អានតួអត្ថបទ
សមុទ្រ​ចិន​ខាងត្បូង​

ចិន​​បរិហារ​​ការ​ចុះផ្សាយ​​រូបភាពទាក់ទង​​​​សកម្មភាព​​​​ចិន​​​នៅ​​​សមុទ្រ​​ចិន​​​

ថ្ងៃសុក្រ​នេះ ក្រសួងការបរទេស​ចិន​បាន​បរិហារ​ការចុះផ្សាយ​រូបភាព ទាក់ទង​នឹង​សកម្មភាព​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​​ចិន ​តាម​កោះជម្លោះ នៅ​​សមុទ្រ​ចិនខាងត្បូង។ រដ្ឋាភិបាល​​ចិន​​លើកឡើង​ថា វា​ជារឿង​ធម្មតា ដែល​ចិន​ធ្វើការ​សាងសង់​ផ្សេងៗ ក្នុង​ទឹកដី​ចិន។​​

រូបភាព​បង្ហាញ​កោះជម្លោះ​ នៅ​សមុទ្រចិន​​ខាងត្បូង
រូបភាព​បង្ហាញ​កោះជម្លោះ​ នៅ​សមុទ្រចិន​​ខាងត្បូង
ផ្សាយពាណិជ្ជកម្ម

រូបភាព​ដែល​រដ្ឋាបាល​ចិន​បរិហារ​នោះ គឺ​ហាក់​បាន​បង្ហាញ​ពី​សកម្មភាព​ពង្រាយ​សម្ភារ​ផ្នែកការពារ​ជាតិ នៅ​សមុទ្រ​ចិន។ ថ្ងៃសុក្រ​នេះ លោក​ លូ កាង ជា​អ្នកនាំពាក្យ​ក្រសួង ការបរទេស​​ចិន​​បាន​លើកឡើង​​​ថា វា​ជារឿង​ត្រឹមត្រូវ​ធម្មតា ដែល​ចិន​​ធ្វើការ​សាងសង់ និង​ពង្រាយ​សម្ភារ​ការពារជាតិ​ ក្នុង​បែបផែន​សន្តិភាព ​ក្នុង​ទឹកដី​ចិ​នខ្លួន​ឯង។ សម្រាប់​ចិន រូបភាពដែល​ចុះផ្សាយ​ទាក់ទង​នឹង​សកម្មភាព​នេះ មានទិសដៅ​បង្ក​ជម្លោះ​​ទាំងស្រុង ហើយ​​អ្នក​ដែល​ចង់​បង្ក​រឿង​ ច្បាស់​ជា​មាន​គំនិត​អ្វី​លាក់លៀម​ហើយ។ ​​​

ពាក្យពេចន៍​របស់​រដ្ឋាភិបាល​ចិន ប្រហែល​ចង់​សំដៅ​ទៅ​លើ​អាមេរិក។ ​​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​នេះ​​ ​មជ្ឈមណ្ឌល​សិក្សា​អាមេរិក​​AMTI បាន​​លើកឡើងថា ​ឆ្នាំ២០១៧​នេះ ចិន​បាន​សង់​ហេដ្ឋារចនា​សម្ព័ន្ធ​ជាច្រើន​ ​គាំទ្រ​ដល់​មូលដ្ឋាន​អាកាស​និង​ជើងទឹក ដែល​នៅទីនោះ ​​ចិន​មាន​ទីតាំង​ក្រោមដី និង​ទីតាំង​រ៉ាដា​ផ្សេងៗ​​។ សំណង់​សំខាន់ៗ​​ជាងគេ ឆ្នាំ​នេះ គឺ​មាន​នៅ​កោះ​Ferry Cross ដែល​ចិន​ហៅថា Yongshu។ កោះនេះ​ជា​កោះជម្លោះ​រវាង​​ចិន ហ្វីលីពីន​ និង​វៀតណាម។ ​

ចំពេល​ស្ថានការណ៍​​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន បានធូរស្រាល​រយៈ​ពេ​ល​ចុងក្រោយ​នេះ មជ្ឈមណ្ឌល​អាមេរិក​បែរជា​ចុះផ្សាយ​ព័ត៌មាន​បែបនេះ ដូច្នេះ ចិន​​មិនសប្បាយចិត្ត​ទេ ត្រូវតែ​ឆ្លើយតប​ទៅវិញហើយ។ ស្ថានការណ៍​តំបន់​ធូរស្រាល ពេលចុងក្រោយ​នេះ ក៏ដោយសារ​តែ​ខែ​វិច្ឆិកា​កន្លងទៅ ​​ពេល​ប្រធានាធិបតី​ចិន ស៊ី ជិនពីង ទៅ​ទស្សនកិច្ច​វៀតណាម ​​វៀតណាម​​និង​​ចិន​បាន​សន្យាចៀសវាងជម្លោះ​ដែនទឹក​នឹងគ្នា។ ស្ថានការណ៍​តំបន់​​ធូរស្រាល ​ក៏​ដោយសារ​​​​ហ្វីលីពីន​របស់​លោ​កឌុយទែរតេ បានពង្រឹងទំនាក់ទំនង​ជាមួយ​ចិនដែរ ដើម្បី​ទទួលបាន​ការ​វិនិយោគ​ពី​ចិន៕ ​​​ ​ ​​ ​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ