ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT

តើគម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់​មួយ​របស់ចិន ដំណើរការ​ដល់​ណា​ហើយ ?

តើគម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់​មួយ​របស់ចិន ដំណើរការ​ដល់​ណា​ហើយ ? ផែនទី​នៃ​គម្រោង​ ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ចិន © Reuters

    គម្រោង​ "ផ្លូវមួយ​ខ្សែ​ក្រវ៉ាត់​មួយ" របស់​ចិន​កំរិត​ទៅ​មុខ​ដោយ​តឹង​ផ្អើស។ គំនិត​ផ្តួច​ផ្តើមនយោបាយ​​ប្រកប​ដោយ​មហិច្ឆតា​របស់​លោក ស៊ី ជីនពីង នេះ ជា​គម្រោង​សាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធ នៅ​តាម​បណ្តា​ប្រទេស​ជា​មិត្ត ដោយ​ប្រើ​ថវិកា​របស់​ចិន។ កម្មវត្ថុ​គឺ​ប៉េកាំង​ចង់​ពន្លាត​ឥទ្ធិពល​របស់​ខ្លួន​ផង និង​ដើម្បី​ទម្លាយ​ផលិតផល​ឧស្សាហកម្ម​ ដូច​ជា​ស៊ីម៉ង់ ដែកថែប។ ប៉ុន្តែ​ថ្វី​បើ​អាហ្វ្រិក​ស្រក់​ទឹក​មាត់​ចង់ចូល​រួម​​ ​ប៉ាគីស្ថាន​និង​នេប៉ាល់​វិញ បាន​លុប​ចោល​គម្រោង​​របស់​ចិន​ពីរ​នៅ​ក្នុង​ប្រទេស​​របស់​ពួក​គេ។

    នៅ​ក្នុង​វេទិកា​ចិន-អាហ្វ្រិក ដែល​ប្រព្រឹត្ត​ទៅ​ប្រទេស​ម៉ារ៉ុក កាលពី​ថ្ងៃ​ចន្ទ ដោយ​មាន​សុទ្ធ​តែ​អ្នក​ជំនួញ​ធំៗ​៤០០​នាក់ ក្នុង​១៥០​នាក់​ចូល​រួម​ ចិន​បានប្រកាស​ផ្តល់​មធ្យោបាយ​​ច្រើន ដើម្បី​​ពន្លឿន​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​វិនិយោគ នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​។ ក្នុង​រយៈ​ពេល​តែ​២០​ឆ្នាំ ចិន បាន​ក្លាយ​ជា​ដៃគូ​សេដ្ឋកិច្ច​លំដាប់​ទី​មួយ​​របស់​អាហ្វ្រិក ​វ៉ា​ឈ្នះ​ឥណ្ឌា អាមេរិក​និង​បារាំង​ រួម​គ្នា​ទៅ​ទៀត។ ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ចិន-អាហ្វ្រិក​បាន​ឡើង​​ដល់​ទៅ ១៩០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦។

    ជាមួយ​តួលេខ​នេះ​ ​ជាមួយ​នឹង​នយោបាយ​លើក​ទី​តាំង​ឧស្សាហកម្ម ជាមួយនឹង​ការ​បញ្ជាក់​ជំហរ​​នយោបាយ​ នៅ​ក្នុង​សមាជបក្ស​ចិន​លើក​ទី​១៩ កាលពី​ខែ​តុលា បើក​ចំហ ​និង​ពន្លឿន​កម្មវិធី​ "​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ” មាន​បណ្តា​ប្រទេសនៅ​អាហ្វ្រិក​មិន​តិចទេ​​ ​ដែល​ស្រមៃចង់​បាន​កា​រអភិវឌ្ឍ​លឿននេះ។ នាយក​រដ្ឋមន្ត្រី​ម៉ារ៉ុក​ បាន​ថែម​ទាំង​ប្រឹងជួយ​អួត​​លើក​តម្កើង​​ថា ចិន​និ​ងអាហ្វ្រិក​ ស្វែង​រក​ការ​អភិវឌ្ឍដូចគ្នា​ ហើយ​ការ​ផ្តួច​ផ្តើម​បង្កើត​ហេដ្ឋារចនា​សម្ព័ន្ធ​ ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​ ​នឹង​ប្តូរ​ផ្លាស់​ផែនទី​នៃ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​អន្តរជាតិ។ ផែនការ​នេះ​មាន​ពាក់ព័ន្ធ​នឹងអាហ្វ្រិក​ខាង​កើត​ហើយ ហើយ​គួរ​តែ​ពង្រីក​មក​ដល់​អាហ្វ្រិក​ខាង​លិច​ទៀត ! នេះ​ជា​សំណូមពរ​របស់​​កូដឌីវ័រ។

    ក្រោយ​ពី​កេនយ៉ា អេត្បូពី អេហ្ស៊ីប និង​ជីប៊ូទី ម៉ារ៉ុកទើប​បានបញ្ចូល​ខ្លួន​ទៅក្នុង​កម្មវិធី​ ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ចិនដែរ ដែល​ជា​គ្រោង​ឱ្យ​មាន​ការ​សាងសង់​ផ្លូវ​ថ្នល់ កំពង់ផែ ផ្លូវ​ដែក និង​មជ្ឈមណ្ឌ​ឧស្សាហកម្ម​ នៅ​ក្នុង​ប្រទេស​ចំនួន ៦៥ ក្នុង​តម្លៃ​ទឹក​ប្រាក់​ជាង​១រយ​ម៉ឺន​​លាន​ដុល្លារ​ និង​ជា​ផ្លូវ​ពីរ ៖ ផ្លូវគោក ភ្ជាប់ពី​​ចិន​មកអឺរ៉ុប​ដោយ​ឆ្លង​កាត់​​អឺរ៉ុប​កណ្តាល រុស្ស៊ី និង​ផ្លូវ​ទឹក​ ភ្ជាប់​ចិន​មក​អាហ្វ្រិក និងអឺរ៉ុប តាម​សមុទ្ទ​ចិន​និង​សមុទ្ទ​ឥណ្ឌា។

    ប៉ុន្តែ​ថ្វី​បើអ្នក​នយោបាយ​​ខាងអាហ្វ្រិក សំឡឹង​ឃើញ​ឱកាស​សម្រាប់​អភិវឌ្ឍ​ប្រទេស​របស់​ពួក​គេ តាម​រយៈ​ គម្រោង​អភិវឌ្ឍន៍​ចិន​មែន តែ​នៅ​ខាង​អាស៊ី ដែល​នៅ​កៀក​ជាប់​តំបន់​ដែន​ឥទ្ធិពល​ប៉េកាំង​វិញ ផែនការ​ ផ្លូវមួយ​ខ្សែ​ក្រវ៉ាត់​មួយ​ មិន​បាន​ទទួល​ការ​ស្វាគមន៍ និង​រីក​លូត​លាស់​ទៅ​មុខ​ដូច​ការ​ប៉ង​ប្រាថ្នា​របស់​ប៉េកាំង​ទេ។ នេប៉ាល់ និង​ប៉ាគីស្ថាន ទើប​បាន​លុប​ចោល​គម្រោង​សាង​សង់​ទំនប់​ទឹក​ចិនពីរ លើ​ដែន​ដី​របស់​ខ្លួន។

    កាលពី​ដើម​សប្តាហ៍​ ឧបនាយក​រដ្ឋមន្ត្រី​នេប៉ាល់ បាន​ប្រកាស​ថា​រដ្ឋាភិបាល​កាត់មង់ឌូ បោះបង់​គម្រោង​សាង​សង់​ទំនប់វារី​អគ្គីសនី​ ដែល​អាច​ផ្តល់ថាមពល​ ១២០០មេហ្កាវ៉ាត់ តម្លៃ​២៥០០​លាន​ដុល្លារ​ សង់​ដោយ​ក្រុមហ៊ុន​ចិន ព្រោះ​បើ​តាម​គណៈកម្មការ​នេប៉ាល់ គម្រោង​នេះ​គ្មាន​តម្លាភាពផ្នែក​ចែក​ចាយ​ផល​នៅ​លើ​ទីផ្សារ​ទេ !

    ក្នុង​ករណី​ប្រទេស​ប៉ាគីស្ថាន អ៊ីសា្លមបាដ​ មិន​បោះបង់​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គីសនី​ ដែល​ត្រូវ​សាង​សង់​ដោយ​ក្រុមហ៊ុនចិន និង​ដែល​ផ្តល់​ថាមពល​៤៥០០​មេហ្កាវ៉ាត់​មែន ប៉ុន្តែ​មិន​ត្រូវ​ការប្រើថវិកា​ចិន​ទេ​។ ប៉ាគីស្ថាន​បាន​សើ្ន​សុំ​ចិន ឱ្យ​ដក​គម្រោង​សាងសង់​ទំនប់​នេះ​ចេញ​ពី​ផែនការ​សេដ្ឋកិច្ច​ចិន-ប៉ាគីស្ថាន ឬ​ផែនការ​ ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ចិន នេះឯង។

    ករណី​នេប៉ាល់ និង​ប៉ាគីស្ថាន មិន​មែន​ជា​ការ​ព្រមាន​ចិន​លើក​ដំបូង​ទេ ! មាន​គម្រោង​របស់​ចិន​ច្រើន​ណាស់ មិន​ថា​ជា​គម្រោង​សាង​សង់ទំនប់​ទឹក ឬ​​ផ្លូវ​ដែកល្បឿន​លឿន ត្រូវ​រង​​ការ​តវ៉ា​ប្រឆាំង​កាន់​តែ​ច្រើន​ឡើងៗ នៅ​ថ្នាក់​មូលដ្ឋាន។ ​ជា​ឧទាហរណ៍​មួយ​ទៀត នៅភូមា ការ​សាងសង់​ទំនប់​វារីអគ្គីសនី Myitsone ដោយ​ក្រុមហ៊ុន​ចិន ត្រូវ​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​២០១១​មក ប៉ុន្តែ​ប្រជាជន​ប្រឆាំង​ ព្រោះ ​​គម្រោង​​នេះបំរើ​​ប្រយោជន៍​ឱ្យ​​ចិនទាញ​យក​​ថាមពលអគ្គីសនី ដល់​ទៅ​៩០%។ ការ​ប្រឆាំង​របស់​ពលរដ្ឋ​បាន​ធ្វើ​ការ​សាងសង់ ត្រូវលើក​ពេល​ម្តង​ហើយ​ម្តង​ទៀត ! លើក​ច្រើន​ដង​ច្រើន​សា​ពេក​រហូត​មិន​ដឹង​ថា​គម្រោង​នេះ​អាច​ចេញ​រួច​ដែរ​ឬអត់​ទេ។

    តាមការពិត ចិន​ក៏​បាន​ដឹង​ តាំង​ពី​យូរ​មក​ហើយ​ថា​ដើម្បី​សម្រេច​ផែនការ​ ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ ចិន​ត្រូវ​ឆ្លង​កាត់​ការ​លំបាក​ច្រើន​ណាស់ ! ជាពិសេស​នៅ​ថ្នាក់​មូលដ្ឋាន​ផ្ទាល់​តែ​ម្តង។​ ចិន​បាន​ចាត់​វិធានការ​ ជំរុញ​ឱ្យ​ក្រុមហ៊ុន​គោរព​សិទ្ធិ​ពលរដ្ឋ​ និង​បរិស្ថាន​ដែរ ប៉ុន្តែ​មិន​គ្រប់​ទាន់​គ្រប់គ្រាន់។ ចំពោះ​ករណី​ប្រទេស​ប៉ាគីស្ថាន ចិន​ចង់​ជំនះ​ និង​ប្រឹង​ឆក់​ឱកាស​គ្រប់​យ៉ាង​ដើម្បី​មាន​ប្រៀប​លើ​គូប្រជែង​ឥណ្ឌា ព្រោះ​ផ្លូវ​ភ្ជាប់​សេដ្ឋកិច្ច​ចិន-ប៉ាគីស្ថាន ឆ្លង​កាត់​តំបន់​ជាប់​ជម្លោះ​កាស្មៀ​ឥណ្ឌាប៉ាគីស្ថានតែ​ម្តង។ ចិន​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​ទាំង​អស់ ទាក់ទង​នឹង​ការ​លុបគម្រោង​របស់​​នេប៉ាល់ ហើយ​គ្មានអ្នក​ឯកទេស​ឬ​ជំនាញ​ណា​ ផ្តល់​យោបល់​ឬ​ធ្វើ​អត្ថាធិប្បាយ​ទេ ព្រោះ​ជា​ប្រធានបទ​ដ៏​រសើប ការ​ប្តូរ​ជំហរ​នេះ​ ទំនង​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​សុទ្ធសាធ ដោយ​នេប៉ាល់ ទើប​ប្តូរ​ផ្លាស់​សភាថ្មី ដែល​បក្ស​សំឡេង​ភាគ​ច្រើន​ជា​ក្រុម​ស្និទ្ធ​នឹង​ឥណ្ឌា៕​

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ