អានតួអត្ថបទ

អាមេរិក​ត្រៀម​ចរចា​ជាមួយ​កូរ៉េខាងជើង​ដោយ​ឥត​លក្ខខណ្ឌ

តើ​អាមេរិក​កំពុង​ប្តូរ​យុទ្ធសាស្ត្រ​ឬ ? សហរដ្ឋ​អាមេរិក​បាន​ប្រកាស​នៅ​ថ្ងៃអង្គារ​ម្សិលមិញ ថា​ត្រៀម​ខ្លួន​ជា​ស្រេច​នឹង​ចូល​ចរចា​ជាមួយ​កូរ៉េខាង​ជើង “ដោយ​គ្មាន​លក្ខខណ្ឌ” អ្វី​ជាមុន​​ទាំង​អស់។ ​ប៉ុន្តែកម្មវត្ថុចំបង​​របស់​អាមេរិក​ គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​កូរ៉េខាង​ជើង​បោះបង់​កម្មវិធីនុយក្លេអ៊ែរ​យោធ ដោយ​ប្រើ​​គ្រប់​មធ្យោបាយ​​ រាប់​ទាំង​មធ្យោបាយ​យោធា​ផង។ នេះ​បើ​តាម​ប្រសាសន៍រំលឹក​​របស់​លោក​ប្រមុខ​ការ​ទូត​អាមេរិក​ Rex Tillerson។

ប្រមុខ​ការទូត​អាមេរិក លោក Tillerson ប្រកាស​ត្រៀម​ចរចា​ជាមួយកូរ៉េខាង​ជើង​ដោយ​ឥត​លក្ខខណ្ឌ
ប្រមុខ​ការទូត​អាមេរិក លោក Tillerson ប្រកាស​ត្រៀម​ចរចា​ជាមួយកូរ៉េខាង​ជើង​ដោយ​ឥត​លក្ខខណ្ឌ REUTERS/Yuri Gripas
ផ្សាយពាណិជ្ជកម្ម

ពី​មុន​មក​រដ្ឋបាល​អាមេរិករបស់​លោក​ត្រាំ​ ធ្លាប់​​បង្ហើប​​ជំហរ​ចង់​ចរចា​ជាមួយ​នឹង​កូរ៉េខាងជើង​ដែរ ជាមួយ​នឹង​​លក្ខខណ្ឌ​ថា ជា​កិច្ច​ចរចា​ដើម្បី​រំសាយ​អាវុធ​នុយក្លេអ៊ែរ​​នៅក្នុង​ឧបទ្វីប​កូរ៉េ។

ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃអង្គារ​ទី ១៣​ធ្នូនេះ លោក​ប្រមុខ​ការទូត​អាមេរិក​បាន​អះអាង​យ៉ាង​ច្បាស់​លាស់​ថា អាមេរិក​ត្រៀម​ខ្លួន​ចូល​ជជែក​ជា​លើក​ដំបូង​ជាមួយ​ព្យុងយ៉ាង ដោយគ្មាន​លក្ខខណ្ឌ​អ្វី​ទាំ​ងអស់ ! ដើម្បី​និយាយ​អំពី​អ្វី​ក៏​បាន សំខាន់​គឺ​ភាគ​ទាំ​ងពី​រ​ជួប​គ្នា​ ដោយ​ផ្ទាល់។ វា​ពិត​ជា​មិន​អាចសម្រេច​បាន​ឡើយ​ ប្រសិន​បើយើង​សុំ​ចរចា​ដោយ​ប្រាប់​ជាមុន​ថា​អ្នក​ត្រូវ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​នោះ។ នេះ​ជា​ចម្លើយ​បន្ថែម​របស់​លោក Rex Tillerson ទៅ​នឹង​សំណួរ​អាមេរិក​កំពុង​ធ្វើសម្បទាន​ជ្រុល​ទេ​ដឹង?!

លោក​ប្រមុខ​ការទូត​ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទៅ​នឹង​សារទ្វីត​របស់​លោក​ដូណាល់ត្រាំ ដែល​សរសេរ​ថា​ “ចរចាជាមួយ​ព្យុងយ៉ាង​ជា​ការ​អត់​ប្រយោជន៍” ឡើយ តែ​លោក​បាន​ឆ្លៀត​រំលឹក​ថា​កម្មវត្ថុ​របស់​អាមេរិក​នៅ​តែ​ដដែល គឺអាមេរិក​មិន​ចង់​ឃើញ​ព្យុងយ៉ាង​មាន​អាវុធ​នុយក្លេអ៊ែរ អាមេរិក​ត្រូវ​​ប្រើ​គ្រប់​វិធី ទាល់​តែ​កូរ៉េខាង​ជើង​បោះបង់​កម្មវិធី​នេះ។ ការ​ប្រឹង​ប្រែង​ការទូត​ត្រូវ​បន្ត​ជានិច្ច​រហូត​ដល់​គ្រាប់បែក​នុយក្លេអ៊ែរ​កូរ៉េខា​ង​ជើង​ធ្លាក់​ ! បើ​កូរ៉េខាងជើង​ជ្រើសរើស​ផ្លូវ​ដ៏​អាក្រក់​នេះ នោះ​អាមេរិក​​ក៏​ប្រើ​កម្លាំងយោធា​វិញ​ដែរ។

សូម​បញ្ជាក់​ថា ក្នុង​ពេល​ដែល​សហរដ្ឋ​​អាមេរិក​បាននិង​កំពុង​​បន្ទន់​ជំហរ​របស់​ខ្លួន​នោះ មេដឹកនាំ​របប​ព្យុងយ៉ាង​ គីម ជុងអ៊ុន​វិញ នៅ​បន្ត​ធ្វើ​សង្គ្រាម​ពាក្យ​សំដី តាំង​ពី​ប្រមាណ​ពីរបី​ខែ​ចុក្រោយ​នេះ ថា​កូរ៉េខាងជើង​នឹង​ប្រែក្លាយ​ប្រទេស​ខ្លួន​ទៅ​ជា​មហាអំណាច​នុយក្លេអ៊ែរ​ និង​យោធាដ៏​ខ្លាំង​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក។ សម្រាប់​កូរ៉េខាង​ជើង អាមេរិក​កំពុង​យក​នុយក្លេអ៊ែរ​ជា​ចំណាប់​ខ្មាំង។

​ជា​ពាក្យ​សំដី​ដ៏​ក្អេងក្អាង ប៉ុន្តែ​​មិន​មែន​ជាការ​​រារាំង​កូរ៉េខាង​ជើងមិន​ឱ្យយល់ព្រម​​ជាមួយ​អាមេរិក​​​អំពី​ភាព​ចាំ​បាច់​នៃ​ការ​បញ្ជៀស​សង្គ្រាម​​នឹង​គ្នា​ឡើយ។ នេះ​បើ​តាម​អគ្គលេខាធិការ​រង​​អង្គការ​សហប្រជាជាតិ​ ដែល​ទើបអញ្ជើញ​ទៅ​បំពេញ​​ទស្សនកិច្ច​នៅ​​​កូរ៉េខាង​ជើង ជាលើក​ដំបូង​កាលពី​សប្តាហ៍​មុន ដោយ​បាន​ជួប​និយាយ​ដោយ​ផ្ទាល់​ជាមួយ​ប្រមុខ​ការទូត​កូរ៉េខាង​ជើង និង​ដែល​ទើប​បាន​ធ្វើ​​​របាយការណ៍ការងារជូន​ក្រុមប្រឹក្សា​សន្តិសុខ​ ក្នុង​ជំនួប​ដោយ​បិទទ្វារ​យប់​មិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ