អានតួអត្ថបទ
ឥណ្ឌា-ចិន

ចិន​ចោទ​យន្តហោះ​ដ្រូន​របស់ឥណ្ឌា ថា​បានចូល​ឈ្លានពាន​ដែនអាកាស​ចិន

យន្តហោះ​គ្មានមនុស្ស​បើក​របស់​ឥណ្ឌា​បាន​ឈ្លានពាន​ចូល​ដែន​អាកាស​របស់​ចិន។ នេះបើ​តាម​ការប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​ចិន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ហេតុការណ៍នេះ បាន​កើតឡើង​នៅ​តែ​ប៉ុន្មាន​ខែ​ក្រោយ ដែល​មហាយក្ស​អាស៊ី​ទាំងពីរ ទើប​ឈប់​ប្រឈមមុខ​យោធា ដាក់គ្នា នៅតាម​ព្រំដែន​គោក។

ឥណ្ឌា​បាន​ទិញ​យន្តហោះដ្រូន​គ្មានមនុស្ស​បើក​របស់​អ៊ីស្រាអែល​ឈ្មោះ​ Squadron INAS 343
ឥណ្ឌា​បាន​ទិញ​យន្តហោះដ្រូន​គ្មានមនុស្ស​បើក​របស់​អ៊ីស្រាអែល​ឈ្មោះ​ Squadron INAS 343 ©SAM PANTHAKY / AFP
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួង​ការពារ​ជាតិ​ចិន បាន​ចាត់ទុក​សកម្មភាព​របស់​ឥណ្ឌា ថា ជា​ការរំលោភ​ឈ្លានពាន​ដែន​អធិបតេយ្យភាព​របស់ចិន។ “ចិន​មិន​ពេញចិត្ត និង​ប្រឆាំង​ដាច់ខាត​ចំណាត់ការ​របស់​ឥណ្ឌា។ កងទ័ព​ចិននឹង​បំពេញ​បេសកកម្ម ការពារ​យ៉ាងតឹងរ៉ឹង​បំផុត សន្តិសុខ និង​ដែនអធិបតេយ្យភាព​របស់​ចិន”។ នេះ​ជា​ការលើកឡើង របស់​អនុប្រធាន​ការិយាល័យ​កងទ័ព​ចិន​ដើម្បី ប្រយុទ្ធប្រឆាំង នៅ​តំបន់​ភាគ​ខាងលិច។

នៅក្នុង​សេចក្តីថ្លែងការណ៍ ក្រសួងការពារ​ជាតិ​ចិន មិន​បាន​បញ្ជាក់​ពី​កាលវេលា និង​ទី​កន្លែង ដែល​កើតមាន​ឧប្បត្តិហេតុ​នោះទេ ប៉ុន្តែ គ្រាន់តែ​បញ្ជាក់​ថា កងទ័ព​ចិន ប្រចាំ​ព្រំដែន ចាប់​បាន​សញ្ញា​របស់​យន្តហោះ​ដ្រូន​ឥណ្ឌា ដែល​បាន​ហោះចូល និង​ផ្ទុះ​ក្នុង​ដែន​អាកាស​របស់​ចិន។ ទាក់ទង​ដោយទីភា្នក់ងារ​ព័ត៌មាន​បារាំង AFP ស្ថានទូត​ឥណ្ឌា នៅ​ទីក្រុង​ប៉េកាំង​បាន​បដិសេធ​មិន​ធ្វើអត្ថាធិប្បាយ​អ្វី​ទាំងអស់។

ចិន និង​ឥណ្ឌា ទើប​តែ​បាន​ធូរស្រាល​នឹង​គ្នា បន្ទាប់​ពីភាគី​ទាំងពីរ​បាន​យល់ព្រម​ដកកងទ័ព​រៀងៗ​ខ្លួន ចេញពី​តំបន់​ជម្លោះ នៅព្រំដែន ដីគោក ចិន ឥណ្ឌា។

សូមបញ្ជាក់ថា នៅ​ពី​ខែ​មិថុនា ឥណ្ឌា បាន​បញ្ជូន​កងទ័ព​របស់ខ្លួន ទៅ​ក្នុង​ដែនដី ជម្លោះ រវាង​ចិន និង​ប្រទេស​ប៊ូតង់ ក្នុង​ហេតុផល ប្រឆាំង​ទប់ស្កាត់ យុទ្ធសាស្រ្ត​ពង្រីក​ទឹកដី​របស់​ចិន នៅ​តំបន់​ព្រំដែន ដែល​ឥណ្ឌា និង​ប៊ូតង់​បាន​ទាមទារ​ជា​ម្ចាស់គ្រប់គ្រង​រៀងៗ​ខ្លួន។ នៅក្រោយ​ការដក កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ ប្រមុខ​មេបញ្ជាការ​កងទ័ព​ឥណ្ឌា នៅ​ខែ​កញ្ញា ធ្លាប់​បាន​មាន​ប្រសាសន៍ យោង​ទៅ​ដល់​ប្រទេស​ចិន​ថា ដរាបណា សត្រូវ​នៅ​ភាគ​ខាងជើង​របស់​ឥណ្ឌា​នៅតែ​ធ្វើ​សកម្មភាព​គួរ​ឲ្យ​ព្រួយបារម្ភ ឥណ្ឌា​ត្រូវ​ចាប់ផ្តើម​កំដៅ​សាច់ដុំ។ មេទ័ព​របស់​ឥណ្ឌា នៅ​បាន​បញ្ជាក់ថា ឥណ្ឌា​ត្រូវតែ​រៀប​ខ្លួន ជាស្រេច ដើម្បី​ត្រៀម​ធ្វើ​សង្រ្គាម។ ចិន និង​ឥណ្ឌា ធ្លាប់​បាន​ផ្ទុះសង្រ្គាម ដាក់គ្នា ម្តងហើយ នៅ​តាម​ព្រំដែន នៅ​ឆ្នាំ ១៩៦២ ដែល​ក្នុង​នោះ​មានទាហាន​ឥណ្ឌា ស្លាប់​ជាង​៣ពាន់នាក់ និង​ស្លាប់​ទាហាន​ចិន​ចំនួន ៩០០​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ