អានតួអត្ថបទ
កូរ៉េខាងត្បូង-ចិន

មុន​​ទស្សនកិច្ច​​ប៉េកាំង​ លោក​​មូន ចែអ៊ីន​​បង្ហាញ​​សុទិដ្ឋិនិយម​​​ក្នុង​​ទំនាក់ទំនង​​ជាមួយ​ចិន​​

ប្រធានាធិបតី​កូរ៉េខាងត្បូង​ លោក​មូន ចែអ៊ីន បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​រវាង​ចិន​និង​កូរ៉េខាងត្បូង នៅថ្ងៃចន្ទ​ម្សិលមិញ ដោយ​លោក​បាន​លើកឡើង​ថា ​កិច្ចប្រឹងប្រែង​​រវាង​ប្រទេស​ទាំង២​អាច​ផ្តល់​លទ្ធផល​ល្អ​ដើម្បី​នាំ​កូរ៉េខាងជើង​ចូល​តុចរចា។ ថ្ងៃព្រហស្បតិ៍​ខានស្អែក​ ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង នឹង​ទទួលជួប​​លោក​មូន នៅ​ក្រុងប៉េកាំង ជា​ជំនួប​លើកទី៣​ រវាង​មេដឹកនាំ​ទាំង២ សម្រាប់​ឆ្នាំ​២០១៧​នេះ។ ​​​

លោក​មូន ចែអ៊ីន និង​លោក​ស៊ី ជីនពីង ក្នុង​ជំនួប​កន្លងមក
លោក​មូន ចែអ៊ីន និង​លោក​ស៊ី ជីនពីង ក្នុង​ជំនួប​កន្លងមក @south-china-post
ផ្សាយពាណិជ្ជកម្ម

ទិសដៅ​នៃ​ជំនួប​រវាង​ប្រធានាធិបតីកូរ៉េខាងត្បូង​និង​ប្រធានាធិបតីចិន នៅ​ក្រុងប៉េកាំង​ នៅថ្ងៃព្រហស្បតិ៍ខានស្អែក​នេះ មិនត្រឹមតែ​ផ្តោត​លើ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ប៉ុណ្ណោះទេ តែ​ក៏តំរូវ​អោយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​​បំភ្លឺ​អោយ​បានច្បាស់​ផងដែរ ពី​ការ​ដែល​អាមេរិក​​​ដាក់ពង្រាយ​ប្រព័ន្ធ​ខែល​មីស៊ីល​ការពារ​មីស៊ីល THAAD ក្នុង​ទឹកដី​កូរ៉េខាងត្បូង។ ​ចិន​មិនសប្បាយចិត្ត​ទេ ចំពោះ​វត្តមាន​ខែលមីស៊ីល​អាមេរិក នៅក្បែរ​ដែនដី​ខ្លួន ព្រោះ​វា​ជា​ការគំរាម​ផ្នែក​យុទ្ធសាស្ត្រ។ ប្រព័ន្ធ​ខែល​មីស៊ីល​ THAAD របស់​អាមេរិក​បំពាក់​ដោយ​រ៉ាដា ដែល​អាច​ត្រួតមើល​ចលនា​យោធា​រហូត​ដល់​ទឹកដី​ចិន​ឯណោះ។

ដើម្បី​អះអាង​ពី​បំណង​ល្អ​របស់​កូរ៉េខាងត្បូង ​ចំពោះចិន ល្ងាច​ថ្ងៃចន្ទ​ម្សិលមិញ ​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​គូសបញ្ជាក់​ក្នុង​បទសម្ភាស​ទូរទស្សន៍​ថា ​វត្តមាន​ខែលមីស៊ីល​អាមេរិក​គឺជា​ការដែល​មិនអាច​ចៀស​រួច ប៉ុន្តែ​លោក​មូន ចែអ៊ីន​អះអាងថា ​ប្រព័ន្ធ​ខែល​អាមេរិក​នឹង​មិន​យកទៅ​ប្រើ​ប្រឆាំង​ចិន​ទេ។ ប្រធានាធីបតី​កូរ៉េខាងត្បូង​ធានាថា នឹង​មិនអោយ​ខែលមីស៊ីល​អាមេរិក​​​​​ប៉ះពាល់​សុវត្ថិភាព​សន្តិសុខ​ប្រទេស​ចិន​ទេ។ ​លោក​មូន ចែអ៊ីន​ លើកឡើង​ទៀតថា ​អាមេរិក​ក៏បាន​​សន្យាពីរឿងនេះ​ជាមួយ​​នឹង​កូរ៉េខាងត្បូង​ដែរ។ ​

ទាក់ទង​នឹង​វិបត្តិ​កូរ៉េខាងជើង​វិញ លោក​មូន ចែអ៊ីន​ បាន​បង្ហាញ​សុទិដ្ឋិនិយម​​ចំពោះ​កិច្ចប្រឹងប្រែង​រវាង​កូរ៉េខាងត្បូង​និង​ចិន ក្នុង​ការ​នាំកូរ៉េខាងជើង​ចូល​តុ​ចរចា។ ​

កូរ៉េខាងជើង​បាន​សាកល្បង​នុយក្លេអ៊ែរ​ជាលើកទី៦​ កាលពីខែកញ្ញា​ និង​បាញ់​មីស៊ីល​បាលិស្ទិក​ ក្នុង​កំឡុង​ខែ​វិច្ឆិកា ជាមីស៊ីល​ដែលអាច​បាញ់​ដល់​ដែនដីសហរដ្ឋ​អាមេរិក។ កូរ៉េខាងជើង​ដូចជា​មិនបាន​បង្ហាញ​សញ្ញា​ថា នឹង​ផ្អាក​មហិច្ឆតា​នុយក្លេអ៊ែរ​ទេ។ ផ្ទុយទៅវិញ ​យោងតាម​សារព័ត៌មាន​កូរ៉េខាងជើង​​ លោក​គឺម ជុងអ៊ុន មានតែ​គូសបញ្ជាក់​ឡើងវិញ​ថា​​ចង់អោយ​ក្រុងព្យុងយ៉ាង​ផលិត​អាវុធ​ប្លែកៗ​ថែមទៀត ដើម្បី​កំចាត់​សត្រូវ៕ ​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ