ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/10 12h00 GMT

កូរ៉េខាងត្បូង​ចូល​ចំណោម​ជា​កំពូល​ប្រទេស​​ឧស្សាហកម្ម​អាវុធ

កូរ៉េខាងត្បូង​ចូល​ចំណោម​ជា​កំពូល​ប្រទេស​​ឧស្សាហកម្ម​អាវុធ
 
គំរូយន្តហោះ​ចម្បាំង​FA-50របស់​ក្រុមហ៊ុន Korea Aerospace Industries (KAI) បង្ហាញ​នៅ​ឆ្នាំ​២០១៥ ©AFP

ទីផ្សារ​សព្វាវុធ បានកើន​ឡើង​ជា​ថ្មី​នៅ​ឆ្នាំ​២០១៦ នៅ​ទូទាំង​ពិភពលោក ក្នុង​ទំហំ​ដល់​ទៅ​ជិត៣៧៥ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវអន្តរជាតិ នៅ​ស្តុកខុម ឬ​ហៅ​កាត់​ថា Sipri។ ហើយ​អ្វី​ជា​ការ​កត់​សម្គាល់​ខ្លាំង នៅ​ឆ្នាំ​នេះ គឺ​​កូរ៉េខាង​ត្បូង បាន​ជាប់​ចំណាត់​ថ្នាក់​ក្នុង​កំរិត​ ផលិតករ​១០០​ដំបូង​នៅ​លើ​ពិភពលោក​ និង​ក្លាយ​ជា​ប្រទេស​ផលិត​អាវុធ​ដ៏​ធំ​ជាង​គេ សម្រាប់​ក្រុម​ប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង។

បន្ទាប់​ពី​បាន​ថយ​ចុះ គ្មាន​កំណើន​អស់រយៈ​ពេល​៥ឆ្នាំ​ជាប់​គ្នា នៅ​ឆ្នាំ​២០១៦​​នេះ ទីផ្សារ​សព្វាវុធ បាន​ចាប់​មាន​កំណើនឡើង​វិញ ក្នុង​កំរិត ១,៩% បើប្រៀប​ទៅ​នឹង​ឆ្នាំ​២០១៥ និង​កើន​ឡើង​ដល់​ទៅ ៣៨% បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០០២ (ឆ្នាំ​ដែល​វិទ្យាស្ថាន​ស៊ីព្រី បានចាប់​ផ្តើម​​ផ្សព្វផ្សាយ​ទិន្និន័យ​នៃ​ការផលិត​និង​នាំ​ចេញ​អាវុធ​ ឬ​របាយការណ៍ Top 100 Sipri មក)។

បើ​តាម​របាយការណ៍​របស់​អង្គការ ​ទីផ្សារ​សព្វាវុធ​អាមេរិក​បាន​​ស្គាល់​កំណើន​ខ្លាំង​ជាងគេ ក្នុង​កំរិត​៤% ដោយ​មាន​រាប់​ទាំង ការ​លក់បរិក្ខាយោធា ក្នុង​​ប្រតិបត្តិការ​នៅ​បរទេស ការ​នាំ​ចេញ​អាវុធ និងប្រព័ន្ធ​បច្ចេកវិទ្យាយោធា/អាវុធ​​ទៅ​ឱ្យ​ប្រទេស​ផ្សេង។

នៅ​អឺរ៉ុប​ ការ​នាំ​ចេញ​អាវុធ ក៏​មាន​ការ​កើន​ឡើងខ្លះ​ដែរ ប៉ុន្តែក្នុង​ល្បឿន​យឺតជាង​ ៖ ៣,៨% នៅ​​រុស្ស៊ី- ស្ទើរ​តែ​គ្មាន​កំណើន​សោះ​នៅ​អឺរ៉ុប​ខាង​លិច (០,២% បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០១៥)។ ​ប្រទេស​ផលិតករ ដូច​យ៉ាង​បារាំង អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលីវិញ ​កំណើននាំ​ចេញ​ខុ​សត្រូវ​គ្នា​​ច្រើន។ មានការ​ថយ​ចុះ​សម្រាប់បារាំង​និង អ៊ីតាលី តែ​ឡើង​ខ្លាំង​សម្រាប់​អង់គ្លេស (២%) និងអាល្លឺម៉ង់ (៦,៦%)។

កូរ៉េខាងត្បូង​នាំ​មុខ​គេ​ក្នុង​ទីផ្សារ​សព្វាវុធ

​អ្វី​ជា​ការ​កត់​សម្គាល់​ខ្លាំង ជាពិសេស នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​Sipri គឺ​កូរ៉េខាង​ត្បូង​ ! ជួន​ចំពេល​ដែល​​ឧបទ្វីប​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​នុយក្លេអ៊ែរ​ បង្ក​ឡើង​ដោយ​កូរ៉េខាង​ជើង​ដ៏​ធ្ងន់ធ្ងរ​ ការផលិត និងការ​នាំ​ចូល​​អាវុធ​របស់​កូរ៉េខាង​ត្បូង មាន​ការ​កើន​ឡើង​ខ្លាំង។

ឧស្សាហកម្ម​អាវុធរបស់​​កូរ៉េខាងត្បូងមាន​ចំណែក​ប្រមាណ​តែ​២,២% នៃ​​ទីផ្សារសព្វាវុធ​ពិភពលោក​​ (និង​បើប្រៀប​ទៅ​នឹង​សហរដ្ឋអាមេរិក ដែល​ដណ្តើម​យក​ទីផ្សារ​អស់ ៥៧,៩% អង់គ្លេស ៩,៦% រុស្ស៊ី ៧,១% និង​បារាំង ៥%)។ ប៉ុន្តែបើ​ប្រៀប​ទៅ​ឆ្នាំ​មុន​វិញ ទីផ្សារសព្វាវុធ​កូរ៉េខាង​ត្បូង​បាន​កើន​ឡើង​ដល់​ទៅ ២០,៦% នៅ​ឆ្នាំ​នេះ ជាមួយ​នឹង​ទឹកប្រាក់​សរុប ៨៤ពាន់​លាន​ដុល្លារ!

បានចូល​ក្នុង​ចង្កោម​១០០​ប្រទេស​ផលិតអាវុធ​ហើយ កូរ៉េខាង​ត្បូង​​​បាន​ក្លាយ​ជា​កំពូល​ប្រទេស​ នាំ​មុខ​គេ នៅ​ក្នុង​ចំណោម​ក្រុមប្រទេសផលិត​អាវុធ​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង ដែល​រួម​មាន ប្រេស៊ីល ឥណ្ឌា កូរ៉េខាងត្បូង និង​តួកគី។

ជាង​មួយ​ទសវត្សរ៍កន្លង​​មក​នេះ កូរ៉េខាង​ត្បូងជា​ប្រទេស​នាំ​ចូល​អាវុធ​ដ៏​ធំ​មួយ​នៅ​លើ​ពិភពលោក ​បាន​ទិញ​​សព្វាវុធ បច្ចេកវិទ្យា និងសម្ភារៈបរិក្ខារ​យោធា យ៉ាង​ច្រើន ពីបរទេស​ជាពិសេស​ពី​សហរដ្ឋ​អាមេរិក។ ​តែ​នៅ​ពេល​ថ្មីៗ​នេះ កូរ៉េខាង​ត្បូង បានបន្ថែម​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង ដោយ​​ផ្តើម​ធ្វើ​វិនិយោគ​​​ក្នុង​វិស័យ​យោធា នៅ​ក្នុង​ប្រទេស​ ដើម្បី​ឆ្លើយ​តប​​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​ដែល​មាន​កាន់​តែ​ធំៗ​ឡើង។

កូរ៉េខាង​ត្បូង​ ពី​ប្រទេស​នាំ​ចូល​ទៅ​ជា​អ្នក​នាំ​ចេញ​អាវុធ

ទន្ទឹម​គ្នា​នេះ ជាមួយ​នឹង​ការ​​ប្រឹង​ប្រែង​ស្វែងរក​សព្វាវុធ​មក​ការពារ​ប្រទេស ​កូរ៉េខាង​ត្បូង​ក៏​ផុស​មហិច្ឆតា​ថ្មី ចង់​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​សព្វាវុធ​តែ​ម្តង ព្រោះ​ថា​ចាប់តាំង​​ពីពេល​​ថ្មីៗ​មកនេះ ឧស្សាហកម្ម​ជាតិមាន​ការ​រីក​ចម្រើន​ខ្លាំង​ និង​លឿន​ស្លេវ ឯកញ្ចប់ថវិកាជាតិ​ផ្នែក​យោធា​ ក៏​មាន​កំណើនខ្ពស់​​ដ៏​សក្តិសម​ប្រើ​ប្រៀប​ទៅ​នឹង​បណ្តា​ប្រទេស​ផ្សេង​ៗ​លើ​ពិភពលោក​ ​លើក​លែង​តែ​ប្រទេស​ក្នុង​តំបន់​ជាប់​ជម្លោះ នៅ​ដើមបូព៌ា ឬ​អាហ្វ្រិក។

បរិបទ​បច្ចុប្បន្ន​បាន​និង​កំពុង​ជួយ​រុញ​ច្រាន​ឱ្យ​​កូរ៉េខាង​ត្បូង ឱ្យ​សម្រេច​កម្មវត្ថុ​ចុងក្រោយ​របស់​ខ្លួន គឺ​ដោយ​ប្រែកូរ៉េខាង​ត្បូង​ពី​ប្រទេស​នាំ​ចូល​ ទៅជា​ប្រទេស​នាំ​ចេញ​អាវុធដ៏​ធំ​មួយ​​វិញ។ កូរ៉េខាង​ជើង បាន​នាំ​ចេញគ្រឿង​សព្វាវុធ​ក្នុង​តម្លៃ​ ២៥៣​លាន​ដុល្លារ​ទេ នៅ​ឆ្នាំ​២០១៦ ប៉ុន្តែ​១០​ឆ្នាំ​ខាង​មុខ​ការនាំ​ចេញ​អាវុធ​របស់​សេអ៊ូល​នឹង​ឡើង​ដល់​ ២៥០០​លាន​ដុល្លារ។ នេះ​បើ​តាម​ទិន្និន័យ​ផ្លូវការ។ មីស៊ីល​ គ្រាប់​បែក នាវាមុជទឹក យន្តហោះ​ចម្បាំង​​របស់កូរ៉េខាង​ត្បូង​ ជា​សព្វាវុធ​ដ៏​ពេញ​និយម​សម្រាប់​ក្រុម​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ អឺរ៉ុប​ខាង​កើត និងអាមេរិក​ខាង​ត្បូង។

អង្គការSipri បាន​បញ្ចូល​ក្រុមហ៊ុន​ផលិត​អាវុធ​យុទ្ធភ័ណ្ឌ​កូរ៉េខាង​ត្បូង​ចំនួន​៧​ ទៅ​ក្នុង​ចង្កោម​​១០០​ក្រុមហ៊ុន​ផលិតអាវុធ​ដំបូង​របស់​ពិភពលោក ក្នុង​នោះ​ Korea Aerospace Industries ក្រុមហ៊ុន​លំដាប់​ទី​​មួយរបស់​​កូរ៉េខាង​ត្បូង​ ដែល​ធ្វើការ​ច្រើន​ជាមួយ​ក្រុមហ៊ុន​អាមេរិក បាន​ជាប់​លេខ​៤៨៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ