អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើគួរចាក់ថ្នាំបង្ការជំងឺគ្រុនឈាមដែរឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅឆ្នាំ២០១៦ ហ្វីលីពីន បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបើកធ្វើយុទ្ធនាការចាក់ថ្នាំបង្ការជំងឺគ្រុនឈាម។ ប៉ុន្តែតាំងពីថ្ងៃសុក្រមក អាជ្ញាធរហ្វីលីពីន បានចេញសេចក្តីសម្រេចដ៏ដាច់ណាត់មួយ ផ្អាកភ្លាមយុទ្ធនាការចាក់ថ្នាំបង្ការជំងឺគ្រុនឈាមនេះ ក្រោយពីក្រុមហ៊ុនផលិតឱសថបារាំង បានជូនព័ត៌មានថា ថ្នាំបង្ការ​ជំងឺគ្រុនឈាមទើបធ្វើចរាចរណ៍សោះនេះអាចបង្កឱ្យអ្នកជំងឺខ្លះធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ធ្ងរ។ តើថ្នាំបង្ការនេះ បង្កគ្រោះថ្នាក់យ៉ាងណាខ្លះ ? និង​គួរ​ចាក់​ដែរឬទេ​?

ថ្នាំ​បង្ការ​ប្រឆាំង​ជំងឺ​គ្រុនឈាម Dengvaxia របស់​ក្រុមហ៊ុន​បារាំង​Sanofi Pasteur
ថ្នាំ​បង្ការ​ប្រឆាំង​ជំងឺ​គ្រុនឈាម Dengvaxia របស់​ក្រុមហ៊ុន​បារាំង​Sanofi Pasteur NOEL CELIS / AFP
ផ្សាយពាណិជ្ជកម្ម

ថ្វីបើ​ ជំងឺ​គ្រុនឈាម​មិន​បង្ក​ហានិភ័យ​ដល់សុខភាព​​​​ខ្លាំង​ដូច​ជំងឺ​គ្រុនចាញ់មែន ប៉ុន្តែ​ដើម្បីទ្រទ្រង់សុខភាពសាធារណៈ ពិភពលោកត្រូវការខ្លាំងឡើងៗ ថ្នាំបង្ការដែលមានប្រសិទ្ធភាព ប្រឆាំងនឹងជំងឺ​នេះ។ ក្នុង​មួយ​ឆ្នាំៗ មាន​មនុស្ស​ប្រមាណ​៣៩០​លាន​នាក់ ឆ្លង​ជំងឺ​គ្រុនឈាម​ដែល​ចម្លង​ដោយ​មូស​ខ្លា​ ខាំ។ នេះ​បើ​តាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុង​នោះ​ជាង​កន្លះ​លាន​នាក់ ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង ហើយ​ភាគ​ច្រើន​​​ជា​កុមារ ដែល​ទាមទារ​ការ​ព្យាបាល​ជាប​ន្ទាន់ និង​២,៥%​បាន​ស្លាប់។

ជំងឺគ្រុនឈាមបង្កឡើងដោយវីរ៉ុសបួនប្រភេទ ដែលបែងចែកជំងឺគ្រុនឈាមជាបួនដំណាក់កាល​ដែរ ពី១ទៅ៤។ បើមានថ្នាំបង្ការ ប្រាកដប្រជា អាចរកបានប្រើបានដោយ​ស្រួល និងមានប្រសិទ្ធភាព ប្រឆាំងនឹងមេរោគទាំងបួននៃជំងឺគ្រុនឈាមបាន នោះពិតជាដំណឹងល្អបំផុតសម្រាប់អង្គការសុខភាពពិភពលោក និងជាមធ្យោបាយដ៏ប្រពៃបំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម។ អង្គការ​ មានកម្មវត្ថុកាត់បន្ថយមរណភាពបង្កឡើងដោយជំងឺគ្រុនឈាម ឱ្យបានយ៉ាងហោច២៥ភាគរយ និងកាត់បន្ថយមរណភាពព្រោះមានពាក់ព័ន្ធនឹងជំងឺគ្រុនឈាម ឱ្យបាន យ៉ាងហោច៥០ភាគរយ នៅឆ្នាំ២០២០។

ដូចក្តីស្រមៃ នៅពីរឆ្នាំមុន ពិភពលោកបានស្រែកអំណរ ស្វាគមន៍ការរកឃើញថ្នាំបង្ការជំងឺគ្រុនឈាម ជំងឺដ៏កាចសាហាវ ដែលអាចធ្វើឱ្យអ្នកជំងឺ ពិសេសកុមារស្លាប់បាន បើគ្មានការព្យាបាលទាន់ពេលវេលា។ នោះគឺថ្នាំ Dengvaxia® (CYD-TDV) !

វ៉ាក់សាំង Dengvaxia® (CYD-TDV) ! ដែលបានទទួលស្គាល់និងអនុញ្ញាតជាផ្លូវការ ឱ្យធ្វើចរាចរណ៍នេះ ជាថ្នាំរកឃើញនិងផលិតដោយវិទ្យាស្ថាន​ផលិតឱសថបារាំង Sanofi Pasteur។ តាមការពិត មានថ្នាំបង្ការ ប្រឆាំងនឹងជំងឺគ្រុនឈាម ដល់ទៅប្រាំមុខផ្សេងទៀតដែលកំពុងស្ថិតក្នុងដំណាក់កាលសិក្សាអភិវឌ្ឍន៍ ដោយក្នុងនោះមានពីរ បានចូលដល់ដំណាក់កាលសាកល្បងគ្លីនិក ជំហានទីបី កាលពីដើមឆ្នាំ ២០១៦ ជាស្នាដៃស្រាវជ្រាវនិងរកឃើញរបស់វិទ្យាស្ថានឱសថប្រេស៊ីល Butantan និងជប៉ុន Takeda ។

តើ​ថ្នាំ​បង្ការ Dengvaxia® (CYD-TDV)ជាអ្វី ?

CYD-TDV ជា​ថ្នាំវ៉ាក់សាំង ​ប្រឆាំង​ជំងឺ​គ្រុន​ឈាម​ដំបូង​គេ​បង្អស់ ដែល​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ធ្វើ​ចរាចរណ៍​​លើ​ទីផ្សារ​សាធារណៈ។ ថ្នាំ​នេះ ត្រូវ​បានអនុញ្ញាត​ឱ្យ​​ប្រើប្រាស់​ជា​បឋម​នៅ​ប្រទេសម៉ិចស៊ិក កាលពី​ខែ​ធ្នូ ២០១៥ លើ​មនុស្ស​អាយុ​ពី ៩ ទៅ ៤៥​ឆ្នាំ រស់ក្នុង​តំបន់​មាន​ការ​រាតត្បាត​គ្រុន​ឈាម​ខ្លាំង។ ជា​ថ្នាំ​វ៉ាក់សាំង​​​បន្សំ​បួន​មុខ រក​ឃើញ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ឱសថ​បារាំង និង​មាន​ទម្រង់​ជា​ថ្នាំ​ចាក់ មាន​បី​ដូស តាម​កាលបរិច្ឆេទ ០/៦/១២ មាន​ន័យ​ថា​ត្រូវ​ចាក់​បី​ដង លើកទីមួយ និង​លើក​ទីពីរ​នៅ​៦​ខែបន្ទាប់ និង​រំលឹក​ឡើង​វិញ​ចុងក្រោយនៅ​មួយ​ឆ្នាំក្រោយ។

ថ្នាំ​វ៉ាក់សាំង​នេះ បាន​ដាក់​ឱ្យ​ប្រើប្រាស់ បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​សាកល្បង​គ្លីនិក​ពីរ​ដង​ ម្តង​ដំបូង​នៅ​ក្នុង​ប្រទេស​៥​នៅ​អាស៊ី និង​លើក​ទីពីរ នៅ​ក្នុង​ប្រទេស​៥​នៃ​ទ្វីបអាមេរិក​ឡាទីន។ ការ​សាកល្បង​នោះ ធ្វើ​ឡើង​ចំពោះ​​កុមារ​អាយុ​ពី ២-១៦​ឆ្នាំ ចំនួនជាង​ ៣៥០០០​នាក់ ​ប្រកប​ដោយ​លទ្ធផល​គួរ​ជា​ទីពេញ​ចិត្ត។ ប្រសិទ្ធិភាព​ទូទៅ​នៃ​ថ្នាំ​បង្ការ បាន​ឡើង​ដល់៥៩,២% នៅ​​ក្នុង​ឆ្នាំ​បន្ទាប់​ពី​បាន​ទទួល​វ៉ាក់សាំង​នេះ ហើយប្រសិទ្ធិភាព​​ មាន​កំរិត​ដល់​ទៅ ៧៩,១%​ ផ្នែក​ការពារ​ប្រឆាំង​នឹង​ជំងឺ​គ្រុនឈាម​ធ្ងន់​ធ្ងរ។

ប្រសិទ្ធិភាព​នៃ​ថ្នាំវ៉ាក់សាំង​ប្រែប្រួល​ទៅ​តាម​ប្រភេទ​នៃ​ជំងឺ​ ៖ បើ​ជា​គ្រុនឈាម​ប្រភេទ​ធ្ងន់​កំរិត ៣-៤ ថ្នាំ​ការពារ​មាន​ប្រសិទ្ធិភាព​ដល់​ទៅ ៧១-និង​៧៦% ទល់​នឹង​៥៤% និង​៤៣%​ចំពោះ​ជំងឺ​គ្រុនឈាម​កំរិត​​​​​១និង​២។ ប្រសិទ្ធិភាព​នៃ​ថ្នាំ​វ៉ាក់សាំង ប្រែប្រួល​ទៅ​តាម​អាយុកាល​របស់​អ្នក​ជំងឺ​នៅ​ពេល​ទទួល​ថ្នាំ​បង្ការ​ជា​លើក​ដំបូងផង និង​ប្រែប្រួល​ទៅ​តាម​ស្ថានភាព​របស់​អ្នក​ជំងឺ​ផ្ទាល់ ថា​តើ​ធ្លាប់​ប្រឈម​នឹង​​មេរោគ​គ្រុនឈាម​ក្នុង​ខ្លួន​ដែរឬ​អត់​ កាលពី​មុន​ពេល​ចាក់​ថ្នាំ​បង្ការ។

តាម​រយៈ​លទ្ធផល​ទាំង​អម្បាល​ម៉ាន​នេះ និង​ក្រោយ​ពី​បានធ្វើការ​​ត្រួត​ពិនិត្យ​ថ្នាំ CYD-TDV ​ នៅ​ខែ​មេសា ២០១៦ ទើប​ក្រុម​អ្នក​ឯកទេស​ជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក ទទួល​បន្ទុក​ផ្នែក​ថ្នាំ​បង្ការ ផ្តល់​អនុសាសន៍ នៅ​បី​ខែ​បន្ទាប់ ​ឱ្យតែ​​បណ្តា​ប្រទេស​ណា​មាន​ទីតាំង​ភូមិសាស្ត្រ ថ្នាក់ជាតិ​ ថ្នាក់​តំបន់​ ប្រឈម​ខ្លាំង​នឹង​ជំងឺ​គ្រុនឈាម​បំផុត​ ប៉ុណ្ណោះ ប្រើ​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​គ្រុនឈាម​នេះ។

ចាប់​ពី​ខែ​កក្កដា ២០១៦មក ប្រទេស​ដំបូង​គេ​បង្អស់​នៅ​លើ​ពិភពលោក ដែល​ផ្តើម​ប្រើប្រាស់​ថ្នាំ​បង្ការ​ជំងឺ​គ្រុនឈាម យ៉ាង​ទូលំទូលាយ គឺ ហ្វីលីពីន ! ដោយ​បាន​ចាក់​ជូន​កុមារ​ ចាប់​អាយុ​៩​ឆ្នាំ​ឡើង​ទៅ ​ចំនួន​ប្រមាណជាង៧​សែន​​នាក់​ក្នុង​រយៈ​ពេល​ ជាង​មួយ​ឆ្នាំ​កន្លង​មកនេះ។ ប៉ុន្តែ​​យុទ្ធនាការ​ថ្នាក់ជាតិរបស់​ហ្វីលីពីន ត្រូវ​ទុច​ងក់​ និង​ផ្អាក​ទាំងស្រុង​វិញចាប់​ពី​ថ្ងៃ​សុក្រ​ទី ​២ធ្នូ​មក បន្ទាប់​ពីក្រុមហ៊ុន​ផលិត​ឱសថ​បារាំង ជា​ម្ចាស់​ដើម បាន​ទាញ​សញ្ញា​អាសន្ន​អំពី​គ្រោះ​ថ្នាក់​នៃ​ថ្នាំ​បង្ការ​ជំងឺ​គ្រុនឈាម​នេះ ថា​អាច​បង្ក​ឱ្យ​មាន​ភាព​ធ្ងន់ធ្ងរ​ទៅ​វិញ​ ចំពោះ​អ្នក​ជំងឺ​ខ្លះ ជាពិសេស​អ្នក​ដែល​គ្មាន​ប្រវត្តិ​ គ្មាន​មេរោគ​គ្រុនឈាម​ក្នុង​ខ្លួន​សោះ។

តើថ្នាំ​បង្ការ​ជំងឺ​គ្រុនឈាម​បង្ក​​គ្រោះ​ថ្នាក់​យ៉ាងណា​ខ្លះ ?

នៅ​ពេល​ថ្នាំ​បង្ការ​ចេញធ្វើ​ចរាចរណ៍​ដំបូងភ្លាម ក្តី​សង្ឃឹម​មាន​ធំធេងណាស់ ព្រោះ​ក្រុមហ៊ុន​ផលិត​ឱសថ​បារាំង បាន​ប្រកាស​ថា ថ្នាំវ៉ាក់សាំង​ ​អាច​ការពារ​បញ្ចៀស​ការ​រត់​ទៅ​ព្យាបាល​នៅ មន្ទីរ​ពេទ្យ​ បាន​៨លើ​១០​ករណី​ និង​អាច​ជួយ​ទប់​ស្កាត់​ជំងឺ​គ្រុនឈាម​ប្រភេទ​កម្រ​ខ្លាំង​តែ​ងាយ​ស្លាប់​បំផុត (គ្រុន​ដល់​ថ្នាក់​ហូរ​ឈាម) បាន​ដល់​ទៅ ៩៣%។

ប៉ុន្តែ​មួយ​ឆ្នាំ​ក្រោយ​មក មន្ទីរ​ពិសោធន៍​ដដែល​នេះ បាន​លុប​សំដី​របស់​ខ្លួន​វិញ។ ការ​វិភាគ​រយៈ​ពេល​វែង​បាន​បង្ហាញ​​ អំពី​គម្លាត​នៃ​​ប្រសិទ្ធិភាព​ រវាង​អ្នក​ដែល​ធ្លាប់​មាន​ឆ្លង​វីរ៉ុស​ និង​អ្នក​ដែល​ពុំ​ធ្លាប់​ឆ្លង​វីរ៉ុស​គ្រុនឈាម​សោះ។ ថ្នាំ​បង្ការ មានប្រសិទ្ធិភាព​និង​អាច​ការពារ​​ក្រុម​អ្នក​ជំងឺ​ដែល​ធ្លាប់​មាន​កើត​ជំងឺ​គ្រុនឈាម​ បាន​យ៉ាង​ប្រពៃ ដោយ​បាន​ជួយ​អ្នក​ជំងឺ​ក្រុម​នេះ​មិន​ឱ្យ​ធ្លាក់​ឈឺ​ខ្លួន​គ្រុនឈាម ហើយ​បើ​ឈឺ ក៏​ពុំ​អាច​ធ្លាក់​ដល់​​ដំណាក់​កាល​ធ្ងន់ធ្ងរ​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ ចំពោះ​បុគ្គល​ដែល​ពុំ​ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺ​គ្រុនឈាម​សោះ​ ហើយ​បាន​ទៅ​ចាក់​ថ្នាំបង្ការ ស្រាប់​​តែ​ជន​នោះងាយ​​ធ្លាក់​ខ្លួន​ឈឺ​ ជំងឺ​គ្រុនឈាម​ហើយ ជា​ប្រភេទ​ជំងឺ​ធ្ងន់ធ្ងរ​ខ្លាំង​ទៅ​វិញ នៅ​ពេល​មាន​មូស​ខាំ​ចម្លង​មេរោគ​គ្រុន​ឈាម​ចូល​ក្នុង​ខ្លួន។

តាមការ​ពិត ក្រុមហ៊ុន​ផលិត​ឱសថ​បារាំង​មិន​បាន​ភូតភរ​កុហក់​អ្វី​ទេ។ នៅ​ក្នុង​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក ចេញ​ផ្សាយ​ជា​សាធារណៈ​ កាលពី​កក្កដា ឆ្នាំ​២០១៦ ស្តី​ពី​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ថ្នាំ​បង្ក​នេះ គណៈកម្មការធិការ​​បាន​លើក​ឡើង​អំពី​ហានិភ័យ​នេះ​រួច​ទៅ​ហើយ។ ក្រុម​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ការ​ចាក់ថ្នាំ​បង្ការ បាន​ពន្យល់​ថា លទ្ធផល​នៃ​ការ​វិភាគ​អន្តរកាល​នៃ​ការ​សាកល្បង​គ្លីនិក ដំណាក់កាល​ទី​បី បាន​បង្ហាញ​អំពី​ ហានិភ័យ​ខ្ពស់​នៃ​ការ​ព្យាបាល​ជំងឺ​គ្រុនឈាម​ ចំពោះ​ក្មេង​បាន​ចាក់​ថ្នាំបង្ការ ច្រើន​ជាង​កុមារ​ដែល​មិន​បាន​ចាក់​ថ្នាំវ៉ាក់សាំង។ អ្នក​ជំនាញ​បាន​ណែនាំ​ឱ្យ​បញ្ចូល​ថ្នាំ បង្ការ​នេះ ក្នុង​កម្មវិធី​ជាតិ​របស់​ខ្លួន តែ​សម្រាប់​តំបន់​ប្រឈម​ខ្លាំង​នឹង​ជំងឺ​គ្រុន​ឈាម​តែ​ប៉ុណ្ណោះ។

ចំណែក​ខាង​មន្ទីរពិសោធន៍​ឱសថ​បារាំង​ដែល​ម្ចាស់​ដើម បានស្នើ​សុំ​ទៅ​កាន់​ភ្នាក់ងារ​មាន​សមត្ថកិច្ច​នៅ​គ្រប់​ប្រទេស​ដែល​មាន​ចរាចរណ៍​ថ្នាំបង្ការ​ជំងឺ​គ្រុនឈាម​នេះ​ ជា​ផ្លូវការ​ ដូច​យ៉ាង​នៅ ម៉ិចស៊ិក ប្រេស៊ីល និង​សាល់វាដរ ឱ្យ​ធ្វើ​បច្ចុប្បន្នភាព​​របៀប​ប្រើប្រាស់ថ្នាំ (Notice) ដោយ​ត្រូវ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​លាស់ថា “ថ្នាំ​បង្ការ​ជំងឺ​គ្រុនឈាម​នេះ អាច​ចាក់​ជូន​បាន​តែ​លើ​កុមារ និង​មនុស្សធំ​ណា​ដែល​ធ្លាប់​មាន​ឆ្លង​វីរ៉ុស ឬធ្លាប់​កើត​ជំងឺ​​គ្រុនឈាម​តែ​ប៉ុណ្ណោះ”។

សូម​ចាក់​ថ្នាំ​បង្ការ​គ្រុន​ឈាមនេះឱ្យ​កុមារ​ចាប់​ពី​អាយុ​៩​ឆ្នាំ​ឡើងទៅ ព្រោះ​ថ្នាំ​បង្ការ​បាន​បង្ហាញ​​ប្រសិទ្ធិភាព​ខ្ពស់ ដល់​ទៅ​ទៅ​៦៥,៦% ចំពោះ​កុមារ​ចាប់ពី​អាយុ​៩​ឆ្នាំ​ឡើង​ទៅ (៧៨%​បើ​កុមារ​នោះ​មាន​ផ្ទុក​មេរោគ​គ្រុនឈាម និង​ ៥២%​ចំពោះ​កុមារ​ដែល​គ្មាន​មេរោគ​គ្រុនឈាម​សោះ)។ សម្រាប់​កុមារ​ នៅ​ចន្លោះ​ពី ២ទៅ​៥ ឆ្នាំ ថ្នាំ​បង្ការ​ពុំ​សូវ​មាន​ប្រសិទ្ធិភាពទេ​។ កុមារ​អាយុ​ក្រោម​ពីរ​ឆ្នាំ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទទួល​ថ្នាំបង្ការ​គ្រុនឈាម​នេះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ