ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT
អាស៊ី

កូរ៉េខាងជើង​គំរាម​ពីការផ្ទុះ​សង្រ្គាម​នុយក្លេអ៊ែរ

media  
មីស៊ីល​បាលីស្ទីក​អន្តរទ្វីប​ Hwasong-15 ដែល​កូរ៉េខាងជើង​បាញ់​សាកល្បង​ដោយ​ជោគជ័យ នៅថ្ងៃទី ២៩​វិច្ឆិកា​២០១៧ ©REUTERS/KCNA

កូរ៉េខាងជើង នៅ​ថ្ងៃ​អាទិត្យ​នេះ បានផ្ទុះកំហឹង ដាក់​អាមេរិក និង​កូរ៉េខាងត្បូង ដែល​ក្រុង​ព្យុងយ៉ាង​បាន​ចោទប្រកាន់​ថា ជា​ប្រទេស​ចង់​ធ្វើ​សង្រ្គាម។ កូរ៉េខាងជើង​នៅ បាន​គំរាម​ពី​ការផ្ទុះ​សង្រ្គាម​នុយក្លេអ៊ែរ នៅ​មួយ​ថ្ងៃ​មុន​សមយុទ្ធ​ផ្លូវអាកាស​ដ៏សំខាន់ របស់​អាមេរិក និង​កូរ៉េខាងត្បូង ដែល​ត្រូវ​ប្រពឹ្រត្ត​ទៅ ពី​ថ្ងៃ​ចន្ទ រហូត​ដល់ថ្ងៃ​សុក្រ សប្តាហ៍​ក្រោយ។

ក្នុង​រយៈពេល ៥​ថ្ងៃ ចាប់​ពី​ថ្ងៃ​ចន្ទ ស្អែក សមយុទ្ធ​ផ្លូវអាកាស​របស់​អាមេរិក និង​កូរ៉េខាងត្បូង នឹង​ប្រើប្រាស់​យន្តហោះ​សរុប ២៣០​គ្រឿង ដែលនៅក្នុង​នោះ​មាន​ផងដែរ យន្តហោះ​ចម្បាំង ប្រភេទ F 22 Raptor ដែល​ពូកែ​លាក់ខ្លួន របស់​អាមេរិក។ សមយុទ្ធ​ផ្លូវអាកាស​របស់​អាមេរិក និងកូរ៉េខាងត្បូង ធ្វើឡើង​នៅ​តែ​៥​ថ្ងៃ​ក្រោយ​ដែល​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង ដោយ​ជោគជ័យ មីស៊ីល បាលីស្ទីក អន្តរទ្វីប។

នៅក្នុង​វិចារណកថា របស់​កាសែត​ផ្លូវការ​របស់​បក្ស​កុម្មុយនិស្ត ចុះផ្សាយ​នៅថ្ងៃ​អាទិត្យនេះ កូរ៉េខាងជើង​បាន​បរិហារ ចាត់ទុក​សមយុទ្ធ​ផ្លូវ​អាកាស​របស់​អាមេរិក និង​កូរ៉េខាងត្បូង ថា ជា​ការញុះញង់ ប្រឆាំង​នឹង​កូរ៉េខាងជើង ដែល​នឹង​អាច​ឆ្លើយតប​វិញ ដោយ​សង្រ្គាម​នុយក្លេអ៊ែរ នៅគ្រប់ពេលវេលា។ កាសែត​Rondong របស់​​កូរ៉េខាងជើង​នៅ​ព្រមាន​បន្ថែមថា សមយុទ្ធ​ផ្លូវអាកាស​របស់​អាមេរិក និង​កូរ៉េខាងត្បូង សំដៅ​ប្រឆាំង​កូរ៉េខាងជើង គឺ ប្រៀប​បាន​នឹង​ភាពឆោតល្ងង់ ដែល​នាំទៅ​ដល់​ការបំផ្លាញ​ខ្លួនឯង របស់អាមេរិក និង​កូរ៉េខាងត្បូង។

វិចារណកថា ឆេះដុំ​របស់​កូរ៉េខាងជើង ធ្វើឡើង ផងដែរ នៅមួយថ្ងៃ​ក្រោយ ដែល​ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ជាតិ​របស់​សេតវិមាន គឺ ​លោក​HR McMaster​បាន​លើកឡើង​ពី​ការកើនឡើង ពី​មួយថ្ងៃ ទៅ​មួយថ្ងៃ នៃ​លទ្ធភាព​ផ្ទុះសង្រ្គាម​ជាមួយ​កូរ៉េខាងជើង។ នៅ​ថ្ងៃ​បាញ់​បង្ហោះ មីស៊ីល នៅថ្ងៃ​ពុធ កន្លងទៅ កូរ៉េខាងជើង​បាន​បញ្ជាក់​ថា មីស៊ីល​បាលីស្ទីក Hwasong 15 អាច​ពាំនាំ​គ្រាប់បែក ទៅវាយប្រហារ​ទឹកដី​គ្រប់កន្លែង​របស់​អាមេរិក។ ប៉ុន្តែ អ្នកជំនាញ នៅ​តែ​មិនទាន់​ជំនឿទុកចិត្ត​ថា កូរ៉េខាងជើង​មាន​សមត្ថភាព មាន​បច្ចេកវិទ្យា ដើម្បី​អាច​បំពាក់ក្បាលគ្រាប់​នុយក្លេអ៊ែរ នៅ​លើ​មីស៊ីល​បាលីស្ទីក​របស់ខ្លួន។

យ៉ាងណាក៏ដោយ សង្រ្គាម​ពាក្យសំដី និង​ការបាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទីក​ជា​បន្តបន្ទាប់​របស់​កូរ៉េខាងជើង កំពុង​ធ្វើ​ឲ្យ​មាន​ការព្រួយបារម្ភ​កាន់តែខ្លាំង​ពីការផ្ទុះ​សង្រ្គាម នៅ​ឧបទ្វីបកូរ៉េ ដែល​ធ្លាប់​រងការបំផ្លាញ​ដ៏ធ្ងន់ធ្ងរ ម្តងហើយ នៅ​ឆ្នាំ ១៩៥០ និង​១៩៥៣។ លើកនេះ នៅពេល​ដែល​អាមេរិក លើកឡើង​កាន់តែ​ញយដង ពី​ជម្រើស​យោធា ទៅលើ​កូរ៉េខាងជើង គឺ​ក្រុង​សេអ៊ូល ក្រុង​ពាណិជ្ជកម្ម​ដ៏​សំខាន់ ដែល​មាន​មនុស្ស​រស់នៅ​១០​លាន​នាក់ ដែល​ប្រឈម​ខ្លាំង​ជាងគេ​នឹង​ការវាយ​ប្រហារ​របស់​កូរ៉េខាងជើង ព្រោះ​ក្រុង​សេអ៊ូល ស្ថិតនៅ​ប្រមាណ​តែ ៥០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ចុងកាណុង​របស់​ក្រុងព្យុងយ៉ាង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ