និងមជ្ឈមណ្ឌឧស្សាហកម្ម នៅក្នុងប្រទេសចំនួន ៦៥ ក្នុងតម្លៃទឹកប្រាក់ជាង១រយម៉ឺនលានដុល្លារ និងជាផ្លូវពីរ ៖ ផ្លូវគោក ភ្ជាប់ពីចិនមកអឺរ៉ុបដោយឆ្លងកាត់អឺរ៉ុបកណ្តាល រុស្ស៊ី និងផ្លូវទឹក ភ្ជាប់ចិនមកអាហ្វ្រិក និងអឺរ៉ុប តាមសមុទ្ទចិននិងសមុទ្ទឥណ្ឌា។
ប៉ុន្តែថ្វីបើអ្នកនយោបាយខាងអាហ្វ្រិក សំឡឹងឃើញឱកាសសម្រាប់អភិវឌ្ឍប្រទេសរបស់ពួកគេ តាមរយៈ គម្រោងអភិវឌ្ឍន៍ចិនមែន តែនៅខាងអាស៊ី ដែលនៅកៀកជាប់តំបន់ដែនឥទ្ធិពលប៉េកាំងវិញ ផែនការ ផ្លូវមួយខ្សែក្រវ៉ាត់មួយ មិនបានទទួលការស្វាគមន៍ និងរីកលូតលាស់ទៅមុខដូចការប៉ងប្រាថ្នារបស់ប៉េកាំងទេ។ នេប៉ាល់ និងប៉ាគីស្ថាន ទើបបានលុបចោលគម្រោងសាងសង់ទំនប់ទឹកចិនពីរ លើដែនដីរបស់ខ្លួន។
កាលពីដើមសប្តាហ៍ ឧបនាយករដ្ឋមន្ត្រីនេប៉ាល់ បានប្រកាសថារដ្ឋាភិបាលកាត់មង់ឌូ បោះបង់គម្រោងសាងសង់ទំនប់វារីអគ្គីសនី ដែលអាចផ្តល់ថាមពល ១២០០មេហ្កាវ៉ាត់ តម្លៃ២៥០០លានដុល្លារ សង់ដោយក្រុមហ៊ុនចិន ព្រោះបើតាមគណៈកម្មការនេប៉ាល់ គម្រោងនេះគ្មានតម្លាភាពផ្នែកចែកចាយផលនៅលើទីផ្សារទេ !
ក្នុងករណីប្រទេសប៉ាគីស្ថាន អ៊ីសា្លមបាដ មិនបោះបង់គម្រោងសាងសង់ទំនប់វារីអគ្គីសនី ដែលត្រូវសាងសង់ដោយក្រុមហ៊ុនចិន និងដែលផ្តល់ថាមពល៤៥០០មេហ្កាវ៉ាត់មែន ប៉ុន្តែមិនត្រូវការប្រើថវិកាចិនទេ។ ប៉ាគីស្ថានបានសើ្នសុំចិន ឱ្យដកគម្រោងសាងសង់ទំនប់នេះចេញពីផែនការសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ឬផែនការ ផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន នេះឯង។
ករណីនេប៉ាល់ និងប៉ាគីស្ថាន មិនមែនជាការព្រមានចិនលើកដំបូងទេ ! មានគម្រោងរបស់ចិនច្រើនណាស់ មិនថាជាគម្រោងសាងសង់ទំនប់ទឹក ឬផ្លូវដែកល្បឿនលឿន ត្រូវរងការតវ៉ាប្រឆាំងកាន់តែច្រើនឡើងៗ នៅថ្នាក់មូលដ្ឋាន។ ជាឧទាហរណ៍មួយទៀត នៅភូមា ការសាងសង់ទំនប់វារីអគ្គីសនី Myitsone ដោយក្រុមហ៊ុនចិន ត្រូវចាប់ផ្តើមតាំងពីឆ្នាំ២០១១មក ប៉ុន្តែប្រជាជនប្រឆាំង ព្រោះ គម្រោងនេះបំរើប្រយោជន៍ឱ្យចិនទាញយកថាមពលអគ្គីសនី ដល់ទៅ៩០%។ ការប្រឆាំងរបស់ពលរដ្ឋបានធ្វើការសាងសង់ ត្រូវលើកពេលម្តងហើយម្តងទៀត ! លើកច្រើនដងច្រើនសាពេករហូតមិនដឹងថាគម្រោងនេះអាចចេញរួចដែរឬអត់ទេ។
តាមការពិត ចិនក៏បានដឹង តាំងពីយូរមកហើយថាដើម្បីសម្រេចផែនការ ផ្លូវមួយខ្សែក្រវ៉ាត់មួយ ចិនត្រូវឆ្លងកាត់ការលំបាកច្រើនណាស់ ! ជាពិសេសនៅថ្នាក់មូលដ្ឋានផ្ទាល់តែម្តង។ ចិនបានចាត់វិធានការ ជំរុញឱ្យក្រុមហ៊ុនគោរពសិទ្ធិពលរដ្ឋ និងបរិស្ថានដែរ ប៉ុន្តែមិនគ្រប់ទាន់គ្រប់គ្រាន់។ ចំពោះករណីប្រទេសប៉ាគីស្ថាន ចិនចង់ជំនះ និងប្រឹងឆក់ឱកាសគ្រប់យ៉ាងដើម្បីមានប្រៀបលើគូប្រជែងឥណ្ឌា ព្រោះផ្លូវភ្ជាប់សេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ឆ្លងកាត់តំបន់ជាប់ជម្លោះកាស្មៀឥណ្ឌាប៉ាគីស្ថានតែម្តង។ ចិនមិនទាន់បញ្ចេញប្រតិកម្មអ្វីទាំងអស់ ទាក់ទងនឹងការលុបគម្រោងរបស់នេប៉ាល់ ហើយគ្មានអ្នកឯកទេសឬជំនាញណា ផ្តល់យោបល់ឬធ្វើអត្ថាធិប្បាយទេ ព្រោះជាប្រធានបទដ៏រសើប ការប្តូរជំហរនេះ ទំនងមានពាក់ព័ន្ធនឹងរឿងនយោបាយសុទ្ធសាធ ដោយនេប៉ាល់ ទើបប្តូរផ្លាស់សភាថ្មី ដែលបក្សសំឡេងភាគច្រើនជាក្រុមស្និទ្ធនឹងឥណ្ឌា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ