អានតួអត្ថបទ
អ.ស.ប.-ភូមា

អ.ស.ប.៖​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​អាច​ជា​ជនរងគ្រោះ​ដោយ​អំពើ​ប្រល័យ​ពូជសាសន៍

នៅ​ថ្ងៃ​អង្គារ ទី៥ ធ្នូ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​សម័យប្រជុំ​វិសាមញ្ញ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​ដើម្បី​និយាយ​ពី​ស្ថានភាព​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​ភូមា។ ថ្លែង​នៅ​ក្នុង​សម័យ​ប្រជុំវិសាមញ្ញ លោក Zeid Ra’ad al Hussein ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​បរិហារ​លើ​ផែនការ​រៀបចំ​ទុក​មុន​របស់​កម្លាំង​សន្តិសុខ​ភូមា​ប្រឆាំង​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។ តាម​លោក Hussein ទង្វើ​របស់​កម្លាំង​សន្តិសុខ​ភូមា​របៀប​នេះ​អាច​ចាត់​ទុក​ជា​អំពើ​ប្រល័យ​ពូជសាសន៍។

លោក Zeid Ra’ad al Hussein ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ
លោក Zeid Ra’ad al Hussein ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ Reuters
ផ្សាយពាណិជ្ជកម្ម

កន្លង​មក អង្គការ​សហប្រជាជាតិ​ធ្លាប់​បាន​ចាត់​ទុក​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ពី​សំណាក់​កងទ័ព​ភូមា​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន​ថា​ជា​ការ​បោសសំអាត​ជនជាតិ​ភាគតិច។ តែ​លើក​នេះ ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ​លោក Zeid Ra’ad al Hussein បាន​ប្រើ​ពាក្យ​ធ្ងន់ៗ​ដោយ​ចាត់​ទុក​ជា​អំពើ​ប្រល័យ​ពូជសាសន៍។ ការ​ហ៊ាន​ប្រើ​ពាក្យ « ប្រល័យ​ពូជសាសន៍ » ដោយ​លោក Hussein សំអាង​លើ​ភស្តុតាង​មួយ​ចំនួន​ដូច​ជា ការ​ដុត​បំផ្លាញ​ផ្ទះសម្បែង​របស់​ពួក​រ៉ូហ៊ីងយ៉ា​ជាមួយ​នឹង​មនុស្ស​ចាស់ កូនក្មេង​នៅ​ខាង​ក្នុង ការ​បាញ់រះ​លើ​ពួក​រ៉ូហ៊ីងយ៉ា​ដោយ​មិន​រើស​មុខ ឬ​មួយ​ក៏​ការ​ជម្លៀស​ពួក​រ៉ូហ៊ីងយ៉ា​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ។

បើ​ទង្វើ​ទាំង​អស់​នេះ​មិនមែន​ជា​អំពើ​ប្រល័យ​ពូជសាសន៍ តើ​វា​ជា​ទង្វើ​អ្វី? នេះ​ជា​ការ​ចោទ​សួរ​របស់​លោក Hussein ដោយ​បន្ថែម​ថា លោក​បាន​ស្នើ​ក្រុមប្រឹក្សា​ឲ្យ​ចាត់​វិធានការ​គ្រប់បែប​យ៉ាង​ដើម្បី​បិទបញ្ចប់​វិបត្តិ​មួយ​នេះ។ បន្ទាប់​មក លោក Hussein ក៏​បាន​បញ្ជាក់​ពី​ការ​ចង់​ឃើញ​ការ​វិលត្រឡប់​ប្រកប​ដោយ​លក្ខខណ្ឌ​សន្តិសុខ និង​សុវត្ថិភាព​ល្អ​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ប្រមាណ​ជា ៦២៦ ០០០នាក់​ពី​ជំរំ​ស្ថិត​ក្នុង​ប្រទេស​បង់ក្លាដែស​ទៅ​កាន់​ប្រទេស​ភូមា​វិញ។ នៅ​ត្រង់​ចំណុច​នេះ លោក​ឯកអគ្គរដ្ឋទូត Htin Lynn ប្រចាំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​អះអាង​ថា រដ្ឋាភិបាល​ភូមា​កំពុង​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​បង់ក្លាដែស​ដើម្បី​ធានា​ការ​វិល​ត្រឡប់​របស់​ពួក​រ៉ូហ៊ីងយ៉ា​ក្នុង​រយៈពេល ២ខែ។

យ៉ាង​ណា​ក៏​ដោយ លោក Hussein បាន​ស្នើ​ឲ្យ​មាន​ការ​បង្កើត​យន្តការណ៍​យុត្តិធម៌ និង​ឯករាជ្យ​មួយ​ដើម្បី​ស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​នៅ​ភូមា​ដូច​ដែល​ធ្លាប់​បាន​បង្កើត​ឡើង​សម្រាប់​ប្រទេស​ស៊ីរី។ តែ​ឧបសគ្គ​អាច​នឹង​កើត​មាន​ដូច​នៅ​ស៊ីរី​ដែរ គឺ​រដ្ឋអំណាច​ភូមា​មិន​ចង់​ឃើញ​វត្តមាន​ក្រុម​អ្នកស៊ើបអង្កេត​អន្តរជាតិ​នៅ​លើ​ទឹកដី​របស់​ខ្លួន​ទេ ពិសេស​នៅ​រដ្ឋ​រ៉ាក់ឃីន​ដែល​សម្បូរ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​រស់នៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ