ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/12 12h00 GMT
អាស៊ី

អាមេរិក​ចង់​ដោះដៃ កាណាដា​ងាក​មក​ស្រវា​អោប​ចិន

media នាយករដ្ឋមន្ត្រី​ចិននិង​សមភាគី​កាណដា ចាប់ដៃ​ក្រោយ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម © Reuters

នាយក​រដ្ឋមន្ត្រីកាណាដា កំពុង​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​បួន​ថ្ងៃ​នៅ​ប្រទេស​ចិន។ នៅ​ថ្ងៃ​ចន្ទនេះ​ ក្នុង​ខណៈ​ដែល​កាណាដា កំពុង​មាន​ទំនាក់ទំនង​រអាក់រអួល​ជាមួយ​សហរដ្ឋ​អាមេរិក លោក ទ្រូដូ Justin Trudeau បាន​រក​ឃើញ​ដៃ​គូ​ថ្មី និង បាន​ចុះ​ហត្ថលេខាជាមួយ​សមភាគី​ចិនលោក លីខឺឈាំង Li Keqiang លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មថ្មី​ចំនួន​​បី។

ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​គម្រោង​ផែនការ​សកម្ម​ស្តី​ពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ថាមពលផង ​និងលើពិធីសារពីរ​​នៃ​កិច្ចព្រមព្រៀង​ ស្តីពី​ផលិតផល​ចំណីអាហារ។

គ្មាន​ការ​លម្អិត​ឱ្យ​ដឹង​អំពី​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នោះ​ទេ ប៉ុន្តែ​លោក ទ្រូដូ នាយក​រដ្ឋមន្ត្រី​កាណាដា​ ដែល​អញ្ជើញ​មក​ប្រទេស​ចិន​ជា​លើក​ទីពីរ ក្នុង​រយៈ​ពេល​តែ​ពីរ​ឆ្នាំ បាន​ប្រកាស​ថា កាណាដា​និង​ចិនមាន​លទ្ធភាព​ច្រើន​ក្នុងការ​ពង្រឹង​ពង្រីក​ចំណង​សេដ្ឋកិច្ច​និង​អន្តរបុគ្គល ហើយ​បន្ត​ជជែក​ពិភាក្សា​អភិវឌ្ឍសេដ្ឋកិច្ច​ជាមួយ​គ្នា​ប្រកប​ដោយ​ជំនក់ចិត្ត​និង​ជោគជ័យ។

ជាការ​កម្រ​បំផុត​ដែល​ចិន​មាន​ទំនាក់ទំនង​ជិត និង​ស្និទ្ធ​ខ្លាំង​ជាមួយ​ប្រទេស​ផ្សេង​យ៉ាង​ដូច្នេះ ! នេះ​ជា​ប្រសាសន៍អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ចិន​ លី ខឺឈាំង ដែល​កាលពី​ឆ្នាំ​២០១៦ ក៏​ធ្លាប់​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កាណាដា​ម្តង​រួច​ហើយ។ ចិន​និង​កាណាដា សង្ឃឹម​ថា​នឹង​អាច​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេ​ភាគី ឱ្យ​កើន​ឡើង​មួយ​ជា​ពីរ នៅ​ឆ្នាំ​២០២៥។ ជាង​នេះទៅទៀត ប្រទេសទាំង​ពីរ​ចង់ប្រែក្លាយ​ឆ្នាំ​២០១៨ ឱ្យ​ក្លាយ​ទៅ​ជា​ជា​ឆ្នាំទេសចរណ៍​កាណាដា-ចិន។

ចិនជា​​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ទីពីររបស់​កាណាដា ដោយ​មាន​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ទំហំ ៨៥​ពាន់​លាន​ដុល្លារ​កាណាដា ​នៅ​ឆ្នាំ​២០១៦ ពោលគឺ​តិចជាង​​ជា​មួយអាមេរិក​ឆ្ងាយ​​ណាស់។ ប៉ុន្តែ​កាដាណា ត្រូវការ​មាន​ដៃគូ​ពាណិជ្ជកម្ម​ផ្សេង​ក្រៅ​ពី​អាមេរិក ព្រោះ​ក្នុង​ខណៈ​នេះ ​កាណាដា​កំពុង​មានកិច្ចចរចា​ដ៏​ស្មុគស្មាញ​ជាមួយ​អាមេរិក ដោយ​ហេតុ​តែ​លោក​ដូណាល់ ត្រាំ បាន​ប្រកាសសើរើ​​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​សេរីអាមេរិក​ខាង​ជើង ឬ​ហៅ​កាត់​ថា Aléna អាមេរិក កាណាដា និង​ម៉ិចស៊ិច។

នាយក​រដ្ឋមន្ត្រី​កាណាដា ដែលមាន​ប្រជាប្រិយភាព​ខ្លាំងណាស់​នៅ​ប្រទេស​ចិន រហូត​មាន​រហ័សនាម​ថា កូនដំបូង បាន​សន្យា​ថា​នឹងទៅ​ជជែក​ជាមួយ​ដៃគូ​នយោបាយ​ចិន អំពី​ប្រធានបទ​រសើបៗ​ដូច​ជា អភិបាលកិច្ច​ល្អ អំពី​សិទ្ធិ​មនុស្ស និងការ​ប្រើប្រាស់​​ច្បាប់ជាធំ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ