កូរ៉េខាងត្បូងចូលចំណោមជាកំពូលប្រទេសឧស្សាហកម្មអាវុធ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៥៦
ទីផ្សារសព្វាវុធ បានកើនឡើងជាថ្មីនៅឆ្នាំ២០១៦ នៅទូទាំងពិភពលោក ក្នុងទំហំដល់ទៅជិត៣៧៥ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់វិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ នៅស្តុកខុម ឬហៅកាត់ថា Sipri។ ហើយអ្វីជាការកត់សម្គាល់ខ្លាំង នៅឆ្នាំនេះ គឺកូរ៉េខាងត្បូង បានជាប់ចំណាត់ថ្នាក់ក្នុងកំរិត ផលិតករ១០០ដំបូងនៅលើពិភពលោក និងក្លាយជាប្រទេសផលិតអាវុធដ៏ធំជាងគេ សម្រាប់ក្រុមប្រទេសកំពុងមានសេដ្ឋកិច្ចលូតលាស់ខ្លាំង។
បន្ទាប់ពីបានថយចុះ គ្មានកំណើនអស់រយៈពេល៥ឆ្នាំជាប់គ្នា នៅឆ្នាំ២០១៦នេះ ទីផ្សារសព្វាវុធ បានចាប់មានកំណើនឡើងវិញ ក្នុងកំរិត ១,៩% បើប្រៀបទៅនឹងឆ្នាំ២០១៥ និងកើនឡើងដល់ទៅ ៣៨% បើប្រៀបទៅនឹងឆ្នាំ២០០២ (ឆ្នាំដែលវិទ្យាស្ថានស៊ីព្រី បានចាប់ផ្តើមផ្សព្វផ្សាយទិន្និន័យនៃការផលិតនិងនាំចេញអាវុធ ឬរបាយការណ៍ Top 100 Sipri មក)។
បើតាមរបាយការណ៍របស់អង្គការ ទីផ្សារសព្វាវុធអាមេរិកបានស្គាល់កំណើនខ្លាំងជាងគេ ក្នុងកំរិត៤% ដោយមានរាប់ទាំង ការលក់បរិក្ខាយោធា ក្នុងប្រតិបត្តិការនៅបរទេស ការនាំចេញអាវុធ និងប្រព័ន្ធបច្ចេកវិទ្យាយោធា/អាវុធទៅឱ្យប្រទេសផ្សេង។
នៅអឺរ៉ុប ការនាំចេញអាវុធ ក៏មានការកើនឡើងខ្លះដែរ ប៉ុន្តែក្នុងល្បឿនយឺតជាង ៖ ៣,៨% នៅរុស្ស៊ី- ស្ទើរតែគ្មានកំណើនសោះនៅអឺរ៉ុបខាងលិច (០,២% បើប្រៀបទៅនឹងឆ្នាំ២០១៥)។ ប្រទេសផលិតករ ដូចយ៉ាងបារាំង អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលីវិញ កំណើននាំចេញខុសត្រូវគ្នាច្រើន។ មានការថយចុះសម្រាប់បារាំងនិង អ៊ីតាលី តែឡើងខ្លាំងសម្រាប់អង់គ្លេស (២%) និងអាល្លឺម៉ង់ (៦,៦%)។
កូរ៉េខាងត្បូងនាំមុខគេក្នុងទីផ្សារសព្វាវុធ
អ្វីជាការកត់សម្គាល់ខ្លាំង ជាពិសេស នៅក្នុងរបាយការណ៍របស់អង្គការSipri គឺកូរ៉េខាងត្បូង ! ជួនចំពេលដែលឧបទ្វីបកំពុងធ្លាក់ក្នុងវិបត្តិនុយក្លេអ៊ែរ បង្កឡើងដោយកូរ៉េខាងជើងដ៏ធ្ងន់ធ្ងរ ការផលិត និងការនាំចូលអាវុធរបស់កូរ៉េខាងត្បូង មានការកើនឡើងខ្លាំង។
ឧស្សាហកម្មអាវុធរបស់កូរ៉េខាងត្បូងមានចំណែកប្រមាណតែ២,២% នៃទីផ្សារសព្វាវុធពិភពលោក (និងបើប្រៀបទៅនឹងសហរដ្ឋអាមេរិក ដែលដណ្តើមយកទីផ្សារអស់ ៥៧,៩% អង់គ្លេស ៩,៦% រុស្ស៊ី ៧,១% និងបារាំង ៥%)។ ប៉ុន្តែបើប្រៀបទៅឆ្នាំមុនវិញ ទីផ្សារសព្វាវុធកូរ៉េខាងត្បូងបានកើនឡើងដល់ទៅ ២០,៦% នៅឆ្នាំនេះ ជាមួយនឹងទឹកប្រាក់សរុប ៨៤ពាន់លានដុល្លារ!
បានចូលក្នុងចង្កោម១០០ប្រទេសផលិតអាវុធហើយ កូរ៉េខាងត្បូងបានក្លាយជាកំពូលប្រទេស នាំមុខគេ នៅក្នុងចំណោមក្រុមប្រទេសផលិតអាវុធមានសេដ្ឋកិច្ចលូតលាស់ខ្លាំង ដែលរួមមាន ប្រេស៊ីល ឥណ្ឌា កូរ៉េខាងត្បូង និងតួកគី។
ជាងមួយទសវត្សរ៍កន្លងមកនេះ កូរ៉េខាងត្បូងជាប្រទេសនាំចូលអាវុធដ៏ធំមួយនៅលើពិភពលោក បានទិញសព្វាវុធ បច្ចេកវិទ្យា និងសម្ភារៈបរិក្ខារយោធា យ៉ាងច្រើន ពីបរទេសជាពិសេសពីសហរដ្ឋអាមេរិក។ តែនៅពេលថ្មីៗនេះ កូរ៉េខាងត្បូង បានបន្ថែមកិច្ចខិតខំប្រឹងប្រែង ដោយផ្តើមធ្វើវិនិយោគក្នុងវិស័យយោធា នៅក្នុងប្រទេស ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការដែលមានកាន់តែធំៗឡើង។
កូរ៉េខាងត្បូង ពីប្រទេសនាំចូលទៅជាអ្នកនាំចេញអាវុធ
ទន្ទឹមគ្នានេះ ជាមួយនឹងការប្រឹងប្រែងស្វែងរកសព្វាវុធមកការពារប្រទេស កូរ៉េខាងត្បូងក៏ផុសមហិច្ឆតាថ្មី ចង់ក្លាយជាប្រទេសនាំចេញសព្វាវុធតែម្តង ព្រោះថាចាប់តាំងពីពេលថ្មីៗមកនេះ ឧស្សាហកម្មជាតិមានការរីកចម្រើនខ្លាំង និងលឿនស្លេវ ឯកញ្ចប់ថវិកាជាតិផ្នែកយោធា ក៏មានកំណើនខ្ពស់ដ៏សក្តិសមប្រើប្រៀបទៅនឹងបណ្តាប្រទេសផ្សេងៗលើពិភពលោក លើកលែងតែប្រទេសក្នុងតំបន់ជាប់ជម្លោះ នៅដើមបូព៌ា ឬអាហ្វ្រិក។
បរិបទបច្ចុប្បន្នបាននិងកំពុងជួយរុញច្រានឱ្យកូរ៉េខាងត្បូង ឱ្យសម្រេចកម្មវត្ថុចុងក្រោយរបស់ខ្លួន គឺដោយប្រែកូរ៉េខាងត្បូងពីប្រទេសនាំចូល ទៅជាប្រទេសនាំចេញអាវុធដ៏ធំមួយវិញ។ កូរ៉េខាងជើង បាននាំចេញគ្រឿងសព្វាវុធក្នុងតម្លៃ ២៥៣លានដុល្លារទេ នៅឆ្នាំ២០១៦ ប៉ុន្តែ១០ឆ្នាំខាងមុខការនាំចេញអាវុធរបស់សេអ៊ូលនឹងឡើងដល់ ២៥០០លានដុល្លារ។ នេះបើតាមទិន្និន័យផ្លូវការ។ មីស៊ីល គ្រាប់បែក នាវាមុជទឹក យន្តហោះចម្បាំងរបស់កូរ៉េខាងត្បូង ជាសព្វាវុធដ៏ពេញនិយមសម្រាប់ក្រុមប្រទេសនៅអាស៊ីអាគ្នេយ៍ អឺរ៉ុបខាងកើត និងអាមេរិកខាងត្បូង។
អង្គការSipri បានបញ្ចូលក្រុមហ៊ុនផលិតអាវុធយុទ្ធភ័ណ្ឌកូរ៉េខាងត្បូងចំនួន៧ ទៅក្នុងចង្កោម១០០ក្រុមហ៊ុនផលិតអាវុធដំបូងរបស់ពិភពលោក ក្នុងនោះ Korea Aerospace Industries ក្រុមហ៊ុនលំដាប់ទីមួយរបស់កូរ៉េខាងត្បូង ដែលធ្វើការច្រើនជាមួយក្រុមហ៊ុនអាមេរិក បានជាប់លេខ៤៨៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ